October 2022 ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Friday, October 14, 2022

រឿង តាដុងយាយជ័យ

 


សេចក្ដីដំណាលថា កាលនោះព្រះមហាក្សត្រមួយអង្គសោយរាជនៅនគរខ្មែរ បាននាំព្រះអគ្គមហេសី ដែលទ្រង់គភ៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរ តែទ្រង់ពុំបានជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូតិព្រះរាជបុត្រ ព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍ ។ 

លុះព្រះរាជបុត្រប្រសូតិមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះ នឹកខ្មាសអស់អាណាប្រជានុរាស្ត្រ ក៏ទ្រង់កាយដីកប់ពងនោះទុកចោលក្នុងព្រៃទៅ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រ ដែលទ្រង់សង្ឃឹមក្នុងព្រះរាជហឫទ័យថា បើប្រសូតិមកជាកូនមនុស្ស នឹងបានសោយរាជតំណព្រះរាជវង្សតទៅ ព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះ ព្រះរាជាក៏នាំព្រះអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ ។


ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះព្រាន វិង ជាព្រានរបស់ព្រះរាជា មានថ្ងៃមួយនោះ ព្រានវិងបានចេញដើរបរបាញ់សត្វនៅក្នុងព្រៃ បានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែព្រានក៏ព្រុសកោះកកាយដី ព្រានបានឃើញពងកប់ក្នុងដី ក៏រើសយកមកទុកនៅផ្ទះរបស់ខ្លួន ។ ដោយពងនោះធំចម្លែកណាស់ ព្រានបានថែរក្សាភ្ញាស់ទុកមើល ។ 

លុះគ្រប់ថ្ងៃខែ ព្រះរាជបុត្រប្រសូតិចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានឃើញចម្លែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះលុះត្រាតែធំ បានដាក់ឈ្មោះកូននោះថា " ប្រមាញវិងស៊ុង " ។

ចៅប្រមាញ់វិងស៊ុង លុះចម្រើនវ័យឡើង មានរូបឆោមពណ៌ល្អឆើតឆាយលើសលុបបុរសទាំងពួង ស្ត្រីណាបានឃើញរូបចៅប្រមាញ់វិងស៊ុងចេះតែស្រឡាញ់គ្រប់គ្នា ។ ឯចៅប្រមាញ់វិងស៊ុង បានថ្នឹកហាត់ខាងដើរបរបាញ់សត្វជាមួយព្រានវិងជាឪពុក អ្នកស្រុកគេភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។

ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ ។ តាយាយ នេះគាត់មានកូនក្រមុំស្រីមួយឈ្មោះនាង "ត្រចើលដោះក្រាល" មានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួង សាច់ស បបូរមាត់ដិតស្លា ភ្នែកទាំងគូភ្លឺដូចនិល ចិញ្ចឹមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមប្រឿងៗ ដោះទាំងគូឡើងណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូសឲ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់ល្វន់ល្វាសសមឫកពា ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។

តាដុង យាយជ័យ បានសង់ផ្ទះនៅជាមួយនឹងកូនលើដីទួលមួយ មានទឹកព័ទ្ធជុំវិញ ការពារកុំឲ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុង យាយជ័យសង់ផ្ទះនោះ នៅមានជាដំណែលជាប់មកដល់សព្វថ្ងៃ ឋិតនៅមុខខ្លោងទ្វារចូលទៅវត្តទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ ៥ ចម្ងាយពីផ្លូវជាតិប្រមាណ ៥០ ម៉ែត្រ នៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

តាដុង យាយជ័យមានប្អូនស្រីមួយឈ្មោះនាង ទែន នៅភូមិស្រែរនោង ។ តានិងយាយបាននាំនាងត្រចើលដោះក្រាលទៅលេងឯផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីង នាងតែងតែដើរកាត់ភូមិកាត់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះ

រាល់ពេលនាងដើរ បានជាកន្លែងនោះមានឈ្មោះថា ភូមិ-ឃុំ ញ៉ែងញ៉ងដល់សព្វថ្ងៃ លុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាង តែងពោលសរសើរសាច់នាងថា សស្គុស ពាក្យសរសើររាល់ពេលវេលាដែលនាងមកដងទឹក ទើបមានពាក្យហៅមកដល់សព្វថ្ងៃថា ឃុំគុស ។ ឯឃុំញ៉ែងញ៉ង និងឃុំគុសនេះ នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ពេលនេះ នាងនៅលេងនឹងផ្ទះម្ដាយមីងពីរបីថ្ងៃ លុះតាដុង យាយជ័យក៏មកយកនាងវិលទៅកាន់ទីលំនៅវិញ ។ តាដុង យាយជ័យនឹងនាង ត្រចើលដោះក្រាល ដែលមកដល់កាន់ផ្ទះនាងទែននោះលស់ខែតិចណាស់ ។ មានថ្ងៃមួយ តានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវ បានជួបនឹងព្រាន វិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ ។ 

ដោយព្រាន វិង និងតាដុង យាយជ័យនោះ បានស្គាល់ច្បាស់ពីមុនមកផង អ្នកនោះក៏មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើបានឃើញគ្នាហើយ ក៏ចេះតែគយគន់មើលគ្នាទៅវិញទៅមក ។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឫកពាទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា ។ 

ឯតាដុង យាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុងមានរូបល្អ ក៏នឹកក្នុងចិត្តថា បើបានធ្វើជាគូស្វាមីភរិយាជាមួយកូនអញស័ក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរព្រានវិងថា " អ្នកកំលោះត្រូវជាអ្វីនឹងអ្នក ? " ។ ព្រានវិងក៏ឆ្លើយប្រាប់ថា " កូន " ។ ដោយសេចក្ដីពេញចិត្តនឹងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឲ្យគូស្នេហាទាំងពីរនាក់នេះនិយាយឆ្លើយឆ្លងគ្នាបានតាមចិត្ត ។ លុះចប់ការសន្ទនានឹងគ្នាហើយ អ្នកដំណើរទាំងក៏លាបែកចាកចេញពីគ្នាទៅ ដោយពាំយកទាំងក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។

ចៅប្រមាញ់វិងស៊ិង បានដឹងដំណើរនាង ត្រចើលដោះក្រាល មកលេងនៅផ្ទះនាងទែនញឹកញាប់ ក៏ចេះដើរកាត់ស្វែងមកមករកជួបនឹងនាងនៅផ្ទះនាងទែននោះជាញឹកញាប់ដែរ ។ ឯព្រានវិងមេបាខាងនាងក៏ពេញចិត្តនឹងគូស្នេហាទាំងពីរនោះ ចាំតែដល់ពេលចូលដណ្ដឹងនិងរៀបការផ្សំផ្គុំគ្នាឲ្យប៉ុណ្ណោះ ។

លុះនៅយូរទៅ សេចក្ដីស្នេហាក៏រីកដុះដាលធំឡើងតែរាល់ថ្ងៃ ដោយតាដុងយាយជ័យពុំបានជូននាងមកលេងផ្ទះនាងទែន ជាញឹកញាប់ដូចកាលមុនៗ ព្រោះគាត់មានការកង្វល់ច្រើន នាងក៏លបលួចរត់មកផ្ទះនាងទែនតែម្នាក់ឯង ។

ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍មានសេនា ៤នាក់ ដង្ហែព្រះអង្គទៅផង លុះចូលដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះនាង ត្រចើល-ដោះក្រាល ដើរត្រាច់តែម្នាក់ឯង ។ ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា ព្រៃប្រទះនាង ដែលសព្វថ្ងៃគេហៅក្លាយមកថា ប្រទះឡាង ទៅវិញ ។ 

ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងពណ៌ល្អដូចនាងទេពធីតា ក៏ទ្រង់លោតចុះពីលីខ្នងសេះ យាងសំដៅទៅរកនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាង ត្រចាលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។ ពេលនោះ ព្រះរាជានិងសេនាបួននាក់ ក៏រត់ដេញតាមនាង ។ 

ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយនាងព្រះរាជាដេញប្រកិតជិតណាស់មកផង នាងបានឃើញដំបូក ១ នៅក្នុងព្រៃពីមុខនាង ក៏លើកដៃបួងសួងថា " បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វិងស៊ុង សូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់ " ។ បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនាបួននាក់ ក៏ទតមើលពីចម្ងាយមកនាងរត់ចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងពុំឃើញវិញ បានជាពាក្យហៅទីនោះថា "ដំបូកមានលក្ខណ៍" ។ 

កន្លែងនេះក្រោយមក អ្នកស្រុកបានសាងវត្តហៅវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នេះគេហៅថា "ត្រពោកមានលក្ខណ៍" ។ ពេលនោះ ព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះជាមួយសេនា, សេនា ៤ នាក់ទូលតបវិញថា " ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ បានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង ប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន" ហើយ

សេនាទូលថែមទៀតថា "បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាង សូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ" ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា "ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង ?" ។ សេនាក្រាបបង្គំទូលថា "បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាង ថ្វាយព្រះអង្គ នឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន " ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង ៤ នាក់សព្វគ្រប់ហើយ ទ្រង់យាងចូលព្រះពន្លាវិញ ។

ចាប់តាំងពីថ្ងៃនោះមក សេនា ៤នាក់ក៏ត្រាច់ស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកពេលអស់យូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរកមិនឃើញនោះ ។ ព្រះរាជាក៏ប្រជុំអស់ពួកសេនា ទ្រង់មានព្រះរាជបញ្ជាថា "ឲ្យរៀបធ្វើពិធីបុណ្យប្រណាំងទូកង ឲ្យអ្នកស្រុកផ្អើលឈូឆរមកមើលក្រែងបានជួបប្រទះនឹងនាង ហើយពួកយើងតាមមើលនាងឲ្យស្គាល់ទីលំនៅរបស់នាង " ។

សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹងដល់អ្នកស្រុកជនបទជិតឆ្ងាយ ឲ្យមកមើលប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូឆរមីរដេរដាសដើរពពាក់ពពូនគ្នាទៅមើល ដោយសេចក្ដីរីករាយ ។

ចំណែកនាង ត្រចាលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំបានស្គាល់ជាស្ដេចទេ, លុះស្ដេចយាងផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញដំបូកត្រឡប់មកផ្ទះឪពុកម្ដាយនាងវិញ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនូវហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាង ដ៏លើសលុបទៅលើចៅប្រមាញ់វិងស៊ុង ។ ម្ដាយឪពុកបានដឹងចិត្តកូនសព្វគ្រប់ហើយ ក៏មានចិត្តអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។

ពេលដែលអ្នកស្រុកផ្អើលឈូឆរទៅមើលប្រណាំងទូក តាដុង យាយជ័យក៏នាំនាង ត្រចើលដោះក្រាល ទៅមើលនឹងគេដែរ លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសម្រស់របស់នាង ត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ 

សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮដល់សេនារបស់ព្រះរាជា ដែលកំពុងដើរត្រាច់រង្គាត់រកមើលនាង ។ សេនាទាំង ៤ បានដើរមកឃើញស្គាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើររបស់នាងត្រឡប់ទៅផ្ទះវិញ ។ លុះពិធីប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រឡប់ទៅទីលំនៅរៀងខ្លួន ។ សេនា ៤ នាក់ក៏លួចធ្វើដំណើរតាមក្រោយ តាដុងយាយជ័យ លុះបានស្គាល់ទីលំនៅនាងនឹងឪពុកម្ដាយនាងហើយ ក៏ត្រឡប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត ។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយនឹងសេនា ៤ នាក់ ។ 

តាដុងយាយជ័យ បានឃើញព្រះរាជាស្ដេចយាងមកដល់ផ្ទះនាង ក៏រៀបទីកន្លែងទទួលព្រះអង្គ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនឹងតាដុងយាយជ័យ សូមដណ្ដឹងយកនាង ត្រចើល-ដោះក្រាល មកធ្វើជាអគ្គមហេសីហើយព្រះអង្គបញ្ជាក់ថា "សូមឲ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់ " ។

ពេលនោះ តាដុងយាយជ័យ បានស្គាល់ទឹកចិត្តកូនច្បាស់ តែមិនទាន់ហ៊ានសម្រេចថាថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្តកូនសិន ។ លុះទៅសួរនាង ត្រចាលដោះក្រាល ប្រកែកចំពោះឪពុកម្ដាយនាងថា "នាងមិនទទួលយកស្ដេចទេ នាងស៊ូស្លាប់ជាមួយនឹងចៅប្រមាញ-វិងស៊ុង ជាគូបណ្ដូលចិត្តនាងហើយ " ។

តាដុងយាយជ័យឮកូនប្រកែកតឹងរ៉ឹងដូច្នោះ ក៏ពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធថា "បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្តយើងដែលគ្នាបានស្រឡាញ់ទៅលើរូបចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្តយើងដែរទៅហើយ បើដូច្នេះយើងបង្គាប់ព្រះរាជាជាឲ្យធ្ងន់កុំឲ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គចាត់ការធ្វើមិនទាន់ដែរ ។ 

លុះពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តានិងយាយក៏ទទួលព្រះរាជាថា " មិនហ៊ានបង្គាប់ព្រះអង្គទេ ក្រែងព្រះអង្គមិនហ៊ានទទួល " ។ ព្រះរាជាមានព្រះបន្ទូលថា " ព្រះអង្គហ៊ានទទួលទាំងអស់ឲ្យតែលើកនាងថ្វាយព្រះអង្គចុះ " ។ តានិងយាយក៏បង្គាប់ព្រះរាជាថា " សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឲ្យបានស្រេចតែមួយរាត្រី បើមិនហើយ ទូលព្រះបង្គំមិនលើកនាងថ្វាយទេ " ។

 ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថាការនេះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឫទ័យលើរូបនាង ត្រចើលដោះក្រាល ខ្លាំងលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុងយាយជ័យ ។ លុះព្រះអង្គយាងថយទៅវិញ ទ្រង់ប្រាប់រេហ៍ពលឲ្យមកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា " ចូរសេនារេហ៍ពលទាំងអស់ លើកផ្លូវថ្នល់មួយចាប់ព្រះពន្លារហូតទៅដល់ផ្ទះឪដុងម៉ែជ័យ ធ្វើ១យប់ឲ្យហើយស្រេច " ។

