រឿងភ្នំបូរី – ភ្នំដា(នៅខេត្តតាកែវ)
ភ្នំទាំងពីរនេះ មានទំនងជាទីស្ថានវាំងបន្ទាយ ដែលមានសេសសល់ពីបូរាណកាល គឺនៅភ្នំបូរី មានថ្មភក់តម្រៀបបង្គរគ្នាជាកំពែងបន្ទាយធំទូលាយ ដែលសព្វថ្ងៃបាកបែកស្ទើរតែបាត់រូបឆោមអស់ទៅហើយ, ឯនៅលើភ្នំដា ឃើញនៅសល់ប្រាង្គសិលាមួយ នៅមានជារូបរាងច្បាស់លាស់នៅឡើយ ដោយមានរំលេចក្បាច់រចនាគួរជាទីគយគន់ផង ។
មិនតែប៉ុណ្ណោះ នៅជិតខាងភ្នំទាំងពីរនេះ មានបូរាណដ្ឋានច្រើនទៀត ប្រកបដោយបែបរចនាពិសេស ៗ ក្នុងជំនាន់នោះ ដូចជាបែបរចនាខាងស្ថាបត្យកម្ម ខាងការប៉ាន់រូបភាព និងក្បាច់ចម្លាក់ភ្ញីវល្លិនាំឲ្យអ្នកប្រាជ្ញខាងការស្រាវជ្រាវគុហាសាស្ត្រ (Archéologie) សន្មតឈ្មោះការរចនាខ្មែរសម័យនោះ ហៅថា “បែបភ្នំដា” ។
សព្វថ្ងៃ ទេសចរទាំងឡាយពុំសូវបានទៅដល់ទីនោះទេ ដោយសារពិបាកខាងគមនាគមន៍ ដូចយើងជំរាបមកហើយខាងលើ ។ ប៉ុន្តែ ទោះបីជាពុំបានឃើញផ្ទាល់ភ្នែកក៏ដោយ ការអានអត្ថបទ និងការស្ដាប់រឿងនិទានដែលទាក់ទងដោយរឿងរ៉ាវនៅទីកន្លែងនោះ ក៏ហាក់ដូចជានាំឲ្យយើងបានឃើញបានយល់ក្នុងចិត្តដែរ ។
ដើម្បីបញ្ជាក់ពីរឿងព្រេងប្រចាំភ្នំនោះ យើងសូមលើកយកសេចក្ដីឲ្យការណ៍របស់លោក ឌួង – អ៊ូច, អតីតមេឃុំអង្កាញ់ ស្រុកព្រៃកប្បាស ហើយដែលជាសមាជិកឆ្លើយឆ្លងរបស់ក្រុមជំនុំយើង 1 មកអធិប្បាយជូនទាំងស្រុង ដោយបានផ្ទៀងផ្ទាត់ជាមួយការស៊ើបសួរពីអ្នកស្រុកនៅត្រង់ភូមិភាគនោះថែមទៀតផង ។
រឿងព្រេងនោះ មានសេចក្ដីនិទានថា ៖
កាលនោះ មានព្រះរាជាមួយអង្គគង់នៅព្រះរាជវាំងក្រុងចម្ប៉ាសាក់ ឬបាសាក់ គឺនៅផ្នែកខាងលើតាមដងទន្លេមេគង្គ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមព្រះនាង “អាក់អ” ។ ព្រះរាជបុត្រីនេះ មានរូបឆោមលោមពណ៌ស្រស់ឆើតឆាយណាស់ រកនរណាឲ្យល្អត្រឹមស្មើពុំបានឡើយ ។ ប៉ុន្តែ ដោយព្រះនាងមានព្រះទ័យរវើរវាយក្នុងកាមរាគ នាំឲ្យព្រះនាងស្លុងចិត្តប្រតិព័ទ្ធទៅលើបុរសទុគ៌តម្នាក់ ភ្លេចគិតអំពីកិត្តិយសរបស់ព្រះរាជវង្សានុវង្ស ។
