រឿង ភ្នំវរវង្សសូរវង្ស(នៅខេត្តកំពង់ស្ពឺ)
កាលពីព្រេងនាយ មានព្រះរាជា ១ ព្រះអង្គ ព្រះនាមព្រះបាទសូរិយា សោយរាជ្យនៅក្រសន់នគរ ។
ព្រះមហាក្សត្រនេះ មានព្រះអគ្គមហេសីពីរព្រះអង្គគឺ : ទី ១ ព្រះនាមវង្សធ្យា មានព្រះរាជបុត្រពីរព្រះអង្គគឺ : វរវង្ស និង សូរវង្ស, ទី ២ ព្រះនាងមន្ទា មានព្រះរាជបុត្រ ១ ព្រះអង្គគឺ វៃវង្សា ។
ចាប់តាំងពីព្រះរាជបុត្រ ៣ ព្រះអង្គ មានព្រះជន្មពេញវ័យកាលណា ព្រះនាងមន្ទា ជាមហេសីចុង កើតមានសេចក្ដីច្រណែនឈ្នានីស ដោយខ្លាចរាជ្យសម្បត្តិធ្លាក់ទៅលើព្រះរាជបុត្រនៃមហេសីដើម ។ ដូច្នេះ ព្រះនាងមន្ទា ក៏រករឿងញុះញង់បំបែកបំបាក់រៀងរាល់ថ្ងៃ ។
ថ្ងៃមួយ ព្រះរាជកុមារសូរវង្ស និង វរវង្ស នាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លា, ស្រាប់តែនាងមន្ទា ចាប់ព្រះរាជកុមារទាំងពីរ យកមកគាមជាប់នៅចន្លោះភ្លៅ ហើយស្រែកចៅរ៉ៅប្រាប់ឲ្យអ្នកផងឮថា : ព្រះរាជកុមារទាំងពីរ ប្រមាថមើលងាយខ្លួន ហ៊ានមកចាប់ធ្វើការមិនគប្បី ចំពោះមាតាចុងទាំងកម្លាំង ។ ព្រះបិតា បានឃើញដូច្នោះ ខ្ញាល់យ៉ាងខ្លាំង ហើយបញ្ជាឲ្យពេជ្ឈឃាដនាំយកកុមារទាំងពីរទៅសម្លាប់ ដោយឥតបានពិចារណា ។
ប៉ុន្តែដោយបុណ្យបារមីនៃព្រះរាជកុមារ ក្នុងពេលដែលពេជ្ឈឃាដរៀបនឹងសម្លាប់ ព្រះនាងវង្សធ្យាជាមាតា បានទៅទាន់ អង្វរពេជ្ឈឃាដសុំកុំឲ្យសម្លាប់ ពេជ្ឈឃាដមានចិត្តមេត្តា ក៏ជួយពង្វេះគេចចេញពីព្រះនគរ ព្រះមាតាបានទាំងប្រគល់ឲ្យព្រះរាជកុមារ នូវព្រះទម្រង់រាជ្យមួយៗ ម្នាក់ផង ហើយសន្យាថា : ដល់គម្រប់ ១០ ឆ្នាំ ឲ្យវិលមកព្រះនគរវិញ ។
ព្រះរាជកុមារទាំង ២ ពង្ស បានទទួលបណ្ដាំព្រះមាតា ហើយយាងកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនា, ដោយទ្រង់អស់ព្រះកាយពលខ្លាំង ក៏ទ្រង់ផ្ទំលក់ក្រោមម្លប់ឈើ នាព្រៃដ៏ស្ងាត់ជ្រងំ ។ លំដាប់នោះ ព្រះឥន្ទ្រាធិរាជ បានទតយល់ព្រះរាជកុមារភ្លាម ក៏និម្មិតជាមាន់ស ១ ខ្មៅ ១ ចុះមករកស៊ី នៅក្បែរព្រះរាជកុមារ ហើយនិយាយថា ៖ “ខ្ញុំជាមាន់ខ្មៅ បើអ្នកណាបានស៊ីសាច់ខ្ញុំ កន្លងតែ ៧ ឆ្នាំ នឹងបានសោយរាជ្យ” ។
“ចំណែកខ្ញុំជាមាន់ស ក៏ដូច្នោះដែរ, បើអ្នកណាបានស៊ីសាច់ខ្ញុំ កន្លងទៅតែ ៧ ខែ នឹងបានសោយរាជ្យ” ។
