គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី (រឿងនិទានខ្លី ៗ បង្រៀនគំនិត) ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Thursday, October 13, 2022

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

 

នៅរដ្ឋស៊ូ មានសេដ្ឋីម្នាក់ដែលគាត់រីកចំរើនលូតលាស់និងមានស្តុកស្តម្ភចេញមកពីភាពក្រីក្រតោកយាករបស់គាត់នោះឯងដោយពិត។ រឿងរ៉ាវរបស់គាត់ត្រូវបានគេនាំយកទៅនិយាយតៗគ្នាហើយល្បីខ្ចរខ្ចាយទៅដល់រដ្ឋផ្សេងទៀត។

បុរសក្រីក្រឈ្មោះលូ ធ្វើដំណើរត្រចចរកាត់ស្រុកកាត់ព្រៃមកពីរដ្ឋយ៉ុង ឆ្ពោះរដ្ឋស៊ូ ហើយសុំចូលជួបសេដ្ឋីម្នាក់នេះដើម្បីសាកសួរគន្លឹះអាថ៌កំបាំងដែលនាំឲ្យមានស្តុកស្តម្ភ ចំណែកឯលោកសេដ្ឋីវិញក៏មិនបានកំណាញ់ចំណេះដឹងអ្វីឡើយ។

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី (រូបភាព តំណាង)

“គន្លឹះឈានទៅកាន់ភាពស្តុកស្តម្ភនោះ ខ្ញុំរីករាយនឹងប្រាប់អ្នក ព្រោះវិធីរបស់ខ្ញុំនេះវាគ្មានអ្វីពិបាកសោះឡើយ គឺខ្ញុំមានអាជីពលួចឆក់ គ្រាន់តែឆ្នាំដំបូងខ្ញុំក៏មានបានល្មមហូបចុក ចូលឆ្នាំទីពីរខ្ញុំក៏ចាប់ផ្តើមមានទ្រព្យសម្បតិ្តនៅសល់ពីការហូបចុក លុះដល់ឆ្នាំទីបី ទ្រព្យសម្បត្តិមាសប្រាក់ដែលនៅក្នុងឃ្លាំងខ្ញុំក៏ក-ពូនច្រើនឡើងៗ ផ្ទះបាយរបស់ខ្ញុំក៏ហៀហូរពោរពេញទៅដោយធញ្ញាហារ ដោកជង្រុកទៀតសោតក៏ឧត្តមសម្បូរទៅដោយស្រូវអង្កបន្លែបង្កាគ្រប់មុខ”

លូ មិនបានសាកសួរអ្វីបន្ថែមទៀតក៏ជំរាបលាសេដ្ឋីត្រឡប់ទៅស្រុកវិញ។ ចាប់តាំងពីពេលនោះមក លូ ដំនើរជីវិតបែបដេកពេលថ្ងៃ ចេញធ្វើការងារពេលយប់ ដោយការលបចូលផ្ទះអ្នកដទៃលួចឆក់ទ្រព្យសម្បត្តិរបស់មានតម្លៃអ្នកស្រុកអ្នកភូមិ មិនយូរប៉ន្មាន លូ ក៏មានឋានៈប្រសើរឡើងជាងមុនគេមានសេចក្តីរីករាយនិងមានមោទនភាពចំពោះភាពជោគជ័យរបស់ខ្លួនក្រៃលែង តាំងចិត្តថា ពីរឆ្នាំទៀតគេនឹងមានស្តុកស្តម្ភស្មើនឹងសេដ្ឋីនៅរដ្ឋស៊ូ ហើយនៅពេលនោះគេនឹងត្រឡប់ទៅថ្លែងអំណរគុណបរមគ្រូរបស់គេ។

តែគម្រោងគ្រប់យ៉ាងមិនបានដំនើរទៅដូចគាត់គិតនោះទេ ព្រោះនៅនាអាធ្រាតយប់មួយអាជ្ញាធរមានសមត្ថកិច្ចក៏ក្របួចក-គាត់បាន លូទាំងឆ្ងល់ ទាំងភ័យតក់ស្លុតចម្លែកក្នុងចិត្ត….. ”បើលោកចាប់ខ្ញុំ លោកក៏ត្រូវចាប់សេដ្ឋីប៉ៅ នៅរដ្ឋស៊ូ ផងដែរព្រោះគាត់ក៏មានអាជីពលួចឆក់ដូចជាខ្ញុំនេះដែរ”

