រឿង តាដុងយាយជ័យ ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Friday, October 14, 2022

រឿង តាដុងយាយជ័យ

 


សេចក្ដីដំណាលថា កាលនោះព្រះមហាក្សត្រមួយអង្គសោយរាជនៅនគរខ្មែរ បាននាំព្រះអគ្គមហេសី ដែលទ្រង់គភ៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរ តែទ្រង់ពុំបានជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូតិព្រះរាជបុត្រ ព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍ ។ 

លុះព្រះរាជបុត្រប្រសូតិមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះ នឹកខ្មាសអស់អាណាប្រជានុរាស្ត្រ ក៏ទ្រង់កាយដីកប់ពងនោះទុកចោលក្នុងព្រៃទៅ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រ ដែលទ្រង់សង្ឃឹមក្នុងព្រះរាជហឫទ័យថា បើប្រសូតិមកជាកូនមនុស្ស នឹងបានសោយរាជតំណព្រះរាជវង្សតទៅ ព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះ ព្រះរាជាក៏នាំព្រះអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ ។


ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះព្រាន វិង ជាព្រានរបស់ព្រះរាជា មានថ្ងៃមួយនោះ ព្រានវិងបានចេញដើរបរបាញ់សត្វនៅក្នុងព្រៃ បានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែព្រានក៏ព្រុសកោះកកាយដី ព្រានបានឃើញពងកប់ក្នុងដី ក៏រើសយកមកទុកនៅផ្ទះរបស់ខ្លួន ។ ដោយពងនោះធំចម្លែកណាស់ ព្រានបានថែរក្សាភ្ញាស់ទុកមើល ។ 

លុះគ្រប់ថ្ងៃខែ ព្រះរាជបុត្រប្រសូតិចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានឃើញចម្លែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះលុះត្រាតែធំ បានដាក់ឈ្មោះកូននោះថា " ប្រមាញវិងស៊ុង " ។

ចៅប្រមាញ់វិងស៊ុង លុះចម្រើនវ័យឡើង មានរូបឆោមពណ៌ល្អឆើតឆាយលើសលុបបុរសទាំងពួង ស្ត្រីណាបានឃើញរូបចៅប្រមាញ់វិងស៊ុងចេះតែស្រឡាញ់គ្រប់គ្នា ។ ឯចៅប្រមាញ់វិងស៊ុង បានថ្នឹកហាត់ខាងដើរបរបាញ់សត្វជាមួយព្រានវិងជាឪពុក អ្នកស្រុកគេភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។

ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ ។ តាយាយ នេះគាត់មានកូនក្រមុំស្រីមួយឈ្មោះនាង "ត្រចើលដោះក្រាល" មានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួង សាច់ស បបូរមាត់ដិតស្លា ភ្នែកទាំងគូភ្លឺដូចនិល ចិញ្ចឹមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមប្រឿងៗ ដោះទាំងគូឡើងណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូសឲ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់ល្វន់ល្វាសសមឫកពា ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។

តាដុង យាយជ័យ បានសង់ផ្ទះនៅជាមួយនឹងកូនលើដីទួលមួយ មានទឹកព័ទ្ធជុំវិញ ការពារកុំឲ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុង យាយជ័យសង់ផ្ទះនោះ នៅមានជាដំណែលជាប់មកដល់សព្វថ្ងៃ ឋិតនៅមុខខ្លោងទ្វារចូលទៅវត្តទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ ៥ ចម្ងាយពីផ្លូវជាតិប្រមាណ ៥០ ម៉ែត្រ នៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

តាដុង យាយជ័យមានប្អូនស្រីមួយឈ្មោះនាង ទែន នៅភូមិស្រែរនោង ។ តានិងយាយបាននាំនាងត្រចើលដោះក្រាលទៅលេងឯផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីង នាងតែងតែដើរកាត់ភូមិកាត់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះ

