នៅនគរ សាមល មានព្រះមហាក្សត្រមួយ ព្រះអង្គ
មានព្រះនាមថា ព្រះបាទសាមលរាជ មាន មហេសី
ព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។
ដោយទ្រង់យល់ឃើញថាបុត្រ ទាំងអស់ នាំគ្នា រើសស្វាមីទ្រង់បានកំណត់ថា បើបុត្រី ពេញចិត្តបុរសណា ត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។
ពិធីរើស ស្វាមីបានប្រព្រឹត្តទៅដោយ ព្រះនាងទាំងប្រាំ មួយអង្គបានរើសស្វាមីម្នាក់មួយៗ លើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។
ដោយទ្រង់យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណា មួយ ក្នុងចំណោម បុរសទាំងអស់នោះ។
អាស្រ័យហេតុនេះ ហើយទើប ព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេងភ្លេងផង ប្រសិនបើបុត្រីពៅ ពេញចិត្តបុរសណា ត្រូវយកកម្រងផ្កាទៅបំពាក់ ឲ្យបុរសនោះ ប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែល។
ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅ អស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើស ព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់គត់ ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។
នៅពេលនោះព្រះបាទ សាមលរាជ បានចាត់ឲ្យសេនាអាមាត្យទាំងឡាយទៅហៅ មនុស្សងោះនោះមក។ គ្រាដែលមនុស្សងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី មនុស្សងោះបានអធិដ្ឋានថា "ប្រសិនបើអត្មាអញ និងព្រះនាងពៅ រចនាទេវី ជាគូនឹងគ្នា ពិតពី អតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ"។
ពេលនោះ ព្រះនាងពៅរចនាទេវី បានយល់នូវរូប ព្រះអង្គដែលនៅក្នុងស្រោមងោះ ជាបុរសដែលមានរូបឆោមលោមពណ៌ស្រស់ត្រកាល ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយ ការកាន់នូវកម្រងផ្កាយកទៅបំពាក់លើដៃចៅងោះ។
ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ និងរាស្ត្រមានការភ្ញាក់ផ្អើល និងសើចចំអកជាខ្លាំង នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។ ដោយខ្មាស់គេខ្លាំងពេក ទ្រង់ក៏បានបញ្ជាឲ្យអាមាត្យសង់លំនៅដ្ឋាន ឲ្យអ្នកទាំងពីរនៅក្រៅនគរ។
ចំណែកខ្យងស័ង្ខ ជារៀងរាល់យប់ស្ងាត់តែងតែ ដោះស្រោមងោះ ដើម្បីផ្ទំជាមួយភរិយា លុះព្រឹកឡើងទើបពាក់ស្រោមងោះដូចដើមវិញ។
ដោយទ្រាំនឹងការដៀលត្មិះ ពីសំណាក់មាតាបិតា និងបងៗមិនបាន ព្រះនាងពៅ រចនាទេវី ទ្រង់ព្រះរាជតម្រិះថា ព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាត ហើយអ្វីដែលគេឃើញនេះ គ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះ ហេតុនេះនៅរាត្រីនេះ ពេលទ្រង់ឡើងមកផ្ទំជាមួយអញ ស្កប់ស្កល់ហើយ អញនឹងលួចយកស្រោមងោះនោះទៅដុតបំផ្លាញចោល។
