មានបុរសឳពុកនិង កូនបរទេះចេញទៅជួញជួប និងក្រពើមួយដែលភ្លើងព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។
បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវាពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះក្នុងទឹក ។
ក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ៖ បុរសនោះថា "ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង" ក្រពើនោះថា"មានគុននឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន" ។
ឯបុរសថា "ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ ឲ្យលោកកាត់សេចក្ដីនេះ ឲ្យយើង" ទើបបុរសនិងក្រពើ នាំគ្នាទៅក្រាបបង្គំទូលពញរះមហាក្សត្រ ដោយនូវដំណើរទីទៃៗ... ក្រពើក្រាបបង្គំថា "ខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី" ។
បុរសក្រាបបង្គំថា"ក្រពើនេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរទើបយកឈើចងអបហើយ លើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទតជើងក្រពើទាំង ៤ ចុះ" ។
ព្រះមហាក្សត្រទ្រង់ពិចារណាថា "ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ" ទើបព្រះអង្គកាត់ថា "បើដូច្នេះមានតែព្រះស្ដែងឲ្យគេចង់ព្រះស្ដែងដូចអំពីមុននោះសិន ហើយសឹមអញពិចារណាឲ្យព្រះស្ដែង" ទើបព្រះអង្គឲ្យបុរសនោះទៅចងក្រពើនោះជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា "ព្រះ ស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពិស៕
0 Comments:
Post a Comment