វត្តសំពៅប្រាំ ឋិតនៅលើខ្ពង់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះ រាជការបានតែងតាំងជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ ។ ភ្នំនេះ ឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃ គេកាត់ចេញដោយឡែក ជាបុរីមួយ, ដោយមានការគ្រប់គ្រងពិសេស ដាច់ចេញពីខេត្តកំពត ។
សព្វថ្ងៃ ទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឲ្យទាន់សម័យ, ឯផ្លូវថ្នល់ ដែលលូនក្រវេចក្រវៀនតាមចង្កេះភ្នំ កាត់ជ្រោះភ្នំ ឡើងទៅកាន់ខ្ពង់បព្វតានេះ ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធន់ បើកបរបានគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗ បើកបរពុំបានត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិចក្ងក់ពេក ។ ផ្លូវឡើងនេះ មានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ ៣ (ផ្លូវកំពត
ទៅវាលរេញ) ទៅ មាន ៣២ គីឡូ ប៉ុន្តែដោយផ្លូវបត់បែន ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវបានលឿនប៉ុន្មានទេ ។ ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាស សម្រាប់ជនជាតិអឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ ស្វា-បូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា បាន
ចាត់សាង ហើយសម្ពោធជាផ្លូវការ កាលពីឆ្នាំ ១៩២៥ ។ កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា បារាំងរៀបចំធ្វើទីសំណាក់អាស្រ័យ យកធាតុត្រជាក់សម្រាប់ពួកគេដូច្នោះ ព្រះមហាក្សត្រខ្មែរយើង ក៏ព្រះអង្គទ្រង់ព្រះតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារតូចមួយ និង ចេតិយមួយឡើងដែរ ។ សំណង់វត្តនេះ តាំងនៅលើដីខ្ពស់ជាកំពូលភ្នំ ដ៏មានផែនថ្មធំៗ
នៅពាសពេញ ចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយ ប្រមាណជាង ១០ ម៉ែត្រ និង កម្ពស់ប្រហែលជិតដប់ម៉ែត្រដែរ ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែត ខ្ពស់ទ្រទុងនៅឃើញរូបភាពនៃថ្មទាំង ៥ ផែននេះ មានសណ្ឋានដូចសំពៅ ៥ កំពុងបើកក្ដោង ហើយការកសាងវត្តនេះ ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត, ទើបអ្នកផងហៅទីនេះតាមសន្មតថា “វត្តសំពៅប្រាំ” ។
កាលបើបានឈ្មោះនេះហើយ អ្នកផង ក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង មានដូចតទៅនេះ ៖ ក្នុងកាលកន្លងយូរមកហើយ2 កាលនោះមានស្ដេចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង ។ រឿងដើម នៃក្សត្រអង្គនេះ គឺព្រះអង្គ ជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនឹងបិតា ដែលត្រូវឲ្យព្រះអង្គគោរពបូជាព្រះអនុជពៅ, ម្ល៉ោះ
ហើយ ទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយ ដ៏មានដើមធ្លកមួយដើម ដុះនាកណ្ដាលវាលខ្សាច់នោះ ។ ព្រះអង្គ បញ្ឈប់ពលរេហ៍នៅទីនោះ សម្រាកព្រះកាយនៅក្រោមដើមធ្លក ។ ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លំហែព្រះកាយតាម
មាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសូរសំឡេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិត បានជួបនឹងនាងនាគ ដែលកំពុងនាំភីលៀងមកកម្សាន្តឆ្នេរសមុទ្រនេះ ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏ព្រមព្រៀង តែសុំឲ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះបាទភុជង្គនាគ ជាព្រះវរបិតា ។ លុះព្រះអង្គ តាមព្រះនាងទៅដល់ឋាននាគ អស់រយៈពេលប្រាំពីរថ្ងៃ ក៏សុំលាព្រះបិតាក្មេក នាំមហេសីវិលមកឋានមនុស្សវិញ ។ កាលនោះ ព្រះបាទភុជង្គនាគ ក៏បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតម្លៃចំនួនប្រាំសំពៅ ដើម្បីដង្ហែព្រះរាជបុត្រ មកគ្រប់គ្រងរាជ្យនៅមនុស្សលោក ។ សំពៅទាំងប្រាំនេះ បើកក្ដោងសំដៅដល់មាត់សមុទ្រ ជាយដែនប្រទេសហើយ ក៏ចូលចត
តម្រៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅ រកទីណាមួយមានដីទួលខ្ពស់ រៀបចំកសាងជាទីក្រុងឡើង ។ ឯសំពៅទាំង ៥ នោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន្ដា ។ ពលរេហ៍ទាំង ៥០០ នាក់ ក៏ដង្ហែព្រះថោង និង នាងនាគ ទៅចាប់ស្ថាបនាទីក្រុង រាជនិវេសន៍ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ ។ លុះអស់កាលជាយូរលង់មកហើយ ឆ្នេរសមុទ្រ ក៏ចេះតែស្រុតស្រកឆ្ងាយទៅៗ, ដីក៏កាន់តែដុះខ្ពស់ឡើងៗ, សំពៅទាំង ៥ នោះក៏កឿងជាប់នឹងច្រាំង ហើយយូរៗ ទៅ ក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្ដោងទាំង ៥ ដែលគេឃើញសព្វថ្ងៃនេះ ។
នេះហើយ ជារឿងព្រេង ដែលអ្នកស្រុកប្រឌិតភ្ជាប់នឹងស្ថានភាពវត្តនៅលើភ្នំបូកគោ ។ ប៉ុន្តែបើតាមការស្រាវជ្រាវវិញ វត្តនេះ ពុំមែនជាវត្តបុរាណណាស់ណាទេ គឺជាវត្តថ្មីមួយ ដែលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើង កាលពី គ.ស. ១៩២៤ គឺនៅពេលដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនា ទីតំបន់បូកគោ ធ្វើជាទីលំហែ សម្រាកយកខ្យល់ត្រជាក់ តាមធាតុអាកាសស្រុកអឺរ៉ុប ។ កាលនោះ រាជការបារាំង គេបានថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត នូវទីកន្លែង
មួយ សម្រាប់ព្រះអង្គស្ថាបនាជាព្រះរាជដំណាក់មួយនៅបូកគោនោះ ដូច្នេះហើយ ព្រះអង្គក៏ផ្ដួចផ្ដើមព្រះទ័យ កសាងជាវត្តមួយនេះឡើង ដោយជ្រើសរើសយកទីទួល ដែលនៅជាប់នឹងផែនថ្ម ៥ សន្លឹកធំៗ នោះ សង់ជាព្រះវិហារមួយតូច តែស្អាតស្អំ និង ចេតិយតូចមួយទៀត នៅពីមុខព្រះវិហារនេះ ហើយសន្មតយកនាមាភិធេយ្យថា “វត្តសំពៅប្រាំ” គឺយកតាមលំនាំ ទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្ដោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់ ។ សព្វថ្ងៃ បូកគោ ជាទីមនោរម្យមួយសម្រាប់ទេសចរណ៍ធ្វើដំណើរទៅលំហែ សម្រាកកាយ នៅគ្រប់ពេលដែលឈប់សម្រាក, ម្ល៉ោះហើយ វត្តសំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយ ដែលគេស្គាល់ច្រើនដែរ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
0 Comments:
Post a Comment