ពេលរាត្រីបានមកដល់ ព្រះនាងពៅ រចនាបានយកស្រោមងោះទៅវាយនឹងអង្រែ រួចហើយយកទៅដុតចោល ប៉ុន្តែដោយ តេជះនៃស្រោមងោះ មិនបានធ្វើឲ្យស្រោមងោះវិនាសទេ នៅពេលព្រះស័ង្ខភ្ញាក់ពីដំណេក ដូចសព្វមួយដងព្រះអង្គរក ស្រោមងោះរបស់ព្រះអង្គ ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គនឹកស្មានមិន ដល់ គឺការទតឃើញ ពៅរចនាកំពុងបំផ្លាញនូវស្រោមងោះនោះចោល ចាប់ ពីថ្ងៃនោះមកមិនថាយប់ ឬថ្ងៃព្រះស័ង្ខពុំដែលដោះស្រោមងោះម្តងណាឡើយ។
ចំណែកព្រះបាទ សាមលរាជ ដោយភាពស្អប់ខ្ពើមចំពោះចៅងោះខ្លាំងពេក ព្រះអង្គបានរិះរកគ្រប់ មធ្យោបាយដើម្បីសម្លាប់ចៅងោះចោល ដើម្បីឲ្យ ព្រះនាងពៅរចនា អាចទទួលបានស្វាមីថ្មីដែលសក្តិសមនឹងព្រះនាង។
ព្រះអង្គបានឲ្យបុត្រា សុណិសា របស់ព្រះអង្គទាំងអស់ចេញទៅរកសត្វព្រៃ បើបុត្រាណា រកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់។
បុត្រប្រសារទាំងប្រាំមូយម្នាក់ៗ សុទ្ធតែមាន ពលសេនា លើកលែងតែចៅងោះ ស្វាមីពៅរចនា ដែលគ្មានពលសេនាសូម្បីតែម្នាក់។
នៅពេលដឹងដំណឹងនេះភ្លាម ព្រះនាងពៅរចនាបានពានាំដំណឹងនេះមកថ្លាថ្លែងប្រាប់ស្វាមី។ ដោយក្តីអាណិតចំពោះភរិយា ព្រះស័ង្ខក៏ដោះនូវស្រោមងោះចេញ ហើយហោះសំដៅទៅកណ្តាលទីព្រៃ។
ក្រោមម្លប់ជ្រៃ ព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនូវសត្វម្រឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក។
ចំណែកបុត្រប្រសារផ្សេងៗសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយ ហើយខ្លះក៏ខូចស្អុយរលួយអស់ទៅហើយ ព្រមទាំងត្រូវចាញ់ប្រាជ្ញារបស់ចៅងោះ ដោយសុខចិត្តកាត់ច្រមុះខ្លួនឯងដើម្បីប្តូរយកសត្វព្រៃ។
ដោយសារការអសមត្ថភាពរបស់បុត្រប្រសារទាំងប្រាំមួយធ្វើឲ្យព្រះបាទ សាមលរាជ ទ្រង់ខ្ញាល់យ៉ាងខ្លាំង។ លើកទីពីរ ទ្រង់បានបញ្ជាឲ្យបុត្រប្រសារ ទាំងអស់ចេញទៅរក ត្រីម្តង។
លើកនេះបុត្រប្រសារទាំងប្រាំមួយទទួលបានសុទ្ធតែត្រីងាប់ទាំងអស់ ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់ខ្លួនឯងដែលជាហេតុធ្វើឲ្យ ព្រះបាទសាមលរាជ ខ្ញាល់នឹងបុត្រប្រសារទាំងប្រាំមួយ របស់ ព្រះអង្គម្តងទៀត។
លុះព្រឹកស្អែកឡើង ព្រះបាទសាមលរាជ ទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រ ទាំងអស់រៀបចំស្វាមីរបស់ខ្លួន ឲ្យបានស្អាតបាទប្រដាប់ដោយគ្រឿង អលង្កការផ្សេងៗ។
ក្រោយពីទទួលដំណឹងនេះភ្លាមបុត្រីទាំងប្រាំមួយក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងៗខ្លួន។
ព្រះស័ង្ខដែលស្ថិតក្នុងស្រោមងោះ មិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់ ឬទោះជាព្រះនាងពៅរចនាទេវី យំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកព្រះទ័យទុកដាក់ដែរ។
ដោយមិនអាចធ្វើឲ្យស្វាមីយល់ និងធ្វើតាមបំណងរបស់ខ្លួនបាន ព្រះនាងពៅរចនាទេវី ក៏បានទៅក្រាបសុំក្តីសន្តោស ពីព្រះបិតា។
