រឿងរាមកេរ្តិ៍ខ្មែរខ្សែទី១ដល់ខ្សែទី១០
ឥសីពិស្វាមិត្របានរៀបចមហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និងព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។
ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះកាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរព្រះជនកនៅនគរមិថិលា ដើម្បីយកនាងសិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។
ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅព្រះបាទទសរថ ដើម្បី យាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសិតា ។ កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់នគរអយុធ្យាវិញ ។ ពាក់កណ្ដាលផ្លូវក៏បានជួបនឹងយក្សកំណាចមួយឈ្មោះ រាមាសូរ ។ យក្សនេះបានចោទប្រកាន់ព្រះរាមថា លួចយកឈ្មោះរាមបរមសូរមកដាក់ធ្វើជាឈ្មោះខ្លួន ដូច្នេះត្រូវតែមកក្រាបបង្គំសុំទោសទើបរួចខ្លួន ។ ព្រះរាមក៏ផ្ចាញ់រាមាសូរប្រកបដោយជោគជ័យទៀត ។
លុះមកដល់នគរព្រះបិតានាមទសរថមានបំណងលើកព្រះរាមជារាជបុត្រច្បងឲ្យឡើងគ្រោងរាជ្យតាមប្រពៃណីនៃត្រកូលក្សត្រ តែនាងកៃកេសីជំទាស់ដោយសំអាងលើពាក្យសច្ចៈព្រះទសរថបានសន្យាថានឹងឲ្យបុត្ររបស់ព្រះនាងឈ្មោះ ភិរុត ឡើងគ្រងរាជ្យវិញ នៅពេលដែលនាងជួយព្រះអង្គក្នុងសង្គ្រាមបានឈ្នះព្រះអាទិត្យ ។ ព្រះបាទទសរថមានបំណងចែកនគរជា២ ប៉ុន្តែព្រះកៃកេសីពុំព្រម ហើយក៏បណ្ដេញព្រះរាមឲ្យទៅនៅព្រៃ១៤ឆ្នាំសឹមមកសោយរាជ្យវិញ ។ ព្រះលក្សណ៍ក្រេវក្រោធចង់ធ្វើឃាដនាងកៃកេសី តែព្រះរាមឃាត់ ហើយបន្ទាប់មកក៏ស្ម័គ្រតាមដង្ហែព្រះរាម និងទេពីសិតាទៅនៅក្នុងព្រៃ ។ ទាំងបីអង្គានាំគ្នាចាកចេញពីនគរអយុធ្យាទៅដល់កណ្ដាលព្រៃបានជួប នឹងកូខ័ន ជាស្ដេចព្រៃមានរូបអាក្រក់តែចិត្តល្អជា ចេះជួយរំលែកទុក្ខពីព្រះរាម ហើយព្រះអង្គទុកកូខ័ននេះជាបងប្អូនបង្កើត តែមិនព្រមទទួលយកការអារាធនាពីកូខ័នឲ្យនៅទីនោះជាមួយ ហើយក៏ធ្វើដំណើរទៅកាន់ភ្នំចិត្តភូតដើម្បីបួសជាឥសី ។
ខ្សែទី២
ពេល ចេញដំណើរពីកូខ័នទៅ ព្រះរាមបានឃើញព្រៃមួយកំពុងឆេះដោយកម្ដៅព្រះអាទិត្យ ។ ពេលនោះស្លឹកឈើដែលខ្លោច ផ្កាឈើដែឆេះក្រៀមក្រំក៏ស្រាប់តែរីកស្រស់ញញឹមឡើងវិញ ចំណែកឯព្រះអាទិត្យដែលកំពុងតែបញ្ចេញកម្ដៅយ៉ាងខ្លាំងក៏ស្រាប់តែបន្ថយកម្ដៅរបស់ខ្លួន ។ ព្រះរាម និងព្រះនាងសិតា រួមទាំងព្រះលក្សណ៍បានបន្តទៅមុខទៀត បានជួបនឹងឥសីពារទ្វឡ ហើយបានចង្អុលបង្ហាញផ្លូវទៅភ្នំចិត្តកូត ។
នៅជើងភ្នំនោះបរិយាកាសបានប្រែប្រួលដែលសត្វសាហាវប្រែជាសត្វស្លូត កូនខ្លារត់ទៅបៅមេប្រើស កូនប្រើសរត់ទៅបៅមេខ្លាវិញ ។ ព្រះលក្សណ៍បានទទួលភារកិច្ចសង់អាស្រមសម្រាប់ស្នាក់នៅក្នុងព្រៃទាំងបីអង្គារនៅទីនោះទៅ ។
ឯក្រុងអយុធ្យាឯនោះវិញ ព្រះបាទទសរថទ្រង់សោយទីវង្គត ។ ឥសីវិសិដ្ឋមហាឫស្សី ជារាជបុរោហិតបានធ្វើសារទៅយាងព្រះភិរុតចូលមកនគរជាប្រញាប់ដើម្បីធ្វើពិធីលើកសពសំស្ការ ។ នាងកៃកេសីលួចថ្លែងសារនោះថា ឲ្យព្រះរាជបុត្រត្រឡប់មកកាន់នគរដើម្បីចូលរួមរាជាអភិសេក ព្រះរាម ។ ព្រះភិរុតត្រកអរខ្លាំងក៏ធ្វើដំណើរមកកាន់នគរភ្លាម ប៉ុន្តែទ្រង់ទតឃើញព្រះនគរស្ងាត់ជ្រងំ ប្រជារាស្ត្របោះបង់មុខរបរទាំងអស់ ។ លុះទ្រង់ជ្រាបរឿងពិត ព្រះភិរុតខ្ញាល់យ៉ាងខ្លាំង ហើយមានបំណងសម្លាប់មាតាកៃកេសី ក៏ប៉ុន្តែដោយសេចក្ដីអង្វររបស់ព្រះនាង និងព្រះនាងកោសកល្យា អគ្គមហេសីព្រះបាទទសរថ និយាយលួងលោមអំពីដំណើរហេតុផ្សេងៗ និងដំណើរព្រះរាមយាងទៅនៅព្រៃ ។
