នៅលើខ្នងភ្នំធំ នៅឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត មានអ្នកតាមួយឈ្មោះលោកតា ម៉ឺន-គង់ ត្រូវបានប្រជាពលរដ្ឋគោរពខ្លាំងណាស់ ហើយក៏មានរឿងដំណាលផ្សេងៗគ្នាដែរ។
១.មានរឿងដំណាលទាក់ទងរឿងនេះថា លោកតា ម៉ឺន-គង់ នេះ មានឥទ្ធិពលខ្លាំងក្លា មានអំណាចអស្ចារ្យជាងគេទាំងអស់ ពលរដ្ឋទាំងប្រុស- ស្រីក្នុងស្រុកឈូកទាំងមូល តែងតែគោរពកោតខ្លាចអំណាចលោកតា ម៉ឺន-គង់ នេះគ្រប់ៗគ្នា ។ អ្នកស្រុកទៅរកស៊ីឯព្រៃភ្នំម្ដងៗតែង ប្រយ័ត្នជានិច្ចចខ្លាចក្រែងនិយាយលេងទៅហួសហេតុខុសមាត់ ពុំហ៊ាននិយាយចម្អេះចំអាសសើចលេងទេ ។
មានរឿងរ៉ាវជាច្រើនតាមឮចាស់ៗដំណាលតៗ គ្នាមកថា : កាលជំនាន់ជាង ១០០ ឆ្នាំប្លាយមកហើយពលរដ្ឋក្នុងស្រុកឈូកនេះ ពុំសូវហ៊ានទៅរកអ្វីនៅឯព្រៃនោះទេ ដោយលោកតា គង់ នេះកំពុងមានឥទ្ធិពលអស្ចារ្យណាស់ អ្នកស្រុកដាំបាយពុំហ៊ានយកវែកគងលើមាត់ឆ្នាំងទេ ពុំហ៊ានលូកបាយបរិភោគក្នុងឆ្នាំងទេ ពុំហ៊ានដេកគងអន្ទាក់ទេ ពុំហ៊ានថាអញគ្មានខ្លាចអ្វីក្នុងព្រៃនេះទេ និងពុំហ៊ាននិយាយចំអែចំអន់សើចលេងដូចជានៅផ្ទះនោះផង ដោយខ្លាចខុសមាត់ ។
បើមានឈ្មោះណាខុសមាត់ ឬខុសដោយប្រការណាមួយ ពេលដើរទៅ នឹងឃើញពស់វែករនាមធំៗ ឬយប់ឡើង នឹងឃើញខ្លាធំៗ មកយំគគ្រឹកគគ្រេងដេកពុំបានទេ បើមានចាស់គេដឹងថាខុសមាត់ គេនិយាយបន់ថា “លោកតា ម៉ឺន-គង់ អើយ !ខ្ញុំខ្មាសអៀនណាស់ សុំហៅគោលោកតាទៅវិញទៅ ខ្ញុំរាងចាលហើយ” ថាតែប៉ុណ្ណោះ គឺស្រគឺស្រាប់តែបាត់ភ្លាមទៅវិញ។
ឮតា ដួង និយាយថា “មានមនុស្សបីនាក់ទៅរកស៊ីឯព្រៃភ្នំ មានម្នាក់ខុសមាត់ ហើយដេកលើខ្ទមកណ្ដាលគេទៀត ស្រាប់តែខ្លាលបខាំ ពាំយកអ្នកខុសមាត់ទៅបាត់ អ្នកដេកជាមួយគ្នាភ្ញាក់ឡើង ឃើញតែដានខ្លារកមនុស្សពុំឃើញក៏សឹងមាន ។
ឮចាស់និយាយថា តាប៉ែននិងតាទូច ទៅរកស៊ីឯខាងលិចភ្នំធំ ជិតផ្ទះដែរ ហើយខ្លាវាដើរតាមពីភ្នំធំមកដេញខាំតាប៉ែនៗ រត់ឡើងដើមឈើមួយដើម ខ្លាវាឡើងតាមខាំតាប៉ែនយកទៅស៊ីអស់សាច់ពាក់កណ្ដាលស្លាប់ទៅ ឯតាទូចគ្មានខុសមាត់នោះត្រឡប់មកផ្ទះឥតមានខ្លាតាមទេ តាទូចប្រាប់កូនតាប៉ែន កូនតាប៉ែនទៅតាមរក ឃើញស្នាមខ្លាស៊ីដល់ស្លាប់មែន ជាប់ពាក្យដល់សព្វថ្ងៃនេះថា ដើមឈើធំនៅឯទួលខ្លាខាំប៉ែន” ។
២.កាលជំនាន់ជិត ១០០ ឆ្នាំមុន មានឈ្មោះតាឡុច គាត់ទៅកាប់ឈើ ដេកឯព្រៃនៅជើងភ្នំធំ គ្នាគាត់ទាំងអស់ប្រាំមួយនាក់ ឈ្មោះតាហ៊ុក ១ តាទូច ១ តាញេប ១ តាតុប ១ តាដួង ១ ដេកយប់នោះទៅ ឮភ្លេងពិណពាទ្យលេងរងំនៅក្បែរជើងភ្នំដែលមានប្រហោង ។