ដូច្នេះហើយ បានជាព្រះបិតា ទ្រង់ត្រាស់ឲ្យចាប់ព្រះនាងនេះព្រមទាំងប្រុសសហាយ ដាក់ពោងពាយបំបរបង់ បណ្ដែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវទៅ ។ ក្នុងពោងពាយជាមួយនោះ ព្រះរាជាទ្រង់ចាត់ឲ្យដាក់ទាំងស្រូវ អង្ករ ល្ង សណ្ដែក ពោត អំបិល ព្រហក់ ជាស្បៀងជាប់ទៅជាមួយព្រមទាំងគ្រឿងប្រដាប់ប្រើប្រាស់ជាច្រើនដង លុះពោងពាយនោះរសាត់អណ្ដែតទៅ ៗ ជាយូរថ្ងៃក៏បានទៅប៉ះជាប់នឹងភ្នំមួយ (ភ្នំបូរីនេះឯង) ដែលគេពុំទាន់បានឃើញមានមនុស្សរស់នៅនៅឡើយទេ ។ នាងអាក់អ និងស្វាមីនាំគ្នាត្រេកអរដោយបានមកប៉ះត្រើយនៃឲ្យខ្លួនរស់រួចជីវិតបាន, ទើបនាំគ្នាម្នីម្នា ជញ្ជូនរបស់របរដែលខ្លួនមានទាំងប៉ុន្មានចុះទៅអាស្រ័យនៅនឹងភ្នំនោះ ។ អ្នកទាំងពីរចាប់ប្រកបរបរដំណាំដាំដុះ និងស្វែងចូលព្រៃរកកាប់ឈើធ្វើឧស និងធ្វើជាខ្ទមអាស្រមសំរាប់ជ្រកនៅផង ។
ក្រោយពីបានតាំងលំនៅឋានបានស្រួលបួលមកថ្ងៃណា នាងអាក់អតែព្រួយលំបាកក្នុងព្រះទ័យណាស់ ព្រោះបារម្ភនឹងសុខ – ទុក្ខរបស់ខ្លួនផង នឹងរលឹកដល់ស្រុកកំណើតផង នឹកស្ដាយកិត្តិយសរបស់ខ្លួនដែលធ្លាប់តែថ្កុំថ្កើងផង ។ ហេតុនេះហើយ រៀងរាល់យប់, មុននឹងចូលដំណេក, នាងតែងអុជធូបទៀនបន់ស្រប់ បូងសួងដល់អារុក្ខអារក្ខចអ្នកតានៅព្រៃភ្នំ ព្រមទាំងម្រេញគង្វាលដែលរក្សានៅបឹងបួរទួលទីនោះថា សូមឲ្យលោកជួយបីបាច់ថែរក្សាយើងទាំងពីរនាក់ឲ្យបានសុខសប្បាយ រកស៊ីចិញ្ចឹមជីវិតក៏ឲ្យបានបរិបូណ៌ កុំឲ្យមានសេចក្ដីខ្វះខាតឡើយ ។
ដោយអានុភាពនៃសេចក្ដីអធិដ្ឋានរាល់ ៗ យប់យ៉ាងនេះ មិនយូរប៉ុន្មាន ក៏មានអ្នកសច្ចំបំបាំងបាត់មួយអង្គ 2 មកពន្យល់សប្ដិប្រាប់នាងថា “ចាប់ពីថ្ងៃនេះទៅ ចូរនាងកុំភ័យឲ្យសោះ យើងជាអ្នកសច្ចំនឹងជួយនាងឲ្យបានសុខ ឲ្យបានថ្កុំថ្កើងល្បីឈ្មោះនៅក្នុងទីនេះ, ប៉ុន្តែ យើងមិនបាច់ឲ្យនាងឃើញរូបយើងទេ” ។ ក្រោយពីស្ដាប់បណ្ដាំអ្នកសច្ចំដូច្នេះ ព្រះនាងភ្ញាក់ខ្លួនភ្លាម ហើយព្រះនាងនាំពត៌មាននេះប្រាប់ដល់ស្វាមីកំសត់ឲ្យដឹងផង ។