មាន់ទាំងពីរ ជជែកគ្នាហើយ ជល់គ្នានៅចំពោះព្រះភក្ត្រព្រះរាជកុមាររហូតដល់ស្លាប់រៀងខ្លួន ។ ព្រះរាជកុមារទាំងពីរ នឹកឆ្ងល់ក្នុងព្រះទ័យខ្លាំងណាស់ ហើយដោយឃ្លានអាហារខ្លាំងពេលផង, សូរវង្ស ក៏រើសយកមាន់ស ឯវរវង្សជាប្អូន ក៏រើសយកមាន់ខ្មៅ យកទៅចម្អិនសោយដោយសុខសាន្ត ។ លុះសោយសាច់មាន់នោះរួចហើយ ព្រះរាជកុមារទាំង ២ ពង្ស ក៏ធ្វើដំណើរទៅទៀត អស់រយៈកាល ៧ ខែគត់ បានដល់ទៅសាលាសំណាក់មួយ នៅក្នុងព្រៃ នានគរគន្ធពបុរី ហើយសម្រាកនៅទីនោះ ។
និយាយពីនគរនេះ ក្រោយដែលព្រះរាជាសោយទិវង្គតទៅ នាម៉ឺន សេនាមាត្យ រៀបចំធ្វើការផ្សងរកអ្នកមានបុណ្យ ដើម្បីគ្រងរាជ្យសម្បត្តិនៅប្រទេសខ្លួន ។ កាលដែលបានរៀបក្បួនស្រេចហើយ ក៏ធ្វើដំណើរចេញទៅ ដោយឲ្យរាជគជេន្ទ្រដែលតាំងបុស្សបុកនៅមុខគេបង្អស់ ហើយអធិដ្ឋានថា : បើអ្នកណាជាអ្នកមានបុណ្យ សូមឲ្យរាជគជេន្ទ្រនេះ ឈប់ភ្លាមនៅចំពោះមុខអ្នកមានបុណ្យនោះ ។
កាលដែលរាជគជេន្ទ្រ មកដល់សាលាសំណាក់ ដែលព្រះរាជកុមារទាំងពីរកំពុងផ្ទំលក់ ក៏ឈប់នៅស្ងៀម, ក្រុមសេនាមាត្យ នាំគ្នាឡើងទៅលើសាលា ហើយសូមយាងព្រះរាជកុមារនាមសូរវង្ស ឲ្យយាងទៅគ្រងរាជសម្បត្តិនៅគន្ធពបុរីនោះ ។ ព្រះរាជកុមារ ពុំព្រមទទួលសោះ ដោយប្រកែកថាគ្មានសមត្ថភាព តែសេនាមាត្យមិនព្រម នាំគ្នាបីត្រកងលើកដាក់លើបុស្សបុក ហើយហែទៅកាន់រាជធានី ។
ព្រះកុមារ នឹកអាល័យដល់វរវង្សជាប្អូនខ្លាំងណាស់, សុំឲ្យសេនាមាត្យយកវរវង្សជាប្អូនទៅផង តែគេពុំព្រមយក ។ លុះទៅដល់ព្រះនគរ ក៏រៀបចំព្រះរាជអភិសេកសូរវង្ស ជាមួយព្រះនាងសបុប្ផា ជាព្រះរាជបុត្រីនៃព្រះអតីតមហាក្សត្រនគរនេះ និង ថ្វាយរាជ្យជាព្រះមហាក្សត្រដោយសុខសាន្ត ។
ចំណែកព្រះរាជកុមារវរវង្ស កាលក្រោកឡើងបាត់ព្រះរៀមពុំឃើញ ក៏ទ្រង់ព្រះកន្សែងព្រួយព្រះរាជហឫទ័យយ៉ាងខ្លាំង ដើរស្រែកដង្ហោយហៅពាសពេញព្រៃ តែមិនឃើញសោះ ។
វរវង្ស អស់សង្ឃឹម មិនដឹងទៅរកឯណា ក៏យាងកាត់ព្រៃតាមដានជើងដំរីរាជនោះ ទៅដល់វាំងនៃព្រះរៀម សុំអ្នកយាមទ្វារចូលតាមទៅរក តែគេពុំព្រមឲ្យចូល ដោយកំហែងគំរាមថែមទៀត ។
ព្រះរាជកុមារ ក៏គេចចេញអំពីទីនោះទៅ តាមយថាកម្ម ។ លុះដើរកាត់ព្រៃអស់ ៥ យប់ ៥ ថ្ងៃ ទើបបានទៅដល់ផ្ទះដូចចាស់ម្នាក់ នៅក្បែរវាំងនៃព្រះរាជា នាមព្រះបាទធរណិត នានគរមួយ ហើយសុំដូនចាស់នោះ នៅស្នាក់អាស្រ័យមួយយប់ផង ដូនចាស់ក៏ព្រមឲ្យស្នាក់នៅដោយរីករាយ ។