បន្ទាប់ពីរៀបបូជាសពព្រះបាទទសរថហើយ ព្រះភិរុត ព្រះសុត្រុត មួយអន្លើដោយព្រះនាងជាមាតាទាំងបីអង្គ កោសកល្យា កៃកេសី និងនាងសមុទ្រ ព្រមទាំងកងទ័ពបានលើកតម្រង់ទៅសុំយាងព្រះរាមចូលមកគ្រងរាជ្យនៅអយុធ្យាវិញ ។ ក្បួនព្រះរាជដំណើរបានមកដល់ជាយដែនព្រៃរបស់កូខ័នៗបានឃើញព្រះភិរុតនាំទ័ពមកសន្ធឹកសន្ធាប់យ៉ាងនេះ នឹកស្មានថាតាមមកសម្លាប់ព្រះរាម និងព្រះរាជទេពី ក៏ប្រុងជើងការណ៍ ចាត់កងសេនាលបឈ្លបយកព័ត៌មាន ។ បន្ទាប់ពីបានដឹងការណ៍ច្បាស់ហើយ កូខ័នក៏ជួយសម្រួលព្រះរាជដំណើរឆ្ពោះទៅដល់ភ្នំចិត្តកូតដោយ សុវត្ថិភាព ។
ក្សត្រា ក្សត្រីទាំងប្រាំអង្គបានជួបព្រះរាម ហើយសុំអង្វរព្រះរាម តែព្រះរាមបដិសេធមិនព្រម ហើយព្រះអង្គទ្រង់ប្រទានសុពណ៌បាទទុកឲ្យព្រះភិរុតនាំត្រឡប់ទៅក្រុងអយុធ្យាវិញ ។
ដោយ ឈ្វេងយល់ថា ព្រះអង្គគង់នៅភ្នំចិត្តកូតនេះនាំរំខានពីព្រះរាជវង្ស ព្រះអង្គក៏សម្រេចព្រះទ័យនាំមហេសី និងព្រះអនុជចូលទៅព្រៃជ្រៅឆ្ងាយទៅទៀត ។ តាមផ្លូវព្រះរាមបានជួបនឹងយក្សមួយឈ្មោះ ពិរាធ មានចិត្តកំណាចឃោរឃៅ គិតចូលមកចាប់ឆក់យកព្រះនាងសិតា ។
ខ្សែទី៣
ពិតដូច្នោះហើយ ភិរាធក៏ស្ទុះចូលទៅឆក់នាងសិតាយកទៅ ។ ព្រះលក្សណ៍ធានាខ្លួនការពារយកនាងសិតាមកវិញ ក៏ប៉ុន្តែការប្រយុទ្ធឃើញថា ទន់ដៃជាងយក្ស ។ ព្រះរាមឃើញដូច្នោះ ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅហោង ។ តទៅទៀតក្សត្រីទាំងបីអង្គបានបន្តដំណើរដល់ភ្នំកណ្ឌការណ្យពនក៏បួសជាតាបស ។ ព្រះលក្សណ៍ដឹងអនុភាពរបស់ខ្លួនបថុជនក៏សុំលាព្រះរាមទៅតាំងសិល្ប៍រម្លឹកអាគមគាថាឡើងវិញនៅនាទៀបអាយអាស្រមគ្នា ។
ពេលនោះមានយក្ខនីយ៍មួយឈ្មោះនាងសូបនខា ត្រូវជាប្អូនយក្សក្រុងរាពណ៍បានឃើញក្សត្រទាំងពីរមានរូបឆោមលោមពណ៌គួរឲ្យបេតី ក៏កាឡាខ្លួនជាទេពអប្សរយ៉ាងស្រស់ប្រិបម្រិយចូលទៅប្រលោមលួងលោមសុំសេចក្ដីស្នេហាពីព្រះរាម ។ តែព្រះរាមបានប្រាប់នាងឲ្យទៅសុំពីព្រះលក្សណ៍វិញ ។ ព្រះលក្សណ៍ដាច់សិល្ប៍ខ្ញាល់នឹងនាងសូបនខាមករុកគួនក៏ចាប់ផ្ដួលកោសក់កាត់ដៃ ស្រែកបណ្ដេញចេញទៅ ។ នាងសូបនខាប្រែកាឡាជាយក្សវិញ ហើយបានស្រែកជម្ទាលឮសូររហូតដល់ក្រុងខរជាបងរបស់ នាង ។ ក្រុងខរឮហើយ ក៏ជិះសេះតម្រង់មកជួយសង្គ្រោះ ។ ដោយកំហឹងឆាបឆេះជាខ្លាំង ក្រុងខរបញ្ជាមេទ័ពម្នាក់ឈ្មោះខុនទូសណ៍នាំនាងយកទៅចូលនគរវិញ ហើយក៏លើកទ័ពចូលច្បាំងនឹងព្រះរាម ។
ក្រុងខរបានបញ្ជាឲ្យខុនទូសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីស្វិរៈ ទីបំផុតក្រុងខរខ្លួនឯងចូលទៅទៀតតែត្រូវសរព្រះរាមស្លាប់គ្មានសល់ឡើយ ។ នាងសូបនខាឃើញបងស្លាប់អស់ក្នុងការប្រយុទ្ធដូច្នោះ ក៏ហោះសំដៅទៅក្រុងលង្កា ញុះញង់បងប្រុសគឺក្រុងរាពណ៍ ឲ្យចេញមកសងសឹក ព្រមទាំងឲ្យចាប់នាងសិតាយកមកធ្វើជាមហេសីផង ។ ក្រុងរាពណ៍កាលបើបានជ្រាបដំណឹងពីប្អូនស្រីហើយមានចិត្តឈឺចាប់ខ្លាំងពន់ប្រមាណ ក៏ហៅមហារីកជាសេនាឲ្យកាឡាខ្លួនជាប្រើសមាសចេញមកបង្អួតយ៉ាងសង្ហាចំពោះមុខនាងសិតា ។
កាល បើឃើញប្រើសមាសភ្លាម នាងសិតាក៏បង្ខំស្វាមីឲ្យចេញទៅតាមប្រហារដើម្បីយកស្បែកទុកលម្អនៅពេលយាងទៅគ្រប់គ្រងរាជ្យវិញ ។ ព្រះរាមចេញទៅតាមប្រើសមាស ទុកព្រះលក្សណ៍នៅចាំអាស្រមការពាររាជទេពី ។ ប្រើសមាសចេះតែរត់ទៅៗរហូតដល់ពេលរសៀលទើបព្រះរាមបាញ់ត្រូវប្រើសៗក៏កាឡាខ្លួនជាយក្ស ស្រែកដង្ហើយហៅព្រះលក្សណ៍ឲ្យចេញមកជួយ នាងសិតាឮហើយក៏បង្ខំព្រះលក្សណ៍ឲ្យចេញមកជួយព្រះស្វាមី ព្រះលក្សណ៍ប្រកែកព្រះនាងសិតាបង្ខំព្រះលក្សណ៍ៗទ្រាំពុំបានក៏ចាកចេញពីអាស្រមទៅតាមព្រះរាម ។ ក្រុងរាពណ៍បានឱកាសកាឡាខ្លួនជាឥសីលួងលោមប្រលោមនាងសិតា ចុងបំផុតក៏ឆក់នាងសិតាបានហោះទៅតាមអាកាសចេញទៅ ។
ខ្សែទី៤
ពេលនោះមានសត្វគ្រុឌមួយឈ្មោះ ជតាយុ ឃើញក្រុងរាពណ៍នាំនាងសិតាហោះលើអាកាសក៏ចេញមុខមកពាំងបង្អាក់ដំណើរក្រុងរាពណ៍ដោយគំរាមកំហែងឲ្យក្រុងរាពណ៍ដោះលែងព្រះនាងសិតាមក វិញ ។ ក្រុងរាពណ៍មិនព្រមស្ដាប់ក៏កើតមានការប្រយុទ្ធមួយយ៉ាងខ្លាំងក្លា ក្រុងរាពណ៍ឆក់ឱកាសដោះចិញ្ចៀនពីនាងសិតាចោលទៅបាក់ស្លាបជតាយុ ធ្លាក់ទៅដល់ដី ។ នាងសិតាបានផ្ដាំផ្ញើនឹងសត្វកុកឲ្យថ្វាយដំណឹងនេះដល់ព្រះរាមជាស្វាមីផង ។ បន្ទាប់មកក្រុងរាពណ៍បាននាំនាងសិតាទៅទុកក្នុងសួនអសោកនៅ លង្កា ។ ចំណែកឯព្រះរាម និងព្រះលក្សណ៍ ក្រោយពីបាញ់ប្រើសរួច ត្រឡប់មកអាស្រមវិញរកនាងសិតាមិនឃើញ ក៏រូតដំណើរចេញតាមរកនាងសិតា ទាំងចិត្តក្ដុកក្ដួលស្រក់ជលនេត្រាអាឡោះអាល័យ ស្រីស្ងួនភ្ញារ ក៏បានទៅជួបនឹងជតាយុដែលប្រាប់ដំណឹងអំពីរាពណ៍ឆក់យកនាង សិតា ។ ដើម្បីអរគុណជតាយុ ព្រះរាមក៏អធិដ្ឋានឲ្យអាត្ម័នគេទៅកើតនៅឋានសួគ៌ ។ ព្រះរាមបានជួបនឹងសត្វកុកដែលបានយកដំណឹងពីនាងសិតាមកប្រាប់ព្រះរាមដែរ ប៉ុន្តែព្រះលក្សណ៍បានត្មេះតិះដៀលកុកៗក៏ត្មេះតិះដៀលតមមកវិញ ប៉ុន្តែព្រះរាម ព្រះលក្សណ៍គំរាមកំហែងរករឿងប្រហារសត្វកុក ។ បន្ទាប់មកព្រះអង្គទាំងពីរបានជួបនឹងកុម្ព័ន្ធដែលមានបំណងចង់សម្លាប់ព្រះអង្គ ហើយព្រះអង្គក៏សម្លាប់យក្សក្នុងពេលនោះទៅ ។
និយាយអំពីព្រៃហេមពាន្ត មានស្ដេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់ ប្រមូលក្របីញីទាំងអស់ធ្វើជាប្រពន្ធ ។ ម្យ៉ាងទៀតមហិង្សរាជបានសម្លាប់កូនខ្លួនចោល បើមេក្របីណាកើតកូនមកឈ្មោល ។ មានមេក្របីមួយឈ្មោះ សន្តគីរី កាលបើមានគត៌ហើយក៏គេចខ្លួនពីហ្វូង ហើយប្រសូតមកបានកូនឈ្មោលមួយដាក់ឈ្មោះថា ទូភី ហើយមានបំណងរក្សាកូននោះ ហើយក៏ទូន្មានកូនឲ្យហាត់ប្រាណដើម្បីឲ្យមានកម្លាំងបរិបូណ៌មុននឹងទៅជួបឪពុក ។ ទូភីបានប្រារព្ធតាមឱវាទម្ដាយ ក៏បានសម្រេចដូចប្រាថ្នាដោយមានកម្លាំងរហូតដល់ទៅវ័ធដើមឈើធំៗខ្ទេចខ្ទីអស់ ហើយក៏ទៅជួបឪពុកអង្វរឲ្យទទួលស្គាល់ខ្លួនជាកូន ។ ប៉ុន្តែមហិង្សរាជមិនយល់ព្រម ការប្រយុទ្ធក៏កើតឡើងរវាងឪពុកនិងកូន ទីបំផុតក៏ប្រហារជីវិតឪពុក ហើយបន្តបេសកកម្មឪពុកបន្តទៅ ។
តាំងពីពេលនោះមក ទូភីតែងតែដើររករឿងរាតត្បាតគេឯងដូចជារករឿងឥសីបញ្ចលិង្គ នាងទេពធីតារក្សាសមុទ្ទ ព្រៃហេមពាន្ត ព្រមទាំងទីបំផុតក៏ទៅរករឿងពាលីដែលជាស្ដេចស្វាសោយរាជ្យនៅខាស់ខិនបូរី ។ ពាលីដោយចៀសវាងការប្រយុទ្ធជាមួយនឹងទូភីមិនបានក៏ហៅសូគ្រីព ជាប្អូនមកផ្ដាំ ។ ការប្រយុទ្ធនៅខាងក្រៅ៧យប់៧ថ្ងៃមិនចាញ់ឈ្នះ ហើយនាំគ្នាទៅប្រកួតក្នុងគុហារមួយ ។ ការប្រកួតគ្នានៅក្នុងគុហារនេះ ពាលីក៏ប្រហារទូភីនឹងព្រះខ័នឈាមទូភីហូរចេញមកតាមរូងគុហារលាយនឹងទឹកភ្លៀងដែលទេព្ដាប្រោសព្រហ្មមកនោះ សូគ្រីពដែលយាមនៅមាត់រូងច្រឡំស្មានថាឈាមបងក៏សន្ធប់ថ្មបិទរូងគុហារនោះទៅ ក៏វិលត្រឡប់ទៅក្នុងនគរវិញ ដោយនាំយកដំណឹងនេះទៅផង ។ មន្ត្រីយោធាអ្នកនគរខាស់ខិនបូរីក៏លើកសូគ្រីពឲ្យឡើងគ្រងរាជ្យស្នងក្រុងពាលី ។
ក្រោយមក ពាលីចេញផុតពីរូង រួចពីស្លាប់ ក៏ខឹងនឹងសូគ្រីពយ៉ាងខ្លាំងក៏វាយធ្វើបាបទះតប់ក្បាលមួយដៃ សូគ្រីពរត់ចេញពីទីនោះទៅជ្រកនៅភ្នំមគង្គបព៌តដែលឋានមណ្ឌលរបស់មគង្គឥសី ។ ពាលីមិនអាចចូលទៅកាន់ទីនោះបានទេពីព្រោះត្រូវបណ្ដាសាតាឥសី ។ សូគ្រីពឈឺចិត្តយំសោកអាចម៍ភ្នែកគរជាភ្នំជិតទឹកភ្នែកហូរជាស្ទឹង ។
ខ្សែទី៥
