មីងប្រេម ម៉េងជាកម្មករម្នាក់នៅក្រុ
មបេតុងបានត្អូញត្អែរពីរឿងធ្វើការងារដោយត្រូវកាត់មួយថ្ងៃសូកគេដើម្បីបានការងារធ្វើ។ ពេលព្រះអាទិត្យជិតថ្ងៃត្រង់ អ្នកធ្វើការទាំងអស់បានសប្បាយចិត្ត ព្រោះដល់ម៉ោងសម្រាកពីការងារ។ បន្ទាប់ពីប្រគល់សម្ភារៈឲ្យអ្នកយាមឃ្លាំងរួច គូលីក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។ រីឯគូលីណាដែលផ្ទះនៅឆ្ងាយក៏សម្រាកនៅកន្លែងធ្វើការ ខ្លះទៀតនៅតាមសំយាបផ្ទះ ឬ
ក្រោមម្លប់ក្បែរនោះ។ មីងប្រេម ម៉េង នាងប្រុញ និងគូលីម្នាក់ទៀតដែលសម្រាកនៅកន្លែងធ្វើការក៏ចូលវង់ទទួលទានបាយជាមួយគ្នាដោយមានម្ហូបក្រៀមក្រោះ។ ពួកគេហូបបាយបណ្តើរ និយាយត្អូញត្អែរពីភាពលំបាករបស់ពួកគេបណ្តើរ អំពីការធ្វើការងារហើយទទួលបានបា្រក់ខែបន្តិចមិនអាចចាយវាយបានគ្រប់គ្រាន់។
ថ្ងៃបើកលុយមកដល់គូលីទាំងអស់អង្គុយចាំបើកលុយពីប្រពន្ធថីសេហ្វដោយទឹកមុខរីករាយ។ ប៉ុន្តែភាពញញឹមនេះមិនបានកន្លះម៉ោងទេ ព្រោះនៅខាងក្រៅ មានចឹកលក់ការ៉េម និងមីងពតអ្នកលក់នំបញ្ចុកចាំទារលុយពីពួកកម្មករដែលស៊ីជំពាក់គាត់។ មីងប្រេម ហ៊ី សុទ្ធតែបានជំពាក់ចឹកការ៉េម និងមីងពតព្រោះគាត់ទ្រាំអស់កម្លាំងមិនបាន។
ស៊ឹមជាអ្នកបរឡានឲ្យលោកធំ។ ស៊ឹមជាអ្នកតាមដានអានកាសែតបានច្រើនក៏រៀបរាប់ពីការរស់នៅរបស់កម្មករនៅប្រទេសដទៃឲ្យភ្ញៀវស្តាប់ និងបានជួយពន្យល់ណែនាំដល់ក្រុមមីងប្រេមពីការរស់នៅរបស់កម្មករនានានៅប្រទេសដទៃទៀតដែលគោរពលទ្ធិប្រជាធិបតេយ្យ។ ស៊ឹមបានពន្យល់ឲ្យគូលីទាំងអស់រៀនអានកាសែតដែលផ្សាយពីស្រុកប្រជាធិបតេយ្យ ដើម្បីចងជាសមាគម ឬសហជីពការពារកម្មករ។
ថ្ងៃមួយស៊ឹមបរឡានជូនលោកធំគាត់ទៅជួបមិត្តភក្តិ ហើយលោកឲ្យសឹមមកទទួលគាត់វិញនៅម៉ោង១១កន្លះ។ ស៊ឹមចាំលោកតាំងពីម៉ោង១១កន្លះរហូតដល់សារ៉ែនរោទិ៍ ក៏នៅតែមិនឃើញលោកចេញមក ស៊ឹមក៏បើកឡានទៅមុនចោលលោក។ ពេលលោកត្រឡប់មកវិញស្តីបន្ទោសឲ្យស៊ឹមជាច្រើនដែលស៊ឹមព្រហើនហ៊ានបើកឡានចោល ទោះបីជាស៊ឹមខំពន្យល់ហេតុផលដោះសារយ៉ាងណាក៏ដោយ។ លោកស្រីប្រពន្ធលោកក៏ជួយពន្យុះបន្ថែម។
ស៊ឹមក៏ប្រាប់ពូសនពីរឿងបើកឡានចោលលោក។ ពូសនបញ្ចេះស៊ឹមឲ្យទៅសុំទោសលោក តែស៊ឹមតវ៉ាមិនព្រមសុំទោសទេ ព្រោះគាត់ធ្វើការមានម៉ោងពេលកំណត់ត្រឹមត្រូវ។ ស៊ឹមក៏បានពន្យល់ពូសនពីស្រុកឯករាជ្យ ស្រុកប្រជាធិបតេយ្យ ដូច្នេះការធ្វើការងារត្រូវគោរពម៉ោងពេល គោរពសិទ្ធិសេរីភាពការងារ។ ប៉ុន្តែពូសនក៏ទូន្មានស៊ឹមវិញថា "ពងមាន់កុំជល់នឹងថ្ម"។ ដោយស៊ឹមមិនស្តាប់ពូសនខឹងហើយក៏ដើរចេញសំដៅឡានគាត់ទៅ។
ពូសនត្រឡប់មកពីជូនចៅហ្វាយគាត់ទៅដើរលេងនៅកែបរួចមក ក៏ត្រឡប់មកជូនចៅហ្វាយទៅធ្វើការដូចសព្វដង។ ពូសនដើរសំដៅទៅស៊ឹមរួចសំណេះសំណាលគ្នាពីរឿងការងារ។ ពូសនសួរស៊ឹមពីរឿងបើកឡានចោលលោកកាលពីថ្ងៃមុន ហើយនៅតែជំរុញឲ្យស៊ឹមទៅសុំទោសលោកទៀត ប៉ុន្តែស៊ឹមវិញនៅតែប្រឆាំងនឹងគំនិតចាស់គំរិលរបស់ពូសន ហើយថែមទាំងប្រាប់ពូសនថាពេលនេះលោកលែងហ៊ានប្រើគាត់ផ្តេសផ្តាសទៀតហើយ ឯលោកស្រីក៏និយាយរកស្រួលវិញដែរ។ ពេលនេះគាត់មានពេល
ច្រើននៅជាមួយប្រពន្ធកូន។ ស៊ឹមថែមទាំងបានពន្យល់ពូសនឲ្យខំអានសៀវភៅ មើលកាសែតឲ្យបានច្រើនហើយហ៊ានរកខុសត្រូវនោះអ្នកធ្លាប់រំលោភជិះជាន់ក៏បែរជាល្អវិញ។ ពូសនក៏បានយល់ស្រប ហើយអានសៀវភៅរបស់ស៊ឹមដោយជក់ចិត្ត។
0 Comments:
Post a Comment