 ពាក្យដែលហៅថា ស្រុកឧត្ដុង្គសព្វថ្ងៃ គឺហៅតាមបន្ទូលស្ដេចមុនដំបូងដែលហៅថា ឪ ដុង ម៉ែ ជ័យ តែក្រោយមកគេហៅក្លាយជា ឧដុង្គមានជ័យ ។ គ្រាសេនារេហ៍ពល លើកផ្លូវថ្នល់ក្នុង១រាត្រីនោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជួបគ្នាបានជាមានពាក្យហៅថា ភូមិថ្នល់ដាច់ នៅស្រុកបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះ ។

ឯតាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា "បើព្រះអង្គ លើកផ្លូវថ្នល់ ១ យប់ ហើយមែននឹងនាំនាងរត់ទៅតែម្ដង" លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនហើយ តានិងយាយត្រេកអរណាស់ ក៏ចូលចតទូកត្រង់កន្លែងផ្លូវថ្នល់ដាច់មិនជួបគ្នានោះ ហើយតាដុង យាយជ័យ ឡើងទៅមើលផ្លូវថ្នល់ ។ 

គាត់កំពុងតែពិនិត្យមើលថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាក៏ស្ដេចយាងមកទតមើល ។ តាដុងយាយជ័យឮដំណឹងថា ស្ដេចយាងមកហើយ ក៏បបួលគ្នារត់ចុះទូកកុំឲ្យស្ដេចឃើញមុខ ។

 ពេលនោះយាយជ័យប្រពន្ធតាដុងភ័យញញីញញ័ររត់ចុះទៅទូកមិនកើតក៏វារចុះតាមច្រាំងជង្ហុក ទទួលជួនជាសេនាមកដល់ក៏ស្រែកឃាត់ថា "យាយកុំវារចុះទៅទូកអី ស្ដេចយាងមកដល់ឥឡូវហើយ" ។ យាយជ័យមិនស្ដាប់សោះក៏ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ ។ កន្លែងដែលយាយជ័យវារនោះ ពីដើមគេហៅកំពង់យាយជ័យវារ តែសព្វថ្ងៃគេហៅក្លាយថា កំពង់ជវារ ឋិតនៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។


រឿងគ្រូពេទ្យសំណាង



រឿងគ្រូពេទ្យសំណាង

 កាល​ដ៏​កន្លង​យូរ​មក​ហើយ មាន​បុរស​ម្នាក់​ឈ្មោះ សំណាង ជា​មនុស្ស​កំញ្រ​ឳពុក មាន​តែ​ម្តាយ​ជា​គម្រប់​ពីរ នៅ​ស្រុក​បច្ចន្ត​គ្រាម​ក្នុង​នគរ​បុរីរម្យ ជា​អ្នក​ទាល់​ក្រ​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ល្ងង់​ខ្លៅ​មិន​មាន​វិជ្ជា​ចំណេះ​អ្វី​ក្នុង​ខ្លួន សូម្បី​តែ​អក្សរ​នឹង​លេខ​ក៏​មិន​ចេះ​ផង ។ 

ជីវិត​នាយ​សំណាង​ប្រព្រឹត្ត​មក​បាន ២០ ឆ្នាំ​ប្លាយ​ហើយ មិន​ដែល​ប្រទះ​សេចក្ដី​សុខ​ស្រួល​ម្ដង​សោះ ជួប​តែ​សេចក្ដី​នឿយ​ហត់ លុះ​តែ​ខំ​ប្រឹង​រក បែក​ញើស​តាង​ទឹក ទើប​បាន​អាហារ​បរិភោគ​ព្រឹក​ល្ងាច ឯសម្លៀក​បំពាក់​មាន​គ្រាន់​តែ​បិទ​បាំ​កេរ្តិ៍​ខ្មាស ថែម​ទាំង​មាន​បំណះ​ច្រើន​ជាន់​ច្រើន​ពណ៌, មុខ​គួរ​ឲ្យ​សង្វេគ​ពេក​ណាស់ ។ 

 មាន​កាល​ថ្ងៃ​មួយ នាយ​សំណាង​មាន​វិតក្កខ្លាំង ជា​ហេតុ​នាំ​ឲ្យ​ទឹក​មុខ​ស្រពោន​មិន​ក្លៀវក្លា​ចេះ​តែ​អង្គុយ​សំកុក មិន​និយាយ​ស្ដី​រក​អ្នក​ណា​ឡើយ ។ ក្នុង​ខណៈ​នោះ មាន​តា​ចាស់​ម្នាក់ មាន​នាម​នឹង​គោត្រ​មិន​ប្រាកដ ស្មា​ស្ពាយ​ថង់យាម ដៃ​កាន់​ឈើ​ច្រត់ បាន​ដើរ​មក​ជួប​នឹង​នាយ​សំណាង ក៏​សួរ​ថា នែចៅ! មុខចៅក្រៀម​ក្រោះមិន​ស្រស់​ស្រាយ​សោះ ទំនង​ជាមិន​សប្បាយ​ដោយ​ហេតុ​អ្វី​មួយ​ឬ​ចៅ ? ។

 សូម​ជម្រាប​ប្រសាសន៍​លោក​តា ខ្ញុំ​បាទ​ព្រួយ​ចិត្ត​ជា​ខ្លាំង ។ ចៅ​ព្រួយ​ព្រោះ​រឿង​ហេតុ​អ្វី? ។ បាទ, ព្រោះ​ខ្ញុំ​បាទ​ទាល់​គំនិត​មិន​ដឹង​ជា​នឹង​គិត​ធ្វើ​របរ​បែប​ណា គ្រាន់​នឹង​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​សុខ​ស្រួល កុំ​ឲ្យ​មាន​លំបាក​ដូច​សព្វ​ថ្ងៃ​នេះ ។ អាយុ​ចៅ​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ​កើត​ថ្ងៃ​អី ឆ្នាំ​អី ? ។ ជម្រាប​ប្រសាសន៍​លោក​តា ខ្ញុំ​បាទ​អាយុ​២៦ ឆ្នាំ​ហើយ កើត​ថ្ងៃ​ប្រហស្បតិ៍ ខែ​បិសាខ​ឆ្នាំ​ច ។ 

បាន​ជា​តា​សួរ​ដូច្នេះ ព្រោះ​តា​បាន​ស្តាប់​ពាក្យ​ចៅ​ឯង​មក គួរ​ឲ្យ​អាណិត​ណាស់ តា​ចង់​ពិគ្រោះ​មើល​ជោគ​ជតារាសី​ចៅ ឯង តើ​ក្នុង​មួយ​ចប់​ជីវិត​របស់​ចៅ​ប្រព្រឹត្ត​ទៅ​បែប​ណា ។ បាន​លោក​តា​មើល​ឲ្យ​ខ្ញុំ​បាទ​អរគុណ​រក​ប្រៀប​គ្មាន។ តា​ចាស់​បាន​យក​លេខ​ថ្ងៃ​ខែ​ឆ្នាំ​នឹង​អាយុ​រាសី​មក​ពិនិត្យ​គន់​គូរ​មើល សង្កេត​តាម​គម្ពីរ​វេទ​ ដែល​ចេះ​ចាំ​មក​សព្វ​គ្រប់​ហើយ ទើប​ពិនិត្យ​មើល​លក្ខណៈ​ទ្រង់​ទរាយ​រូប​ឆោម​របស់​ចៅ​សំណាង​មក​ផ្គូ​រគ្នា​នឹង​លេខ​ថ្ងៃ​ខែ​ឆ្នាំ ហើយ​ទាយ​ថា នៃ​ចៅ! ទំនាយ​ចៅ​ឯង​ថា នឹង​បាន​សេចក្ដី​សុខ មាន​កេរ្តិ៍​ឈ្មោះ​ដោយ​សារវិជ្ជា​មួយ ។ 