ផ្ទុយទៅវិញ ព្រះបាទសាមលរាជ ទ្រង់ខ្ញាល់នឹង ព្រះនាងពៅរចនា និងស្វាមីកាន់តែខ្លាំងឡើងៗរហូតដល់ចង់សម្លាប់ព្រះនាង និងស្វាមីចោល។ ពេលព្រះនាងវិលមកលំនៅដ្ឋានវិញ ព្រះនាងបានរៀបរាប់នូវព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមី។
ទោះបីព្រះស័ង្ខមានក្តីអាណិតអាសូរដល់ព្រះមហេសីទ្រង់យ៉ាងណាក៏ដោយ តែដោយកាតព្វកិច្ច និងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេចទ្រង់ក៏លាក់នូវក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រិះ។
ចំណែកព្រះនាងពៅរចនាទេវី ដោយមិនអាចសុំសេចក្តីសន្តោសពីព្រះស្វាមីបាន ចាប់តាំងពីពេលនោះមកអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ព្រះនាងមិនបានបរិភោគអាហារ ព្រះនាងព្រះកន្សែង រៀងរាល់ថ្ងៃរហូតដល់សន្លប់ នៅពេលភ្ញាក់ពីការសន្លប់ ព្រះនាងមាន ព្រះបន្ទូលថា "ព្រះស្វាមីអូនលាហើយ"មានព្រះបន្ទូលតែប៉ុណ្ណោះ ព្រះនាងក៏ក្ស័យជន្មាបាត់ទៅ។
នៅពេលដែលព្រះនាងពៅ រចនាទេវីសោយទីវង្គត ភាពកក្រើក និងក្តៅក្រហាយកើតមានដល់ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏បើកទិព្វចក្ខុទត មកកាន់សាមលបុរី រួចក៏យល់អស់នូវសេចក្តី។
ព្រះឥន្ទ្ររិះរកនូវដំណោះស្រាយដើម្បីស្រាយចំណងក្នុងចិត្តរបស់ព្រះស័ង្ខ និងធ្វើឲ្យ ព្រះនាងពៅរចនាមាន ព្រះជន្មឡើងវិញ។ ព្រះឥន្ទ្របានត្រាស់បង្គាប់ឲ្យព្រះពិស្ណុកា ប្រែកាឡាជាទូតទៅ សុំប្រកួតល្បែងវាយឃ្លីជាមួយ ព្រះបាទសាមលរាជ រី ឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរ។
ព្រះបាទសាមលរាជ មានការ ភិតភ័យជាខ្លាំងចំពោះដំណឹងនេះ។ ព្រះបាទ សាមលរាជ បានគម្រាមបុត្រប្រសារទាំងឡាយថានឹងទទួលទោសស្លាប់ បើពុំបានទទួលជោគជ័យក្នុងការប្រកួត។
ថ្ងៃប្រកួតបានមកដល់។ ដោយអំណាចតេជះរបស់ព្រះឥន្ទ្រ បុត្រប្រសាររបស់ព្រះបាទ សាមលរាជ ទាំងប្រាំមួយគ្មានម្នាក់ណាអាចយកឈ្នះព្រះឥន្ទ្រឡើយ។
ដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រ សេចក្តីអស់សង្ឃឹមបានចូលមកគ្របដណ្តប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមលរាជ។
កាលនោះ ព្រះអគ្គមហេសី សាមលរាជក្សត្រី ពុំភិតភ័យឡើយ និងលើកទឹកចិត្តព្រះស្វាមីកុំ ឲ្យអស់សង្ឃឹម ហើយក៏បានរំលឹកដល់កម្លាំងពលំរបស់ចៅងោះបុត្រប្រសារពៅ និងស្នើសុំឲ្យព្រះអង្គហៅចៅងោះមកសាកស្នាដៃជាមួយក្សត្រអង្គនេះ (ព្រះឥន្ទ្រ)។
ដោយគ្មានជម្រើស ព្រះបាទសាមលរាជក៏អនុញាតឲ្យអគ្គមហេសីទៅកោះហៅបុត្រប្រសារពៅ គឺចៅងោះមកសាកល្បងប្រកួត។ ពេលទៅដល់លំនៅរបស់ព្រះនាងពៅរចនា ព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេក ដោយសារការចូលទិវង្គត់របស់បុត្រីជាទីស្រឡាញ់។
