រឿងមាយើង ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Monday, September 19, 2022

រឿងមាយើង


រឿងមាយើង
កាលពីព្រេងនាយ  មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ 

ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។ 

កាលនោះក្នុងមានមាណព​ម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែ​ចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។ 

 សម័យថ្ងៃ មួយ មាណព នឹង ភរិយា នាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះ​ជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ 

លុះជញ្ជាត់យូរ​ទៅក៏ជិតដល់សំពៅដ៏ធំមួយ នាយភេត្រានិងភរិយា ក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ 
នាង​ភរិយា ក៏ពោលថា នាងជាប្រពន្ធម្តេចមិនយកអីចុក
កុំឲ្យលេច។

 ប្តីនាងក៏ក្រោធខឹងហើយដេញនាង​ឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។

 នាងជាប្រពន្ធថ្មី​របស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។ 

ពេលត្រឡប់មក ផ្ទះ ​វិញ នាងក៏ចាត់ចែងឲ្យប្តីយកត្រីជូនញាតិព្រៀងលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះ
ចៅ​មាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅ​មាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ 

ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស លុះរែកត្រឡប់​មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅ​កាប់ចងបាច់ទុកឲ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងគរទុក។

 ពេលអ្នកដើរសំពៅរក​ទិញដើមក្រឹស្នា ក្លាំពាក់ នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។

 ថ្ងៃមួយនាងស្រដីនឹងប្តី នាងចង់ឲ្យ​ប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់​ស្ទើរដាច់ខ្យល់ស្លាប់ លុះរត់យូរទៅក៏លែងហត់។

 ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរ​ក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។

 នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់​ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។ ចៅមាណពក៏ប្រាប់​ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។

 ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់​ក្រយាសម្រាប់ព្រះមហាក្សត្រ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ មានតែ​មាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។

 លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ ព្រះអង្គ​ទ្រង់ក៏បរ ទីន័ងពានហ៍ លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់ទីន័ងពានហ៍។ 

ទ្រង់ទតមើលពុំ​ឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។ 

លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់​ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ ហើយទ្រង់​សរសើរដល់ ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំ​ខ្វះឡើយណា។ 

លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទាន​រឿងមួយឲ្យមាណពស្តាប់ ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។

 កាលនោះមានទេវតារក្សាដើមជ្រៃ​បានលឺថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។ 

ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់​សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។ បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់​ឲ្យក្ស័យ។ 

បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។ 

មា​យើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច ទើបទូលស្តេចថាមានទេវតានិត្យនៅ​រក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើង​ហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ 

ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ លុះ​ដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែល​ទេវតា​ទម្លាក់មករួចផុតពីក្ស័យ។

 លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះ​ស្ថានរបស់ខ្លួន ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺ​ហោង។

 លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើងនិងភរិយា​ហូបបាយហើយក៏ទៅអង្គុយចាំ។ 

កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច ភ្នែកធំ រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា ឈាម​ពស់ខ្ទាតទៅដល់ព្រះទេពី មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ 

នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ 

ស្តេចព្រហ្មទត្ត​ស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិត​ទាំងយប់ ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាច​យកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុ​ផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឲ្យព្រះអង្គមានការ​ស្តាយក្រោយ។ 

និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅ​មាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹង​ទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ 

ស្តេចព្រហ្មទត្តក៏ត្រាស់សួរ​មាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះ​អង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ 

ចៅមាយើងក៏រស់នៅជាមួយភរិយា​យ៉ាងសុខសាន្ត។ ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិន​ជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែង​តែ​ហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវ​រលាយអស់រហូតដល់លក់សំពៅចាយទៀត។

 លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរ​សុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទាន​ដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅ​វិញ។ ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេច​បាត់ទៅ។

0 Comments:

Post a Comment