នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ"បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។
ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉តបានព្យាយាមលោកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបានតេជោមាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។
ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបានទទួលរាជបញ្ជា និងដាវអាជ្ងាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ ឆ្លងតាមបទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោយ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីយកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សី
បញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ បក្សពួកម៉ឺនចៃចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែននេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមក
តាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យសត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉តជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញជំទាវរើសអើងស្នេហា
ប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោយ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។
0 Comments:
Post a Comment