ក្រោយពេលនាងពៅរចនាដឹងព្រះកាយវិញ ព្រះមាតាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួតវាយឃ្លី ហើយសុំស្នើឲ្យព្រះស័ង្ខទៅចូលរួមប្រកួតវាយឃ្លីនោះ។
ព្រោះតែភាពស្មោះត្រង់របស់ព្រះនាងពៅរចនា រួមនឹងក្តីអាណិតអាសូរផង ហើយនឹងភាព វឹកវរដល់ព្រះនគរផង ព្រះស័ង្ខក៏យល់ព្រមទទួលយក សំណើររបស់ព្រះនាងពៅរចនា និងព្រះមាតា ដោយព្រមដោះស្រោមងោះចេញ ហើយទៅប្រកួតវាយឃ្លីនោះ។ ក្នុងរូបរាងពិតប្រាកដ ព្រះស័ង្ខបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់អាចបំផុត។
ក្នុងការប្រកួតនេះអស់បណ្តាទេវតា ទាំងពួងបានចុះមកអបអរសាទរជាច្រើន។ ជ័យជំនះធ្លាក់ទៅលើព្រះស័ង្ខ។
ក្រោយការប្រកួត ដោយសារភាពអង់អាច និងរូបសម្បត្តិដ៏ល្អល្អះរបស់ព្រះស័ង្ខធ្វើឲ្យព្រះបាទ សាមលរាជ មានការពេញចិត្តជា ខ្លាំងទៅលើព្រះស័ង្ខ ទ្រង់បានប្រគល់រាជសម្បត្តិទៅព្រះស័ង្ខជាបុត្រប្រសារ ហើយអភិសេកព្រះនាងពៅរចនា ជា ព្រះរាជអគ្គមហេសី ដែលមានកិត្តិយសលើសអស់បងៗព្រះនាង។
ថ្លែងពីព្រះបាទវិ មលរាជ នៅនគរ សោឡស ក្នុងរាត្រីថ្ងៃមួយ ព្រះឥន្ទ្របានតំណែងខ្លួនជាអសុរទៅពន្យល់សប្តិព្រះបាទយស វិមលរាជ ដៃកាន់ដំបងប៉ុនដើមត្នោត ស្រែកសន្ធប់ទៅកាន់ព្រះបាទ វិមលរាជ ថាជាស្តេចល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ ជឿតាមពាក្យញុះញង់នាង ឆន្ទាកំណាច។
បើស្តេចមិនទៅយាងព្រះនាងចន្ទទេវី ចូលព្រះនគរវិញទេ ៧រាត្រីទៀតនឹងវាយបំបែកក្បាលជា៧ចំណែក។
ហើយព្រះឥន្ទ្រប្រាប់ថាខ្យងស័ង្ខកុមារមិនស្លាប់ទេ ឥឡូវកំពុងសោយរាជ្យនៅសាមលមហានគរ។
លុះព្រឹកឡើង ព្រះបាទ យសវិមលរា ជរូតរះម្នីម្នារៀបចំជាក្បួនដង្ហែទៅទទួល ព្រះនាងចន្ទទេវី មកកាន់ព្រះរាជនគរវិញ។
ដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូល ព្រះរាជនគរវិញរបស់ ព្រះនាងចន្ទទេវី ព្រះបាទ យសវិមលរាជ ទ្រង់ឆ្វេងយល់ថា ដោយសារតែនាងឆន្ទា និងយាយស្មេធា ដែលរួមគំនិតគ្នាក្នុងការធ្វើស្នេហ៍ ដាក់ទ្រង់ និងមានគំនិតមិនល្អចំពោះ ព្រះនាងចន្ទទេវី ទ្រង់បានបញ្ជាឲ្យសេនាចាប់ ខ្លួនអ្នកទាំងពីរ យកទៅប្រហារជីវិតដោយឲ្ យដំរីចុះប្រេងជាន់ស្លាប់។ ព្រះបាទយស វិមលរាជបានទៅទទួលព្រះនាងចន្ទទេវីម្តងទៀត ដោយការអង្វរករ ព្រះនាងចន្ទទេ វីក៏យល់ព្រមយាងចូលព្រះរាជនគរវិញ តែមុននឹងព្រះនាងយាងចូលនគរវិញ ព្រះនាងបានធ្វើការសម្តែងនូវភាពបរិសុទ្ធរបស់
ទ្រង់ចំពោះព្រះស្វាមី ដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំ។ ភាពអស្ចារ្យបានកើតឡើង ភ្លើងក្លាយទៅជាផ្កាឈូកទ្រព្រះបាទព្រះនាង ព្រះកាយព្រះនាងបានប្រែជាស្រស់ស្អាតដូចស្រីសួគ៌។
ឃើញភាពអស្ចារ្យបែបនេះព្រះបាទ យសវិមលរាជ រឹតតែមានចិត្តអាណិតនិងស្រឡាញ់ព្រះមហេសីកាន់តែខ្លាំងឡើង។
