រាត្រីដែលធនញ្ជ័យបានមកចាប់កំណើតក្នុងពោះម្តាយ បណ្តាលឲ្យនាងជាម្តាយនោះយល់សប្តិឃើញថា "ដូចជាយល់សូង យប់សប្តិឃើញដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែ ខែនោះពេញបូណ៌មី"។ ចម្លែកនឹងសប្តិនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះតាហោរដើម្បីឲ្យទាយមើល ប៉ុន្តែជួនជាតាហោរមិននៅ នាងនោះក៏បាននិយាយរឿងសប្តិនោះឲ្យប្រពន្ធតាហោរ។ ប្រពន្ធតាហោរដឹងថាតាមសប្តិនេះ នាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្តេច ក៏បានទាយបង្ខុសថា ៖ "នាងឯងនឹងមានកូនប្រុស កូននោះនឹងទៅជាខ្ញុំគេ"
ក្រោយមកនាងនោះក៏កើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថា "ធនញ្ជ័យ"។ អាយុបាន៧ឆ្នាំ កុមារធនញ្ជ័យតែងដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃ។ ថ្ងៃមួយពេលកំពុងតែត្បាញលើផ្ទះប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រល់ទៅដី ក៏ស្រែកហៅធនញ្ជ័យឲ្យរើសឲ្យដោយសន្យានឹងឲ្យអំបុកច្រើនដល់ធនញ្ជ័យវិញ។ ប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកឲ្យធនញ្ជ័យយំស្រែកប្រកែកមិនព្រមយក ដោយយល់ថាអំបុកនោះតិចពេក។ សំឡេងយំរបស់ធនញ្ជ័យបាលលឺទៅដល់លោកមហាសេដ្ឋី។
លោកមហាសេដ្ឋីបានប្រើល្បិចបញ្ឆោតមួយដោយយកអំបុកដាក់រាយពេញលើចង្អេរមួយ និងក្នុងកញ្ជើរមួយរួចឲ្យធនញ្ជ័យជ្រើសរើស។ ធនញ្ជ័យចាញ់ល្បិចគេក៏បានយកអំបុកនៅលើចង្អេរ តែក្រោយមកក៏មានការភ្ញាក់រលឹកមើលឃើញថានេះជាការបោកប្រាស់ ក៏សុំម្តាយខ្លួនឲ្យយកខ្លួនទៅនៅបម្រើលោកសេដ្ឋី
ដើម្បីសងសឹក។ ពេលនៅជាមួយសេដ្ឋី ធនញ្ជ័យបានត្រូវសេដ្ឋីប្រើយ៉ាងវក់វី ដូចជាឲ្យរត់តាមសេះទៅរោងជំនុំគាល់ស្តេច ចាំចម្ការ ឃ្វាលគោ ធ្វើការក្នុងផ្ទះ ទៅជញ្ជូនឥវ៉ាន់ពេលភ្លើងឆេះផ្ទះ។ ប៉ុន្តែគ្រប់សកម្មភាពបានត្រូវធនញ្ជ័យផ្ចាញ់់យ៉ាងធ្ងន់ធ្ងរដូចជាធនញ្ជ័យរើសអាចម៍សេះដាក់ថង់យាម បណ្តោយឲ្យគោក្របីចូលស៊ីដំណាំក្នុងចម្ការអស់ ចាប់គោឈ្មោលអ្នកស្រុកចងបណ្តាលឲ្យមានរឿងរ៉ាវដល់សេដ្ឋី ស្រែកហៅលោកសេដ្ឋីឲ្យមកពិសារបាយឲ្យគាត់ខ្មាសគេយ៉ាងខ្លាំង និងជញ្ជូនតែសំបុកមាន់សំបកប៉ោត ពេលភ្លើងឆេះផ្ទះជាដើម។ ដោយខ្លាចប្រាជ្ញាធនញ្ជ័យ និងដើម្បីសងសឹកផង លោកសេដ្ឋីក៏បាននាំធនញ្ជ័យទៅថ្វាយស្តេច។