ចាប់ដើមពីថ្ងៃនោះមក ព្រះនាងបានឲ្យបុរសជាប្ដីទៅរកឧសពីក្នុងព្រៃរាល់ថ្ងៃដូចធម្មតា ។ ឯបុរសជាប្ដីនោះ ទៅកាប់បានសុទ្ធតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូប រែកជញ្ជូនមកគរទុកជាច្រើនគំនរ ប៉ុន្តែ មានប្រាថ្នាយកមកប្រើត្រឹមតែជាឧសដុតប៉ុណ្ណោះ ឥតមានយល់ថា នេះជាឈើមានតម្លៃឡើយ ។ ថ្ងៃមួយនាងអាក់អ ចេញទៅមើលគំនរឧសក៏ស្គាល់ច្បាស់ជាឈើចន្ទន៍ក្រស្នាដែលមានតម្លៃ ព្រះនាងក៏ញញឹមប្រាប់ប្ដីថា “រកឈើនេះឲ្យបានច្រើនមកទៀត” ។
ប្ដីក៏ខំប្រឹងរកតាមបណ្ដាំប្រពន្ធ, ពេលមួយបុរសនោះទៅក្នុងព្រៃ ប្រទះដុំមាសក្រហមឆ្អៅជាច្រើន ក៏គិតថា “ថ្មនេះមានសម្បុរល្អចម្លែកជាងថ្មទាំងពួង បើដូច្នេះ អញគិតយកទៅផ្ទះឲ្យបាន ៣ ដុំសំរាប់ឲ្យប្រពន្ធដម្កល់ធ្វើជើង្ក្រាន“។ គិតដូចនេះហើយបុរសនោះក៏លើកថ្មដាក់ក្នុងល្អី រែកយកទៅផ្ទះ ដោយមិនស្គាល់ជាដុំមាសឡើយ ។ លុះប្រពន្ធបានឃើញដុំមាសដូច្នោះហើយ ស្គាល់ច្បាស់ជាមាសតែមិនប្រាប់ប្ដីទេ គ្រាន់តែផ្ដាំប្ដីថា “បើប្រទះឃើញថ្មក្រហមដូច្នេះទៀត ឲ្យជញ្ជូនមកទុកទាំងអស់” ។ ប្ដីក៏ធ្វើតាមបណ្ដាំនាងជាដរាប ។
ថ្ងៃមួយព្រះនាងគិតឃើញថា ឧសចន្ទន៍ក្រស្នានិងមាសរបស់អញកាន់តែច្រើនឡើងហើយ បើដូច្នេះអញគិតលើកទង់មួយឲ្យខ្ពស់ ជាសញ្ញាក្រែងមានសំពៅពីប្រទេសក្រៅ ធ្វើដំណើរជំនួញលក់ដូររបស់ផ្សេង ៗ គេឃើញហើយនឹងចូលមកទាក់ទង ។
គិតហើយព្រះនាងក៏នាំប្ដីប្រញាប់ប្រញាល់ធ្វើតាមគំនិតនេះភ្លាម ។ មិនយូរប៉ុន្មាន មានដង្ខៅសំពៅនៅស្រុកស្លាត់លង្កា បើកសំពៅ ៧ នាំកំណាត់សំពត់ និងភស្ដុភារដទៃទៀតមកលក់ដូរនៅតាមឆ្នេរសមុទ្រ ។ លុះសំពៅនេះបានមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាឲ្យដឹងថាទីនេះមានមនុស្សរស់នៅ ទំនងជាមានការចង់ទាក់ទងលក់ដូររបស់របរផង គេក៏នាំគ្នាតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះ ។ នាយសំពៅទាំង ៧ នាក់ ឡើងទៅលើដីគោក ប្រទះឃើញព្រះនាងអាក់អពីរនាក់ប្ដីប្រពន្ធរស់នៅក្នុងទីនោះ ក៏ពោលប្រាស្រ័យទាក់ទងដោយការគួរសម ។
