រឿងនិទាន តាមាល័យ យាយមាលា ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Saturday, February 17, 2024

រឿងនិទាន តាមាល័យ យាយមាលា

 


រឿង តាមាល័យ យាយមាលា 

មាល័យ យាយ មាលា ជាគ្រួសារអ្នកនេសាទចាស់ទុំ និងក្រខ្សត់នៅក្នុងភូមិមួយ តាម បណ្ដោយដងទន្លេមេគង្គ ។ គាត់រស់នៅតែពីរនាក់គត់ គ្មានកូនបង្កើតមួយគ្រាប់គ្រាន់នឹង បង្កើនសមាជិកគ្រួសារ ឬ បន្តវេនស្នងត្រកូលឡើយ ។

គេហដ្ឋានប្រក់ស្លឹក សង់ខ្ពស់ពីដី ស្ថិតនៅជាប់មាត់ទន្លេ ជាលំនៅដ្ឋានកេរដំណែល របស់តានិងយាយ ។ នៅបរិវេណសងខាងផ្ទះ គាត់ដាំដំណាំរួមផ្សំ មាន ឃ្លោក ត្រឡាច ជី ស្លឹកគ្រៃ ម្ទេសជាដើម ។

ឈានចូលរដូវវស្សា ផ្ទៃមេឃអូរអាប់ ធ្ងន់ងាបដោយពពកដេរដាស ។ ទឹកទន្លេជន់ ឡើងព្រៀបច្រាំង ហូរនាំមកនូវសំណាត់អុស និង កំបោកត្រៀបត្រា ។ អ្នកស្រុកទាំងឡាយ ក៏ដូច តា មាល័យ យាយ មាលា ដែរ នាំគ្នាស្រាវទូកច្រវាប្រញាយ ចុះចាប់អុសទុកដុត ។

រលកទន្លេនៅរដូវវស្សា បង្កការបាក់ស្រុតច្រាំងជាបន្តបន្ទាប់ ។ ផ្ទះតាយាយតែងត្រូវរំកិល ញឹកញាប់ចេញពីទីអន្តរាយនោះ ដោយមានការជួយជ្រោមជ្រែងពីសប្បុរសជនជិតខាងគាត់។

ទឹកជំនន់ធំបានបំផ្លាញផ្ទះ ផលដំណាំ និង សត្វចិញ្ចឹមរបស់តា មាល័យ យាយ មាលា ។ មាន់គកមួយទើបនឹងតោងជ្រកលើមាត់ពាងបាន ក៏តាំងកញ្ជ្រោលទទះស្លាប រងាវតូងតាង ដោយហេតុភ្ញាក់នឹងវត្តមានកណ្តុរឈ្លក់ទឹកមួយក្បាល ដែលប្រវាឡើងសំដៅទៅវាក់អីនឹង ធ្លាកន្លោង នៅនាឯលើដំបូលផ្ទៀងរហែក ។

ចាប់ពីពេលនោះមក តា និង យាយបានមកតាំងលំនៅជាថ្មី នៅទីទួលមួយ ឆ្ងាយដាច់ ស្រយាលពីភូមិស្រុកទន្លេ ។ គាត់ប្រកបរបររានដីធ្វើចំការម្តង។ រាល់ថ្ងៃគាត់បំពេញការងារ យ៉ាងនឿយហត់ ឯជីវភាពនៅក្រដដែល មិនប្រសើរជាងមុនឡើយ ។

ឈានចូលបផ្ទឹមវ័យហើយ គាត់ទាំងពីរនៅឡើយពុំទាន់បានបំពេញកិច្ចការកុសល ក្នុងវិស័យសាសនា ក៏ដូចជា មិនបានធ្វើបុណ្យសុនទាន ឬចូលវត្តអារាមឡើយ ។ ម្យ៉ាង ទៀតគាត់ក៏មិនដែលនឹកគិតដល់សោះ នូវកិច្ចការទាំងឡាយនោះ។

