រឿងភ្នំសុព៌ណកាលី នៅខេត្ដក្រចេះ
បើយើងធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវទន្លេធំ ដោយទូក ឬ កប៉ាល់ដល់ទៅភ្នំដីច្រាល ហើយបត់ទៅដល់ផែក្រូចឆ្មារ ខេត្ដកំពង់ចាម ក្រលេកចោលភ្នែកទៅទិសអីសាន ក្នុងស្រុកព្រះប្រសព្វ ខេត្ដក្រចេះ ត្រើយខាងជើងត្រង់ឃុំចំបក់ យើងឃើញភ្នំមួយខ្ពស់ទទុង នៅក្បែរមាត់ទន្លេនោះឈ្មោះ «ភ្នំសុពណ៌កាលី» ជាភ្នំសក្ដិសិទ្ធិ។ ភ្នំនោះមានរឿងព្រេងដំណាលដូចតទៅនេះ៖
កាលពីព្រេងនាយមានក្រពើមួយឈ្មោះ «សុពណ៌កាលី» ខ្លួនធំមហិមាមានរិទ្ធានុភាពពូកែណាស់ អិតក្រពើណាប្រលងរិទ្ធិផងបាន អាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាលី ដែលសព្វថ្ងៃហៅភូមិអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ខេត្ដកំពង់ចាម នៅខាងក្រោមភ្នំសុពណ៌កាលី ចំងាយប្រហែល២០គីឡូម៉ែត្រ។
ក្នុងសម័យជាមួយគ្នានោះនៅឃុំមហាលាភ ស្រុកកោះសុទិន ក្នុងខេត្ដកំពង់ចាមមានក្រពើមួយឈ្មោះ «នាងអោរ៉ៃ» នៅអាស្រ័យក្នុងទីទន្លេតូចត្រង់វត្ដមហាលាភ ជាក្រពើរបស់លោកសង្ឃចិញ្ចឹម ពេលលោកនិមន្ដទៅបិណ្ឌបាត ក្រពើនោះតែងបញ្ជិះចំលងលោកទៅ ដល់លោកនិមន្ដមកវិញ ក្រពើនោះក៏ចំលងលោកមកជាធម្មតា។ ក្រពើនោះមានមាឌធំណាស់ក្បាល៧ហត្ថ ដំណែងខ្លួនជាមនុស្សបាន កាលវាដំណែងខ្លួនជាមនុស្ស បានលឺមនុស្សនិយាយគ្នាថា «ក្រពើនាងអោរ៉ៃធំអ្វីប៉ុណ្ណឹង ក្រពើឈ្មោះសុពណ៌កាលី នៅអន្លង់សាសីធំជាងនេះទៅទៀត។
នាងអោរ៉ៃបានលឺមនុស្សនិយាយដូច្នោះ ក៏និម្មិតជាក្រពើហែលទៅតាមទន្លេតូចមានចំងាយច្រើនគីឡូម៉ែត្រ ទៅរកក្រពើសុពណ៌កាលី ដោយប្រាថ្នានឹងប្រលងរិទ្ធគ្នា លុះចេញទៅទល់មាត់ពាមផ្កាយសំរេច ប្រទះនឹងតាចាស់យាយចាស់ កំពុងចែវទូកឆ្លងទន្លេធំ នាងអោរ៉ៃគិតថា បើខ្លួនអញជាក្រពើ នឹងសុំដោយសារតាយាយនេះពុំបានទេ ព្រោះគាត់ខ្លាច ដូច្នេះអញគួរនិម្មិតខ្លួនជាលោកនេន ទើបសុំដោយ
សារគាត់បាន គិតហើយក៏និម្មិតខ្លួនជាលោកនេន សុំដោយសារជាមួយតាយាយបានដូចបំណង។ នាងអោរ៉ៃលោកសង្ឃនេន មិនបានអោយតាចែវកន្សៃទូកទេ បង្គាប់តាថា «សូមលោកតា ទៅអង្គុយកាន់ជើងចែងខាងក្បាលទូកទប់ខ្លួនអោយនឹងចុះ»។
