ព្រេងខ្មែរ÷រឿង ប្រាសាទ​នៅ​ឃុំ​ស្វាយ​អង្គ(ខេត្ត​ស្វាយ​រៀង) ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Friday, September 30, 2022

ព្រេងខ្មែរ÷រឿង ប្រាសាទ​នៅ​ឃុំ​ស្វាយ​អង្គ(ខេត្ត​ស្វាយ​រៀង)



រឿង ប្រាសាទ​នៅ​ឃុំ​ស្វាយ​អង្គ(ខេត្ត​ស្វាយ​រៀង)

នៅ​ក្នុង​ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ចម្ងាយ ប្រមាណ​ជា ១០ គ.ម. អំពី​ថ្នល់​ជាតិ​លេខ ១ (គឺ​ថ្នល់​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង) មាន​ទួល​មួយ​ខ្ពស់ មិន​ដែល​លិច​ទឹក​ទេ ។ អ្នក​ស្រុក​ជំនាន់​មុន​ៗ មក បាន​សន្មត​ឈ្មោះ​ហៅថា “ទួល​ស្វាយ​អង្គ” ។ ទួល​នេះ​ហើយ ដែល​ជា​គោល​សន្មត​នាម​នៃ​ឈ្មោះ​ឃុំ​នេះ ។ នៅ​លើ​ទួល​នេះ មាន​កំពែង​នឹង​ប្រាសាទ​ថ្ម​បុរាណ​មួយ មាន​សណ្ឋាន​ជា​ព្រះ​វិហារ មាន​ក្បាច់​ចម្លាក់ របៀប​រចនា​បុរាណ គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​គេ​តាក់​តែង​ឡើង​ដោយ​ឥដ្ឋ​ខ្លះ ដោយ​ថ្ម​បាយ​ក្រៀម​ខ្លះ មាន​បណ្ដោយ​ប្រមាណ​ជា ៨៣ ម. ទទឹង ៤៦ ម. ។ សព្វ​ថ្ងៃ ប្រាសាទ​នេះ បាក់​បែក​អស់​ទៅ​ហើយ នៅ​មាន​សល់​តែ​កម្ទេច​ឥដ្ឋ ថ្ម និង ភាព​សណ្ឋាន​ខ្លះ​តែ​ប៉ុណ្ណោះ ។ នៅ​ចំ​កណ្ដាល​ទួល​នោះ មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ និង ខាង​មុខ​ប្រាសាទ​បាក់​បែក​នេះ គេ​ឃើញ​មាន​អង្គ (លិង្គ​ព្រះ​ឥសូរ ឬ សិវ​លិង្គ) ។ អ្នក​ផង​ធ្វើ​ដំណើរ​ទៅ​កាន់​បុរាណ​ដ្ឋាន​នេះ បាន​ស្រួល​ងាយ​តែ​នៅ​រដូវ​រំហើយ គឺ​រដូវ​ដែល​អស់​ភ្លៀង ទៅ​បាន​តែ​ផ្លូវ​ជើង និង ផ្លូវ​លំ​ប៉ុណ្ណោះ ។


ឯ​រឿង​ព្រេង​ដែល​ទាក់​ទង​ដោយ​នាម “ស្វាយ​អង្គ” មាន​ដូច​តទៅ ៖ មាន​សេចក្ដី​ដំណាល​ថា : កាល​ពី​រាជ​ធានី​នៅ​លង្វែក មាន​បុរស​ម្នាក់​ឈ្មោះ “សំរិទ្ធ” ជា​អ្នក​ខ្លាំង​ពូកែ​អង់​អាច​ណាស់ មាន​ទី​លំនៅ​លើ​ទួល​នេះ ។ កាល​ដែល​ស្រុក​កើត​ចម្បាំង​ជា​មួយ​នឹង​សៀម, ព្រះ​រាជា ក៏​ទ្រង់​អំពាវ​នាវ ដល់​អាណា​ប្រជានុរាស្ត្រ​គ្រប់​ខេត្ត​ខណ្ឌ បើ​នរណា​ខ្លាំង​ពូកែ​អង់​អាច​នោះ សូម​ឲ្យ​ចូល​ខ្លួន​ទៅ​បម្រើ​ក្នុង​កង​ទ័ព ដើម្បី​បង្ក្រាប​ខ្លាំង​សៀម ដែល​ចូល​មក​រាតត្បាត​អាណា​ខេត្ត​ខ្មែរ ឯ​តំបន់​ប្រទល់​ដែន គ្រង​ខេត្ត​បាត់ដំបង និង សៀមរាប ។ បុរស​សំរិទ្ធ ក៏​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​ទៅ​តាម​ព្រះ​រាជ​តម្រាស់​អំពាវ​នាវ​នេះ ។ គាត់​បាន​ប្រុង​ប្រៀប​រៀបចំ​ខ្លួន និង ប្រដាប់​ប្រដា មាន​គ្រឿង​សស្ត្រាវុធ និង អាវ​តេជះ​ជាដើម រួច​ស្រេច លា​ប្រពន្ធ​កូន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជ​ធានី​លង្វែក ដោយ​ដំណើរ​ថ្មើរ​ជើង​ទទេ ។ លុះ​ទៅ​ដល់​លង្វែក​ហើយ គាត់​បាន​ទៅ​រក​ជួប​មេទ័ព ដើម្បី​ប្រគល់​ខ្លួន​គាត់​តាម​រដ្ឋ​ត្រូវ​ការ ។