ក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញ ព្រះបាទយសវិមលរាជ និងព្រះមហេសី បានក្លែងព្រះកាយជារាស្ត្រដើម្បីចូលទៅនគរដែលព្រះស័ង្ខទ្រង់គ្រងរាជ្យ ហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់ផង។ ដោយសារតែមានការលំបាកក្នុងការទៅជួបព្រះស័ង្ខ ព្រះនាងចន្ទទេវីបានបន្លំធ្វើជាចុងភៅ។
សម័យថ្ងៃមួយ ព្រះនាងចន្ទទេវីបានរៀបចំព្រះស្ងោយសម្រាប់ព្រះស័ង្ខ ដោយទ្រង់បានចិតបន្លែជាដំណើររឿងដែលទ្រង់បានបែកពីបុត្រ។
កាលបើបានឃើញនូវព្រះស្ងោយហើយ ព្រះស័ង្ខបានប្រញាប់ទៅជួបព្រះមាតាភ្លាមមដោយក្តីនឹករលឹក ទ្រង់ទាំងពីរបានក្ស័យព្រះជន្មាទៅ។
ឃើញដូចនេះព្រះនាងពៅរចនាទេវីបានសោយសោករហូតដល់ក្ស័យព្រះជន្មាទៅតាមដែរ។
ស្ថានភាពនេះបានធ្វើឲ្យមានភាពរង្គោះរង្គើ និងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជ ហើយទ្រង់ក៏បានយាងចុះមកប្រស់ព្រំជីវិតក្សត្រទាំងបីឲ្យមានព្រះជន្មវិញ។
ក្រោយទ្រង់ដឹងព្រះកាយវិញ ព្រះនាងចន្ទទេវីបាននាំព្រះស័ង្ខទៅជួបព្រះបាទយសវិមលរាជជាបិតា ហើយបានពន្យល់នូវហេតុការណ៍ផ្សេងៗឲ្យព្រះស័ង្ខបានយល់នូវដំណើររឿងទាំងឡាយ។
រឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺ ព្រះស័ង្ខត្រូវឡើងគ្រងរាជ្យបន្តពីព្រះបិតា។ ក្រោយឡើងគ្រងរាជ្យរបស់ព្រះស័ង្ខ ព្រះបាទយសវិមលរាជបានរៀបចំឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទីពីរ ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថា សុវណ្ណធីតា។
ក្រោមការគ្រប់គ្រងរបស់ព្រះស័ង្ខ ឬព្រះបរមឧត្តមពោធិសត្វនគរទាំងពីរទទួលបាននូវក្តីសុខសន្តិភាព ទាំងនគរ ទាំងក្រុមគ្រួសារ។
បីឆ្នាំក្រោយមកព្រះមហសីទាំងពីរបានប្រសូតបុត្រម្នាក់មួយ ព្រះនាងពៅរចនាទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលោមពណ៌ដ៏ត្រកាល រីឯព្រះនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោភាប្រៀបបានស្រីសួគ៌ា។
ក្រោយមកព្រះស័ង្ខបានរៀបអភិសេកទ្រង់ទាំងពីរ ហើយប្រគល់រាជសម្បត្តិនៅសាឡសមហានគរឲ្យបុត្រទាំងពីរ។ ព្រះខ្យងស័ង្ខក៏បានរៀបអភិសេកព្រះរាជអគ្គមហេសីរចនាទេវីជាធំលើសក្សត្រី។
សោយរាជ្យអស់កាលយ៉ាងយូរ ព្រះជន្មបានមួយរយដប់ព្រះវស្សាទ្រង់បានសោយទិវង្គត់ ហើយបានឡើងទៅកាន់វិមានតុសិតសួគ៌ាជួបជុំព្រះមហេសី និងព្រះមាតារបស់ទ្រង់។
ការយោនយកកំណើត នាងឆន្ទាចាប់ជាតិជាប្រពន្ធទេវទត្ត។ ស្មេធាចាប់ជាតិជាសាត្រី ឬសារវន្ទ្រីយ៍។ យក្សពន្ធរសចាប់ជាតិជានាងពៃសាខា។
ព្រះបាទសាមលរាជចាប់ជាតិជាព្រះមហាអានន្ត។ ព្រះបាទយសវិមលរាជចាប់ជាតិជាព្រះ ។
សុទ្ធោទន៍។ចន្ទទេវីយកជាតិជាព្រះនាងសិរិមហាមាយា។ រចនាទេវី កើតជាតិជានាងពិម្ពា។ សុវណ្ណធីតាកើតជាតិជានាងសុជាតា។ សុវណ្ណកុមារកើតជាតិជារាហុលកុមារ។ នាងសុវណ្ណទេវីកើតជាតិជាឧប្ឃលវណ្ណា។ ឯសុវណ្ណខ្យងស័ង្ខ កើតជាតិជាព្រះសិទ្ធាថ៌ គឺព្រះសម្មាសម្ពុទ្ធ៕ចប់
0 Comments:
Post a Comment