វិជ្ជា​អ្វី? លោក​តា! ។ វិជ្ជា​ពេទ្យ​ផ្សំ​ថ្នាំ​ព្យាបាល​រោគ​គ្រប់​ជំពូក ចៅ! ។ ឳលោក​តា​អើយ! ខ្ញុំ​បាទ​នឹង​ចេះ​ផ្សំ​ថ្នាំ​ធ្វើ​ជា​គ្រូពេទ្យ​ដូច​ម្តេច​កើត​បើ​ខ្ញុំ​បាទ​ខ្លៅ​ម្ល៉េះ សូម្បី​តែ​អក្សរ​លំនាំ​ក៏​ខ្ញុំ​បាទ​មិន​ចេះ​ផង ។ តា​ចាស់​ញញឹម​ហើយ​ប្រាប់​ថា មាន​មនុស្ស​ចច្រើននាក់​ណាស់​ចៅ! ដែល​មាន​ទ្រព្យ​សម្បត្តិ​ព្រម​ទាំង​មាន​កេរ្តិ៍​ឈ្មោះ​ព្រោះ តែ​វិជ្ជា​ផ្សំ​ថ្នាំ គេ​ក៏​មិន​ចេះ​អក្សរ​ដូច​ចៅ​ដែរ ។ បើ​ប្រាកដ​ដូច​លោក​តា​មាន​ប្រសាសន៍​មែន ខ្ញុំ​បាទ​អរ​ណាស់ ។ បន្ទាប់​មក តា​ចាស់​លា​នាយ​សំណាង​ដើរ​ហួស​ទៅ មិន​ដឹង​ជា​ទៅ​កាន់​ទី​ណា ។ 

 កាល​តា​ចាស់​នោះ​ទៅ​បាត់ ចៅ​សំណាង​អង្គុយ​ទ្រឹង​គិត​១​ស្របក់ ក៏​ស្រាប់​តែ​ប្រែ​ទឹក​មុខ​ថ្លា​ស្រស់ ដោយ​នឹក​ឃើញ​ថា ឳលោក​តា​នេះ​ទាយ​ហាក់​ដូច​ជា​បើក​មុខ​វែក​ផ្លូវ​ ឲ្យ​អញ​ធ្វើ​តាម​ឧបាយ​នោះ​ហើយ ។ កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន ចៅ​សំណាង​ទៅ​ឯមាត់​សមុទ្រ ដើរ​រក​រើស​ឆ្អឹង​ត្រី, សំបក​លៀស, សំបក​ត្រី, ស្នូក​អណ្ដើក-បបែល-កន្ទាយ​-កុយ, ភ្លុក, ស្បែក, ស្នែង, របស់​សត្វ​ផ្សេង ននឹងសំបុក​ឆ្កែ​ញ៉ាំង​ជា​ដើម, កាល​ត្រឡប់ពី​មាត់​សមុទ្រ​មក​វិញ បាន​ឡើង​ទៅ​កាន់​ព្រៃ​ភ្នំ រក​កាប់​ដើម, ឫស, សំបក​នៃ​ឈើ​វិសេសៗ ក្រៗ ដែល​មិន​មាន​រៀង​អាយ​នឹង​តា​វល្លិផ្សេងៗ ហើយ​យក​មក​ត​ប្រៀប​ដាក់​លក់​កណ្ដាល​ផ្សារ​នៅ​ស្រុក​បច្ចន្ដ​គ្រាម ព្រម​ទាំង​និយាយ​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំង​ពួង ឲ្យ​ជឿ​ចូល​ចិត្ត​ជាវ​ថ្នាំ​យក​ទៅ​ប្រើ​រម្ងាប់​រោក​ទាំង​ពួង ។ 

រី​ឯ​ពួក​បុរស​ស្រ្ដី​ដែល​មាន​ភ័យ​ព្រោះ​រោគ​គ្រប​សង្កត់​រឹប​ជាន់​រាង​កាយ សឹង​តែ​នាំ​គ្នា​ខ្វល់​ខ្វាយ​ចូល​ជាវ​ឳសថ​អំពី​នាយ​សំណាង​គ្រប់ៗគ្នា ។ ចាប់​ដើម​ពី​ថ្ងៃ​ដែល​នាយ​សំណាង​តាំង​ថ្នាំ​លក់ អ្នក​ផង​នាំ​គ្នា​ហៅ​ថា “ពេទ្យ​សំណាងៗ” ជាប់​រហូត​រៀង​មក ។ នៅ​ឳកាស​ដែល​ពេទ្យ​សំណាង​កំពុង​ផ្សាយ​ថ្នាំ​ឳសថ ពួក​ចៅ​ហ្វាយ​ស្រុក​គ្រប់​ដំបន់​ក្នុង​នគរ​បុរីរម្យ សឹង​តែ​ខំ​ខ្វល់​ខ្វាយ​ចាត់​ការ​ឲ្យ​ភ្នាក់​ងារ​ទីទៃៗ​ទៅ​ស៊ើប​រក​ពេទ្យ​ពូកែៗ​ក្នុង​ដំបន់​ដែល​ខ្លួន​កាន់​កាប់, លុះ​ស៊ើប​ទៅ​ឃើញ​មាន ក៏​បញ្ជូន​ពេទ្យ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះករុណា​ម្ចាស់​ជីវិត​នៃ​នគរបូរីរម្យ តាម​ព្រះ​រាជ​ឳង្ការ​ត្រាស់​បង្គាប់ ។


 ចំណែក​ឯពួក​រាស្រ្ត​អ្នក​ស្រុក​បច្ចន្ដ​គ្រាម កាល​មាន​ពួក​ភ្នាក់​ងារ​រាជការ​ស្រុក​ទៅ​ស៊ើប​រក​ពេទ្យ​ពូកែ បាន​ឆ្លើយ​ដាក់​ទៅ​លើ​ពេទ្យ​សំណាង​មក​សាលា​ស្រុក​ហើយ​ប្រាប់​ថា​នៃ​ពេទ្យ​សំណាង​! អ្នក​ផង​ក្នុង​ស្រុក​នេះ​និយាយ​ថា​អ្នក​ឯង​ចេះ​ផ្សំ​ថ្នាំ​យ៉ាង​ចំណាន ចុះ​អ្នក​ឯង​ដឹង​ទេ? ឥឡូវ​នេះ​ព្រះ​មហាក្សត្រ​ដែល​សោយ​រាជ្យ​នៅ​នគរ​យើង​នេះ មាន​ព្រះ​អាបាធ​រោគ​ក្អក​របេង​ទ្រង់​បាន​ឲ្យ​ពួក​ពេទ្យ​នៅ​ទី​ក្រុង​ទាំង​អម្បាល​ម៉ាន មក​ព្យាបាល​រោគ​នោះ​ហើយ តែ​មិន​បាន​ធូរ​ស្រាក​ស្រាន្ដ​