នៅជាមួយមុនដំបូង ស្តេចបានដេញប្រាជ្ញាធនញ្ជ័យដូចជាឲ្យធនញ្ជ័យភរស្តេច ឲ្យធនញ្ជ័យរកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹក ឲ្យធនញ្ជ័យជិះដំរីចាស់គ្រេចជើងដឹកក្រយាស្ងោយស្តេចទៅប្រពាតព្រៃ ឲ្យធនញ្ជ័យបោសសំរាមនៅក្រោមដំណាក់ ឲ្យធនញ្ជ័យរកមាន់មកប្រជល់នឹងមាន់ស្តេច ឲ្យធនញ្ជ័យរកក្របីមកជល់នឹងក្របីស្តេច។ ក្នុងការដេញប្រាជ្ញានេះធនញ្ជ័យបានឈ្នះស្តេចគ្រប់លើក ធ្វើឲ្យស្តេចខ្មាសហើយដុះគំនិតព្យាបាទកាច់បំបាក់ដូចជាប្រើស្រីស្នំឲ្យទៅជុះអាចម៍ដាក់ផ្ទះធនញ្ជ័យ ស្អប់មុខធនញ្ជ័យ ហើយមិនឲ្យធនញ្ជ័យចូលវាំង។ តែគ្រប់អំពើព្យាបាទឈ្នានីសរបស់ស្តេច ត្រូវបានធនញ្ជ័យផ្ចាញ់ផ្ចាលយ៉ាងដំណំ ដូចជាធនញ្ជ័យហ៊ានចំតិតក្តិតដាក់ស្តេច ហ៊ានវាយពួកមេនំមេនាងដែលស្តេចប្រើឲ្យទៅជុះអាចម៍ដាក់ផ្ទះ។
ប្រាជ្ញាធនញ្ជ័យល្បីល្បាញពេញប្រទេសជាតិ និងរីកសាយរហូតដល់ប្រទេសចិន។ ស្តេចស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីធ្វើការភ្នាល់គ្នាជាមួយស្តេចស្រុកខ្មែរ ទាយរកចំនួនគ្រាប់ឪឡឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណប។ ក្នុងការដោះចំណោទលើកនេះ ធនញ្ជ័យយកខ្លួនធានា ប៉ុន្តែដោយចំណោទទាយរកចំនួនគ្រាប់ឪឡឹកនោះពិបាកពេក ធនញ្ជ័យដោយមិនចង់ឃើញប្រទេសជាតិខ្លួនធ្លាក់ក្នុងកណ្តាប់ដៃចិន ក៏បានទៅលោតទឹកសម្លាប់ខ្លួន។ តែគាត់មិនលិចបែរជារសាត់ទៅប៉ះសំពៅចិនក៏តោងជាប់។ ពេលនោះជួនជាយប់ស្ងាត់ ធនញ្ជ័យបានលឺពួក
មន្ត្រីចិន និងអ្នកប្រាជ្ញរបស់គេជជែកគ្នាពីចំនួនគ្រាប់ឪឡឹកក្នុងផ្លែនីមួយៗ។ ធនញ្ជ័យបានលឺក៏ហែលត្រឡប់មកផ្ទះវិញ។ ស្អែកឡើងគាត់ក៏បានទាយរកចំនួនគ្រាប់ឪឡឹកត្រូវទាំងអស់។ ពួកចិនទទួលព្រមចាញ់បានប្រគល់សំពៅឲ្យស្តេចខ្មែរប្រាំរយគ្រឿងរួចត្រឡប់ទៅវិញ។ ដោយខ្លាចប្រាជ្ញាធនញ្ជ័យស្តេចពុំហ៊ានឲ្យគាត់នៅជិតវាំង ក៏បញ្ហាឲ្យទៅនៅឆ្ងាយឯដងទន្លេ។ ទីនោះធនញ្ជ័យបានបង្កើតឲ្យមានការបង់ពន្ធគយ បណ្តាលឲ្យមានទំនាស់ជាមួយពួកឈ្មួញដែលរកស៊ីតាមដងទន្លេ ជាហេតុធ្វើឲ្យស្តេចមានលេសប្រើពេជ្ឈឃាតចាប់ធនញ្ជ័យយកទៅសម្លាប់ចោល។
ធនញ្ជ័យបានបោកពួកពេជ្ឈឃាតឲ្យច្រៀងរាំលើទូក រួចគាត់លួចលោតចុះទៅក្នុងទឹកហែលគេចមកបួសជាព្រះសង្ឃក្នុងវត្តមួយ។គេបានគិតថាធនញ្ជ័យស្លាប់ក្នុងទឹកទន្លេហើយ។ ដំណឹងនេះបានលឺដល់ស្តេចស្រុកចិន។ ស្តេចចិនសប្បាយចិត្តណាស់ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរ ចោទប្រស្នាភ្នាល់ដាក់ប្រទេសជាតិទៀត។ ស្តេចខ្មែរមានការភិតភ័យនិងព្រួយបារម្ភជាខ្លាំងព្រោះគ្មាននរណាអាចតទល់ជាមួយអ្នកប្រាជ្ញចិនបាន ក៏ប្រកាសអំពាវនាវរកអ្នកប្រាជ្ញមកជួយ។ ធនញ្ជ័យបានសឹកចេញពីវត្តមកជួបស្តេចហើយបានជោគជ័យជាលើកទី២។ ស្តេចខ្មែរត្រេកអរក្នុងចិត្តនឹងជ័យជំនះ ក៏ចង់រក