អាជ្ញាធរមានសមត្ថកិច្ចប្រាប់ថា ខ្ញុំធ្លាប់បានឮកិត្តិនាមសេដ្ឋីប៉ៅ មកខ្លះដែរ តែមិនធ្លាប់ដែលឮថាគាត់ជាចោរទេ តែលូ នៅតែអះអាងថា គាត់បានទទួលការនែនាំពីសេដ្ឋីប៉ៅ ថា បើចង់មានស្តុកស្តម្ភត្រូវចេះលួចឆក់។ ពេលរឿងនេះហាក់មានភាពរីករាលដាលធំដុំឡើងនិងច្របូកច្របល់ផង ម្ចាស់រដ្ឋយ៉ុង ទើបបញ្ជូនសារទៅកាន់មា្ចស់រដ្ឋស៊ូ ឲ្យបញ្ជូនសេដ្ឋីប៉ៅ មកកាន់សាលាកាត់ក្តីរដ្ឋយ៉ុង ដើម្បីពិចារណាក្តីរួមគ្នា។

ពេលបានជួបមុខសេដ្ឋីភ្លាម លូក៏តវ៉ាដោយសេចក្តីខឹងក្រោធថា “លោកបង្រៀនឲ្យលួចឆក់តែលោកមិនបង្រៀនវីធីគេចវៀសចៀសវាងពីអាជ្ញាធរមានសមត្ថកិច្ចដល់ខ្ញុំ ធ្វើឲ្យខ្ញុំត្រូវចាប់ខ្លួន ចំណែកលោកវិញបែរជារួចខ្លួនព្រងើយ”

“មើលទៅលោកហាក់ដូចជាយល់ច្រឡំនឹងសម្តីរបស់ខ្ញុំមិនតិចទេណឹះនៀក! ពាក្យថាលួចឆក់របស់ខ្ញុំនោះ បានន័យថាខ្ញុំលួចឆក់ពីធម្មជាតិទេតើ ផែនដី ព្រៃព្រឹក្សា ទន្លេសមុទ្រអាកាស ពិរុណ នោះអី ខ្ញុំលួចឆក់យកពីរបស់ដែលពួកគេមាន។ខ្ញុំប្រើផែនដីព្រោះស្រូវ ដាំដុះរុក្ខជាតិ ខ្ញុំចាប់សត្វពីព្រៃ ចាប់ត្រី កំពិស បង្កង ខ្យង ក្តាម ពីទន្លេសមុទ្រ របស់ទាំងអស់នេះមិនមែនជារបស់ខ្ញុំតែប្រការណាមួយឡើយ តែខ្ញុំក៏ឆក់យកពីរបស់ទាំងអស់នោះ ហើយប្រព្រឹត្តធ្វើដោយបើកចំហជាសាធារណមិនបានលាក់លាមរឺបិទបាំងនរណាឡើយ ទ្រព្យសម្បតិ្តមាសប្រាក់សំពត់អាវផ្សេងៗ ក៏សុទ្ធតែបានមកពីការបញ្ចេញកម្លាំងកាយរបស់ខ្ញុំដែលខ្ញុំនៅតែអះអាងថា ខ្លួនខ្ញុំនេះមានស្តុកស្តម្ភពីការលួចឆក់យ៉ាងពិតប្រកដ”។

និទានរឿងនេះបង្រៀនឲ្យដឹងថា៖  ពាក្យសម្តីវាមានសារសំខាន់ខ្លាំងណាស់ ដល់ថា្នក់អាចរំកិលភ្នំបានតែម្តង តែការបំបែក អត្ថន័យពាក្យសម្តីនោះ វាមានសារសំខាន់ជាងហ្នឹងទៅទៀត ព្រោះការបំបែកអត្ថន័យខុស ដោយសតិបញ្ញាដ៏តិចតួច ច្រើនក-ឲ្យកើត គ្រោះអាក្រក់ និងសេចក្តីវិនាសអន្តរាយតាមមកបាន ដូច្នេះគួរចេះស្តាប់ និងគិតតាមឲ្យបានល្អិតល្អិន់ពិចារណា ឲ្យគ្រប់ជ្រុងជ្រោយរួចហើយ សិមធ្វើការសម្រេចចិត្ត។

0 Comments:

Post a Comment