រាល់ពេលនាងដើរ បានជាកន្លែងនោះមានឈ្មោះថា ភូមិ-ឃុំ ញ៉ែងញ៉ងដល់សព្វថ្ងៃ លុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាង តែងពោលសរសើរសាច់នាងថា សស្គុស ពាក្យសរសើររាល់ពេលវេលាដែលនាងមកដងទឹក ទើបមានពាក្យហៅមកដល់សព្វថ្ងៃថា ឃុំគុស ។ ឯឃុំញ៉ែងញ៉ង និងឃុំគុសនេះ នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ពេលនេះ នាងនៅលេងនឹងផ្ទះម្ដាយមីងពីរបីថ្ងៃ លុះតាដុង យាយជ័យក៏មកយកនាងវិលទៅកាន់ទីលំនៅវិញ ។ តាដុង យាយជ័យនឹងនាង ត្រចើលដោះក្រាល ដែលមកដល់កាន់ផ្ទះនាងទែននោះលស់ខែតិចណាស់ ។ មានថ្ងៃមួយ តានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវ បានជួបនឹងព្រាន វិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ ។ 

ដោយព្រាន វិង និងតាដុង យាយជ័យនោះ បានស្គាល់ច្បាស់ពីមុនមកផង អ្នកនោះក៏មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើបានឃើញគ្នាហើយ ក៏ចេះតែគយគន់មើលគ្នាទៅវិញទៅមក ។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឫកពាទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា ។ 

ឯតាដុង យាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុងមានរូបល្អ ក៏នឹកក្នុងចិត្តថា បើបានធ្វើជាគូស្វាមីភរិយាជាមួយកូនអញស័ក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរព្រានវិងថា " អ្នកកំលោះត្រូវជាអ្វីនឹងអ្នក ? " ។ ព្រានវិងក៏ឆ្លើយប្រាប់ថា " កូន " ។ ដោយសេចក្ដីពេញចិត្តនឹងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឲ្យគូស្នេហាទាំងពីរនាក់នេះនិយាយឆ្លើយឆ្លងគ្នាបានតាមចិត្ត ។ លុះចប់ការសន្ទនានឹងគ្នាហើយ អ្នកដំណើរទាំងក៏លាបែកចាកចេញពីគ្នាទៅ ដោយពាំយកទាំងក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។

ចៅប្រមាញ់វិងស៊ិង បានដឹងដំណើរនាង ត្រចើលដោះក្រាល មកលេងនៅផ្ទះនាងទែនញឹកញាប់ ក៏ចេះដើរកាត់ស្វែងមកមករកជួបនឹងនាងនៅផ្ទះនាងទែននោះជាញឹកញាប់ដែរ ។ ឯព្រានវិងមេបាខាងនាងក៏ពេញចិត្តនឹងគូស្នេហាទាំងពីរនោះ ចាំតែដល់ពេលចូលដណ្ដឹងនិងរៀបការផ្សំផ្គុំគ្នាឲ្យប៉ុណ្ណោះ ។

លុះនៅយូរទៅ សេចក្ដីស្នេហាក៏រីកដុះដាលធំឡើងតែរាល់ថ្ងៃ ដោយតាដុងយាយជ័យពុំបានជូននាងមកលេងផ្ទះនាងទែន ជាញឹកញាប់ដូចកាលមុនៗ ព្រោះគាត់មានការកង្វល់ច្រើន នាងក៏លបលួចរត់មកផ្ទះនាងទែនតែម្នាក់ឯង ។

ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍មានសេនា ៤នាក់ ដង្ហែព្រះអង្គទៅផង លុះចូលដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះនាង ត្រចើល-ដោះក្រាល ដើរត្រាច់តែម្នាក់ឯង ។ ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា ព្រៃប្រទះនាង ដែលសព្វថ្ងៃគេហៅក្លាយមកថា ប្រទះឡាង ទៅវិញ ។ 

ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងពណ៌ល្អដូចនាងទេពធីតា ក៏ទ្រង់លោតចុះពីលីខ្នងសេះ យាងសំដៅទៅរកនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាង ត្រចាលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។ ពេលនោះ ព្រះរាជានិងសេនាបួននាក់ ក៏រត់ដេញតាមនាង ។ 

ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយនាងព្រះរាជាដេញប្រកិតជិតណាស់មកផង នាងបានឃើញដំបូក ១ នៅក្នុងព្រៃពីមុខនាង ក៏លើកដៃបួងសួងថា " បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វិងស៊ុង សូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់ " ។ បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនាបួននាក់ ក៏ទតមើលពីចម្ងាយមកនាងរត់ចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងពុំឃើញវិញ បានជាពាក្យហៅទីនោះថា "ដំបូកមានលក្ខណ៍" ។ 

