រឿងក្រពើឈ្មោះអាធន នៅស្រុកសំបូរខេត្ដក្រចេះ
សម័យទីក្រុងតាំងនៅឧត្ដុង្គ នៅស្រុកសំបូរ ខេត្ដក្រចេះ មានចៅអធិការវត្ដមួយអង្គជាអ្នកប្រព្រឹត្ដិរៀន នូវវិជ្ជាវេទមន្ដអាគម ហើយជាអ្នកចេះចិញ្ចឹមក្រពើផង។ អែចំណេះរបស់លោកគ្រូចៅអធិការ ដែលចិញ្ចឹមក្រពើនោះ ធ្វើអោយលោកមានឈ្មោះល្បីល្បាញណាស់ ក៏ប៉ុន្ដែចំណេះវិជ្ជានោះបែរជាបណ្ដាលអោយមានសេចក្ដីអន្ដរាយដល់រូបលោកទៅវិញ។ លោកគ្រូចៅអធិការនោះ ចិញ្ចឹមក្រពើមួយទុកដូចជាកូនសិស្សរបស់លោក ក្រពើនេះនៅក្នុងទន្លេមេគង្គ ជាទន្លេប្រកបដោយទឹកជ្រៅមានត្រីច្រើន។
លោកអោយឈ្មោះក្រពើនោះថា អាធន (1) ។ ដោយលោកស្រលាញ់ក្រពើនោះពេក លោកចូលចិត្ដទៅគង់លើថ្មនៅមាត់ច្រាំងទន្លេ ស្រែកហៅអាធន អោយមកលេងសប្បាយជាមួយលោក អាធនបានលឺពុទ្ធដិការកាលណា ក៏ប្រញាប់មកថ្វាយបង្គំលេងកំសាន្ដសប្បាយជាមួយលោកគ្រូវា កាលនោះហើយ វាតាំងកិរិយាសុភាពនឹងធឹង ចំពោះភិក្ខុសង្ឃទាំងអស់ និង អ្នកស្រុកទាំងអំបាលម៉ាន ដែលនៅជិតខាងវា។
សម័យមួយកាលព្រះមហាក្សត្រទ្រង់គង់នៅក្រុងឧត្ដុង្គ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គទ្រង់ប្រឈួនជាខ្លាំង។ ដោយព្រះអង្គស្រលាញ់ព្រះរាជបុត្រីយ៉ាងខ្លាំងឥតឧបមា ព្រះអង្គទ្រង់ខ្សឹកខ្សួលតក់ស្លុតជាពន្លឹក ហើយទ្រង់បានជ្រើសរើស រកពេទ្យហ្មដែលពូកែមានឈ្មោះល្បីអស្ចារ្យ មកព្យាបាលព្រះរាជបុត្រីព្រះអង្គ ក៏ប៉ុន្ដែគ្មានគ្រូពេទ្យអែណាមួយអាចរំលែកទុក្ខព្រះរាជបុត្រីបានឡើយ។ ហេតុនេះហើយបានជាព្រះមហាក្សត្រទ្រង់អោយនិមន្ដចៅអធិការវត្ដសំបូរ ដែលមានឈ្មោះល្បីជាងគ្រូពេទ្យអែទៀតមកព្យាបាល។
ការធ្វើដំណើរតាមទន្លេមេគង ដោយកប៉ាល់ពីស្រុកសំបូរទៅឧត្ដុង្គ ក្នុងសម័យអីលូវនេះតែពីរថ្ងៃទេ តែក្នុងសម័យទីក្រុងតាំងនៅឧត្ដង្គនោះ គេធ្វើដំណើរដោយទូកជាយូរថ្ងៃ ព្រោះទន្លេនោះមុនពេលទៅដល់ក្រចេះ មានទឹកហូរស្រួលល្អទេ តែពីក្រចេះទៅ ត្រូវឆ្លងទឹកហូរកួចខ្លាំងៗ និងមានថ្មស្រួចៗដុះនៅក្នុងទឹកដោយអន្លើៗ។