តែដូនចាស់អប្រិយនេះ បានឃើញព្រះទម្រង់ព្រះរាជកុមារ នឹកស្មានថា ជាចោរលួចរបស់ព្រះរាជទ្រព្យ ក៏ចូលទៅទូលព្រះរាជា ៗ ទ្រង់ព្រះពិរោធខ្លាំង បានបញ្ជាឲ្យសេនាទាហាន ចាប់ចងយកទៅសួរចម្លើយ ទោះបីព្រះរាជកុមារឆ្លើយថា ព្រះទម្រង់នេះ ជាកេរ្តិ៍ដំណែល ពីព្រះមាតារបស់ព្រះអង្គក៏ដោយ, ក៏ព្រះរាជា នៅតែចោទថាជាចោរ ហើយបញ្ជាសេនាទាហាន ចាប់យកទៅដាក់ក្នុងទ្រុងដែក សែនទារុណ ។
ថ្ងៃមួយ, មានយក្សកំណាច បានចូលទៅរាតត្បាតនគរជ័យបូរី ដែលមានព្រះមហាក្សត្រ នាមព្រះបាទសោទត្ត ជាមិត្តសិទ្ធស្នាលជាមួយនឹងព្រះបាទធរណិត បណ្ដាលឲ្យនគរនេះ ជ្រួលច្របល់យ៉ាងខ្លាំង, មិនតែប៉ុណ្ណោះ វាចូលមកដល់ក្នុងវាំង ដេញកម្ចាត់អារក្ស ដែលយាមទ្វារវាំងស្ដេចឲ្យរត់ខ្ចាត់ខ្ចាយអស់, ហើយប្រាថ្នាស៊ីស្ដេចសោទត្តទៀត, តែមិនទាន់បានចូលទៅចាប់ស្ដេចនៅឡើយ វាចូលទៅពួនសម្ងំនៅក្នុងគុហា នាកន្លែងអារក្សនោះនៅ ។ និយាយពីស្ដេចសោទត្ត, កាលបើដូច្នោះ ភ័យណាស់ ក៏ត្រាស់បញ្ជាឲ្យសេនាចេញសំពៅ ទៅនគរព្រះបាទធរណិត ដើម្បីថ្វាយដំណឹងអំពីព្រឹត្តិការណ៍នេះ ហើយសូមឲ្យព្រះអង្គជួយជ្រោមជ្រែង ក្នុងរឿងនេះផង ។ ព្រះបាទធរណិត បានជ្រាបភ្លាម ក៏បង្គាប់បញ្ជាឲ្យសេនារុញសំពៅទម្លាក់ទឹកនឹងធ្វើដំណើរទៅនគរជ័យបូរី ។ ប៉ុន្តែសេនាទាំងអស់រុញសំពៅនោះពុំរួចសោះ ក៏ប្រកាសរកអ្នកខ្លាំងពូកែ ដើម្បីឲ្យរុញសំពៅនេះចុះទឹក ។ ព្រះរាជកុមារវរវង្ស ដែលនៅក្នុងទ្រុងដែក ក៏ទទួលខ្លួនធានានឹងរុញសំពៅនេះបាន, ព្រះរាជា ក៏ទ្រង់សន្យាថា បើឯងរុញសំពៅនេះរួចមែន នឹងដោះលែងឲ្យជាអ្នកជា ហើយនឹងព្រះរាជទានរង្វាន់យ៉ាងច្រើន ។ ដោយបុណ្យវាសនាពីព្រេងនាយ ព្រះរាជកុមារ ក៏រុញសំពៅទម្លាក់ទឹកបានដោយធូរ ។ ព្រះរាជា ក៏ធ្វើដំណើរតាមសំពៅឆ្ពោះទៅនគរជ័យបូរី ដោយយកទាំងព្រះរាជកុមារវរវង្ស នឹងព្រះនាងកេសកេសីជាព្រះរាជបុត្រី ព្រមទាំងសេនាមុខមន្ត្រីទៅផង ។ ទៅដល់នគរជ័យបូរី បានបញ្ជាឲ្យពួកពលរេហ៍ បោះព្រះពន្លានៅក្បែរវាំងព្រះបាទសោទត្ត, ហើយព្រះអង្គចូលទៅប្រាស្រ័យជាមួយនឹងព្រះបាទសោទត្ត, ក្នុងព្រះរាជវាំង ។ ថ្លែងពីព្រះនាងកេសកេសី, ទ្រង់ផ្ទំលក់ក្នុងរាត្រី បានយល់សប្ដិឃើញតាចាស់ម្នាក់ មកប្រាប់ថា : ព្រះរាជកុមារវរវង្សនេះហើយ ជាព្រះស្វាមីព្រះនាងពីអតីតកាល ។ កាលព្រះនាងក្រោកឡើង ក៏ចេះតែនឹកមមៃព្រះរាជកុមារ រហូតទាល់តែមានព្រះទ័យប្រតិព័ទ្ធស្នេហា ចំពោះព្រះរាជកុមារយ៉ាងខ្លាំង ។ ឯព្រះរាជកុមារ ក៏មានសេចក្ដីស្នេហា ចំពោះព្រះនាងដែរ ។ មួយថ្ងៃៗ ព្រះរាជកុមារ និង ព្រះនាង តែងនិយាយដាក់ពាក្យសំដីទៅវិញទៅមក ។ ចំណែកព្រះបាទធរណិតជាព្រះបិតា កាលបានជជែកពិគ្រោះនឹងព្រះបាទសោទត្ត ដឹងរឿងសព្វគ្រប់ហើយ ក៏និយាយថា : “យើងមានកុមារម្នាក់ វាជាចោរលួចរបស់ព្រះរាជទ្រព្យ ហើយយើងបានចាប់យកទៅធ្វើទោសដាក់ទ្រុងដែក, ប៉ុន្តែកុមារនេះ ខ្លាំងពូកែណាស់ អាចរុញសំពៅដែលមនុស្សជាច្រើនរុញមិនរួចនោះ ឲ្យរួចបាន, ឥឡូវជូនដំណើរយើងមកនៅក្នុងព្រះពន្លានាខាងក្រៅវាំងឯណោះ គួរតែឲ្យកុមារនេះល្បងនឹងយក្សមើល តើវាព្រមឮមិនព្រម បើវាព្រមសាកល្បងនឹងយក្ស ទោះបីមិនឈ្នះយក្ស ក៏យើងមិនព្រួយបារម្ភដែរ, ព្រោះវាជាមនុស្សមានទោសស្រាប់មកហើយ” ។ គិតដូច្នោះ ក៏ឲ្យបម្រើទៅហៅព្រះរាជកុមារវរវង្សមក ប្រាប់រឿងដែលយក្សខ្លាំងពូកែ ប្រាថ្នាមកស៊ីស្ដេចសោទត្ត, ឥឡូវ សុំឲ្យព្រះរាជកុមារទៅសម្លាប់យក្សនោះ បើសម្លាប់បាន នឹងឲ្យរង្វាន់យ៉ាងលើសលុប ។ ព្រះរាជកុមារ ក៏ទូលតាមព្រះរាជបញ្ជា, ប៉ុន្តែ ដើម្បីកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតា ព្រះរាជកុមារវរវង្ស បានសុំគ្រឿងព្រះរាជ្យព្រះខ័នរាជ្យ របស់ស្ដេចសោទត្ត, មកតែងព្រះអង្គ ឲ្យដូចស្ដេចសោទត្តមែនៗ ហើយចូលប្រយុទ្ធជាមួយនឹងយក្សនៅក្នុងគុហា លុះត្រាតែយក្សស្លាប់បាត់បង់ជីវិត ក្នុងគ្រានោះទៅ ។ ចំណែកព្រះបាទធរណិត ឃើញព្រះរាជកុមារខ្លាំងពូកែ មានឫទ្ធិអំណាចដូច្នោះ ក៏លើកព្រះនាងកេសកេសីជាព្រះរាជបុត្រី ឲ្យជាព្រះអគ្គជាយា ហើយប្រគល់រាជសម្បត្តិ ឲ្យស្នងរាជ្យជំនួសព្រះអង្គ ។ ឯព្រះបាទសោទត្ត បានឃើញព្រះរាជកុមារសម្លាប់យក្សបាន ជាការជួយព្រះអង្គឲ្យរួចចាកពីភយន្តរាយ ក៏លើកព្រះនាងវរវតី ជាព្រះរាជបុត្រី ជាព្រះរាជបុត្រី ផ្សំជាព្រះអគ្គជាយា ហើយប្រគល់រាជសម្បត្តិ ឲ្យស្នងរាជ្យក្នុងនគរជ័យបូរីទាំងមូលដែរ ។ ព្រះរាជកុមារ ត្រូវបានសោយរាជ្យនគរទាំងពីរ ហើយមានព្រះអគ្គមហេសីក៏ពីរ គឺព្រះនាងកេសកេសី ជាព្រះអគ្គមហេសីដើម និង ព្រះនាងវរវតី ជាព្រះអគ្គមហេសីចុង បាននៅរួមរស់ជាសុខសាន្ត នានគរជ័យបូរី ។ ឯអារក្ស ដែលធ្លាប់តែនៅរក្សានគរជ័យបូរី បានភៀសខ្លួនគេចចេញ ក្នុងពេលយក្សរុករាននោះ បានដឹងថាយក្សស្លាប់ហើយ ក៏ត្រឡប់មកនៅរក្សានគរជ័យបូរីវិញ បានទាំងនាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មី នូវកែវមណីរត្ន ដែលអាចគ្រវីហោះហើរបានផង ។