ការ ធ្វើដំណើរត្រាច់ចរទៅរកនាងសិតា ព្រះរាម ព្រះលក្សណ៍អស់កម្លាំងក៏ចូលទៅសម្រាកក្រោមដើមស្វាយ ។ ព្រះរាមផ្ទំនៅលើភ្លៅព្រះលក្សណ៍ ។ ពេលនោះព្រះអាទិត្យនៅនឹងថ្កល់ ម្លប់ដើមស្វាយ និងព្រៃឈើទាំងឡាយពុំមានជ្រេសោះ ។ សូគ្រីពសង្ស័យថា មានអ្នកមានបុណ្យ ក៏ប្រើហនុមានឲ្យតាមរកមើល ។ ហនុមានបានឡើងលើដើមស្វាយ គយគន់រកមើលឃើញលាយលក្ខណ៍កងចក្រនៅនឹងព្រះហស្ថទាំងសងខាងរបស់ព្រះរាម ទើបហនុមានបើកស្លឹកស្វាយ ស្លុតីព្រះរាម ឯព្រះលក្សណ៍ខ្លាចព្រះរាមភ្ញាក់ក៏ទាញធ្នូសរបាញ់ហនុមានចាប់សរព្រះលក្សណ៍ជាប់ ឃើញដូច្នោះព្រះលក្សណ៍ក៏ឆក់យកធ្នូសរព្រះរាមមកបាញ់ទៀត ទទួលព្រះរាមក៏ភ្ញាក់ឡើង ក៏សួររករឿងហេតុ ។ ព្រះរាមបានទតឃើញស្វានោះប្លែកពីស្វាដទៃទៀត ព្រោះមានកុណ្ឌលពាក់នៅត្រចៀក ។ ហនុមានក៏ចុះពីលើដើមស្វាយមកដោយជឿជាក់ថាជាអ្នកមានបុណ្យក៏ថ្វាយបង្គំ ហើយបានហាមាត់បញ្ចេញរស្មីព្រះអាទិត្យ៧ពណ៌ដែលនៅក្នុងមាត់ ក៏ថ្វាយខ្លួនសុំធ្វើជាសេនា រួចក៏និយាយពីឈ្មោះរបស់ខ្លួន និងរឿងរ៉ាវរបស់សូគ្រីពជាមាដែលឈ្លោះគ្នាជាមួយពាលីដែលជាឪពុក ធំ ។
ក្រោយមកព្រះលក្សណ៍ក៏បានចេញ ទៅរកដងទឹកថ្វាយព្រះរាម ។ សង្ស័យនឹងរសជាតិទឹកនោះប្រៃក៏ប្រើព្រះលក្សណ៍ឲ្យដើររកប្រភពទឹក នេះ ។ ព្រះលក្សណ៍ក៏សំដៅទៅកន្លែងដែលព្រះអង្គដងទឹក និងឮសូរសំឡេងយំមួយនៅនាភ្នំ ក៏យកដងធ្នូសរឆ្កិះភ្នំនោះរបើកឃើញសូគ្រីព ។ ព្រះលក្សណ៍បាននាំសូគ្រីពមកថ្វាយព្រះរាម ។ ព្រះរាមបានធានានឹងសូគ្រីពថានឹងយកនគរខាស់ខិនបូរី ព្រមទាំងព្រះនាងដារាទេពីប្រទានដល់សូគ្រីព ។ រីឯសូគ្រីពក៏ថ្វាយខ្លួនធ្វើជាសេនា និងកេណ្ឌពលស្វាជួយព្រះរាមវិញ ។ សូគ្រីពក៏នាំព្រះរាមទៅកន្លែងពាលី និងទូភីច្បាំងគ្នា ។ ព្រះរាមក៏ថ្លែងសរអគ្គី វាសឆេះខ្មោចទូភីទៅជាផេះ រួចព្រះអង្គថ្លែងសរភិរុណវាសរំលត់ភ្លើង ហើយថ្លែងសរពាយុវាសប្រមូលធាតុសេសសល់ចោលទៅក្នុងមហាសាគរ ។ បន្ទាប់មកព្រះរាមក៏យកសរព្រហ្មមាសបាញ់កម្ទេចដើមសប្តតាលដែលដុះលើខ្នងនាគតាំងពីកំណើតផែនដីមកម៉្លេះនោះចោលទៅ ។
ព្រះរាមបានប្រើសូគ្រីពឲ្យទៅបញ្ឆោតពាលីចេញច្បាំងដើម្បីព្រះរាមបាញ់ពាលី ។ លើកទី១ ព្រះរាមបាញ់ពាលីមិនបាន ដោយខ្លាចច្រឡំពីព្រោះស្វាទាំងពីរដូចគ្នា ។ ព្រះលក្សណ៍ក៏យកកម្រងផ្កាបំពាក់ឲ្យសូគ្រីព ។ លុះច្បាំងលើកទី២ ទើបព្រះរាមលើកធ្នូសរបាញ់ពាលីបាន ក៏ប៉ុន្តែមន្តសរនោះត្រូវដល់ខ្លួនពាលីៗក៏ចាប់សរនោះជាប់ ហើយងាកទៅត្មេះតិះដៀលឲ្យព្រះរាមជាច្រើន ។ ព្រះរាមឲ្យពាលីសុំជីវិត តែពាលីសុខចិត្តស្លាប់ គ្រាន់តែផ្ដាំឲ្យព្រះរាមជួយយកអាសារអង្គត និងសូគ្រីពតែប៉ុណ្ណោះ រួចក៏លែងផ្លែសរបុកត្រូវស្លាប់ទៅ ។ រីព្រះនាងទេពីដារា ជាមហេសី យំសោកបោកខ្លួន ស្ដាយស្រណោះអាឡោះអាល័យស្វាមី លុះត្រាតែក្ដៅក្រហាយដល់ព្រះឥន្ទ្រ ក៏នាំអាត្ម័នពាលីទៅចាប់កំណើតនៅឋានសួគ៌ ។
លុះ បានសម្រេចតាមគោលបំណងហើយ សូគ្រីពកេណ្ឌទ័ពស្វាមិនបានទាន់ពេលវេលាទេ ។ ព្រះរាមក៏ប្រើព្រះលក្សណ៍ឲ្យទៅតឿនសូគ្រីពដោយគំរាមកំហែងថានឹងកម្ទេចខាស់ខិនបូរីចោល ។
ខ្សែទី៦
សូគ្រីពភ័យក៏ហោះទៅនគរហនុមាននៅឯកន្ទលីវ័នបញ្ឆោតឲ្យហនុមានកាឡាខ្លួនជាកូនស្វាតូចប៉ុនម្រាមដៃ សូគ្រីពដាក់ហនុមាននឹងថង់សំពត់ទៅគាល់ព្រះរាម ។ មុនដំបូងព្រះរាមអស់សង្ឃឹមនៅរង់ចាំរហូតដល់កូនស្វានោះធំ ។ ហនុមានក៏សម្ដែងឫទ្ធិកាឡាខ្លួនជាមហាពានរហាមាត់ស្ងាបបញ្ចេញពន្លឺព្រះអាទិត្យ១២ពណ៌ ។ មិនបង្អស់ឲ្យយូរការ សូគ្រីពត្រឡប់ទៅកេណ្ឌពលស្វាថ្វាយព្រះរាម តាំងអង្គតឲ្យជាខុនពលហ្លួង ហនុមានឲ្យនៅនែបនិតនឹងព្រះរាម ព្រះលក្សណ៍ ។
កាលបើកេណ្ឌទ័ពស្វា បានច្រើនមកជួបជុំគ្នាហើយ ព្រះរាមត្រាស់បញ្ជាឲ្យសូគ្រីពជ្រើសរើសអ្នកខ្លាំងពូកែម្នាក់ទៅស៊ើបការនៅក្រុងលង្កា ។ សូគ្រីពបានឆ្លើយថាខ្លួនទៅលង្កាបានតែត្រឡប់មកវិញឆាប់រហ័សមិន បាន ពីព្រោះខ្លួនចាស់ហើយ ។ ខុននន្ទឆ្លើយថាទៅត្រឡប់មកវិញបានតែខ្លាចនាងវិតាសី ជាប្អូនរាពណ៍ យាមទ្វារលង្កាហាមាត់ បបេរមាត់ក្រោមដល់បាតាល ខាងលើដល់មេឃ អ្នកណាមួយទៅលង្កាវង្វេងស្លាប់ក្នុងនោះ នាងវិតាសី ដូច្នេះមានតែហនុមានទេដែលទៅបាន ។ មុននឹងធ្វើដំណើរទៅ ហនុមានបានស្នើសុំចិញ្ចៀនទម្រង់ព្រះរាមដើម្បីឲ្យនាងសិតាជឿជាក់ថាខ្លួនជាសេនាព្រះរាម ។