ឯ​លោក​មេទ័ព​ខ្មែរ កាល​បាន​ពលរេហ៍​គ្រប់​គ្រាន់​ល្មម​ហើយ ក៏​តាំង​បុរស​សំរិទ្ធ​ជា​ទ័ព​ធំ ឲ្យ​លើក​ព្យុហយាត្រា​ទៅ​បាត់​ដំបង ដើម្បី​កម្ចាត់​ពួក​សត្រូវ ។ លុះ​ទៅ​ដល់​សមរភូមិ បុរស​សំរិទ្ធ ក៏​ចាប់​ប្រយុទ្ធ​យ៉ាង​ស្វាហាប់ លុះ​ត្រា​តែ​ទ័ព​សៀម​បរាជ័យ រត់​ខ្ចាត់​ខ្ចាយ​អស់ ។ ដោយ​ឫទ្ធិ​តេជះ​របស់​បុរស​សំរិទ្ធ ទ័ព​សៀម ក៏​បាក់បប​ខ្លប​ខ្លាច លែង​ហ៊ាន​ចូល​មក​រុករាន​រាតត្បាត​ទឹក​ដី​ខ្មែរ​តទៅ​ទៀត​ស្រុក​ក៏​បាន​សាន​ត្រាណ ។ បុរស​សំរិទ្ធ​ក៏​លើក​ទ័ព ត្រឡប់​មក​កាន់​រាជ​ធានី​លង្វែក​វិញ ហើយ​បាន​ទូល​ព្រះ​រាជា តាម​ដំណើរ​ដែល​ខ្លួន​មាន​ជ័យ​ជម្នះ​លើ​ទ័ព​សៀម ហើយ​សុំ​ព្រះ​រាជានុញ្ញាត​ក្រាប​បង្គំ​ទូល ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ ព្រះ​រាជា ទ្រង់​ព្រះ​រាជានុញ្ញាត​តាម​សុំ ។ បុរស​សំរិទ្ធ បាន​ធ្វើ​ដំណើរ​ត្រឡប់ ឆ្ពោះ​ទៅ​ស្វាយរៀង​វិញ,​មក​ដល់​ភូមិ​ដូនពេញ ក៏​ឈប់​សម្រាក​នៅ​ទី​នោះ ១ យប់ ទើប​ធ្វើ​ដំណើរ​តទៅ​ទៀត, ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​ឈប់​ស្រាយ​សំពាយ​របស់​គាត់​មើល ។ លុះ​ស្រាយ​ទៅ ទើប​ដឹង​ថា សំពាយ​នេះ មិន​មែន​ជា​បង្វេច​របស់​គាត់​ទេ នៅ​ក្នុង​បង្វេច​នេះ ឃើញ​មាន​តែ​សំពត់ ១ និង ផ្លែ​ស្វាយ ២-៣ ប៉ុណ្ណោះ ។ គាត់​ក៏​ដឹង​ថា បង្វេច​នេះ​ច្រឡំ​គ្នា ក្នុង​ពេល​ដែល​មក​ពី​ច្បាំង ហើយ​ឈប់​សម្រាក​នៅ​អង្គរ​នោះ​ហើយ ព្រោះ​ពេល​នោះ មាន​ការ​ច្រឡូក​ច្រឡំ​ខ្លះ ហើយ​ផ្លែ​ស្វាយ​នេះ​ទៀត ក៏​ជា​ស្វាយ​ដែល​បាន​ពី​អង្គរ​ដែរ ។ បុរស​សំរិទ្ធ ក៏​ខំ​រូតរះ​ធ្វើ​ដំណើរ​ទៅ​ដល់​លំនៅ​អាត្មា​ដោយ​សុខ​សាន្ត ។ កាល​បាន​ទៅ​ដល់​ហើយ ប្រពន្ធ​គាត់​យក​គ្រាប់​ស្វាយ ដែល​ទុំ​រលួយ​សាច់​អស់​នៅ​ក្នុង​បង្វេច​គាត់ ទៅ​កប់​ដាំ​នៅ​ជាយ​របង, មិន​យូរ​ប៉ុន្មាន​ស្វាយ​ក៏​ដុះ​ឡើង​បែក​មែក​ធាង មាន​ផ្កា-ផ្លែ ជា​ហូរហែ​រៀង​មក ។ ស្វាយ​នេះ អ្នក​ស្រុក​នាំ​គ្នា​ហៅ​ថា “ស្វាយ​អង្គរ” ព្រោះ​ជា​ពូជ​ស្វាយ​បាន​មក​ពី​អង្គរ, ប៉ុន្តែ​ត​ៗ មក ពាក្យ “អង្គរ” ហៅ​កាត់​ខ្លី​មក​នៅ​ត្រឹម​តែ “អង្គ” បាន​ជា​ជាប់​ពាក្យ​ថា : “ស្វាយ​អង្គ” ដល់​សព្វ​ថ្ងៃ ។


