កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរបានទូលសួរអំពីកំណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា "ជនណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹងបានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន" ហើយទ្រង់នាំអតីតនិទានថា៖
ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជាទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុលកេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។
ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។
កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមកប្រលោមកុលកោដិកុដុម្ពីក៍។
កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាងកុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។
លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។ រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។
គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។
គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។
វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។
ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។
មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។
ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។
លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។
ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់ហើយនៅក្នុងព្រៃនោះទៅ។
ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។
ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។
នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។ បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។
ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹមឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។
លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។ កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។
0 Comments:
Post a Comment