បន្ទាប់ពីបានទទួលព្រះទម្រង់ពីព្រះរាម ហនុមានហោះចេញទៅក៏បានជួបនឹងសិង្ហអសុរា ហើយក៏សម្លាប់យក្សនោះចោលទៅ ។ សប្តតានាគរាជចេញ មកជំទាស់ ហនុមានក៏ចាប់នាគនោះគ្រវាត់ចោលទៅមហាសមុទ្រ ហើយក៏ហោះទៅជ្រោះហួសលង្កាដល់អាស្រមឥសីមួយអង្គ ។ ឥសីក៏ប្រទានបាយបីពំនូត ហនុមាននឹកតូចចិត្ត កំពុងឃ្លានខ្លាចស៊ីបាយមិនឆ្អែត ប៉ុន្តែបែរជាស៊ីបាយមិនអស់ទៅវិញ ក៏មានកម្លាំងចាប់ហោះឆ្ពោះទៅលង្កាវិញ ។ ដល់កំពែងក្រៅលង្កាហើយ ក៏និម្មិតខ្លួនឲ្យតូច ធ្វើមិនឲ្យយក្សយាមទ្វារនោះដឹងក៏បោះព្រះទម្រង់ទៅលើអាកាស ក៏ហោះចូលទៅក្នុងមាត់យក្សចេញតាមរន្ធត្រចៀកមកក្រៅចាប់យកចិញ្ចៀននោះមកវិញ ។ តមកហនុមានបានឆ្លងកាត់កំពែងដែក ជួបនឹងយក្សឈ្មោះកាមពាលី ក្មួយរាពណ៍ កំពែងសំរិទ្ធិ បានជួបនឹងយក្សមួយទៀតឈ្មោះអតិកាយ មេទ័ពរាពណ៍កំពុងរៀបពលសេនាយោធា កំពែងទង់ដែងឃើញយក្សឈ្មោះមហាកាយ កំពុងរៀបយុទ្ធភ័ណ្ឌ នៅទ្វារទិសឧត្ដរ បានឃើញឥន្ទ្រជិត ជាកូនច្បងរបស់រាពណ៍ ទិសទក្សិណ បានឃើញកុម្ភការណ៍ ទិសបស្ចិម បានឃើញសហស្សកុមារ អ្នករក្សាឧទ្យាន ។ ហនុមានចូលទៅដល់ឃ្លាំងទី១២ កន្លងកំពែងមាស ចូលទៅដល់ប្រាសាទកែវ បានជួបក្រុងទសមុខកំពុងផ្ទំជាមួយនាងមណ្ឌោលគីរី ។ ហនុមានច្រឡំស្មានថាជានាងសិតា លើកព្រះខ័នប្រុងប្រុងប្រហារទសកណ្ឌ ក៏ប៉ុន្តែដោយសង្កេតយល់ថា ជាប្រពន្ធរាពណ៍វិញទេ ហនុមានក៏ទម្លាក់ព្រះខ័នចុះ សែកទិព្វមន្តឧប្បទេសចងសក់ក្រុងរាពណ៍ជាប់នឹងនាងមណ្ឌោលគីរី ហើយសរសេរនៅលើទ្វារថា បើចង់ស្រាយចំណងរួចត្រូវឲ្យនាងមណ្ឌោគីរីវាយក្បាលក្រុងរាពណ៍បី ដង ។ ហនុមានរកនាងសិតាមិនឃើញសោះក៏ទៅលាក់ខ្លួនក្បែរពួកស្រីស្នំ ក៏ឮស្រីៗទាំងនោះនិយាយគ្នា ទើបដឹងការណ៍ទាំងអស់នោះ ។
ក្នុង រាត្រីនោះ នាងសិតាយល់សប្តឃើញព្រះរាមគង់លើដំរីសយាងចូលមកកម្ទេចកំពែងលង្កាបាក់បែកអស់ ។ នាងបានប្រាប់សុបិននេះដល់នាងសុជាតា ជាប្រពន្ធពិភេគហោរា ។
ត មកទើបហនុមានរកកន្លែងរបស់នាងសិតាឃើញ ។ ហនុមានបានចូលថ្វាយបង្គំព្រះនាងសិតា នាងពុំជឿ ។ ហនុមានក៏បានថ្វាយព្រះទម្រង់ទតជាភស្តុតាង ។ នាងសិតាបូតទម្រង់របស់នាងប្រទានទៅហនុមាន ហើយនាងផ្ដែផ្ដាំទៅព្រះស្វាមីថា នាងនៅតែស្មោះត្រង់ជានិច្ចនាងរង់ចាំដល់១០ខែ បើមិនយល់ព្រះភក្ត្រព្រះរាមទេនោះ នាងនឹងក្ស័យជីវិតនៅក្រុងលង្កានេះ ។
ក្រោយ ពីលានាងសិតាចេញមក ហនុមានក៏លោតផ្លោះបេះបំផ្លាញអស់ផ្លែឈើទាំងឡាយក្នុងឧទ្យាន ។ សេនាយក្សផ្អើល ហនុមានធាក់ពលយក្សស្លាប់ដួលគរលើគ្នា ។ ព្រះនាងសិតាចេញទៅឃាត់ក៏ពុំស្ដាប់ ។
សហកុមារ ជាកូនរាពណ៍ ចេញមកតាមចាប់ ប៉ុន្តែហនុមានទាញរារថបំបាក់ខ្ទេច រួចក៏សម្លាប់សហកុមារ និងពលយក្សអស់ជាច្រើន ។
ក្រុងរាពណ៍ ខឹងណាស់ ក៏ចាត់ឥន្ទ្រជិត និងអតិកាយឲ្យចេញទៅចាប់ទៀត អតិកាយក្រឡាខ្លួនយ់ាងធំ ប៉ុន្តែត្រូវហនុមានលោតទៅធាក់ដួលត្មោលទាំងជំហរ ។ ឥន្ទ្រជិតទ្រាំមិនបានក៏ថ្លែងសរជានាគចាប់ហនុមានបានដូចប្រាថ្នា ។ ក្រុងរាពណ៍ប្រើឲ្យពេជ្ឈឃាដចាប់យកហនុមានទៅវាយ ក៏ប៉ុន្តែពុំស្កៀបហនុមានសោះ ។ ហនុមានប្រាប់ថា បើចង់ឲ្យខ្លួនស្លាប់ ត្រូវយកសំពត់ជ្រលក់ប្រេងមករុំជុំវិញមួយសែនជុំ រួចយកភ្លើងដុត ។ រាពណ៍ធ្វើតាមដោយរុំខ្លួនហនុមានពុំជិតសោះ រាពណ៍ខឹងណាស់ក៏ឆក់ភើចយកស្បៃរុំកាយនាងមណ្ឌោលគីរីទាំងកំហឹង បណ្ដាលឲ្យនាងមណ្ឌោលគីរីលេចកេរ្តិ៍ខ្មាសកណ្ដាលវាល ។ កំណាព្យស្មូតរបស់តាមីចក់ «ស្បៃស្ដើងប៉ើងចេញស្មា ដួងដោះនោះណាទំនេរនៅ …. ហនុមានទៀងទតមើលទៅ គួរឲ្យចាប់ចិត្តស្និទ្ធស្នេហា» ។
នៅពេលដុតនេះ ហនុមានក៏ស្ទុះហោះ ធ្វើឲ្យភ្លើងធ្លាក់មកឆេះក្រុងលង្កាខ្ទេចខ្ទីអស់ ។
ខ្សែទី៧