កាលដែលព្រះនាងកេសកេសី ទ្រង់មានគភ៌បាន ៣ ខែ, ព្រះបាទវរវង្ស នឹកភ្នកចង់ទៅលេងនគរព្រះវរបិតា-មាតា តាមបណ្ដាំព្រះមាតា ដែលផ្ដាំថាគម្រប់ ១០ឆ្នាំឲ្យវិលទៅវិញ ។ ព្រះអង្គ ក៏លាព្រះបិតាក្មេក ព្រមទាំងព្រះជាយា ថានឹងទៅលេងនគរព្រះបិតា-មាតា តែ ១ អង្គឯងទេ តែព្រះនាងកេសកេសី មិនព្រមនៅសោះ សុខចិត្តតែទៅតាមផង, ទោះបីអង្វរករយ៉ាងណាក៏មិនព្រម ព្រះបិតាក្មេក ក៏ព្រមអនុញ្ញាតឲ្យទៅ ។ ព្រះរាជកុមារវរវង្ស ក៏នាំនាងកេសកេសីគ្រវីកែវហោះទៅ លុះដល់អាស្រមសាលាតាឥសី ក៏ចុះឈប់សម្រាក ហើយដើរកម្សាន្តជាមួយព្រះជាយា ។ ពេលនោះឥសីក៏លួចយកកែវមណីរត្ន ហោះទៅលេងកម្សាន្តលើអាកាស ។ ដោយត្រូវខ្យល់ខ្លាំងពេក ឥសីក៏ដាច់ក្បាលធ្លាក់អន្តរាយជីវិត, ឯកែវមណីរត្ន បានធ្លាក់ទៅក្នុងគន្ធពបុរី ជានគរព្រះរៀម ។ ពួកសេវកាមាត្យ បានរើសយកកែវនោះ ទៅថ្វាយព្រះបាទសូរវង្សទៅ ។
រីឯព្រះរាជកុមារវរវង្ស និង ព្រះនាងកេសកេសី កាលដឹងថាឥសីលួចកែវហោះនោះទៅបាត់ហើយ ទាំងពីរអង្គក៏យាងដោយព្រះបាទា, លុះដល់ទៅឆ្នេរជលសាមួយ ក៏នាំព្រះជាយាហែលឆ្លង តោងកំណាត់ឈើមួយដុំ ប៉ាក់ប៉ើកៗ កណ្ដាលមហាសាគរ ។ ដោយអកុសលកម្ម នៃព្រះរាជកុមារ និង ព្រះនាង ក៏ត្រូវខ្យល់ព្យុះសង្ឃរាបោកបក់ ឲ្យរបូតព្រះហស្តអំពីកំណាត់ឈើបែកខ្ញែកគ្នាអស់ ។ ចំណែកព្រះនាងកេសកេសី កាលបានរសាត់ដល់លើមាត់ច្រាំង ក៏ខំយាងរកព្រះស្វាមី តែមិនឃើញសោះ ព្រះនាងក៏យកកន្សែងចងធ្វើជាទង់ជ័យ សម្រាប់ឲ្យស្វាមីនាងស្គាល់ថា ព្រះនាងមិនស្លាប់ទេ, ហើយព្រះនាង ក៏យាងផ្សងព្រេងកាត់តាមដងព្រៃ យ៉ាងលន្លង់លន្លោច, លុះទៅដល់គន្ធពបូរី បានជួបនឹងព្រានប្រមាញ់ម្នាក់ ។ ព្រះនាង បានអង្វរករគេ សុំនៅស្នាក់អាស្រ័យជាមួយផង ។ ព្រានឃើញដូច្នេះអាណិតណាស់ បានសួរពីដំណើរដើមសព្វគ្រប់ បានដឹងអស់ហើយ ទើបនាំព្រះនាងទៅលំនៅអាត្មា ។ តែជាកម្មអកុសលរបស់ព្រះនាង ត្រូវបានប្រពន្ធព្រានជេរបញ្ចោរដៀលពូជអំបូរ ហើយចោទថា ព្រះនាងជាស្រីមានពុតត្បុត លួចស្រឡាញ់ប្ដីរបស់គាត់ទៀត ។ ទោះបីគាត់ព្រមឲ្យនៅធ្វើជាខ្ញុំកំដរគាត់ហើយ គាត់នៅតែប្រើអាកប្បកិរិយាមើលងាយគំហកកំហែងរៀងរាល់ថ្ងៃ ឯព្រះនាង ក៏ខំយកចិត្តទុកដាក់ធ្វើការបោសច្រាសផ្ទះសម្បែង ពុំដែលធ្វេស វិស័យដូចបាវព្រាវ ។ លុះព្រះនាងនៅបាន ៧ ខែ, គភ៌ព្រះនាង ក៏ត្រូវគ្រប់ទសមាស, ព្រះនាងឈឺផ្ទៃជាខ្លាំង ស្រែកយំ ឈឺចុកចាប់ឥតឧបមា មិនដឹងបានអ្នកណាជួយឲ្យបានធូរស្បើយ ។ ឯប្រពន្ធព្រាន បានបណ្ដេញឲ្យព្រះនាងទៅសម្រាលកូនឯក្រៅរបងផ្ទះ ព្រោះខ្លាចចង្រៃដល់ភូមិឋានរបស់គាត់ ។ ព្រះនាង ខំលូនផង យកដៃឱបផ្ទៃផង បានទៅដល់ផ្លូវធ្លាខាងក្រៅរបង ។ ពេលនោះ ព្រះនាង ក៏ប្រសូតិបុត្រនៅនាកណ្ដាលទីវាល, កណ្ដាលភ្លៀងផ្គរយ៉ាងសម្បើម និងខ្យល់បក់បោកយ៉ាងខ្លាំង ហៅសែនវេទនា ។ ខណៈនោះ ព្រះឥន្ទ្រាធិរាជ បានទតយល់ព្រះនាងប្រសូតិព្រះរាជបុត្រដូច្នោះ ក៏និម្មិតជាយាយចាស់ម្នាក់ មកយកអាសាជួយបីបាច់ថែរក្សាកូននាង ហើយសន្យាថា ៖ បើនាងត្រូវការយកកូននេះវិញ ក៏យកចុះ ផ្ទះខ្ញុំនៅខាងកើតឯនោះ ដើម្បីជាបន្ទាល់ឲ្យងាយស្គាល់ថា កូននាងមែន ឬមិនមែនទៅថ្ងៃមុខនោះ សូមនាងឲ្យវត្ថុអ្វីមួយមក នឹងទុកជាភស្តុតាង ។ ព្រះនាង ក៏ដោះព្រះទម្រង់ ដែលជារបស់ព្រះស្វាមី ចងកឲ្យបុត្រនាង ហើយនាងវិលទៅធ្វើការ បម្រើយាយចាស់ប្រពន្ធព្រានដូចដើមវិញ ។ កាលនាងវិលត្រឡប់មកភ្លាម ព្រះឥន្ទ ក៏និម្មិតជាត្មាតមួយយ៉ាងធំ ក្រុងលើទារក, ហើយនិម្មិតជាសំពត់កោសេយ្យពស្ត្រទាំងផ្នត់យ៉ាងស្អាត ទ្រាប់ទារកដាក់លើផ្លូវធ្លា ដែលព្រះរាជានគរគន្ធពបូរី តែងយាងជាធម្មតា ។ ថ្ងៃមួយ ព្រះបាទសូរវង្ស ព្រះចៅនគរគន្ធពបូរី ស្ដេចយាងចេញប្រពាតព្រៃ បានទតឃើញត្មាតកំពុងក្រុងទារកនៅកណ្ដាលផ្លូវធ្លាដូច្នោះ ក៏បញ្ជាឲ្យរាជសេវកាមាត្យរើសយកមក ទ្រង់បានទតឃើញព្រះទម្រង់ដែលចងនៅកទារកនោះ ស្គាល់ច្បាស់ជាព្រះទម្រង់វរវង្ស ជាព្រះអនុជ ។ ព្រះអង្គ ទ្រង់ព្រះពិភាល់ក្នុងព្រះរាជហឫទ័យណាស់ ទ្រង់ក៏ត្រឡប់មកព្រះរាជវាំងវិញ បានបង្គាប់ឲ្យធ្វើសាលាឆទានមួយ ។ នៅក្នុងសាលា ព្រះអង្គបញ្ជាឲ្យគូររូបរឿងព្រះអង្គ តាំងពីដើមមក រហូតបានសោយរាជ្យនៅនគរនេះ ហើយព្រះអង្គទ្រង់ប្រកាសដាក់ទាន ដល់សាធារណជនទូទៅថា : បើអ្នកណាចង់បានរបស់អ្វី ព្រះអង្គនឹងព្រះរាជទានឲ្យ ក្នុងសាលាឆ ទាននោះ ។ ចាប់ពីថ្ងៃនោះមក មនុស្សម្នាមហាជន តែងទៅទទួលយកព្រះរាជអំណោយទាន យ៉ាងគគ្រឹកគគ្រេង ហើយមើលរូបគំនូរដែលគូរនៅជញ្ជាំងសាលា យ៉ាងសប្បាយរីករាយ ។
និយាយពីវរវង្ស, ក្រោយពីខ្យល់ព្យុះបោករបូតដៃ បែកខ្ញែកគ្នានោះមក ព្រះអង្គបានទៅដល់ត្រើយ ហើយដើរស្វែងរកព្រះជាយាបានជួបនឹងកន្សែង ដែលព្រះនាងដោតជាសញ្ញានោះ ព្រះអង្គក៏សំគាល់ថា ព្រះនាងមិនស្លាប់ទេ ហើយព្រះអង្គខំដើររក អស់កាលជាច្រើនខែ ។ លុះបានដំណឹងថា ព្រះរាជាព្រះអង្គទ្រង់ប្រោសព្រះរាជទាន ដល់សាធារណជន នូវចំណីអាហារគ្រប់បែបយ៉ាង ក៏យាងចូលទៅក្នុងសាលាឆទាន