លោកគ្រូចៅអធិការនឹងនិមន្ដមកព្យាបាលព្រះរាជបុត្រី ព្រះរាជបុត្រីក៏បានស្រាកស្បើយជំងឺធូរគ្រាន់បើ តែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតអោយលោកគ្រូចៅអធិការវិលវិញភ្លាមទេ ទ្រង់អោយលោករង់ចាំថែរក្សាជំងឺព្រះរាជបុត្រី ត្រាតែជាស្រលះមែនទែនសិន។
និយាយពីអាធនដែលនៅស្រុកសំបូរ វាទន្ទឹងមើលផ្លូវលោកគ្រូរបស់វាជាយូរខែថ្ងៃពុំឃើញវិលមកវិញសោះ វាកើតមានសេចក្ដីស្រងូតស្រងាត់ នឹករលឹកដល់លោកគ្រូវាជាអនេក។ ថ្ងៃមួយវាព្រួយខ្លាំងពេក ក៏ហែលចេញពីទីលំនៅវាទៅតាមដងទន្លេមេគង្គឆ្ពោះត្រង់ទៅតាមលោកគ្រូវានៅឧត្ដង្គ វាធ្វើដំណើរពីស្រុកសំបូរទៅឆ្លូងគ្មានជួបប្រទះនឹងសត្រូវ រឺ គ្មានអន្ដរាយអ្វីដល់ខ្លួនវាសោះ ប៉ុន្ដែលុះវាទៅដល់ភ្នំមួយឈ្មោះភ្នំសុពណ៌កាលី វាបានជួបនឹងក្រពើមួយជាក្រពើសាហាវ ក្លាហានឈ្លានពានណាស់ ដោយក្រពើនោះក្រេវ
ក្រោធនឹងអាធន ដែលហែលកាត់ទឹកលំនៅរបស់វា វាក៏រករឿងដាលរាលឈ្លោះ ប៉ុន្ដែដោយអាធនមានភារកិច្ចរួសរាន់ចង់ជួបនឹងលោកគ្រូវា វាក៏ដោះដៃរត់អំពីក្រពើកំណាចនោះទៅ តែវាតាំងចិត្ដថា ចាំថ្ងៃក្រោយសឹមអញមករករឿងអាតិរិច្ឆាននេះវិញ។ អាធនទៅដល់កំពង់ហ្លួង គ្មាននរណា ឃើញវាសោះ វាខំប្រុងប្រៀបលាក់ខ្លួនពួនអាត្មា មិនអោយអ្នកស្រុកឃើញវាឡើយ
ពីព្រោះវាយល់ថាបើអ្នកស្រុកឃើញវាមុខតែគេភ័យផ្អើលរត់ចោលដីដៃទន្លេសាបអស់ ហើយវាព្រួយបារម្ភក្រែងរកលោកគ្រូវាពុំឃើញ ដោយលោកគ្រូវាហើយនឹងវាខុសភេទគ្នាឆ្ងាយណាស់ ទាំងការចិញ្ចឹមជិវិតក៏ខុសគ្នាទៀត ប៉ុន្ដែលុះវាជញ្ជឹងគិតទៅវាតាំងចិត្ដថា ត្រូវតែអញលាក់ខ្លួនពួនអាត្មានៅក្នុងទឹកនេះសិនចុះដើម្បីនឹងឆ្លៀតឈ្លបលបមើលលោកគ្រូ ក្រែងលោកចុះមកកំសាន្ដនៅក្បែរមាត់ច្រាំង តាមចំណាំរបស់លោកគ្រូកាលពីមុនៗមក។