តា មាល័យ យាយ មាលា តែងចេញទៅព្រៃ នៅពេលព្រះអាទិត្យរះច្បាស់ ហើយត្រលប់ វិលវិញនៅពេលថ្ងៃរៀបលិច ។ វិលដល់ផ្ទះភ្លាម តា មាល័យ នៅងូតទឹកសំអាតកាយឯដី ។ មិនទាន់បានឡើងទៅជួយយាយ ក្នុងកិច្ចដណ្ដាំស្លឯជើងក្រានផង ព្រះអាទិត្យក៏លិចបាត់ ។ចង្កៀងប្រេងបញ្ឈរក្បែរកំសៀវតែក្តៅ ឆេះដុតបំភ្លឺល្វែងបន្ទប់ដេកផ្លុងៗ ។ បាយរួច តា យាយនៅអង្គុយលេង ពិសាស្លាបារីលាងមាត់ ជញ្ជឹងគិតផងពីជីវភាពតោកយ៉ាក ដែលធ្វើអោយ គាត់ធុញទ្រាន់និងនឿយណាយរាល់ថ្ងៃ ។ រំពេចនោះ គាត់នឹកឃើញវិធីមួយ រួចក៏ញញឹម ពព្រាយដោយទឹកចិត្តសង្ឃឹម ។

មួយអាទិត្យកន្លង តានិងយាយប្រដាប់កាយដោយសំលៀកបំពាក់ថ្មីស្អាត បាននាំផ្លែផល្លា និង ផ្កាភ្ញីទាំងឡាយ ឆ្ពោះសំដៅទៅកាន់ដើមជ្រៃធំមួយ ដែលស្ថិតនៅពីក្រោយចំការគាត់ ។ តា មាល័យ យាយ មាលា ដុតធូបថ្វាយផ្កា អញ្ជើញទេវតាដើមជ្រៃ មកសោយដង្វាយផ្លែផល្លា ដែលគាត់រៀបតាំងលើកន្ទេលនៅគល់ជ្រៃ ។

ស្រេចហើយគាត់ពោលពាក្យអង្វរ បន់ស្រន់ សុំកំណប់ពីទេវតាវិញ ដើម្បីអោយខ្លួនគាត់មានទ្រព្យ ធននាពេលចុងក្រោយនៃជីវិត ។ យាយ មាលា នៅបានរាំរបាំយ៉ាងទន់ភ្លន់ តាមចង្វាក់ភ្លេងស្ករ តា មាល័យ បូជាថ្វាយទេវតាបន្ថែម ជាហេតុនាំអោយរុក្ខទេវតាឯទៀតផ្អើលមកទស្សនា យ៉ាងកុះករ ។

រុក្ខទេវតាទាំងឡាយ ក្រោយពីរួចកិច្ចទស្សនាកំសាន្តហើយ ក៏វិលទៅកាន់លំនៅរៀងខ្លួន។ ដោយឡែកទេវតាដើមជ្រៃ កើតចិត្តមេត្តា អាសូរតា មាល័យ យាយ មាលា ពន់ប្រមាណ ។ ដោយ ព្រះអង្គមានឋានៈត្រឹមតែរុក្ខទេវតា ទ្រង់ពុំមានទ្រព្យកំណប់ឯណាប្រទានដល់គាត់ឡើយ ។ កាត់ចិត្តអាណិតពុំបាន រុក្ខទេវតាក៏ហោះទៅស្ថានសួគ៌ សុំកំណប់ពីព្រះឥន្ទ្រាធិរាជ ។ ព្រះឥន្ទ្រ ជ្រាបថា តាយាយមិនមានសំពាយបុណ្យពីព្រេង មិនទទួលទ្រព្យឡើយ ។ តែដោយរុក្ខទេវតា ទទូចអង្វរ សុំពេក ព្រះឥន្ទ្រក៏ប្រទានឱ្យទៅ ។


រុក្ខទេវតាបានពាងមាសពីព្រះឥន្ទ្រកាលណា ក៏យកមកទំលាក់នៅមុខផ្ទះតាយាយទាំង កណ្តាលរាត្រី ។ យប់នោះ តាយាយក្រោកដាស់គ្នាសស្ទើតសស្លក់ ប្រញាប់ចេញទៅចំការទាំង នៅល្ងិត ធ្វើឱ្យឃ្លោងលាភ មិនបានឃើញពាងមាស ។