តាឡុចថាថ្លង់ដេកពុំបាន ក៏ទៅចុកប្រហោងនោះ ចុកទៅនៅតែឮ តាប្រាំនាក់ទៀតឃាត់ពុំស្ដាប់ ទៅនោមច្រាសប្រហោងភ្នំនោះទៀត ស្រាប់តែមកដល់ផ្ទះវិញ ចាប់ឈឺជាទម្ងន់ ទៅជាថ្លង់ស្ដាប់អ្វីៗពុំឮ ខ្វាក់ភ្នែកទាំងពីរទៀត ហើយដំបៅលិង្គរលួយទាល់តែស្លាប់ទៅ ។
ឯអ្នកប្រាំនាក់ទៀតនោះ គ្មានគ្រោះថ្នាក់ទេ ទើបឮតៗមកថា លោកតា ម៉ឺន-គង់ នេះខ្លាំងពូកែហើយកាចណាស់ ក៏នាំគ្នាខ្លាចរហូតមកដល់សព្វថ្ងៃ ។ ឯភ្នំធំនោះមានប្រហោងឬរូងជ្រៅណាស់ ពុំដឹងជាទៅដល់ណាទេ ។
កាលនោះកូនតាដួង គាត់ចង់ឃើញពស់វែករនាម តាដួង ក៏នាំកូនទៅនៅមុខរូងនោះ បន្តិចស្រាប់តែឮសូរវូៗ កូនគាត់ក្រឡេកទៅ ឃើញពស់ភ័យញ័ររន្ធត់ តាដួងក៏បន់ថា លោកតាម៉ឺន-គង់អើយ កូនចៅខ្មាសអៀនណាស់ សុំលែងឲ្យឃើញចុះ ពស់នោះក៏លូនចូលព្រៃបាត់វិញទៅ ។
ក្នុងជំនាន់នោះ តែដល់ថ្ងៃសីលអ្នកស្រុកវត្តចក តែងតែងតែឮភ្លេងពិណពាទ្យ និងឃើញភ្លើងគោមភ្លឺដូចម៉ាំងសុង នៅលើកំពូលភ្នំធំនោះជានិច្ច ។
៣. អំពីឡើងអ្នកតា កាលបើមានអ្នកស្រុកឈឺក្ដៅអន្ទះអន្ទែង សន្លប់បាត់មាត់ ឬនិយាយរវើរវាយ ពុំដឹងខុសត្រូវនោះ គេច្រើនទៅបញ្ចូលរូបលោក ញឹម នៅភូមិតាឥន្ទ ឃុំត្រពាំងរាំង សុំឲ្យជួយមើលជំងឺ ហើយអង្វរ.កថា ធ្វើម្ដេចកូនចៅបានជាខុសឆ្គងម្ដងម្កាល សូមលោកតាកុំចាប់ទោសអូសដំណើរអីហើយបន់ថ្វាយភ្លេង រៀបចំស្ពកប្រាំបី ឬកាប់មាន់ទា ជ្រូកថ្វាយក៏មាន រៀបចំនៅផ្ទះអ្នកជំងឺនោះ ។
លោកតា ម៉ឺន-គង នេះគ្មានរូបដុំថ្មជាតំណាងទេ គឺនៅលើភ្នំធំតែម្ដង មានតែរូបមនុស្សប្រុសឈ្មោះ ព្រំ-ញឹម អាយុ៧៥ ឆ្នាំ ជារូបសំណឹងរបស់អ្នកតា សព្វថ្ងៃនេះមុនតាញឹម មានឈ្មោះតា ព្រុំ ជាឪពុកតាញឹម ធ្វើជារូបអ្នកតា លុះតាព្រុំស្លាប់ទៅ អ្នកតានោះមកចូលតាញឹម ជាកូនតាព្រុំ គ្មានពិធីត្រូវធ្វើប្រចាំឆ្នាំចំពោះលោកតា ម៉ឺន-គង់នេះទេ ទាល់តែមានមនុស្សឈឺទើបគេទៅយករូប ព្រុំ-ញឹម មកបញ្ជាន់មើល និងលេងភ្លេងថ្វាយតាមរបៀបដូចខាងលើនេះ ។
៤. ឥឡូវព្រៃភ្នំធំនេះ សាបរលាបឥទ្ធិពលខ្លះៗ ទៅហើយ អ្នកស្រុក
ជាច្រើនទៅរកស៊ី ពុំឃើញមានគ្រោះថ្នាក់អ្វីទេ តែអ្នកស្រុកនៅតែជឿខ្លាំងដោយសារខ្លាចតៗគ្នា មកទល់សព្វថ្ងៃនេះ អ្នករាជការធំៗពុំជឿទេ ទាល់តែអ្នកស្រុកភូមិធ្លាប់ទៅរកស៊ីឯព្រៃធំ ទើបជឿឥទ្ធិពលលោកតា ម៉ឺន-គង់ ៕(ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវភៅប្រជុំរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេង និងទំនៀុមខ្មែរនៅថ្ងៃស្អែកទៀត)
0 Comments:
Post a Comment