ព្រះរាម ព្រះលក្សណ៍គង់នៅភ្នំគន្ធមាទន៍ លុះដឹងដំណឹងអំពីសកម្មភាពដុតលង្កាឆេះខ្ទេចខ្ទីអស់ ទ្រង់ត្រេកអរណាស់បានប្រទានរង្វាន់ដល់ហនុមាន ។ ពេលនោះព្រះអង្គបានពិគ្រោះនឹងសូគ្រីពដើម្បីស្វែងរកសម្ព័ន្ធមិត្តមកជួយព្រះអង្គថែមទៀត ។ សូគ្រីពក៏បានទូលថ្វាយថាមានស្ដេចស្វាមួយពូកែណាស់ឈ្មោះ មហាជម្ពូ សោយរាជ្យនៅហេមពាន្តដែលមានសេនា២រូបគឺ ខុននិល ខុននល ជាដៃឆ្វេងដៃស្ដាំដ៏ស័ក្តិសិទ្ធិ ។
ព្រះរាម ក៏បញ្ជាហនុមាន និងអង្គតទៅសុំចងស្ពានមេត្រីនឹងមហាជម្ពូ ។ ហនុមាន និងអ្គតបានទោដល់ក៏ថ្លែងថា ព្រះរាមទ្រង់ត្រាស់ឲ្យព្រះអង្គទៅគាល់ឥឡូវនេះ ឮដូច្នេះក៏ខឹងបញ្ជាឲ្យពេជ្ឈឃាដចាប់ចងហនុមាន និងអង្គតបញ្ចូលទ្រុងដែក ។ លុះដល់ពេលយប់ហនុមានសណ្ដំទ័ពស្វាទាំងអស់នោះ ហើយក៏កាត់សោចេញពីទ្រុង ។ ហនុមានឡើងកាច់កំពូលប្រាសាទ រួចលើកស្ទួយទាំងក្រឡាបន្ទំរបស់មហាជម្ពូនាំយកមកថ្វាយព្រះរាម ។
សូគ្រីពឃើញហើយក៏ចូលទៅ ទូលព្រះរាមថា មហាជម្ពូមិនងាយចុះចាញ់ទេ ទាល់តែទៅសុំកាឡាព្រះនារាយណ៍ពីព្រះឥសូរមកជំនួស ។ ព្រះលក្សណ៍ប្រើព្រះពាយទៅសុំកាឡាព្រះនារាយណ៍យកមកបានដូច បំណង ។ ក្រុងមហាជម្ពូតើនឡើងងាកមើលឆ្វេងស្ដាំទើបកើនកំហឹង ។ ប៉ុន្តែលុះឮត្រៃស័ង្ខក៏ងាកទៅឃើញព្រះនារាយណ៍មហាជម្ពូក៏ភិតភ័យក៏ថ្វាយបង្គំសុំចាញ់ព្រះរាម ។ ព្រះរាមត្រាស់នឹងមហាជម្ពូសុំជួយសង់ស្ពានឆ្លងសមុទ្រទៅក្រុង លង្កា ។ មហាជម្ពូព្រមថ្វាយខុននិល ខុននលជាតំណាង ព្រោះខ្លួនចាស់ហើយសុំវិលទៅនគរវិញ ។
លុះ បានទ័ពជំនួយពីមហាជម្ពូហើយ ព្រះរាមបញ្ជាឲ្យសង់ស្ពានកាត់សមុទ្រ ។ ព្រះសមុទ្រខឹងក៏កេណ្ឌទ័ពមច្ឆា នាគ ជញ្ជូនយកថ្មអស់ ។ ឃើញដូច្នោះ ព្រះរាមក៏ត្រាស់ប្រជុំអស់ពលសេនាសួររកអ្នកមានថ្វីដៃ ។ សូគ្រីពធានាកាឡាខ្លួនឲ្យធំប៉ុនមហាព្រហ្ម រួចផ្ងាដៃឲ្យអស់សេនាយោធាធ្វើជាស្ពានចម្លងទៅកោះលង្កា ហនុមានអួតថាខ្លួននឹងលាកន្ទុយព័ទ្ធឆ្នេរឯនាយ ហើយយកដៃម្ខាងចាប់ឆ្នេរខាងអាយរួចឲ្យចូលជិតគ្នាដើម្បីចម្លង ទ័ព ។
អង្គតធានាថានឹងស្រូបយកទឹកសមុទ្រឲ្យអស់ដើម្បីឲ្យទ័ពដើរកាត់ទៅស្រុកលង្កា ព្រះរាមពុំយល់ព្រមក៏លើកធ្នូសរអគ្គិវាសថ្លែងឆេះមហាសមុទ្រ ។ នាងមេខលាភិតភ័យឡើងមកសុំអង្វរព្រះរាមធានាជួយសង់ស្ពានថ្វាយព្រះរាមឲ្យបានស្រេចដូចប្រាថ្នា ។
លុះដឹងថាព្រះរាមលើកទ័ពមកលង្កាហើយ រាពណ៍ក៏រៀបចំទ័ពដែរ ។
ខ្សែទី៨
ក្រុងរាពណ៍បានទូងស្គរប្រមូលទ័ព ហើយបញ្ជាឲ្យពិភេគទាយ អំពីវាសនានៃនគរលង្កា ពិភេគបានគន់គូរ ហើយស្នើក្រុងរាពណ៍ឲ្យយកនាងសិតាទៅថ្វាយព្រះរាមវិញ ហើយបានប្រៀបប្រដូចរាពណ៍ដែលយកនាងសិតាមកទៅនឹងក្អែកដែលពាំកែវពិទូរ្យសូរ្យកាន្ត ហើយកែវនោះនាំឲ្យឆេះសម្បុក ម្យ៉ាងទៀតប្រៀបទៅនឹងត្រីស៊ីនុយ ។ ក្រុងរាពណ៍ខឹងក៏វាយក្បាលពិភេគនឹងស្បែកជើង រួចបណ្ដេញចេញពីនគរ ។ ពិភេគខឹងណាស់នឹងរស់នៅក្នុងព្រះនគរតទៅទៀតខ្មាស់ព្រះញាតិអស់ពលសកលយោធា ក៏ភៀសខ្លួនរត់ទៅសុំថ្វាយខ្លួនព្រះរាម សូគ្រីពនិងពលស្វាទាំងអម្បាលមាណ ឃើញហើយក៏ចាប់ពិភេគទៅថ្វាយព្រះរាម ព្រះរាមមិនទុកចិត្ត ក៏ប៉ុន្តែជម្ពូពានជាហោរាថា ពិភេគជាហោរាពូកែណាស់ គាត់មកនេះគឺដើម្បីសុំចុះចូលនឹងព្រះរាម ។ ព្រះរាមរីករាយទទួលពិភេគឲ្យនៅជាមួយ ថែមទាំងបានប្រទានរង្វាន់ជាទីគាប់ព្រះទ័យដល់ពិភេគទៀត ។ រីឯនាងមណ្ឌោលគីរី ក៏មានសុភវិនិច្ឆ័យរំលឹកស្វាមីដែរពុំគួរធ្វើទណ្ឌកម្មពិភេគបែបនេះ សោះ ហើយក៏ពុំគួរលួចយកព្រះនាងសិតាមកមិនសមសោះឡើយ ។
រាពណ៍ខឹងយ៉ាងខ្លាំងជេរប្រទេចនាងមណ្ឌោលគីរីថាទៅធ្វើប្រពន្ធពិភេគទៅទើបសម ។ រាពណ៍ប្រើរក្ខសេន ជាសេនាឲ្យនាំពលទៅចូលព្រៃដើម្បីចាប់ទ័ពស្វាបង្អត់អាហារព្រះរាមប្រើរុក្ខៈពានរឲ្យ នាំពលស្វា៥ម៉ឺនទៅបេះផល្លា ។ ទ័ពយក្ស និងស្វាប៉ះគ្នាក៏ច្បាំងគ្នាស្លាប់អស់រលីងសល់តែយក្សមួយរត់រួចខ្លួនដែលនាំដំណឹងបរាជ័យទៅប្រាប់អតិកាយ ។