កន្លែងនេះក្រោយមក អ្នកស្រុកបានសាងវត្តហៅវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នេះគេហៅថា "ត្រពោកមានលក្ខណ៍" ។ ពេលនោះ ព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះជាមួយសេនា, សេនា ៤ នាក់ទូលតបវិញថា " ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ បានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង ប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន" ហើយ

សេនាទូលថែមទៀតថា "បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាង សូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ" ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា "ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង ?" ។ សេនាក្រាបបង្គំទូលថា "បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាង ថ្វាយព្រះអង្គ នឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន " ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង ៤ នាក់សព្វគ្រប់ហើយ ទ្រង់យាងចូលព្រះពន្លាវិញ ។

ចាប់តាំងពីថ្ងៃនោះមក សេនា ៤នាក់ក៏ត្រាច់ស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកពេលអស់យូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរកមិនឃើញនោះ ។ ព្រះរាជាក៏ប្រជុំអស់ពួកសេនា ទ្រង់មានព្រះរាជបញ្ជាថា "ឲ្យរៀបធ្វើពិធីបុណ្យប្រណាំងទូកង ឲ្យអ្នកស្រុកផ្អើលឈូឆរមកមើលក្រែងបានជួបប្រទះនឹងនាង ហើយពួកយើងតាមមើលនាងឲ្យស្គាល់ទីលំនៅរបស់នាង " ។

សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹងដល់អ្នកស្រុកជនបទជិតឆ្ងាយ ឲ្យមកមើលប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូឆរមីរដេរដាសដើរពពាក់ពពូនគ្នាទៅមើល ដោយសេចក្ដីរីករាយ ។

ចំណែកនាង ត្រចាលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំបានស្គាល់ជាស្ដេចទេ, លុះស្ដេចយាងផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញដំបូកត្រឡប់មកផ្ទះឪពុកម្ដាយនាងវិញ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនូវហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាង ដ៏លើសលុបទៅលើចៅប្រមាញ់វិងស៊ុង ។ ម្ដាយឪពុកបានដឹងចិត្តកូនសព្វគ្រប់ហើយ ក៏មានចិត្តអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។

ពេលដែលអ្នកស្រុកផ្អើលឈូឆរទៅមើលប្រណាំងទូក តាដុង យាយជ័យក៏នាំនាង ត្រចើលដោះក្រាល ទៅមើលនឹងគេដែរ លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសម្រស់របស់នាង ត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ 

សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮដល់សេនារបស់ព្រះរាជា ដែលកំពុងដើរត្រាច់រង្គាត់រកមើលនាង ។ សេនាទាំង ៤ បានដើរមកឃើញស្គាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើររបស់នាងត្រឡប់ទៅផ្ទះវិញ ។ លុះពិធីប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រឡប់ទៅទីលំនៅរៀងខ្លួន ។ សេនា ៤ នាក់ក៏លួចធ្វើដំណើរតាមក្រោយ តាដុងយាយជ័យ លុះបានស្គាល់ទីលំនៅនាងនឹងឪពុកម្ដាយនាងហើយ ក៏ត្រឡប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត ។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយនឹងសេនា ៤ នាក់ ។ 

តាដុងយាយជ័យ បានឃើញព្រះរាជាស្ដេចយាងមកដល់ផ្ទះនាង ក៏រៀបទីកន្លែងទទួលព្រះអង្គ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនឹងតាដុងយាយជ័យ សូមដណ្ដឹងយកនាង ត្រចើល-ដោះក្រាល មកធ្វើជាអគ្គមហេសីហើយព្រះអង្គបញ្ជាក់ថា "សូមឲ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់ " ។

ពេលនោះ តាដុងយាយជ័យ បានស្គាល់ទឹកចិត្តកូនច្បាស់ តែមិនទាន់ហ៊ានសម្រេចថាថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្តកូនសិន ។ លុះទៅសួរនាង ត្រចាលដោះក្រាល ប្រកែកចំពោះឪពុកម្ដាយនាងថា "នាងមិនទទួលយកស្ដេចទេ នាងស៊ូស្លាប់ជាមួយនឹងចៅប្រមាញ-វិងស៊ុង ជាគូបណ្ដូលចិត្តនាងហើយ " ។