ប្រាថ្នាទទួលយកព្រះរាជអំណោយ,កាលបើបានឃើញរូបគំនូរ ដែលគូរជាប់នៅជញ្ជាំងសាលា ដ៏មានដំណើររឿង ដូចរឿងខ្លួនកាលពីដើម, រូបគំនូរទាំងនោះសោតទៀត ក៏ដូចរូបព្រះអង្គ និង ព្រះរៀម ។ ពេលនោះព្រះអង្គ ទ្រង់ព្រះកន្សែងខ្សឹកខ្សួល ដួលសន្លប់ បាត់ស្មារតីនៅទីនោះ ព្រះរាជបម្រើឃើញដូច្នោះ ក៏ទៅទូលព្រះរាជា ។ ព្រះអង្គ ក៏ទ្រង់ឲ្យរាជបម្រើនាំបុរសនោះចូលទៅក្នុងវាំង, ព្រះចៅសូរវង្ស បានស្គាល់ថាជាប្អូន ក៏ទ្រង់ព្រះកន្សែងរៀបរាប់ ពីដំណើរបែកគ្នាមក, ព្រះបាទសូរវង្ស បានដឹងហើយ ឲ្យគេនាំយកព្រះរាជបុត្រា និងកែវមណីរត្ន ដែលព្រះអង្គរើសបានមកបង្ហាញ, ព្រះបាទវរវង្ស ក៏បានស្គាល់ ព្រះទម្រង់ និង កែវនោះ ថាពិតជារបស់ព្រះអង្គ, រួចព្រះបាទវរវង្ស ចេញទៅក្រៅវាំង ដើម្បីនឹងទៅរកព្រះជាយា ។ ទទួលពេលនោះ, ដោយការទ្រាំនៅជាមួយយាយប្រពន្ធព្រានមិនបាន ព្រោះគាត់ធ្វើបាបខ្លាំងពេក ព្រះនាងកេសកេសី ក៏លបរត់ចេញអំពីផ្ទះយាយ បានទៅជួបនឹងស្វាមីយ៉ាងរីករាយ, ទាំងពីរព្រះអង្គ បានទៅថ្វាយបង្គំព្រះរៀម រៀបរាប់តាមដំណើរហើយ ក៏បាននៅជាសុខសាន្តក្នុងវាំងនោះ ។
ព្រះបាទវរវង្ស បានបបួលព្រះរៀមទៅនគរព្រះមាតា-បិតា តាមបណ្ដាំមាតាដែលផ្ដាំថា ដល់គម្រប់ ១០ ឆ្នាំ ឲ្យត្រឡប់វិលទៅវិញ ។ ព្រះរៀម ក៏និយាយថា : បើយើងទៅតែ ៤ នាក់ស្វាមី និងព្រះជាយាប៉ុណ្ណោះ មិនសមដល់ឋានៈយើងជាស្ដេចសោយរាជ្យទេ, គប្បីយើងរៀបចំជាក្បួនទ័ពជើងគោក-ទឹកទៅ ទើបសមរម្យ, ដើម្បីការពារគ្រោះថ្នាក់តាមផ្លូវផង ។ ព្រះបាទវរវង្ស ព្រមទទួលបញ្ជា ក៏ត្រឡប់ទៅនគរព្រះបិតាក្មេកទាំងពីរដោយគ្រវីកែវហោះទៅ ដើម្បីនាំទ័ពជើងគោក ចំណែកព្រះរៀមឲ្យរៀបបម្រុងទ័ពជើងទឹក ។ កាលបានទ័ពយ៉ាងសម្បើមហើយ ព្រះបាទវរវង្សជាមេទ័ពខាងជើងគោក ឯព្រះបាទសូរវង្សជាមេទ័ពជើងទឹក លើកឆ្ពោះទៅនគរព្រះបិតា-មាតា ។ លុះទៅដល់នគរក្រសន់ ជានគរបិតា ក៏បោះទ័ពប្រុងប្រៀបព័ទ្ធនគរនោះ ។ ចំណែកព្រះបាទសុរិយាជាបិតា ក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាដនាំយកព្រះរាជកុមារទាំងពីរទៅសម្លាប់ បានយកព្រះនាងវង្សធ្យាទៅដាក់ឃុំឃាំងក្នុងទ្រុងដែកយ៉ាងសែនទារុណ ដោយចោទថាជាស្រីខូច ហើយបានប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សា សោយរាជ្យស្នងព្រះអង្គ ។ កាលបានដឹងថា មានព័ទ្ធសត្រូវចូលមកព័ទ្ធនគរហើយ ព្រះបាទវៃវង្សាភ័យញាប់ញ័រខ្លាំងណាស់ ។ ឯព្រះបាទវរវង្ស