មិនយូរប៉ុន្មានលាកគ្រូចៅអធិការ ក៏និមន្ដចុះទៅច្រាំងមាត់ទន្លេ ទៅនៅលើផែមួយ។ អែអាធនកាលបើលបមើលឃើញគ្រូវាហើយ វាក៏បណ្ដែតខ្លួនមកលើទឹកអោយគ្រូវាឃើញ។ លោកចៅអធិការក្រលេកឃើញវា ហើយក៏ភ្លាត់មាត់ស្រែកថា យី! អាធនចៅតាទេតើនេះ។ អានធនមិនបង្អង់យូរ ក៏យកមាត់វាទៅបំបាក់ផែដែលលោកគ្រូគង់ ហើយក្រកងលោកគ្រូវាដាក់លើខ្នងវានាំយកទៅដោយវានឹកថា ទោះលោកគ្រូអញគ្មានព្រះទ័យប្រាថ្នានឹងវិលទៅលំនៅវិញទេពេលនេះ ក៏ត្រូវតែអញនាំលោកទៅ។
អោ! ពុទ្ធោអើយ! លោកគ្រូចៅអធិការនោះ លុះទៅដល់ស្រុកសំបូរលោកក៏បាត់បង់ជីវិត។ ពេលដែលអាធននាំលោកគ្រូវាទៅពុំទាន់ដល់ភ្នំសុពណ៌កាលី វាខំប្រុប្រយ័ត្នការពារគ្រូវា មិនអោយជ្រមុជក្នុងទឹកសោះ វាហែលសើរៗលើទឹក លុះទៅដល់ភ្នំសុពណ៌កាលី វាជួបនឹងបច្ចាមិត្ដវា ដែលរករឿងប្រយុទ្ធជាមួយវាពីថ្ងៃមុនដូចពណ៌នាមកហើយនោះ។
ដោយសេចក្ដីគំគួនប្រណាំងប្រជែងនៅដឹតជាប់ នៅក្នុងដួងចិត្ដសត្វទាំងពីរ ពុំចេះអស់ពុំចេះហើយ ក៏នាំអោយកើតក្ដីជំលោះឡើងថ្មីម្ដងទៀត សត្វទាំងពីរនោះ ក៏តាំងប្រយុទ្ធគ្នាក្នុងខណនោះភ្លាម មុននឹងប្រយុទ្ធគ្នា អាធនគិតឃើញថា ប្រសិនបើអញខាំក្រពើនេះ អញគេចចុះគេចឡើងគ្រវីគ្រវាត់ក្នុងទឹក សមជាលោកគ្រូអញធ្លាក់ពីលើខ្នងអញចុះទៅបាតទន្លេហើយ បើដូច្នេះតើអញគិតយ៉ាងណា នឹងរត់ភៀសខ្លួនកុំឈ្លោះនឹងអាកំណាចនេះ រឺ ដូចម្ដេច? ជញ្ជឹងគិតទៅអាធន ទើបមានគំនិតមួយថា ទេគំនិតយ៉ាងនេះខុសទេ
ធ្វើបែបនេះជាការនាំអោយបរាជ័យដល់វត្ដសំបូរពេក អញត្រូវតែប្រយុទ្ធច្បាំងនឹងអាចង្រៃនេះអោយវាដឹងខ្លួនថា តែកាលណាអាណាមួយហ៊ានតតាំងនឹងក្រពើលោកគ្រូចៅអធិការវត្ដសំបូរហើយ អានោះអែងមុខជាអន្ដរធានពុំលែងឡើយ ហើយវាគិតឃើញម្យ៉ាងទៀតថា ដូច្នេះអញត្រូវតែយកលោកគ្រូអញលាក់ទុកក្នុងពោះអញសិន។
អាធនគិតដូច្នេះហើយ ក៏ហាមាត់លេបលោកគ្រូវាលាក់ទៅក្នុងពោះវាបាត់ទៅ។ លុះលាក់លោកគ្រូស្រេចហើយ ទើបវាតយុទ្ធនឹងបច្ចាមិត្ដរបស់វា មិនយូរប៉ុន្មានអាធនមានជ័យជនះឈ្នះក្រពើជាសត្រូវ ហើយអាធនក៏ធ្វើដំណើរតទៅទៀតទាល់តែដល់ស្រុកសំបូរ។ បណ្ដាភិក្ខុសង្ឃក្នុងវត្ដនោះ វេលាដែលឃើញអាធន ទៅដល់ក៏នាំគ្នារត់ម្នីម្នាមកទទួលអាធន អាធនវារឡើងទៅគោកនៅចំកណ្ដាលភិក្ខុសង្ឃទាំងឡាយ ហើយក៏ខ្ជាក់លោកគ្រូវាចេញពីក្នុងពោះវាមក។