តាដុងយាយជ័យឮកូនប្រកែកតឹងរ៉ឹងដូច្នោះ ក៏ពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធថា "បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្តយើងដែលគ្នាបានស្រឡាញ់ទៅលើរូបចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្តយើងដែរទៅហើយ បើដូច្នេះយើងបង្គាប់ព្រះរាជាជាឲ្យធ្ងន់កុំឲ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គចាត់ការធ្វើមិនទាន់ដែរ ។ 

លុះពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តានិងយាយក៏ទទួលព្រះរាជាថា " មិនហ៊ានបង្គាប់ព្រះអង្គទេ ក្រែងព្រះអង្គមិនហ៊ានទទួល " ។ ព្រះរាជាមានព្រះបន្ទូលថា " ព្រះអង្គហ៊ានទទួលទាំងអស់ឲ្យតែលើកនាងថ្វាយព្រះអង្គចុះ " ។ តានិងយាយក៏បង្គាប់ព្រះរាជាថា " សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឲ្យបានស្រេចតែមួយរាត្រី បើមិនហើយ ទូលព្រះបង្គំមិនលើកនាងថ្វាយទេ " ។

 ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថាការនេះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឫទ័យលើរូបនាង ត្រចើលដោះក្រាល ខ្លាំងលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុងយាយជ័យ ។ លុះព្រះអង្គយាងថយទៅវិញ ទ្រង់ប្រាប់រេហ៍ពលឲ្យមកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា " ចូរសេនារេហ៍ពលទាំងអស់ លើកផ្លូវថ្នល់មួយចាប់ព្រះពន្លារហូតទៅដល់ផ្ទះឪដុងម៉ែជ័យ ធ្វើ១យប់ឲ្យហើយស្រេច " ។

 ពាក្យដែលហៅថា ស្រុកឧត្ដុង្គសព្វថ្ងៃ គឺហៅតាមបន្ទូលស្ដេចមុនដំបូងដែលហៅថា ឪ ដុង ម៉ែ ជ័យ តែក្រោយមកគេហៅក្លាយជា ឧដុង្គមានជ័យ ។ គ្រាសេនារេហ៍ពល លើកផ្លូវថ្នល់ក្នុង១រាត្រីនោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជួបគ្នាបានជាមានពាក្យហៅថា ភូមិថ្នល់ដាច់ នៅស្រុកបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះ ។

ឯតាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា "បើព្រះអង្គ លើកផ្លូវថ្នល់ ១ យប់ ហើយមែននឹងនាំនាងរត់ទៅតែម្ដង" លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនហើយ តានិងយាយត្រេកអរណាស់ ក៏ចូលចតទូកត្រង់កន្លែងផ្លូវថ្នល់ដាច់មិនជួបគ្នានោះ ហើយតាដុង យាយជ័យ ឡើងទៅមើលផ្លូវថ្នល់ ។ 

គាត់កំពុងតែពិនិត្យមើលថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាក៏ស្ដេចយាងមកទតមើល ។ តាដុងយាយជ័យឮដំណឹងថា ស្ដេចយាងមកហើយ ក៏បបួលគ្នារត់ចុះទូកកុំឲ្យស្ដេចឃើញមុខ ។

 ពេលនោះយាយជ័យប្រពន្ធតាដុងភ័យញញីញញ័ររត់ចុះទៅទូកមិនកើតក៏វារចុះតាមច្រាំងជង្ហុក ទទួលជួនជាសេនាមកដល់ក៏ស្រែកឃាត់ថា "យាយកុំវារចុះទៅទូកអី ស្ដេចយាងមកដល់ឥឡូវហើយ" ។ យាយជ័យមិនស្ដាប់សោះក៏ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ ។ កន្លែងដែលយាយជ័យវារនោះ ពីដើមគេហៅកំពង់យាយជ័យវារ តែសព្វថ្ងៃគេហៅក្លាយថា កំពង់ជវារ ឋិតនៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។


0 Comments:

Post a Comment