សោះ ទើប​ទ្រង់​ចាត់​ព្រះ​រាជ​ឳង្ការ​បង្គាប់​មក​ចៅ​ហ្វាយ​ស្រុក​គ្រប់​ស្រុក​ក្នុង​ព្រះ​នគរ​ឲ្យ​បញ្ជូន​ពេទ្យ​ក្នុង​ស្រុក​នីមួយៗ​ទៅ​មើល​រោគ​ព្រះ​អង្គ, ហេតុ​នេះ យើង​នឹង​បញ្ជូន​អ្នក​ឯង​ឲ្យ​ទៅ​មើល​ព្រះ​រោគ​ស្ដេច​នោះ ក្នុង​កាល​ឥឡូវ​នេះ ។ 

 បាន​ឮ​ថា ពេទ្យ​សំណាង​នោះ ក៏​កើត​រោគ​ក្អក​របេង​មក​យូរ​ឆ្នាំ​ហើយដែរ តែ​រក​ថ្នាំ​មើល​ដោយ​ខ្លួន​ឯង​មិន​ជា​សោះ កាល​បាន​ស្តាប់​ពាក្យ​ចៅ​ហ្វាយ​ស្រុក​តម្រូវ​ឲ្យ​ទៅ​មើល​រោគ​ស្តេច​ដូច្នោះ ក៏​ភិត​ភ័យ​ជា​ខ្លាំង បាន​អង្វរ​ទៅ​ចៅ​ហ្វាយ​ស្រុក​ថា សូម​លោក​មេត្តា​កុំ​បញ្ជូន​ខ្ញុំ​ប្របាទ​ទៅ​ឲ្យ​ទាន ពព្រោះខ្ញុំ

ប្របាទ​គ្មាន​ចេះ​ផ្សំ​ថ្នាំ​កែ​រោគ​បែប​នោះ​ទេ​ណា​មួយ​ខ្ញុំ​ប្របាទ​ក៏​កើត​រោគ​របេង​នោះ​ដែរ ខ្ញុំ​បាទ​នឹង​ទៅ​មើល​ថ្វាយ​ស្តេច​ដូច​ម្តេច​កើត ។
 រីឯ​ចៅ​ហវាយ​ស្រុក​នោះ ជា​អ្នក​ខ្លាច​ស្តេច​ណាស់ ដោយ​គិត​ឃើញ​ថា បើ​មិន​បាន​បញ្ជូន​ពេទ្យ​ណា​មួយ​ទៅ​ថ្វាយ ក្រែង​ស្តេច​យក​ទោស​ថា ល្មើស​នឹង​ព្រះរាជ​ឳង្ការ តែ​នឹង​រក​ពេទ្យ​ដទៃ​ក្នុង​ស្រុក​នោះ​ក្រៅ​ពី​ពេទ្យ​សំណាង​មិន​បាន ទើប​ពុំ​ព្រម​ទទួល​ពាក្យ​អង្វរ, ទោះ​បី​ពេទ្យ​សំណាង​អង្វរ​យ៉ាង​ណា ក៏​រឹង​រឹត​សំដែង​អំណាច​ប្រើ​អាការ​បង្ខិត​បង្ខំ​ជា​ខ្លាំង​ដរាប់​ទាល់​តែ​ពេទ្យ​សំណាង​លែង​ប្រកែក ព្រម​ទទួល​ទៅ​ទាំង​ភិត​ភ័យ​ ។ 

ចៅ​ហ្វាយ​ស្រុក​បាន​ចាត់​បម្រើ​ម្នាក់ ឲ្យ​យក​រទេះ​១​មក​នាំ​ពេទ្យ​សំណាង​ចៅ​ថ្វាយ​ស្តេច ក្នុង​ពេល​នោះ​ភ្លាម​ឥត​មាន​បង្អែ​បង្អង់​ឡើយ ។ ពេទ្យ​សំណាង​ជិះ​រទេះ​ទៅ​អស់​រយៈ​ផ្លូវ​វែង​ឆ្ងាយ ក៏​បាន​ដល់​ភ្នំ​មួយ​ដែល​តាំង​នៅ​ពាក់​កណ្ដាល​ផ្លូវ បាន​ដាក់​រទេះ​ឈប់​រក​ទឹក​ផឹក​ក្បែរ​ជើង​ភ្នំ​នោះ ។ 

ដោយ​ការ​ស្រេក​ទឹក​ពន់​ពេក, តេជោ​ធាតុ​ក្នុង​ខ្លួន​ពេទ្យ​សំណាង​ក៏​ឆេះ​ដាល​រោល​រាល​ជា​ខ្លាំង ជា​ហេតុ​បណ្ដាល​ឲ្យ​រោគ​ក្អក​រឹង​រឹត​តែ​ខ្លាំង​ឡើង​លើស​ដើម​ទៅ​ទៀត ។ 

ជូន​ជា​ពេល​នោះ ជា​រដូវ​ខែ​ប្រាំង សត្វ​ទី​ភូមិ​ភាគ​ផែន​ដី​ក្បែរ​ជើង​ភ្នំ សឹង​តែ​រីង​ស្ងួត​ហួត​ហែង​គោក​ខះ​អស់​ពុំ​មាន​ទឹក​ដក់​នៅ​បន្ដិច​សោះ​ឡើយ ពេទ្យ​សំណាង​ដើរ​រក​ស្ទើរ​ដាច់​ខ្យល់​ពុំ​បាន​ទឹក​ក្រេប​សោះ ដើរ​ទៅ​ដើរ​ទៅ​បាន​ឃើញ​ខ្ទម​មួយ ដល់​ដើរ​ចូល​ទៅ​ជិត​ឃើញ​មាន​បុរស​ស្រ្ដី​ប្តី​ប្រពន្ធ​នៅ​ក្នុង​ខ្ទម​នោះ ឯ​ប្រពន្ធ​កំពុង​លាង​បន្លែ​ច្រើន​មុខ​ក្នុង​ផើង​មួយ ដោយ​ទឹក​បន្ដិច​ហើយ​ល្ងក់​កខួរ ។ ពេទ្យ​សំណាង​និយាយ​សុំ​ទឹក​ថា អឺអ្នក! មាន​ទឹក​ទទួល​ទាន​ទេ មេត្តា​ឲ្យ​ខ្ញុំ​សុំ​ទទួល​ទាន​បាន​១​ឆ្អែត ។

 ស្រ្ដី​នោះ​តប​ថា ឳ លោក​អើយ!​ខ្ញុំ​គ្មាន​ទេ​នៅ​ទី​នេះ​ក្រ​ទឹក​ណាស់, ខ្ញុំ​ខំ​សំរេង​ដង​អំពី​អណ្ដូង​ខាង​ត្បូង​ផ្ទះ​បាន​ល្មម​តែ​ស្ល​ដណ្ដាំ, នៅ​សល់​បន្ដិច​បន្ដួច ខ្ញុំ​យក​មក​លាង​បន្លែ​នេះ​អស់​ទៅ​ហើយ ។ ពេទ្យ​សំណាង​ស្រេក​ទឹក​ខះ​ក​ពេក​ទ្រាំ​អត់​ពុំ​បាន ក៏​សុំ​ទឹក​លាង​បន្លែ​អំពី​ស្រ្ដី​នោះ​មក​ផឹក រួច​លា​ម្ចាស់​ខ្ទម​ត្រឡប់​មក​ឡើង​ជិះ​រទេះ​ធ្វើ​ដំណើរ​ត​ទៅ​មុខ​ទៀត ។ 