អតិកាយ ស្ដាប់ច្រឡំដែរ ឃើញរុក្ខរស្លាប់ស្មានថា ហនុមានក៏ទូលក្រុងរាពណ៍ៗត្រេកអរណាស់ក៏និយាយចំអកផ្ដោះផ្ដងទៅឲ្យ នាងមណ្ឌោលគីរី ។ ទសមុខបញ្ជាឲ្យលើកឆ័ត្រជ័យមង្គល បណ្ដាលឲ្យងងឹតបិទសែងសូរិយាអស់ ។ ព្រះរាមទតឃើញដូច្នេះក៏សួរទៅពិភេគហោរា ហើយក៏ទាញធ្នូសរបាញ់ត្រូវឆ័ត្របាក់ខ្ទេចខ្ទីអស់ ។
ក្រុងរាពណ៍ខឹងខ្លាំងពេកក៏សួរទៅប្រហេត ហោរាៗក៏គន់គូរថ្វាយថា ព្រះរាមមានសេនាពូកែ១៨នាក់ និងពល៧០អក្ខោភិនីៈ អក្ខោភិនី ២១៨.៧០០នាក់ និងទ័ពរថ ២១.៨៧០នាក់ បានដឹងសេចក្ដីពីប្រហេតហោរាគន់គូរថ្វាយរួចមក រាពណ៍ក៏ប្រើឧបាយបង្ខំឲ្យនាងសិតាជិះលើរាជរថបង្ហោះនាំមកក្បែរកងទ័ពព្រះរាមដើម្បីបញ្ឈឺចិត្ត ។ ព្រះរាមថ្លែងសរបំផ្លាញរាជរថរាពណ៍បាក់ខ្ទេចខ្ទីអស់តែរាពណ៍បានហៅពិស្ណុការ មកធ្វើរាជរថឲ្យបានល្អដូចដើម ហើយនាំនាងសិតាបញ្ជិះលើរាជរថម្ដងទៀត ព្រះរាមខ្ញាល់ខ្លាំងណាស់បម្រុងយកសរព្រហ្មមាសបាញ់ ប៉ុន្តែខ្លាចអន្តរាយដល់ជីវិតនាងសិតា ។ កាលណោះពិភេគក៏ប្រាប់ការពិតដល់ព្រះរាម ទើបព្រះរាមទ្រង់ស្វែងយល់ ហើយក៏សែកមន្តអាគមគាថាចង្អុលទៅត្រូវរាពណ៍បណ្ដាលឲ្យចុកពោះដួលសន្លប់លើព្រះរាជរថទៅ ។
ព្រះរាមបានចាត់ឲ្យអង្គតនាំសារទៅក្រុងរាពណ៍ដើម្បីធ្វើសង្គ្រាម ។ លុះទៅដល់ក្រុងលង្កាក៏តាំងទាត់ទ្វាររបើកសម្លាប់ពលយក្សតាំងពីទ្វារដែក ទ្វារសំរិទ្ធ ទង់ដែង រហូតដល់ទ្វារស្ពាន់ ហើយក៏ជួបនឹងយក្សមួយឈ្មោះ មឿង ឬយក្សាភក្ខនេសដែលខ្លបខ្លាចភៀសខ្លួនរត់ពួនយកសុខ ។
ក្រុងរាពណ៍ ឲ្យគេរៀបចំទទួលអង្គតដោយប្រុងប្រយ័ត្នជើងការជាមុន ដោយរៀបកន្លែងឲ្យអង្គុយស្មើនឹងកុម្ភការណ៍ អង្គតមិនព្រមស្មើនឹងឥន្ទ្រជិតក៏មិនព្រមទៀត ក៏លោតរំលងផុតក្បាលឥន្ទ្រជិតទៅអង្គុយក្បែរក្រុងរាពណ៍ ហើយក៏តាំងឆ្វាយកន្ទុយអង្គុយស្មើនឹងរាពណ៍ ។
ពេល នោះទសមុខបាននិយាយរំលឹកថា អង្គតនេះត្រូវជាកូនបង្កើតរបស់នាងមណ្ឌោលគីរី និងពាលីម្ដេចឃើញហើយមិនគោរពម្ដាយ ។ អង្គតឃើញមាតាគ្រាន់តែលើកដៃម្ខាងគោរពហើយក៏រំលឹកតបទៅវិញថា ពីដើមក្រុងរាពណ៍នេះយោលអង្រឹងថ្វាយពាលីជាឪពុកខ្លួន ។ រាពណ៍ខឹងខ្លាំងណាស់ប្រុងស្ទុះទៅទះអង្គតតែត្រូវអង្គតទះកំផ្លៀងនៅចំពោះមុខទីប្រជុំ ។
ក្រុងរាពណ៍ ខឹងខ្លាំងពេក ប្រើសេនាយក្ស៤នាក់ឲ្យដេញតាមចាប់អង្គតតែត្រូវអង្គតវ័ធដាច់ក្បាលស្លាប់ អង្គតយកដំណឹងមកថ្វាយព្រះរាមវិញ ។ បន្ទាប់មកទៀតរាពណ៍ក៏ត្រាស់អាមាត្យឲ្យទៅហៅកុម្ភការណ៍ជាប្អូនមកជួយធ្វើសង្គ្រាម ។ កុម្ភការណ៍និយាយរំលឹកបងអំពីរឿងហេតុដែលបណ្ដាលមកពីនាងសុបនខាទៅចង់ប្រុសខុសក្រឹត្យក្រម ហើយក្រុងទសមុខសោតទៀតក៏ខុសដោយល្មោភនឹងតណ្ហាលួចយកនាងសិតាតែប៉ុណ្ណោះ ។ រាពណ៍ចោទកុម្ភការណ៍ថាកំសាកខ្លាចសង្គ្រាមជាមួយសត្វស្វា បន្ទាប់មកក៏ស្លុងចិត្តតាមរាពណ៍ចូលជួយច្បាំង ។
ខ្សែទី៩
កុម្ភការណ៍ លើកទ័ពយ៉ាងច្រើនមកតាមអាកាសតាមថ្មើរជើង ច្បាំងនឹងព្រះរាមក្នុងរាត្រីនោះ ព្រះរាមគង់នៅព្រះពន្លាហើយទតឃើញផ្កាយព្រះសុខពីររះទន្ទឹមគ្នា ចម្លែកទើបទ្រង់ត្រាស់ឲ្យពិភេគមកគន់គូរមើល ។ ពិភេគក៏ទាយថា កុម្ភការណ៍លើកទ័ពប្រុងមកវាយឆ្មក់ ។ ព្រះរាមក៏ចាត់ពិភេគឲ្យទៅនិយាយបញ្ចុះបញ្ចូលកុម្ភការណ៍ ។ ហើយព្រះរាមនឹងឲ្យរង្វាន់ព្រមទាំងបុណ្យស័ក្តិយ៉ាងធំ ។ កុម្ភការណ៍មិនគ្រាន់តែមិនព្រមចុះចូលនឹងព្រះអង្គទេថែមទាំងពោលអះអាងថា ទោះព្រះរាមមានមហិទ្ធិរិទ្ធិយ៉ាងណាក៏ដោយ ទោះជាក្រុងរាពណ៍ខុសដូចម្ដេចក៏ដោយក៏ពុំព្រមរស់នៅក្រោមការត្រួតត្រារបស់ព្រះរាមជាដាច់ខាត គឺសុខចិត្តស្លាប់ក្នុងការបម្រើជាតិ ។