ព្រះនាងអាក់អ បបួលមាយសំពៅដូរកំណាត់សំពត់ព្រមទាំងភស្ដុភារផ្សេង ៗ ជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង ។ នាយសំពៅយល់ព្រមសុខចិត្តដូរគ្នា ហើ់យទើបនាងនាំនាយសំពៅទាំងនោះ ទៅបង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀត ។ នាយសំពៅបបួលដូរកំណាត់សំពត់ជាមួយមាសនោះ ប៉ុន្តែព្រះនាងអាក់អមិនព្រម ។ ព្រះនាងប្រាប់ទៅនាយសំពៅថា “បើចង់បានមាសនេះ ចូរអ្នកទៅនាំយកជាងមាសចំនួន ១០០ នាក់ប្រុស ១០០ នាក់ស្រី មកឲ្យខ្ញុំសិន” ។
គ្រានោះនាយសំពៅក៏ព្រមព្រៀងយ៉ាងពេញចិត្ត ហើយក៏នាំគ្នាបើកក្ដោងសំពៅវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ ។ ក្រោយដែលទៅដល់ស្រុកហើយ នាយសំពៅនិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាស ទាំងប្រុសទាំងស្រីចំនួន ២០០ នាក់ដូចពាក្យនាងស្រីបានផ្ដាំមក ។ កាលបើបានគ្រប់ចំនួនហើយ នាយសំពៅរូតរះចុះសំពៅវិលត្រឡប់ទៅស្រុកព្រះនាងអាក់អយ៉ាងប្រញាប់ ។ នាយសំពៅប្រគល់មនុស្សឲ្យព្រះនាងអាក់អ ព្រះនាងក៏ប្រគល់មាសឲ្យទៅគ្រប់សំពៅទាំង ៧ វិលត្រឡប់ទៅស្រុកវិញទៅ ។
ចំណែកព្រះនាងអាក់អ និងស្វាមី ក៏បានចាត់ចែង ពួកអ្នកស្រុកស្លាត់ទាំងប៉ុន្មានដែលមករស់នៅជាមួយ ឲ្យអ្នកខ្លះទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំឲ្យបានច្រើនថែមឡើងទៀត, អ្នកខ្លះឲ្យដំរំលាយមាសផែធ្វើជាគ្រឿងអលង្ការផ្សេង ៗ មានធ្វើជាកងចិញ្ចៀន ជាដើម ។
លុះបានរបស់របរច្រើនហើយ តែងមានឈ្មួញស្រុកក្រៅចូលសំពៅមកចតទាក់ទងទិញដូររបស់របរទាំងនេះជាហូរហែ ។ មិនយូរប៉ុន្មាន ៥ – ៦ ឆ្នាំប៉ុណ្ណោះ ក៏មានអ្នកស្រុកក្រៅខ្លះ ៗ ទៀតមកសុំជ្រកនៅរកស៊ីបានកាន់តែច្រើនកុះករឡើង អ្នកស្រុកស្រីប្រុសដែលមកនៅយូរហើយនោះ ក៏កើតបានជាកូនចៅថែមឡើងទៀត ម៉្លោះហើយភូមិស្រុកនោះក៏បានរីកធំឡើង ហើយអ្នកស្រុកទាំងអស់ក៏គោរពដល់ព្រះនាងអាក់អ និងស្វាមីគ្រប់ ៗ គ្នា ព្រោះសំគាល់ថាជាម្ចាស់ទីកន្លែង និងជាដង្ខៅនៃរបររកស៊ីក្នុងទីនេះ ។
ហេតុនេះហើយបានជាព្រះនាងអាក់អ ដឹកនាំស្វាមីឲ្យប្រកាសតាំងខ្លួនជាស្ដេចមួយអង្គគ្រងរាជ្យនៅត្រង់ដំបន់នេះឡើង ដោយមានព្រះនាមថាព្រះបាទ “សង្ខចក្រ” និងព្រះនាងអាក់អ ជាអគ្គមហេសី ។ គ្រានោះព្រះបាទសង្ខចក្រ ទ្រង់ចាត់តាំងឲ្យមានជាមន្ត្រីរាជការ តាមក្រុម តាមពួករវាងអ្នកស្រុកទាំងអស់នោះឡើង ។