ប្រពន្ធឲ្យធនញ្ជ័យ តែធនញ្ជ័យបដិសេធមិនព្រមឲ្យស្តេចរកឲ្យដោយគាត់ចាត់ទុកនារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្តីនោះថាសុទ្ធតែជាញី។ គាត់បានដើររកប្រពន្ធខ្លួនឯង ហើយក៏បានជួបនឹងនាងសួស្តីដែលគាត់ចាត់ទុកថាជាស្រីពេញលក្ខណៈ រួចបានស្តីដណ្តឹងនិងរៀបការតាមប្រពៃណីខ្មែរ។ ក្រោយមកទៀតស្តេចខ្មែរ និងពួកមន្ត្រីសក្តិភូមិមានការព្រួយបារម្ភនឹងប្រាជ្ញាធនញ្ជ័យកាន់តែខ្លាំង និងស្អប់ធនញ្ជ័យកាន់តែខ្លាំងផងនោះ ក៏បាននិរទេសគាត់ឲ្យទៅនៅស្រុកចិនដោយជឿថានឹងត្រូវស្លាប់បង់នៅឯទីនោះមិនខាន។
នៅឯស្រុកចិនធនញ្ជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្តេចចិន ស្តេចចិនចង់សោយចំណីចម្លែករបស់ធនញ្ជ័យក៏ហៅធនញ្ជ័យយកនំទៅថ្វាយដែលជាហេតុបណ្តាលឲ្យគាត់មានលទ្ធភាពអាចមើលមុខស្តេចចិនបាន ព្រមទាំងបានពោលពាក្យប្រមាថឲ្យផង។ ស្តេចចិនខឹងក៏ឲ្យអាមាត្យចាប់ធនញ្ជ័យទៅដាក់គុកសំរិទ្ធ។ ក្នុងគុកធនញ្ជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិនដើម្បីកុំឲ្យរងាស្លាប់ រួចគាត់ឆ្លៀតធ្វើខ្លែងឯកបង្ហើរពេលយប់។ ស្តេចចិនបានលឺសម្លេងឯករបស់ខ្លែងក៏មានការភិតភ័យព្រួយ
បារម្ភក៏ហៅហោរាមកគន់គូរមើល។ ហោរាចិនបានទាយថាគឺជាសម្លេងនៃសត្វចម្លែកមួយនឹងចូលមកស៊ីមនុស្សក្នុងស្រុកចិននោះអស់មិនខាន បើមិនព្រមដោះលែងអ្នកប្រាជ្ញស្រុកខ្មែរចេញពីគុក ហើយជូនគេត្រឡប់ទៅស្រុកខ្មែរវិញទេ។ ស្តេចចិនលឺដូច្នោះក៏បញ្ជាឲ្យគេដោះលែងធនញ្ជ័យ ហើយរៀបចំសំពៅមួយមានវត្ថុប្រើប្រាស់ល្អៗជាច្រើន និងប្រជាជនចិន ១០០នាក់ជូនដំណើរធនញ្ជ័យត្រឡប់មកស្រុកខ្មែរវិញ។
ឃើញធនញ្ជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះ ស្តេចខ្មែរនិងពួកមន្ត្រីសក្តិភូមិខ្មែរមានសេចក្តីកោតខ្លាចប្រាជ្ញាធនញ្ជ័យលែងហ៊ានមករករឿងហេតុទៀត បណ្តោយឲ្យធនញ្ជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។ ថ្ងៃក្រោយមកធនញ្ជ័យមានជម្ងឺ
ជាទម្ងន់ មុននឹងស្លាប់គាត់បានហៅស្តេចមកផ្តាំថា "សោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី ស្លម្ជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្តាន់" ហើយផ្តាំប្រពន្ធថាកាលណាគាត់ស្លាប់ទៅឲ្យយកសាកសពគាត់ទៅកប់ ហើយធ្វើចម្រូងដាំខ្ញែលើផ្នូរដើម្បីការពារផ្នូរនោះតទៅ។
0 Comments:
Post a Comment