 លុះ​ពេទ្យ​សំណាង​ជិះ​រទេះ​ទៅ​ដល់​ទី​ក្រុង ក៏​បរទេះ​ចូល​ទៅ​តាម​ថ្នល់​ក្នុង​ក្រុង មើល​ឃើញ​ថ្នល់​ស្អាតៗ​ខ្វាត់​ខ្វែង​ជា​ក្រឡាចត្រង្គ ឃើញ​សសរ​គោម​ដាក់​ចង្កៀង​បំភ្លឹ​វេលា​យប់​ភ្លឺ​រន្ទាល តាម​ដោយ​ចិញ្ចើម​ថ្នល់​ជា​សង្កាត់ៗ ឃើញ​ផ្ទះ​ផ្សារ​ធំៗ​ខ្ពស់ៗ​ច្រើន​ជាន់​ល្វែង​សង់​ជា​ជួរៗ​តាម​សង​ខាង​ថ្នល់​នីមួយៗ នៅ​ក្នុង​ផ្ទះ​ផ្សារ​ទាំង​នោះ ឃើញ​សុទ្ធ​តែ​ជាតិ​អ្នក​នគរ​បុរីរម្យ​បើក​លក់​ទំនិញ​គ្រប់​មុខ, ទី​ខ្លះ​ឃើញ​សួន​ផ្កា ដាំ​ផ្កា​លាកយ​ពណ៌​ចម្រុះ​គ្នា វិចិត្រ​ជា​ក្បាច់​ផ្សេងៗ​គួរ​ឲ្យ​មៀង​មើល ។

1

 ពេទ្យ​សំណាង​ជិះ​រទេះ​គន់​មើល​បណ្ដើរ លុះ​បរ​ទៅ​ដល់​ព្រះ​បរមរាជ​វាំង ឃើញ​កំពែង​វែង​សន្លឹម ធ្វើ​អំពី​ថ្ម​ដ៏​ខ្ពស់​ព័ទ្ធ​ជុំ​វិញ​ជា ៤ ជ្រុង នៅ​ជុំ​វិញ​កំពែង​នោះ មាន​រោង​ទង​ដ៏​ល្អ​វិចិត្រ​ក្បាច់​រចនា​ប្លែកៗ មើល​ទៅ​ខាង​ក្នុង​ឃើញ​ប្រាសាទ​ជា​ច្រើន ខ្ពស់​ទទុងៗ ប្រក់​សុទ្ធ​តែ​ក្បឿង​ពណ៌​ភ្លឺ​ចិញ្ចែង កំពូល​មុខ​ព្រហហ្ម​បួន នៅ​ទី​ក្បែរ​ខាង​ប្រាសាទ​មួយៗ​មាន​សួន​ផ្កា​ល្អ​ត្រកាល​ពេទ្យ​សំណាង​ឃើញ​ហើយ នឹង​អស្ចារ្យ​ស្ងើច​ស្ញប់​ស្ញែង​ខ្លាច​រិទ្ធានុភាព​ស្តេច​ផែន​ដី ដែល​រៀបចំ​ទី​ក្រុង​នឹង​ព្រះរាជ​វាំង​ ឲ្យ​រុង​រឿង​នេះ ជា​អនេក​កប្បការ ។ 

 កាល​ពេទ្យ​សំណាង ចុះ​ពី​រទេះ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជ​វាំង បាន​ឃើញ​ពួក​ពេទ្យ​ដែល​មក​អំពី​ស្រុក​ក្រៅ កំពូង​គេ​ផ្សំ​ឳសថ​ថ្វាយ​ស្ដេច តែ​ស្ដេច​សោយ​ថ្នាំ​ទាំង​នោះ​ទៅ ក៏​ពុំ​បាន​ជា​ព្រះរោគ​ឡើយ ។ ក្នុង​កាល​មុន​នឹង​ចូល​ទៅ​គាល់​ស្តេច ពេទ្យ​សំណាង​មាន​ព្រួយ​ចិត្ត ឆ្លេ​ឆ្លា​គំនិត​ជា​ខ្លាំង​ណាស់ ដោយ​ការ​ស្រាវ​ជ្រាវ​នឹក​រក​ថ្នាំ​នឹង​យក​មក​ប្រកប​ផ្សំ​ថ្វាយ​ស្ដេច​ដើម្បី​ដោះ​ទាល់​ខ្លួន ព្រោះ​កាល​ចេញ​ពី​ផ្ទះ​មក​គ្មាន​ដោយ​ជាប់​ថ្នាំ​បន្ដិច​បន្ដួច​មក​ផង​ទេ, ដើរ​បណ្ដើរ​នឹក​រក​ថ្នាំ​បណ្ដើរ, កំពុង​តែ​ដើរ​គិតៗ ស្រាប់​តែ​ភ្ញាក់​ក្នុង​ចិត្ត​ថា “យី!​អញ​មក​តាម​ផ្លូវ មិន​បាន​ពិនិត្យ​មើល​រោគ​ខ្លួន​ឯង​ផង​សោះ

 ឥឡូវ​នេះ​ក្នុង​ខ្លួន​អញ​ដូច​ជា​បាន​ធូរ​ច្រើន​ណាស់​បាត់​ក្អក​បាត់​ក្ដៅ​ស្ទេញ​អស់​ហើយ, ប្រហែល​រោគ​ក្នុង​រូប​អញ​នេះ​បាន​សះ​ស្បើយ​ ដោយ​សារ​ផឹក​ទឹក​សាង​បន្លែ ដែល​សុំ​ពី​ស្រី​នៅ​ជើង​ភ្នំ​នោះ​ទេ​ដឹង? អញ​គួរ​មើល​ថ្វាយ​ស្តេច​តាម​ទំនង​នេះ​ចុះ” លុះ​គិត​ឃើញ​ដូច្នេះ​ហើយ ក៏​ឲ្យ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ស្ដេចៗ​ទ្រង់​មាន​ព្រះ​រាជ​ឳង្ការ​សួរ​ថា “ពេទ្យ​សំណាង! អ្នក​ឯង​អាច​មើល​រោគ​យើង​ជា​ទេ? បើ​មើល​ជា, យើង​និង​ឲ្យ​រង្វាន់​ជា​ច្រើន” ។

 ពេទ្យ​សំណាង​ក្រាប​ទូល​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ទូល​បង្គំ​សូម​មើល​ថ្វាយ​តាម​បន្ទាល់ តែ​សូម​ទ្រង់​ព្រះ​រាជ​ទាន​បន្ទប់​មួយ​ដ៏​ស្ងាត់​នឹង​មនុស្ស​បម្រើ​ពីរ​នាក់ ដើម្បី​នឹង​បាន​ចាត់​ចែង​ឳសថ​ថ្វាយ” ។ ស្ដេច​ទ្រង់​បាន​ប្រទាន​តាម​ពាក្យ​សុំ​របស់​ពេទ្យ​សំណាងៗ​បាន​ហៅ​អ្នក​បម្រើ​ទាំង​ពីរ​នាក់​នោះ ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បង្គាប់​ឲ្យ​ទៅ​រក​បេះ​ស្លឹក​ ផ្លែ​ឈើ មើល​ឈើ​ដែល​គេ​ស្ល​បរិភោគ​បាន​បន្ដិចៗ​គ្រប់​មុខ​អំពី​ស្រុក​ស្រែ​មក​ឲ្យ, កាល​បាន​ហើយ ក៏​យក​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​យក​ទឹក​លាង​ក្នុង​ចាន​


