នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។
ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា "ចៅសព្វសិទ្ធិ"។
កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។ ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា "សុវណ្ណកេសរ" នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។
កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹងដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។
ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។ ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។
ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។
ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជាសក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។
សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។
សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។ ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។
រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យទៅកើតនៅឋានតុសិត។ សព្វសិទ្ធិសរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរីមហាមាយា។
0 Comments:
Post a Comment