ខាង​ក្រោយ​មក បុរស​សំរិទ្ធ និង ភរិយា ក៏​ស្លាប់​បាត់​ទៅ នៅ​តែ​តំណ​កូន​ចៅ​របស់​គាត់ ។ កូន​ចៅ​នេះ ខ្លះ​ក៏​ទៅ​នៅ​ឯ​ណោះ ខ្លះ​ក៏​ទៅ​នៅ​ឯ​ណេះ បែក​គ្នា​ទៅ​តាម​ប្ដី តាម​ប្រពន្ធ, លុះ​យូរ​ៗ ទៅ ទី​ភូមិ​របស់​គាត់​នេះ ក៏​លែង​មាន​មនុស្ស​នៅ ។ អ្នក​ស្រុក​ក៏​នាំ​គ្នា​សាង​ជា​អារាម​មួយ​ឡើង ដាក់​នាម​ថា “វត្ត​ស្វាយ​អង្គ” ដោយ​មាន​លោក​គ្រូ​ចៅ​អធិការ​ជា​អ្នក​គ្រប់​គ្រង ព្រម​ទាំង​មាន​ភិក្ខុ-សាមណេរ​គង់​នៅ​ជា​ច្រើន ។ កន្លង​មក​ទៀត ដោយ​មាន​ការ​ទទើសទទែង​ពី​វត្ត​ផង, មាន​សត្វ​ស្លាប​ផ្សេង​ៗ ទុំ​នៅ​លើ​ដើម​ស្វាយ​នោះ នាំ​ឲ្យ​មិន​ស្អាត​ផង មាន​ការ​ខ្វះ​ខាត​គ្រឿង​សេនាសនៈ​ខ្លះ​ផង លោក​គ្រូ​ចៅ​អធិការ ក៏​ឲ្យ​ភិក្ខុ-សាមណេរ កាប់​រំលំ​ដើម​ស្វាយ​នោះ តែ​ដោយ​ឫទ្ធិ​ដើម​ស្វាយ​ធំ​នោះ ភិក្ខុ-សាមណេរ​កាប់ ១ថ្ងៃ បាន​តែ​ពាក់​កណ្ដាល​ដើម នៅ​សល់​ប៉ុន្មាន នឹង​កាប់​ក្នុង​ថ្ងៃ​ខាង​មុខ​ទៀត, លុះ​ព្រឹក​ឡើង ស្រាប់​តែ​ស្នាម​កាប់​ទាំង​ប៉ុន្មាន​ដែល​បាន​កាប់​ខ្លះ​ទៅ​ហើយ​នោះ ក៏​ដុះ​សាច់​ដុះ​សំបក គ្រប​ជិត​ដូច​ដើម​វិញ ។ គួរ​អស្ចារ្យ​ណាស់, លោក​គ្រូ ក៏​ឲ្យ​លោក​ភិក្ខុ-សាមណេរ​កាប់​ទៀត ។ កាប់​មួយ​ថ្ងៃ​ទល់​ល្ងាច ដោយ​ខំ​យ៉ាង​ណា ក៏​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ដើម, លុះ​ព្រឹក​ឡើង​ឃើញ​ដុះ​សាច់​ដុះ​សំបក​ដូច​ដើម​ដដែល​ទៀត ។ លោក​គ្រូ​ចង់​ទាល់​គំនិត ។