ការ ចរចារពុំបានសម្រេចព្រះរាមក៏ប្រើពិភេគជាមួយព្រះលក្សណ៍ព្រមទាំងពលស្វាឲ្យចូលនិយាយម្ដងទៀត កុម្ភការណ៍ដៀលត្មះឲ្យពិភេគយ៉ាងខ្លាំង និងដោយក្រេវក្រោធក៏យកមោង្គស័ក្តិចោលទៅត្រូវព្រះល្សណ៍ដួលត្មោលសន្លប់បាត់ស្មារតី ដំបៅចាក់ឫសដល់បាតាល ។ ព្រះរាមសោយសោកព្រោះអាណិតប្អូន ពិភេគចេញមុខធានាខ្លួនផ្សំថ្នាំ ហើយនិយាយបញ្ចុះបញ្ចូលបញ្ជោរហនុមានឲ្យទៅរកដើមថ្នាំនៅព្រៃ ហេមពាន្ត ដូចជា ដើមឫស្សីរី កេសរបូទមា សង្កណី ព្រមទាំងទឹកមូត្រគោអសភរាជ ។ ហនុមានទទួលបេសកកម្មនោះក៏ទៅប្រយុទ្ធជាមួយគោអសភរាជយកទឹកមូត្របានមកទៀត ។ តែហនុមានមិនស្គាល់ដើមឈើផ្សេងៗដទៃទៀតក៏លើកភ្នំទាំងមូលហោះយកមកឲ្យពិភេគ ។ ប៉ុន្តែនៅខ្វះថ្មរ័តន៍មួយដុំទៀត ។ ព្រះរាមប្រើហនុមានឲ្យទៅយកថ្មនោះនៅនគរលង្កាទៀត ។ ហនុមានទៅដល់នគរលង្កាទាំងយប់ឃើញថ្មនោះស្ថិតនៅក្រោមខ្នើយក្រុងរាពណ៍ ហើយក៏ចូលទៅលួចយកមកបានដូចប្រាថ្នា ។ ហនុមានបានចាប់សក់ក្រុងរាពណ៍ចងជាប់នឹងសក់នាងមណ្ឌោលគីរី រួចក៏សរសេរអក្ខរាប្រាប់ថា បើរាពណ៍ចង់ស្រាយត្រូវឲ្យនាងមណ្ឌោលគីរីយកដៃឆ្វេងវាយក្បាលរាពណ៍ទើបស្រាយរួច ។ លុះយកថ្មនោះបានមកហើយ ពេលវេលាកាន់តែខ្លីណាស់ទៅហើយ ។ បើសិនជាព្រះអាទិត្យរះឡើងផ្សំថ្នាំមិនទាន់នោះ ព្រះលក្សណ៍នឹងត្រូវស្លាប់ ។ ព្រះរាមទោះខុសឆ្គងយ៉ាងណាក៏មិនគិតហើយបញ្ជាឲ្យហនុមានទៅឃាត់ដំណើរព្រះអាទិត្យ ។ ហនុមានដោយខ្លាចគ្រោះថ្នាក់ដល់ជីវិតព្រះលក្សណ៍ក៏វាយសេះព្រះអាទិត្យបាក់ព្រះរាជរថរត់ខ្ចាត់ខ្ចាយអស់ ។
ជំងឺ ព្រះលក្សណ៍បានជាសះស្បើយ ក៏ចេញច្បាំងម្ដងទៀតជាមួយកុម្ភការណ៍ ។ ព្រះលក្សណ៍បានថ្លែងសរផ្ដាច់ក្បាលកុម្ភការណ៍ស្លាប់ទៅ ក្រុងរាពណ៍ទ្រង់ពិរោធយ៉ាងខ្លាំងត្រាស់បញ្ជាឥន្ទ្រជិតដែលជាបុត្រចម្បងធ្លាប់ធ្វើសង្គ្រាមឈ្នះព្រះឥន្ទ្រ ហើយនាំសេនាគម្ព័ន្ធចេញទៅជាមួយផង ។
ចំណែក ព្រះរាមក៏ចេញតតាំងដោយប្រើហនុមាន ព្រះលក្សណ៍ អង្គត ចេញទៅប្រយុទ្ធ ។ ឥន្ទ្រជិតថ្លែងសរជានាគចុះមកព័ទ្ធពលសេនាស្វា និងព័ទ្ធជើងព្រះលក្សណ៍ទាំងពីរជាប់ ។ ក្រុងរាពណ៍ដឹងដំណឹងអំពីជ័យជំនះក៏ត្រេកអរយ៉ាងខ្លាំង ក៏ប្រើឲ្យគេនាំនាងសិតាមកផ្ចាញ់ផ្ចាល ។
ព្រះរាម ទ្រង់វិតក្កគ្រោះថ្នាក់នេះ ទើបទ្រង់សោយសោកម្ដងទៀត ហើយខ្ញាល់ជាខ្លាំងបម្រុងនឹងថ្លែងសរប្រល័យទេវលោកចោលទុកតែស្ថានព្រះឥសូរមួយប៉ុណ្ណោះ ។ ទ្រង់កាច់សរជាពីរកំណាត់មួយកំណាត់ចោលទៅប្រល័យស្ថានមនុស្សលោក មួយកំណាត់ទៀតចោលទៅក្រុងអយុធ្យាដើម្បីថ្វាយដំណឹងទៅ ព្រះមាតា ។ ទេវតាទាំងឡាយនាំងគ្នាភ័យ ផ្អើលឡើងទៅគាល់ព្រះឥសូរសុំឲ្យព្រះអង្គជួយដោះគ្រោះភ័យ ។ ព្រះឥសូរប្រើព្រះព្រហ្មឲ្យទៅស្ថានសិម្ពលី គ្រុឌ មកជួយដោះដេញកម្ចាត់នាគចេញ ។ បន្ទាប់មកព្រះលក្សណ៍ និងទ័ពស្វាក៏បានរស់ជិវិតជាថ្មីទៀត ។
ខ្សែទី១០
ពេល ដឹងដំណឹងថា ព្រះលក្សណ៍រស់ឡើងវិញ ក្រុងរាពណ៍នាំអគ្គជាយាហោះទៅកាន់ភ្នំរកថ្នាំពិសដើម្បីសម្លាប់ទ័ពព្រះរាម ។ ប៉ុន្តែពិភេគបានទស្សន៍ទាយដឹង ក៏ព្រះរាមប្រើហនុមានឲ្យវាយឆ្នាំងស្លរថ្នាំពិសនោះខ្ទេចខ្ទី អស់ ។ រាពណ៍ខឹងណាស់ក៏ប្រើឥន្ទ្រជិតចេញច្បាំងសាជាថ្មី ។ ព្រះរាមក៏ប្រើព្រះលក្សណ៍ឲ្យចេញទៅតតាំងនឹងឥន្ទ្រជិតម្ដង ទៀត ។ យក្សក៏ភៀសខ្លួនបាំងបាត់ក្នុងពពក ។ ព្រះរាមភ័យណាស់ដោយមើលទ័ពយក្សមិនឃើញ ហើយពលស្វាក៏ត្រូវយក្សកាប់សម្លាប់គរលើគ្នា ។
ព្រះអង្គ ក៏បន់ស្រន់ទេវតាសុំឲ្យជួយមើលឃើញយក្ស ។ ការបន់ស្រន់បានសម្រេចដូចបំណងព្រះរាមក៏ថ្លែងសរព្រហ្មមាសប្រហារឥន្ទ្រជិតធ្លាក់ចុះដល់ដីស្លាប់អាសាបង់ ។
រាពណ៍ខឹងពេកឲ្យយកនាងសិតាមកបម្រុងនឹងកាត់កប្រហារសងសឹក ។ ប៉ុន្តែអាមាត្យពិតរ័ក្ខសពន្យល់ឃាត់បាន ។ បន្ទាប់មកក៏ប្រើកូនទាំង១០ឲ្យទៅច្បាំងទៀត ហើយត្រូវស្លាប់ទាំងអស់ ។
0 Comments:
Post a Comment