អោពុទ្ធោអើយ! ពេលនោះលោកគ្រូបាត់វិញ្ញាណ ក្លាយទៅជាខ្មោចសុទ្ធសាធ។ ឃើញអាការៈវិនាសដូច្នេះហើយ ភិក្ខុសង្ឃស្រែកទ្រហោរយំទ្រហឹងអឹងកង ស្ដាយលោកគ្រូចៅអធិការ ហើយក៏បន្ទោសទៅអាធនថា «អោអែងអាក្រក់ណាស់ហ៊ានសំលាប់លោកគ្រូអិតពិចារណា អាធននឹកថា អោ! អញអើយ! អញស្មានថា ពោះអញអាចលាក់លោកគ្រូអញអោយរួចពីសេចក្ដីអន្ដរាយបាន អីលូវនេះបែរត្រលប់ទៅជាផ្នូរសំរាប់កប់លោកគ្រូអញវិញសោះ អោ! គំនិតអ្វីក៏ថយថោកដល់ម៉្លេះ! អាធននឹកទៅពេញហៅស្ដាយលោកគ្រូវាណាស់តែពុំដឹងធ្វើម្ដេច អោយលោកគ្រូមានជីវិតឡើងវិញ។
វេលាគេរៀបបូជាសព្វលោកគ្រូចៅអធិការ អាធនមានសេចក្ដីអៀនខ្មាសខ្លាំង ហើយនឹកថា អពមង្គលដែលនាំអោយលោកគ្រូអញ ដល់សេចក្ដីវិនាសយ៉ាងនេះមកពីហេតុអ្វី? សញ្ជឹងគិតយូរទៅវាសន្និដ្ឋានថា អញប្រាកដខុសពិតមែនហើយ ព្រោះអញបានសំលាប់លោកគ្រូដោយខ្លួនអញ ប៉ុន្ដែហេតុអ្វីបានជាអញលេបលោកគ្រូទៅក្នុងពោះអញ? នេះមកអំពីអញការពារសត្រូវនៅភ្នំសុពណ៌កាលី ក្នុងពេលដែលត្រលប់ពីឧត្ដង្គវិញ។
ប៉ុន្ដែយូរបន្ដិចមកទៀតអាធន គិតឃើញច្បាស់ថា សេចក្ដីអន្ដរាយដែលកើតឡើងអំបាលម៉ាននេះបណ្ដាលមកតែពីព្រះរាជបុត្រី បើសិនជាស្ដេចកុំត្រាស់បង្គាប់អោយគេនិមន្ដលោកគ្រូអញ លោកពុំមានគ្រោះថ្នាក់ដល់មរណៈដូច្នោះឡើយ។ ហេតុដែលបណ្ដាលអោយ លោកគ្រូអញដល់មរណៈ ដោយសារតែព្រះរាជបុត្រី ដូច្នេះព្រះរាជបុត្រីត្រូវតែមានទោស។
គិតហើយអាធនក៏ចងអាឃាតគំគួនប្រុងសងសឹក នឹងព្រះរាជបុត្រីអោយដល់នូវសេចក្ដីមរណៈ ហើយអាធនក៏វារពីលើគោកចុះទៅក្នុងទឹកទន្លេមេគង្គ។ អោ! គួរអោយស្ដាយវត្ដសំបូរណាស់អស់បានឃើញអាធនទៀតហើយ។ មុននឹងហែលទៅដល់ឧត្ដង្គ អាធនហែលសន្សឹមជាយូរថ្ងៃនៅក្នុងទន្លេមេគង្គ។ ដល់ឧត្ដង្គទើបវាឈប់សំរាកកាយ បង្អង់មើលឱកាសល្អដើម្បីសងសឹកនឹងរាជបុត្រី។