ទេវតាមិនអស់ចិត្ត ក៏យកពាងនោះ ទៅដាក់នៅមាត់ច្រកចំការ ទុកចាំតាយាយវិលវិញ ពេលល្ងាចនឹងបានឃើញ ។ តែអកុសល ពេលដើរជិតដល់ច្រកចំការ ស្រាប់តែ តា មាល័យ នឹកចង់ម្ហូបអន្លក់ទឹកប្រហុកអូចៗ ។ គាត់ក៏ដើរទៅរកបេះបន្លែឯទីផ្សេងគ្នាពីយាយ រួចចេញ តែម្តងទៅ ធ្វើឱ្យគាត់ឃ្លោងលាភម្តងទៀត ។

ទេវតាហួសចិត្តនឹងដំណើរស៊យសៀវផ្ទួនៗ ក៏នឹកទៅដល់បន្ទូលព្រះឥន្រ្ទ "តាយាយ គ្មានសំពាយបុណ្យពីព្រេង មិនទទួលកំណប់ទេ "។ រាល់លើក គាត់ចេះតែគេចប៉េវៗពីកំណប់ ដូចគេលេងបិទពួន ។ ទេវតាចង់ឈ្នះ ស្អែកឡើង ពេលតាយាយកំពុងហូបបាយថ្ងៃត្រង់ ក៏យកពាង មាសនោះ ទៅទម្លាក់ចុះនៅចំពោះមុខគាត់តែម្តង ។ តាយាយមានចិត្តរីករាយ និងភ្ញាក់ ផ្អើលកន្លង នៅពេលបានឃើញមាស ចាំងភ្លឺចិញ្ចាចពេញពាងនោះ ។

តា មាល័យ បង្គាប់អោយ យាយ មាលា ទៅផ្ទះដាំបាយយកមកហូប រង់ចាំយប់ងងឹត សឹមយកមាសទៅផ្ទះ បង្ការក្រែងអ្នកស្រុកឃើញ ។ នៅតាមផ្លូវ យាយគិតថា "យើងនឹងក្លាយ ជាយាយសេដ្ឋីមិនខានឡើយ ខ្វះអីពួកកម្លោះៗចោមស្រលាញ់នោះ! យើងទុកតាចាស់នោះ មិនបានទេ” ។ គិតដូច្នោះ យាយក៏យកថ្នាំសំលាប់សត្វល្អិត លាយក្នុងបាយតា មាល័យ ទៅ ។

តា មាល័យ នៅចាំមាសឯចំការ ក៏មានគំនិតដូចយាយដែរ "បើយើងទុកយាយចាស់នេះ ក្រមុំស្អាតៗមិនហ៊ានមកសុំស្នេហ៍ពីតាសេដ្ឋីយើងទេ”។ គិតហើយតាកាប់ប្ញស្សី សកធ្វើព្រួញ មុតថ្លា ទុកស្រេចចាំប្រហារយាយ មាលា ។

ពេលល្ងាចយាយទួលកញ្ជើបាយដើរសំដៅមកចំការ ។ តា មាល័យ ពួនអែបក្បែរគល់ឈើ មួយ លើកព្រួញចាញ់យាយធ្លាយបេះដូង ហូរឈាមដួលដេកលើដី ។ រួចតារត់ទៅកញ្ជក់ យកបាយមកហូបដោយក្តីស្រេកឃ្លាននិងភិតភ័យ នៅចំពោះមុខយាយ មាលា ដែលកំពុង ត្រដរខ្យល់ចង្អុលមក ។ នៅទីបំផុត តា មាល័យ ពុលប្រកាច់ រួចស្លាប់តាមយាយ មាលា នាពេលនោះទៅ ។

តាមាល័យយាយទោររស់នៅក្រីក្រនិងហត់នឿយពេញមួយជីវិត។ពេលគាត់បានកំនប់មាសប្រុងឡើង

ជាតាសេដ្ឋីយាយសេដ្ឋីក៏ស្រាប់តែកើតរឿងសំលាប់គ្នាទៅមកយ៉ាងតក់ក្រហល់ទាំងមិនទាន់បាន

ចាយមាសសោះ។ដោយឈ្លក់វង្វេងនឹងមាសតាយាយបែរគិតឡប់លែងស្រណោះគ្នាហ៊ានបំផ្លាញជីវិតគ្នាសំដៅប្រាថ្នាប្តូរយកគូស្នេហ៍ថ្មីហើយក្មេង។ជួយទៀតលែងបានទេវតាដើមជ្រៃក៏ហោះនាំមាសទៅថ្វាយ

សងព្រះឥន្ទ្រវិញហោង។




























0 Comments:

Post a Comment