ថាដូច្នេះហើយលោកនេនក្រពើ ក៏ចែវទូកលឿនបន្ដិចម្ដងៗ យូរទៅរិតតែលឿនឡើងៗ ដោយអំណាចនាងអោរ៉ៃនិម្មិតយកកន្ទុយជួយកាយទឹកផ្សំផង ចំនួនកន្លះថ្ងៃទើបទៅដល់ទីកន្លែងក្រពើសុពណ៌កាលី។ នាងអោរ៉ៃសួរយាយតាថា «តាឡើងត្រើយខាងណា?» តាយាយឆ្លើយប្រាប់ទៅវិញថា «តាឡើងត្រើយខាងស្ដាំនេះបានហើយ»។
លុះចូលទូកទៅដល់កំពង់ នាងអោរ៉ៃលោកនេនថា «ពុំបានទេតា!» ថាហើយក៏អូសទូកនោះទៅដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយច្រវាក់ជាប់នឹងបង្គោល ព្រោះនាងអោរ៉ៃគិតថា នៅពេលប្រលងរិទ្ធគ្នានោះរលកខ្លាំងណាស់ ទឹកពោរដល់ចញ្ចើមច្រាំង បើប្រហែសចងមិនជាប់ មុខជានឹងអណ្ដែតទូកនោះបាត់ គិតហើយក៏សំដែងរិទ្ធប្រែខ្លួនជាក្រពើ លោតចុះទៅក្នុងទឹក ហែលសំដៅទៅរកក្រពើសុពណ៌កាលី បានជួបហើយក៏ប្រខាំគ្នាដោយរិទ្ធិយ៉ាងអស្ចារ្យ បញ្ឈរដងខ្លួនផុតពីទឹក ផ្អើលអស់មនុស្សមកមើលតៀបត្រា រលកទឹកបោកហួសចញ្ចើមច្រាំង។
លុះប្រខាំគ្នាយូរទៅ ក្រពើនាងអោរ៉ៃមានរិទ្ធិជាង ខាំត្រូវពោះក្រពើសុពណ៌កាលី សុពណ៌កាលីក៏ធ្លាយពោះ ស្លាប់មួយរំពេចទៅ កើតជាភ្នំមួយហៅថា «ភ្នំសុពណ៌កាលី» តាមឈ្មោះក្រពើនោះ ដរាបមកដល់សព្វថ្ងៃនេះ។ ភ្នំនេះពូកែសក្ដិសិទ្ធណាស់ បើអ្នកណាទៅរៀនមន្ដវិជ្ជា នៅភ្នំនោះកំពុងអង្គុយស្វាតធ្យាយតែងមានពួកបិសាច មកល្បងធ្វើជាដុំមាសប៉ុនដូងទុំ រឺស្រីក្រមុំ មកពិតអែបស្មាសងខាង បើអ្នករៀនវិជ្ជានោះ ភ្លាត់ចំណាប់ចង់បានរបស់នោះ មុខជាពួកនេះវាយបំបាក់កស្លាប់ពុំខាន។
កាលមានជ័យជំនះហើយក្រពើអោរ៉ៃនោះ ក៏ត្រលប់មកទីលំនៅវិញ។ លុះនៅយូរបន្ដិចទៅក្រពើនោះកំពុងតែបញ្ជិះលោកនេនឆ្លងទឹក ស្រាប់តែប្រទះនឹងក្រពើបច្ចាមិត្ដដទៃទៀតមកបៀតបៀននាងអោរ៉ៃគិតថា អីលូវនេះនឹងទុក លោកនេននៅកន្លែងណា? រកកន្លែងនឹងទុកដាក់គ្មាន នាងអោរ៉ៃក៏លេបលោកនេន ហើយគេចខ្លួនរត់ទៅ។ លុះរួចកីច្ចប្រយុទ្ធហើយ នាងអោរ៉ៃខ្ជាក់លោកនេនចេញពីពោះ តាមមាត់របស់ខ្លួនវិញ ឃើញលោកនេននោះសុគតទៅហើយ ក៏កើតសេចក្ដីសោកស្ដាយក្រៃពេក។
នៅអោកាលដែលពួកមហាជន កំពុងធ្វើបុណ្យឈាបនកិច្ចរំលាយសពលោកនេននោះ ក្រពើអោរ៉ៃវារឡើងទៅដេកលើភ្នក់ភ្លើង ដែលកំពុងឆេះពេញអំណាចតេជោធាតុក៏ឆេះក្រពើនាងអោរ៉ៃនោះបាត់បង់ជីវិតទៅជាមួយដែរ។
0 Comments:
Post a Comment