ក្នុងរឿងនេះមិនបានរ៉ាយរ៉ាប់អំពីកំនត់ប៉ុន្មានឆ្នាំខែ ដែលក្រពើរង់ចាំមានឱកាសល្អនឹងសងសឹកឡើយ គេគ្រាន់តែនិយាយថា មានថ្ងៃមួយវេលាដែលបុត្រីនោះបានជាសះស្បើយល្ហើយស្រួលព្រះអង្គហើយ ព្រះនាងចុះមកក្រសាលទឹកទន្លេជាមួយនឹងបរិពាររបស់ព្រះនាង។
វេលាដែលព្រះនាងកំពុងកញ្រ្ជោកបោកបាចលេងសប្បាយសើចក្អាកក្អាយជាមួយ នឹង ព្រះរាជបរិពារនៅក្នុងទឹក ស្រាប់តែក្រពើឈ្មោះអាធនមកត្របាក់យកព្រះនាងទៅបាត់ទៅ។ និយាយពីព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា ក្រពើបានត្របាក់លេបព្រះរាជបុត្រីហើយ ក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួល អួលអាក់ជាខ្លាំងពន់ពេក។ ទ្រង់ត្រាស់បង្គាប់អោយរៀបចំទូកទៅតាមប្រហារជីវិតក្រពើនោះ។
ដើម្បីអោយយល់ច្បាស់រឿងនេះយើងគប្បីសនិដ្ឋានថា នៅក្នុងសម័យនោះប្រទេសកម្ពុជាលិចទឹកពាក់កណ្ដាល កន្លែងមួយធំដែលអីលូវនេះជាខេត្ដកំពង់ចាម និងក្រចេះលិចទឹករហាចរហឹមទាំងអស់។ ហេតុដូច្នេះបានជាមានសត្វទឹកច្រើនមហិមា។ ដើម្បីនឹងទៅប្រហារជីវិតអាធននោះ គេត្រូវរៀបចំសំពៅ រៀបទូកក្ដារច្រវាចែវច្រើន។ នៅទីបំផុត ព្រះរាជាទ្រង់ព្រះបញ្ជាអោយហោរាគន់គូរមើល អោយដឹងថា ក្រពើនោះនៅទីត្រង់ណា ហើយរកឧបាយចាប់អោយទាល់តែបាន។ ហោរាបានអោយធ្វើកន្ទោងស្លឹកចេកមួយបញ្ចុះយ័ន្ដអាគមគាថា ក្នុងកន្ទោងនោះ ហើយបន្ដែតទៅលើទឹក កន្ទោងនោះក៏អណ្ដែតទៅតាមដានអាធន។
មុនដំបូងកន្ទោងអណ្ដែតចេញពីឧត្ដង្គ តំរង់ទៅស្រុកសំបូរ ហើយទៅសំចតក្នុងព្រែកមួយ។ ខណៈដែលកន្ទោងសំចតត្រង់ណា គេដឹងថាកន្លែងនោះហើយដែលអាធនលាក់ខ្លួនពួនអាត្មាវា។ លុះព្រះមហាក្សត្រទ្រង់បានជ្រាបលំនៅ របស់អាធនហើយទ្រង់ក៏ចាត់អោយរៀបព្រួលនៅក្នុងទឹក ដើម្បីនឹងឃាំងព័ទ្ធអាធនកុំអោយវាហែលរួចទៅក្នុងទន្លេ ប៉ុន្ដែចាត់ការពុំរហ័សទាន់ពេលវេលា អាធនក៏ហែលរត់ពីកន្លែងនោះទៅ។
ព្រែកដែលបានពោលមកនេះមានឈ្មោះថា «ព្រែកចារធ្នស់» ដែលមាននៅលុះដល់សព្វថ្ងៃនេះ។ ក្រោយពេលដែលវាបាន ហែលបត់ចុះបត់ឡើងគ្រប់កន្លែង វាទៅដល់ស្រុកខោន ហើយវាសំចតនៅទីនោះ២-៣ថ្ងៃ ទើបវាហែលចុះមកវិញ។ អែកន្ទោងក៏ចេះតែអណ្ដែតតាមជាដរាប មានទាំងនាវា ២-៣ តាមកន្ទោងនោះផង។ នៅទីបំផុតកន្ទោងនោះចុះមកដល់ស្រុកឆ្លូង អណ្ដែតចូលទៅក្នុងព្រែកឆ្លូង។