ក៏បានឲ្យរាជបម្រើ ទៅថ្វាយដំណឹងដល់ព្រះបាទវៃវង្សាថា “ត្រូវឲ្យនគរនេះមកយើង បើមិនឲ្យទេ នឹងត្រូវច្បាំងគ្នា” ។ ព្រះបាទវៃវង្សា ឆ្លើយតបថា យើងមិនខ្លាចទេ បើចៅហ្វាយអ្នកឯងចង់បាននគរយើងៗ ឲ្យ តែឲ្យស្ដេចអ្នកឯង ប្រជល់ដំរីជាមួយនឹងយើង, បើយើងចាញ់ យើងឲ្យនគរនេះ បើយើងឈ្នះវិញ យើងសុំនៅសោយរាជ្យនគរនេះតែប៉ុណ្ណោះ ។ ព្រះរាជបម្រើត្រឡប់មកវិញ ទូលព្រះបាទវរវង្សតាមដំណើរ, ព្រះបាទវរវង្សក៏ព្រមប្រជល់ដំរីតាមបំណង ។ លុះចូលប្រយុទ្ធត្រូវព្រះបាទវរវង្ស-សូរវង្ស ព្រមទាំងពួកដំរី សម្លាប់វៃវង្សា និងដំរីព្រះអង្គ ឲ្យស្លាប់ក្នុងសមរភូមិ ។ ឯព្រះបាទសូរិយាជាបិតា ទ្រង់ភ័យណាស់ ដោយព្រះរាជបុត្រាជាទីស្រឡាញ់ត្រូវចាញ់សង្គ្រាម ក៏ចូលខ្លួនទៅសូមចុះចាញ់, លុះចូលទៅដល់ មិនស្គាល់ជាព្រះរាជបុត្រទេ ដោយនឹកថាព្រះរាជបុត្រ ត្រូវព្រះអង្គឲ្យពេជ្ឈឃាដសម្លាប់ទៅហើយ ទោះបីព្រះរាជកុមារទាំងពីរក្រាបថ្វាយបង្គំទូលយ៉ាងណា ក៏មិនជឿ, ទាល់តែព្រះរាជកុមារទាំងពីរនិយាយរឿង កាលដែលពេជ្ឈឃាដយកទៅសម្លាប់នោះ រហូតដល់ពេលនេះ ហើយដោយមានព្រះទម្រង់ទាំងនោះ ជាគ្រឿងសំគាល់ផង ទើបជឿថា ព្រះរាជបុត្រមែន ។ កាលជ្រាបជាកូនហើយ ទើបសួររឿងរ៉ាវដែលកើតឡើងតាំងពីដើមមក, ព្រះអង្គក៏យល់ថាព្រះនាងមន្ទាជាស្រីចង្រៃ ញុះញង់បំបែករាជបុត្រ និង ព្រះនាងវង្សធ្យាចេញពីព្រះអង្គ ក៏ទ្រង់បញ្ជាឲ្យពេជ្ឈឃាដយកព្រះនាងមន្ទាទៅសម្លាប់ចោលទៅ, ហើយដោះលែងព្រះនាងវង្សធ្យា ឲ្យជាព្រះអគ្គមហេសីពេញលក្ខណៈ បានប្រគល់ព្រះរាជសម្បត្តិទៅព្រះរាជបុត្រទាំងពីរស្នងព្រះអង្គតទៅ ។
ទាំងនេះឯង ជារឿងព្រេងប្រចាំភ្នំវរវង្សសូរវង្ស ដោយគេសំអាងលើរូបសំណាកថ្មមួយ ជារូបស្ត្រី កំបុតត្រឹមក សន្មតថា ជារូបនាងមន្ទាដែលជាអ្នកទ្រុស្តកាច ហើយពេជ្ឈឃាដយកទៅប្រហារជីវិតចោលនោះ ។ រូបនេះ តាំងនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ ហើយដែលសព្វថ្ងៃ រាជការរាប់បញ្ចូលជាសង្កាត់នៃក្រុងគិរីរម្យទៅហើយ ។ ត្រង់កំពូលភ្នំមួយដែលគេហៅថា ភ្នំកម្មជ្ជវាតនោះ គេសំគាល់ថា ជាកន្លែងដែលខ្យល់បក់បោកកាត់ផ្ដាច់កឥសី ដែលលួចយកកែវមណីរត្នរបស់ព្រះបាទវរវង្ស ទៅហោះលេងនោះ ។ ក្រៅពីនេះ នៅមានកន្លែងច្រើនទៀត ដែលអ្នកស្រុកសំគាល់ថាទាក់ទងនឹងរឿងព្រេងនេះដែរ ដូចជាកន្លែង ថ្មបាំង សេកប្រណាំង ឃ្លាំងរំសេវ ជាដើម ៕ចប់
0 Comments:
Post a Comment