ថ្ងៃ​មួយ, លោក​បាន​ឲ្យ​ភិក្ខុ-សាមណេរ​យ៉ាង​ច្រើន ដោយ​មាន​ពូថៅ និង ដឹង​គ្រប់​ដៃ ហើយ​លោក​ប្រាប់​ថា នាំ​គ្នា​កាប់​ឲ្យ​រលំ​ក្នុង​ថ្ងៃ​នេះ​ឲ្យ​ហើយ​ស្រេច​តែ​ម្ដង ។ ដើម​ស្វាយ ទ្រាំ​មិន​បាន​នឹង​ពូថៅ-ដឹង​ច្រើន​ពេក ក៏​រលំ ។ រលំ​ហើយ ស្លឹក​វា​ក៏​មិន​ស្រពាប់​ស្រពោន​ទៀត បែរ​ជា​ដុះ​មែក​បែក​ខ្នែង​ចេញ​ផ្លែ​ផ្កា ដូច​ធម្មតា ។ នៅ​ពេល​យប់ គេ​ឮ​សូរ​តែ​សព្ទ​ភ្លេង​ពិណ​ពាទ្យ​ប្រគំ​យ៉ាង​លន្លង់​លន្លោច ធ្វើ​ឲ្យ​អ្នក​ស្រុក​ស្ងើច​អស្ចារ្យ, មិន​យូរ​ប៉ុន្មាន​គ្រូ​ចៅ​អធិការ ក៏​កើត​ជំងឺ​ឈឺ​ជា​ខ្លាំង រវើរវាយ រហូត​ដល់​ក្លាយ​ទៅ​ជា​ឆ្កួត​វង្វេង​អស់ ។ ចំណែក​ភិក្ខុ-សាមណេរ កាល​បើ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ ក៏​រត់​ចោល​អារាម​នោះ​អស់​ទៅ ។ ឧបាសក-សិកា ក៏​បាន​នាំ​គ្នា​ទៅ​កសាង​វត្ត​ថ្មី​ទៀត នៅ​ចម្ងាយ​ប្រមាណ ១ គ.ម. អំពី​វត្ត​ស្វាយ​អង្គ​ចាស់​នេះ ដែល​សព្វ​ថ្ងៃ គេ​ឲ្យ​ឈ្មោះ​ថា “វត្ត​ស្វាយ​ផ្អែម” វិញ ។ ឯ​កន្លែង​វត្ត​ចាស់​នោះ សព្វ​ថ្ងៃ នៅ​មាន​ដើម​ស្វាយ​ជំនាន់​ក្រោយ​ៗ មក និង មាន​ដើម​ឈើ​ទាល ព្រម​ទាំង​កូន​ឈើ​ឯ​ទៀត​ៗ ជា​ច្រើន ដុះ ។


រឿង​រ៉ាវ​ទាំង​នេះ​ហើយ ជា​ប្រភព​នៃ​បុរាណ​ដ្ឋាន​នេះ តាម​បែប​រឿង​ព្រេង ។ តែ​បើ​សង្កេត តាម​ប្រវត្តិ​ទី​កន្លែង​ផ្ទាល់​ទៅ​វិញ ឃើញ​ថា​ពាក្យ “អង្គ” នេះ ពុំ​សម​ក្លាយ​មក​ពី​ពាក្យ “អង្គរ” ទេ គឺ​មក​ពី​ទី​នេះ​ជា​សរណដ្ឋាន​បុរាណ​ខាង​សាសនា​ព្រាហ្មណ៍ ដោយ​មាន​កសាង​ជា​សិវ​លិង្គ តម្កល់​ធ្វើ​ជា​វត្ថុ​សក្ការ​ក្នុង​គ្រា​នោះ ។ សិវ​លិង្គ​នេះ​ហើយ ដែល​អ្នក​ស្រុក​ហៅ​ថា “អង្គ” បាន​ជា​ក្រោយ​ៗ មក គ្រា​ដែល​យើង​ត្រឡប់​មក​ពី​គោរព​ព្រះ​ពុទ្ធ​សាសនា​វិញ ទី​សក្ការ​របស់​លទ្ធិ​ព្រាហ្មណ៍​ទាំង​អម្បាល​នេះ ក៏​ត្រូវ​គេ​ផ្លាស់​ប្ដូរ​ជា​អារាម​ពុទ្ធ​សាសនា​ទៅ​វិញ តែ​នៅ​សល់​ជាប់​ឈ្មោះ​ទី​នោះ​ៗ ថា “អង្គ​ៗ” រហូត​មក​ដូច​នេះ​ដែរ ដូចជា​អង្គ​ប្រាសាទ, អង្គ​ប្រិយ, អង្គ​ស្នួល ។ល។ ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷dara

0 Comments:

Post a Comment