ដែក​មួយ ធ្វើ​ទំនង​ឲ្យ​ដូច​ស្រី​លាង​បន្លែ​ដែល​ខ្លួន​ឃើញ រួច​យក​ទឹក​នោះ​ទៅ​ត្រង​ដោយ​សំពត់​ស​ស្អាត ហើយ​ចាក់​ទៅ​ក្នុង​កែវ​មួយ​នាំ​យក​ទៅ​ថ្វាយ​ស្ដេចៗ សោយ​ទឹក​ឳសថ​អស់​១​កែវ​នោះ ព្រះ​អាពាធ​ក៏​បាន​ធូរ​សះ​ស្បើយ​ចាក​ព្រះ​អង្គ ។ ព្រះ​មហាក្សត្រា​ធិរាជ កាល​បាន​ជា​ព្រះ​រោគ​ហើយ ទ្រង់​សោមនស្ស​រីក​រាយ​សប្បាយ​ក្នុង​ព្រះ​រាជហឫទ័យ​ជា​ខ្លាំង ទ្រង់​បាន​ធ្វើ​បដិការ​តប​គុណ​ពេទ្យ​សំណាង ឲ្យ​សម​គួរ​ដល់​កិច្ច​ដែល​គេ​បាន​ស្រង់​ជីវិត​ព្រះ​អង្គ គឺ​ទ្រង់​ប្រទាន​ស្រី​ស្នំ​ម្នាក់​ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែល​មាន​រូប​ឆោម​ល្អ​ឆើត​មាន​ពុជ​ពង្ស​ខ្ពង់​ខ្ពស់ ឲ្យ​ជា​ភរិយា, ទ្រង់​ប្រទាន​ខ្ញុំ​ប្រុស​ខ្ញុំ​


ស្រី​ច្រើន​នាក់​នឹង​មាស​ប្រាក់​ច្រើន​ពាន់ ព្រម​ទាំង​ផ្ទះ​មួយ​ដ៏​មាន​ប្រដាប់​ប្រើ​ប្រាស់​ក្នុង​នោះ​គ្រប់​គ្រាន់ ហើយ​ទ្រង់​ប្រទាន​យស​សក្ដិ​ខ្ពង់​ខ្ពស់​ទី​ឧក​ងារ​ជា​ឧកញ៉ា​សំណាង​មាន​ភ័ព ។ ពេទ្យ​សំណាង​កាល​បាន​ទទួល​ព្រះ​រាជ​អំណោយ​​ដ៏​ប្រសើរ​យ៉ាង​នេះ​ហើយ ក៏​មាន​ចិត្ត​ត្រេក​អរ​មហិមា​បាន​នៅ​រួម​វាសនា​ជា​មួយ​នឹង​នាង​សុគន្ធ​ជា​សុខ​សប្បាយ​ថ្ងៃ​ក្រោយ​មក​បាន​ប្រើ​គេ​ឲ្យ​ទៅ​នាំ​មាតា​យក​មក​នៅ​ជា​មួយ​ឯទី​ក្រុង​វិញ ។ តាំង​ពី​ថ្ងៃ​ដែល​ព្រះរាជា​ទ្រង់​សះ​ស្បើយ​ព្រះ​រោគ, កិត្តិស័ព្ទ​ដ៏​ពីរោះ​ក៏​លាន់​ឮ​ខ្ចរ​ខ្ចាយ​ពេញ​ទាំង​នគរ​ថា​ពេទ្យ​សំណាង​មើល​ស្តេច​ជា ។ 


មនុស្ស​ទាំង​ឡាយ​ជា​អ្នក​មាន​ទុក្ខ​ធុរៈ ដោយ​រោគ​ផ្សេងៗ​បាន​នាំ​គ្នា​ចូល​ទៅ​សុំ​ជាវ​ថ្នាំ​លោក​សំណាង​រាល់​ថ្ងៃ ។ ឳសថ​ណា​ដែល​លោក​សំណាង​ផ្សំ​ឲ្យ ឳសថ​នោះ​ពូកែ​សក្ដិសិទ្ធិ​អាច​រម្ងាប់​រោគ​បាន​ដូច​ចិត្ត ។ លោក​សំណាង​បាន​ជួប​សេចក្ដី​សុខ​បន្ដិច​ម្តងៗ​ តាំង​ពី​ថ្ងៃ​ចេញ​លក់​ថ្នាំ, រហូត​មក​ដល់​មាន​កេរ្តិ៍​ឈ្មោះ​ជា​ពេទ្យ​វិសេស រឹង​រឹត​មាន​សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ​ថែម​ទៀត គួរ​ឲ្យ​អស្ចារ្យ​នឹង​បុណ្យ​លោក​ដ៏​ក្រៃ​លែង ។ រឿង​ដែល​ដំណាល​មក​នេះ បំភ្លឺ​បាន​ទាំង​ពីរ​ផ្លូវ គឺ​ទាំង​ផ្លូវ​លោក​នឹង​ផ្លូវ​ធម៌ ដូច​មាន​សេចក្ដី​រួច​រួម​ជា​ពាក្យ​កាព្យ​ត​ទៅ​នេះ ៖ បុណ្យ​ភ័ព្វ​កំណប់​ពី​ព្រេង​នាយ តែង​ឲ្យ​ពណ្ណរាយនា​លោកិយ ដល់​ជន​ជា​ប្រុស​ឬ​ជា​ស្រីដែល​ខំ​ឃ្មាត​ខ្មី​កសាង​ទុក ។

ឃើញ​ទេលោក​សំណាង​មាន​ភ័ព្វល្បី​ឈ្មោះ​មាន​ទ្រព្យ​គេ​រាប់​មុខ ផ្សំ​ថ្នាំ​សក្តិសិទ្ធិ​ឥត​មាន​ធុក នេះ​គឺ​សាង​សុខ​ទុក​ពី​មុន ។ មួយ​ទៀត​រឿង​នេះ​ស​ឲ្យ​យល់ ថា​កុំ​ឲ្យ​វល់​ព្រោះ​គ្មាន​ទុន ប្រឹង​តែ​ធ្វើ​ការ​កុំ​ស្កកស្កុនសុខ​សាន្ដ​ទ្វេ​គុណ​គង់​កើត​មាន ។ ហេតុ​នេះ​អស់​សាធុជន​អើយ បើ​ក្ដី​ក្រ​គ្រប​ហើយ​ត្រូវ​រិះ​ធ្យានប្រឹង​ប្រកប​ការ​ឲ្យ​កើត​បានដូច​ពេទ្យ​ចំណាននេះអឺយ ៕ 

 ស្រាវជ្រាវតាមការរៀបរៀងរបស់ឃុន​សុវត្ថិវេទី យូ-អ៊ុន ដោយ÷ចៅតាជេត

រឿង ពស់លេបមន្ត្រីធំ




រឿង ពស់លេបមន្ត្រីធំ

កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកម្សត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ 

ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេងដោយបានរកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ វាចេះស្ដាប់ ចេះនិយាយភាសាមនុស្សផង។

ដោយសារវាស្ដាប់ វានិយាយជាមួយម្ចាស់វារាល់ថ្ងៃ ខែ ដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើន មានប្រពន្ធហើយមានកូនបីនាក់ផង ។ ចំណេរយូរមក ពស់នោះកាន់តែធាត់ធំឡើង គ្មានកន្លែងដេកនៅផង គ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផង ថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេក ចេះតែបង្ខំបុរសម្ចាស់ពស់ឲ្យយកពស់ទៅលែងក្នុងព្រៃ ។ 