មិនតែប៉ុណ្ណោះទ្រង់ចាត់ឲ្យរេហ៍ពលទាំងនេះ សង់បន្ទាយធ្វើជាកំពែងថ្មនិងឥដ្ឋ ព័ទ្ធជុំវិញឲ្យកើតជាបរិវេណយ៉ាងធំមួយឡើង 3 ហើយសន្មតបរិវេណកំពែងនេះ ហៅថា “បូរី” បានន័យថាទីក្រុង គឺថាភូមិស្ថានទាំងឡាយស្ថិតនៅក្នុងបរិវេណនេះទុកជាអ្នកក្រុង សម្បត្តិក្រុង ។
ហេតុនេះឯងបានជាជាប់ឈ្មោះទីភ្នំនេះដល់សព្វថ្ងៃហៅថា “ភ្នំបូរី” 4 កាលបើសាងបានជាទីបូរីសមរម្យ មានកិត្តិយសសមរម្យសមតាមប្រាថ្នាហើយ ព្រះបាទសង្ខចក្រ និងព្រះអគ្គមហេសី ទ្រង់រំលឹកដល់គុណអ្នកសច្ចំដែលសន្យាថាជួយពីថ្ងៃមុននោះ, ព្រះអង្គក៏ចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយយ៉ាងល្អស្រស់នៅលើភ្នំខាងកើត ដែលសព្វថ្ងៃហៅថាប្រាសាទភ្នំដា ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំ ដែលមានគុណឧបការៈលើព្រះអង្គ ។
ដូច្នេះ យើងបញ្ជាក់ឡើងវិញតាមរឿងព្រេងនេះបានថា ភ្នំបូរីកើតឡើងពីព្រះបាទសង្ខចក្រនឹងព្រះនាងអាក់អនេះឯង ដូចមានសេចក្ដីហូរហែមកហើយ ។
តាមសេចក្ដីសង្កេតដោយយកប្រវត្តិសាស្ត្រមកសំអាងផង ឃើញថា ប្រាសាទទាំងឡាយដែលកសាងឡើងនៅក្នុងភូមិភាគអង្គរបូរី អ្នកប្រាជ្ញស្រាវជ្រាវទាំងប៉ុន្មាន បានរកដានឃើញថា សុទ្ធសឹងជាប្រាសាទចាស់ជាងគេ គឺកសាងឡើងតាំងពីមុនសម័យអង្គរ (PréangKor) ដែលកាលនោះប្រទេសកម្ពុជាយើងនៅជាពីរផ្នែកនៅឡើយ គឺផ្នែកខាងលើមានសម្ភុបុរៈ ជាទីក្រុង និងខាងមាត់សមុទ្រមានវ្យាធបុរៈ ជារាជធានី ។
វ្យាធបុរៈ នេះហើយ ដែលអ្នកប្រាជ្ញស្រាវជ្រាវសន្និដ្ឋានច្បាស់លាស់ថាគឺ អង្គរបូរី សព្វថ្ងៃនេះឯង ។ ដូច្នេះឃើញថាទីស្ថានបុរាណទាំងឡាយនៅជិត ៗ គ្នាត្រង់អង្គរបូរីប្រាកដជាទីស្ថានបូរី របស់ខ្មែរយើងសម័យកសាងសញ្ជាតិ កសាងប្រទេសដែលពុំទាន់រីកធំទូលំទូលាយនៅឡើយ ។
ហេតុនេះ រឿងព្រេងភ្នំបូរីគ្រាន់តែជាឯកសារមួយបន្ថែមលើឯកសារសំខាន់ ៗ ទាំងឡាយសំរាប់ជួយបញ្ជាក់តាមបែបរឿងព្រេងប៉ុណ្ណោះ ។
0 Comments:
Post a Comment