រឿងសម្លាញ់ពីរនាក់
កាលពីយូរលង់ណាស់សមកហើយមាន បុរសពីរនាក់ជាសម្លាញ់នឹងគ្នា ហើយនិយាយសន្យានឹងគ្នាថា កាលយើងមានប្រពន្ធហើយ ឯងក្ដីអញក្ដីបើមានទ្រព្យសម្បត្តិតោងយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយ លុះយូរបន្តិចទៅសម្លាញ់មួយនោះមានប្រពន្ធគ្រប់លក្ខណ៍ សម្លាញ់មួយនោះមានប្រពន្ធខាតលក្ខណ៍ ។
ឯសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ វេលាយប់ចូលដំណេក និយាយគិតគ្នាប្ដីប្រពន្ធថា យើងរកស៊ីអីឲ្យមានឆាប់ ប្រពន្ធឆ្លើយថា អ្នកចង់រកស៊ីអី ឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាម មិនហ៊ានទទឹងទាស់ចិត្តអ្នកទេ ។
លុះកន្លងចូលដំណេកយប់ក្រោយទៀតប្ដីនិយាយទៅកាន់ប្រពន្ធថា នាងអើយបងគិតឃើញរបរមួយមុខនោះបើបានដូចគំនិតនឹងបានមាសប្រាក់ផ្ដិលតុកថាសបានដោយងាយ ប្រពន្ធសួរប្ដីថា គិតធ្វើដូចម្ដេចក៏បានងាយម្ល៉េះ ប្ដីប្រាប់
ប្រពន្ធថា ក្នុងសមុទ្រនោះមានសំពៅអ្នកជំនួញគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយ របស់ទ្រព្យសព្វសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើន យើងគិតគ្នាប្ដីប្រពន្ធទៅបាចទឹកសមុទ្រនោះឲ្យរីង ក្រអ្វីមាស
ប្រាក់របស់គ្រប់មុខនោះ មួយទៀត ត្រីធំតូចយើងវះធ្វើងៀតធ្វើផ្អកប្រហុក ព្រឹកនេះនាងឯងដាំបាយឲ្យមានម្ហូបនិងស្លាម្លូដួសដាក់កញ្ជើល្អី ព្រហាមស្រាងយើងទៅបាចទឹកសមុទ្រឲ្យរីង ប្រពន្ធឮប្ដីប្រាប់ហើយទទួលធ្វើតាមបង្គាប់ប្ដី លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួច ស្រេចនាំគ្នាទៅដល់
មាត់សមុទ្រហើយ ទុកដាក់បាយម្ហូបចំណីដោយស្រួលទើបប្ដីកាន់កញ្ជើ ១ ប្រពន្ធកាន់កញ្ជើ ១ ខំបាចជះទឹកទៅលើគោកបាចទាល់តែដល់ពេលបាយ ទើបឈប់បរិភោគ បរិភោគបាយរួចនាំប្ដីប្រពន្ធបាចទៀត លុះដល់ពេលល្ងាចក៏នាំគ្នាទៅបាចទឹកសមុទ្រទៀតជានិច្ចរាល់ពេល ៗ
ល្ងាចនាំគ្នាមកផ្ទះវិញលុះបាចបានចំនួន ៥ ថ្ងៃ ប្ដីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា ទឹកស្រកសណ្ដកក្រែហើយនាង នោះប្រពន្ធឆ្លើយថា បើដូច្នោះយើងខំបាចទៅ យូរណាស់កន្លះខែទៀតមុខជានឹងហើយៗ យើងចាប់យកត្រីធំតូចវះ ធ្វើងៀតផ្អកប្រហុកថ្លឹងលក់យក
ប្រាក់ មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ យើងដើររកកាយយកប្រាក់យកមាសតុថាសចានក្បាននៅក្នុងសំពៅនោះមិនដឹងបើនឹងយកមិនអស់ទេ លុះដល់ល្ងាចនាំគ្នាត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើងនាំគ្នា
ទៅបាចទៀត ហើយនិយាយតែពាក្យដដែលៗ ដូចថ្ងៃមុននោះហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណើរសព្វគ្រប់ភិតភ័យបារម្ភណាស់ ជំនុំគិតគ្នាថា យើងមុខជាស្លាប់ម្ដងហ្នឹងហើយ គួរតែយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិត គិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបុរសប្ដីប្រពន្ធមកបាចទឹកសមុទ្រនោះ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែល
ទៅទូលនោះថា ឯងរាល់គ្នាពាំយកមាសបានប្រាំក្រឡប្រាក់ ៥ ក្រឡនឹងតុថាសផ្តិលចានទៅឲ្យបុរសប្ដីប្រពន្ធអង្វរគេឲ្យលែងបាចទឹកសមុទ្រនោះទៅ ត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់ រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធអង្វរសូមឲ្យលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ដាក់ក្រឡមាសប្រាក់តុថាសផ្តិលចានឲ្យបុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេក ក៏ឈប់លែងបាចទឹកពីថ្ងៃ
