មានមនុស្សពីរនាក់ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ« ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិន
ត្រូវបែបទេ ខ្មាសគេ ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា « មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ » ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សំបកខ្ចៅនោះដាក់នៅនឹងកន្លែង ហើយគេចោលសំបកនោះទៅ ។
ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ហើយខំទាំងទំពាសំបកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។ ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមកស៊ី ៗ រួចគេយកកន្សែងខ្ចប់ដាក់ ហើយចោលទៅទៀត ។ បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹងគេទៀត ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត, ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួទៀត ទើបតែនឹងពមចូលក្នុងមាត់ នឹកឃើញ
បងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងមកឮតែឃឹក ។ ដោយហេតុខ្យល់ទប់ឃឹកនោះ មីសួវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួនោះមកក្រៅដោយអំណាចខ្យល់ ។ បងថ្លៃឃើញដូច្នោះ ក៏ចោលចង្កើះទៅក្នុងថាសថា « ទេ ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម សូម្បីខ្ចៅនិងអំពៅទាំងសំបក ទាំងកាក ក៏ស៊ីបានទាំងអស់ ដល់មីសួ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ » ៕
(ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក)
ស្រាវជ្រាវតាមរឿងព្រេងខ្មែរដោយ÷ចៅតាជេត
0 Comments:
Post a Comment