ឈីហួនកុងនៃរដ្ឋឈីបានប្រគល់តួនាទីឲ្យកួនចុងដំណើរការបដិរូបការគ្រប់គ្រង ដែលជាហេតុធ្វើឲ្យរដ្ឋឈីរឹងមាំក្លាយជារដ្ឋដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈិវ។ ដើម្បីសម្តែងឲ្យឃើញជាក់ក្នុងការសម្រេចចិត្តរបស់គេក្នុងការស្វែងរករួបរួមអ្នកមានសតិបញ្ញា ទើបឈីហួនកុងឲ្យដុតគប់ភ្លើងដ៏ធំមួយទុកនៅមុខវាំងដើម្បីត្រៀមចាំទទួលអ្នកមានសតិបញ្ញាពីគ្រប់ទិសទី ដែល នឹងចូលមកស្វាមីភក្តិចំពោះព្រះអង្គបានគ្រប់ពេលវេលាតែមិនដឹងថាព្រោះហេតុអ្វី គប់ភ្លើងបានដុតបំភ្លឺអស់កាលយូរដល់ទៅមួយឆ្នាំ ក៏គ្មានអ្នកមានសតិបញ្ញាណាម្នាក់ចូលមកសុំចូល
ជួបសោះ។
តមកមានថ្ងៃមួយនោះ នៅនាជាយក្រុងផ្នែកបូព៌ាទិសមានអ្នកស្រែជនបទម្នាក់មកសុំចូលជួបអាងថាខ្លួនមានសមត្ថភាពក្នុងការទន្ទេញមេសូត្រគុណ។ ឈីហួនកុងមានអារម្មណ៍អស់សំណើច ទើបបញ្ជូនមនុស្សឲ្យទៅប្រាប់គេថា “ការទន្ទេញមេសូត្រគុណគឺជារឿងធម្មតាសាមញ្ញនឹងមានតម្លៃអ្វីសមគួរដល់ការចូលជួបអ្នកគ្រប់គ្រងរដ្ឋនោះ?”។
អ្នកជនបទទើបតបទៅវិញថា “យើងខ្ញុំបានស្តាប់មកថា នៅមុខវាំងបានដុតគប់ភ្លើងពេញមួយឆ្នាំហើយ ក៏មិនមាននរណាសុំចូលជួប ទាំងនេះពីព្រោះព្រះអង្គម្ចាស់ជាបុគ្គលដ៏អស្ចារ្យ អ្នកមានសតិបញ្ញាក្នុងទិសទីផ្សេងៗសុទ្ធតែគិតថាខ្លួនឯងមិនអាចធៀបជាមួយនឹងព្រះអង្គម្ចាស់បានព្រោះហេតុនេះទើបមិនហ៊ានមកសុំចូលជួប។យើងខ្ញុំអា ទន្ទេញមេសូត្រគុណ ថ្វីបើវាគ្រាន់តែជាសមត្ថភាពតូចតាចក៏ដោយ តែបើព្រះអង្គម្ចាស់អាចទទួលស្វាគមន៍យើងខ្ញុំបានយ៉ាងល្អហើយនោះ តើទ្រង់នូវខ្លាចអ្វីទៀតទៅថាអ្នកមានសតិបញ្ញាពិតប្រាកដនឹងមិនមកសុំជួបទៀតនោះ? ភ្នំថៃសានដែលធំអស្ចារ្យក៏ព្រោះវាមិនបដិសេធក្នុងការទទួលយកដុំថ្មតូចៗ ទុកក្នុងរង្វង់ដៃ។
មហាសមុទ្រដ៏សែនជ្រៅក៏ព្រោះវាបានសន្សំទឹកពីទន្លេស្ទឹងដងអូតូចធំទាំងឡាយមកដាក់ក្នុងខ្លួនរបស់វា។ ក្នុងគម្ពីរ “ស៊ឺជិង” បានពោលទុកថា មហាក្សត្រក្នុងអតីតកាលពេលមានរឿងអ្វី ក៏សុទ្ធតែសុំយោបល់ពីអ្នកស្រែដែលជាអ្នកដាំស្រូវកាប់ឧស ដូច្នេះហើយទើបគេអាចរួបរួមមតិយោបល់បានយ៉ាងទូលំទូលាយ”។
ឈីហួនកុងបានស្តាប់ហើយក៏ងក់សិរសីយល់ស្របតាម ទើបចាត់ពិធីទទួលស្វាគមន៍អ្នកស្រែជនបទម្នាក់នោះយ៉ាងឳឡាឬកអធិកអធម។ តមករយៈវេលាមិនដល់មួយខែផង អ្នកមានសតិបញ្ញាទាំងបួនទិស ក៏នាំគ្នាមកសុំស្វាមីភក្តិចំពោះព្រះអង្គម្ចាស់ឈីហួនកុង។
(កំណត់ត្រាក្នុង “ហានស៊ឺវ៉ៃជួន”)
គតិក្នុងរឿងនេះ
ការដែលឈីហួនកុងក្លាយជាមនុស្សដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈិវ វាមានការទាក់ទងក្នុងរឿងវិធីប្រើមនុស្សរបស់គេជាច្រើន។ វិធីប្រើមនុស្សរបស់គេមានលក្ខណពិសេស ២ ប្រការ មួយគឺមិនអាឃាតព្យាបាទ ដូចជា កួនចុង ធ្លាប់ជួយ កុងជឺជិវ ដណ្តើមអំណាចប្រើកៅទណ្ឌបាញ់ប្រហារ ឈីហួនកុង ពីមុនមក តែពេលឈីហួនកុង ប្រើគេឲ្យធ្វើការ ក៏ផ្តល់ទំនុកចិត្តពេញទំហឹងមិនមានការសន្ទិះសង្ស័យអ្វីឡើយ។វិធីទីពីរគឹមិនប្រកាន់ខ្ជាប់ស្លាប់ខ្លួនរឹងឆ្កឺត។
តាមនិទានក្នុងរឿងនេះអាចឃើញបានថា “ភ្នំថៃសានមិនស្អប់ខ្ពើមដុំថ្មតូចធំ ទើបក្លាយជាគិរីដ៏ធំបាន។មហាសមុទ្រមិនបដិសេធទឹកពីទន្លេស្ទឹងដងអូតូចធំ ទើបជ្រាលជ្រៅធំធេងហួសគណនាបាន” ក្នុងបញ្ហាការប្រើមនុស្ស មេដឹកនាំគប្បីមានចិត្តដ៏ទូលំទូលាយដូច្នេះឯង។
0 Comments:
Post a Comment