នោះ នាំប្ដីប្រពន្ធរែកទូលជញ្ជូនទៅទុកផ្ទះត្រាតែអស់ បុរសប្ដីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿងបានសេចក្ដីសុខរៀងទៅ ។
នឹងពណ៌នាពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខណ៍ភ្នកនឹករឭកដល់សម្លាញ់ ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលគេមានប្រពន្ធគ្រប់លក្ខណ៍ លុះដល់ឡើងទៅលើផ្ទះគេក៏រាប់អានចាំចិត្តស្និទ្ធស្នាលដូចពិដើម
ហើយគន់មើលរបស់ទ្រព្យប្រដាប់ក្នុងផ្ទះគេ នឹកក្នុងចិត្តថាពីដើមសម្លាញ់អញមានទ្រព្យសម្បត្តិល្មមគួរសម ឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ គិតហើយត្អូញប្រាប់ទៅសម្លាញ់ដែលមានទ្រព្យសម្បត្តិថា សម្លាញ់អើយអញសព្វថ្ងៃនេះក្រលំបាកណាស់អាសម្លាញ់ឯងរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ នោះសម្លាញ់ដែលប្រពន្ធគ្រប់លក្ខណ៍ប្រាប់ថាអាសម្លាញ់អើយ អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់និង
ប្រពន្ធអញ វេលាពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយមានគ្រប់ប្រដាប់ លុះភ្លឺឡើងនាំគ្នាទៅបាចទឹក ល្ងាចត្រឡប់មកផ្ទះវិញ ហើយនិយាយរាយរឿងប្រាប់សព្វគ្រប់ រហូតដល់ស្ដេចត្រីភិតភ័យបង្គាប់ត្រីបរិវារឲ្យពាំយកមាសប្រាក់ និងរបស់គ្រប់ប្រដាប់មកឲ្យអញ ។ ចំណែកសម្លាញ់ដែលមានប្រពន្ធខាតលក្ខណ៍ដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ គេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតរួច
ត្រឡប់ទៅផ្ទះវិញ ដល់ពេលចូលដំណេកបុរសនោះនិយាយនឹងប្រពន្ធថា ព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ឲ្យមានសព្វគ្រប់ ភ្លឺឡើងយើងនាំគ្នាទៅបាចទឹកសមុទ្រ ឲ្យបានមាសប្រាក់របស់ទ្រព្យដូចអាសម្លាញ់យើង ។
ឯមេខាតលក្ខណ៍ជាប្រពន្ធនោះ ដល់ពេលក្រោកឡើងបង្កាត់ភ្លើងឆេះ ក៏បើកខាបវាល់អង្ករ ៗ នោះកំពប់ម្ថង ១ ទូកដៃយកអង្ករទៅលាងកំពប់ ១ ទូកដៃទៀត ច្រកអង្ករទៅក្នុងឆ្នាំងកំពប់ទៀត ដល់ពុះជាត់បាយកំពប់ទៀត ចំនួនច្រកអង្ករល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំង លុះភ្លឺឡើងដល់ដួសដាក់កញ្ជើហើយបណ្ដើរប្ដីប្រពន្ធទៅបាច
ទឹកសមុទ្រ បាចទាំងខឹងទាំងជាដល់បាចបានចំនួន ៥ ថ្ងៃ នោះអស់ហ្វូងមច្ឆាធំតូចផ្អើលភិតភ័យ និយាយគ្នាថាបុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ ត្រីក៏សម្រឹងទាំងហ្វូងចាំមើលចាំស្ដាប់ នោះមេប្រពន្ធខាតលក្ខណ៍បោកល្អីដែលបាចទឹកនោះ ហើយថាបាចចំនួនយូរថ្ងៃហើយ មិនឃើញបានរបស់អ្វី អញមិនខ្ចីទេអញលែងបាចហើយ មិនឃើញបានរបស់អ្វី អញមិនខ្ចីទេអញលែងបាចហើយ
ឈ្លោះប្ដីប្រពន្ធៗ ជេរម្ដាយប្ដី ៗ បញ្ចោរប្រពន្ធប្រកាច់ចំបាប់គ្នា ប្រទាញថ្នក់សំពត់ទៅវិញទៅមកទាល់តែអាក្រាតទាំងប្ដី ទាំងប្រពន្ធ លេចកេរ្តិ៍ខ្មាសនៅមាត់សមុទ្រហើយថាទាំងពីរនាក់ ខ្ញុំគេក៏ខ្ញុំចុះអញលែងបាចហើយ ត្រីទាំងនោះឮថាលែងបាចក៏ត្រេកអរធូរចិត្ត លែងសូកឲ្យមាសឲ្យប្រាក់របស់ទាំងពួង ត្រីទាំងនោះក៏បានឃើញកេរ្តិ៍ខ្មាស់បុរសប្ដីប្រពន្ធលោតសើចទាំងហ្វូង ឯត្រីសណ្ដាយសើច
ទាល់តែរយះមាត់បានជាមាត់ធំដូចជាហែករហូតដល់បច្ចុប្បន្ននេះ ។ ឯបុរសប្ដីប្រពន្ធនោះគ្មានបានរបស់អ្វី លែងឈ្លោះនាំគ្នាដកសារាយប្ដី ១ អម្រែក ប្រពន្ធ ១ ទ្រនូល ត្រឡប់មកផ្ទះវិញ ចាក់សារាយគរចោលនៅកៀនជញ្ជាំងទាល់តែរលួយខូចអស់ ។
0 Comments:
Post a Comment