ព្រែកឆ្លូងសម័យនោះ ក្នុងពោះព្រែកមានច្រើនតែភក់ល្បប់ មាត់ព្រែកមានច្រើនតែគុម្ពោតព្រៃឈើ អ្នកស្រុកសង់ផ្ទះតូចៗ តាមជួរមាត់ព្រែកនោះ ក្នុងចន្លោះជលជាតិ និង គុម្ពោតព្រៃឈើទាំងនោះ។ កាលអាធនវាបានទៅដល់គុម្ពោតព្រៃទាំងនោះ វាសង្ឃឹមថាវាមុខជានឹងរួចអំពីគ្រោះថ្នាក់ធំហើយ ហើយវាសំចតនៅទីនោះ។ គុម្ពោតព្រៃទាំងនោះអាចបង្ខាំងមិនអោយទូកក្ដារនានាចូលបាន ប៉ុន្ដែកន្លែងនោះហើយដែលអាធនបានសេចក្ដីអន្ដរាយជាទំងន់រហូតដល់ស្លាប់។
និយាយពីបណ្ដាជនដែលដេញតាមអាធន កាលបើយើងដឹងថា វាសំណាក់អាស្រ័យនៅទីនោះហើយ គេក៏នាំគ្នាបញ្ជាន់មេមត់ ដែលជារូប ស នឹងអ្នកតាចាស់ស្រុកនៅទីនោះ ដណ្ដឹងសួរបន់ស្រន់អោយជួយចាប់អាធន យកមកប្រហារជីវិតអោយបាន បើបានដូចសេចក្ដីប្រាថ្នា គេនឹងថ្វាយស្បែកក្រពើដល់មេមត់នោះ។ ពេលនោះអាធនសំចតនៅកន្លែងមួយ ដែលហៅតាមសព្វថ្ងៃនេះថា «រូង»។ អែពួកអ្នកដេញតាមអាធនលុះបានអោកាសល្អ ក៏មុជក្នុងទឹកចាប់ចងស្រាក់ខ្លួនវា។ ទីដែលធ្វើការទាំងនោះនៅឃើញមានស្នាមដំណែលរហូតដល់សព្វថ្ងៃ។ ដោយអាធនមានទំងន់ច្រើនហាបពេក ទើបគេយកខ្សែចងថ្លឹងយិតយោង ថ្ពក់យកខ្លួនវាឡើងមកសំលាប់។
លុះសំលាប់អាធនបានហើយ គេយកស្បែកវាទៅថ្វាយមេមត់ ដែលបានបន់ពីមុនមក។ កន្លែងដែលគេទុកដុំសាច់ក្រពើនោះ ជាប់ឈ្មោះថា «នាងក្រពើ» តមក។ ប៉ុន្ដែដោយដីនៅកន្លែងនោះ មានរាងដូចជាខ្នងសត្វលា គេត្រលប់ជាហៅថា ខ្នងក្រពើវិញ ដែលជាកន្លែងធ្វើចំការកៅស៊ូ នៅមេមត់សព្វថ្ងៃ។
ឆៀងខាងកើតបន្ដិចមកខាងស្នូលមានកន្លែងមួយឈ្មោះថា វាលហាលងៀត ព្រោះកន្លែងដែលគេពន្លះសាច់អាធនប្រលាក់អំបិលហាលថ្ងៃ។ ចំណែកព្រះសពព្រះរាជបុត្រី ដែលរកឃើញក្នុងពោះអាធននោះ ព្រះរាជាទ្រង់ចាក់ការបូជាព្រះភ្លើងនៅស្រុកសម្បូរ ហើយទ្រង់បញ្ចុះព្រះធាតុចេតិយមួយ នៅក្នុងវត្ដសំបូរនេះអែ។
0 Comments:
Post a Comment