មានសេចក្ដីនិទានថា
កាលពីព្រេងនាយ សត្វបក្សីទាំងអស់សុទ្ធតែមានសម្បុរ ស ដូច ៗ គ្នា ខុសគ្នាតែរាងរៅ និងសណ្ឋានទ្រង់ទ្រាយប៉ុណ្ណោះ ។
ពេលដែលហើរនៅលើអាកាស គេមិនអាចសម្គាល់បានថាជាសត្វអ្វី ៗ ឡើយ ។
ដោយមានសភាពច្រឡំគ្នាដូច្នេះ ទើបសត្វទាំងអស់បានបបួលគ្នាមកប្រជុំប្រឹក្សាគ្នាថា “ ឥឡូវនេះយើងទាំងអស់គ្នាគិតរចនារូបយើងទាំងអស់គ្នាឲ្យមានសភាពយ៉ាងណា ដើម្បីឲ្យមានពណ៌សម្បុរខុសៗគ្នា ប្រយោជន៍កុំឲ្យមនុស្សលោកគេច្រឡំ ”។
លុះជំនុំអស់ពេលជាយូរ ទើបសម្រេចថា “អ្នកណាស្រលាញ់ពណ៌សម្បុរយ៉ាងណា ចូរធ្វើយ៉ាងនោះទៅចុះ កុំឲ្យតែដូចគ្នា ” ពេលនោះសត្វទាំងអស់បានអនុមតិយល់ព្រម តាំងសត្វខ្វែក ឲ្យធ្វើជាមេជាងខាងគំនូរ ។
ខ្វែកបានគូរគ្រប់សត្វទាំងអស់ តាមរបៀបដែលគេចូលចិត្តរៀង ៗ ខ្លួន នៅសល់តែក្អែកនិងខ្វែកខ្លួនឯង ពុំទាន់បានគូរនៅឡើយ ។
ខ្វែកសួរទៅក្អែកថា “ បងក្អែកឯងចង់គូរពណ៌ដូចម្ដេច ?” ។
ក្អែកឆ្លើយថា “ ស្រេចនៅលើបងខ្វែក បងដែលជាជាងគំនូរស្រាប់ គូរយ៉ាងណាឲ្យតែសមល្អ” ។
ខ្វែកឆ្លើយថា “អើ ! បើដូច្នោះ ខ្ញុំគូរបានតែពេលយប់ទេ ទើបរំលេចពណ៌ល្អ គូរថ្ងៃមិនល្អទេ ។
ប៉ុន្តែ ចូរបងក្អែកឯងគូរឲ្យខ្ញុំមុនសិនចាំខ្ញុំគូរឲ្យបងឯងក្រោយ ក្អែកក៏គូរឲ្យខ្វែកមានពណ៌ក្រវេមក្រវាមតាមពេញចិត្ត ” ។
លុះដល់ពេលយប់ងងឹតសូន្យសុង ខ្វែកក៏ហៅក្អែកទាំងអស់មកប្រជុំគ្នា ហើយលាយធ្យូងមួយខ្ទះធំ យកកំណាត់ជ្រលក់ លាប ៗ ពេញសព្វទាំងអស់ គ្មានសល់សាច់ត្រង់ណាបន្តិចបន្តួចឡើយ ។
លុះព្រឹកឡើងកាលណា ក្អែកទាំងអស់ឃើញខ្លួនខ្មៅព្រីកគ្រប់ ៗ គ្នា ។
ឯខ្វែកគ្រាន់តែភ្លឺព្រាង ៗ ក៏នាំគ្នាហើរគេចខ្លួនបាត់អស់ ។
ក្អែកនឹកខឹងណាស់ នាំគ្នាហើរស្រែកកងរំពងពាសពេញព្រៃ រកខ្វែក, ឲ្យតែជួបប្រទះនឹងចឹកសម្លាប់ឲ្យវិនាស ។
ហេតុនោះហើយ ទើបសត្វខ្វែករកស៊ីតែពេលយប់ ព្រោះបើរកស៊ីនៅពេលថ្ងៃនោះមុខជាពើបប្រទះនឹងសត្វក្អែកដែលជាសត្រូវយកជីវិតគ្នារបស់វា ក្អែកនឹងព្រួតគ្នាចឹកសម្លាប់ចោលមិនខាន ។
លុះដល់ពេលថ្ងៃ វានាំគ្នាពួនសម្ងំនៅក្នុងព្រៃបាត់អស់រហូត មកដល់សព្វថ្ងៃនេះ ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)
0 Comments:
Post a Comment