បុរសម្ចាស់ពស់ទ្រាំមិនបាន ក៏កាត់ចិត្តអង្វរពស់កុំឲ្យខឹងសម្បារ ទើបបណ្ដើរពស់យកទៅលែងក្នុងព្រៃធំប្រាប់ថា << ចូរសំឡាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះ បើឯងរលឹកអញ កុំបាច់ទៅរកអញឯស្រុកភូមិ ក្រែងអ្នកស្រុកគេភិតភ័យព្រួតវាយឯងស្លាប់ទៅ យូរៗចាំអញមករកលេងនឹងឯង បើឯងឮមាត់អញស្រែកហៅ ត្រូវឯងលូនមករកអញកុំខាន >> ។

 ពស់ឮដូច្នោះ ក៏នឹកអាឡោះអាល័យម្ចាស់ណាស់ ឆ្លើយទាំងអួលអាក់ថា << អើសំឡាញ់ ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសំឡាញ់ឯង ចូរសំឡាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះ យូរៗមកលេងនឹងអញម្ដងកុំខាន >> ។ 

បុរសនឹងពស់លាគ្នាស្រេចហើយ ក៏បែកគ្នាទៅ ។ ចំណែកពស់នៅក្នុងព្រៃនោះយូរៗទៅ រកចាប់សត្វអ្វីស៊ីមិនបាន ព្រោះសត្វឯទៀតវាខ្លាចពស់ស៊ី វារត់គេចចេញពីព្រៃនោះបាត់អស់ទៅ ។ ពស់ធំមានសេចក្ដីអត់ឃ្លានជាខ្លាំង ទ្រាំមិនបាន ពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិជិតព្រៃចាប់ឆ្កែ ឆ្មា មាន់ ទា ជ្រូក របស់អ្នកស្រុកស៊ីរាល់តែយប់ ។

 ក្រោយមកអ្នកស្រុកដឹងថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ី ក៏ភិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ ប៉ុន្តែដល់ឃើញពស់ធំពេកលូនមកក៏ស្លុតស្លន់ទាំងអស់គ្នា រត់យកតែអាយុជីវិតរៀងខ្លួន ។ ឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយៗ ។ 

 ថ្ងៃមួយ ពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀត ទើបបបួលគ្នាចូលទៅជំរាបលោកមន្រ្តីធំក្នុងនគរឲ្យលោកជួយសម្លាប់ពស់ ។ លោកមន្រ្តីនោះ នាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសព្វគ្រប់តាមពាក្យអ្នកស្រុក ។ ព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងទូងភេរីស្រែកប្រកាសរកអ្នកខ្លាំងពូកែហ៊ានទៅសម្លាប់ពស់នោះបាន នឹងឲ្យរង្វាន់ជាច្រើនហើយឲ្យជាមន្រ្តីធំផង។ 

 បុរសកំសត់ឮព្រះរាជប្រកាសដូច្នោះ ក៏គិតថា << អញសព្វថ្ងៃនេះ ទ័លក្រណាស់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ពេលនេះគួរតែអញទៅសម្លាប់ពស់ជាសំឡាញ់ យកប្រាក់យកយសសក្តិ >> គិតដាច់ស្រេចហើយ ក៏កាន់កាំបិតចែតមួយដើរទៅរករាជអាមាត្យជំរាបថា ខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាស ។ 

អាមាត្យក៏កត់ត្រាឈ្មោះនឹងទីលំនៅរបស់បុរសនោះទុកជាសំគាល់ រួចបើកឲ្យទៅសម្លាប់ពស់ ។ បុរសទុគ៌ត ដើរសំដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯង ឥតហៅអ្នកណាឲ្យជូនទៅផងទេ ព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់ លុះដល់កន្លែងដែលខ្លួនលែងពស់ក៏ឈប់ឈរហើយស្រែកហៅថា << អើពស់សំឡាញ់ ! អញនឹករលឹកឯងណាស់ ចូរឯងមកជួបនឹងអញពេលនេះឲ្យឆាប់ៗ >> ។ 

 ពស់ឮសំឡេងបុរស ក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើម ទើបលូនចូលមកមើលឃើញស្គាល់ច្បាស់ជាម្ចាស់មែនហើយ ត្រេកអរណាស់ ដោយនឹករលឹកជារឿយៗ ចូលមកដល់ជិតខ្លួនធ្វើអាការស្និទ្ធស្នាលប្រឡូកប្រឡែងដូចកាលធ្លាប់នៅជាមួយម្ចាស់ ហើយសួរសុខទុក្ខម្ចាស់សព្វគ្រប់ប្រការ ។ 

 បុរសកម្សត់ ឃើញកិរិយាពស់ដូច្នោះ ក៏ស្លុតចិត្តអាណិតអាសូរណាស់ទន់ដៃលើកកាំបិតមិនរួច គិតថា << ឱ ! សត្វតិរច្ឆាន ចិត្តត្រង់ណាស់តើ បែកមកជិត ១០ ឆ្នាំហើយ នៅតែចាំចិត្តដដែល ឥតប្រែប្រួលសោះ ប្លែកតែអញ បែរជាចិត្តអាក្រក់គិតសម្លាប់វាទៅវិញ >> ។

 បុរសសួរសុខទុក្ខពស់សព្វគ្រប់ហើយ ក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំឃូៗ ។ ពស់ឃើញអាការម្ចាស់ប្លែកដូច្នោះ នឹកសង្ស័យសួរថា << លោកម្ចាស់មកនេះតើ ដោយមានទុក្ខធុរៈអ្វី ចូរប្រាប់ខ្ញុំឲ្យត្រង់ ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះ ។

 បុរសអាណិតពស់ណាស់ ទ្រាំមិនបានប្រាប់តាមពិតត្រង់ថា << លាក់បាំងអី សំឡាញ់ ! អញមកនេះប្រុងនឹងសម្លាប់ឯង ព្រោះឯងទៅខាំសត្វរបស់អ្នកស្រុកស៊ីរាល់យប់ គេខឹងទៅទូលហ្លួងៗប្រើអញឲ្យមកសម្លាប់ឯង ហើយនឹងប្រទានរង្វាន់អញជាច្រើន នឹងឲ្យធ្វើជានាម៉ឺនធំផង អញចង់បានប្រាក់ ចង់ធ្វើធំ បានជាធានាមកសម្លាប់ឯង >> បុរសនិយាយប្រាប់ពស់បណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ ។


 សូម្បីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះ ក៏គ្មានអាក់អន់ចិត្តនឹងម្ចាស់សោះ ត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំងគិតថា << ឱហ្ន ! សេចក្ដីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្តសំឡាញ់ ប្ដី, ប្រពន្ធ នឹងកូនបានជាប្រាកដ បើដូច្នេះ ពេលនេះគួរតែអញជួយសង្រ្គោះម្ចាស់អញចុះ >> ទើបប្រាប់ម្ចាស់ថា << មិនអីទេ ខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដូចបំណង ម្ចាស់មិនបាច់សម្លាប់ខ្ញុំទេ

 ប៉ុន្តែ ត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសម្លាប់ខ្ញុំស្លាប់ទៅហើយ ឲ្យស្ដេចប្រទានរង្វាន់នឹងយសស័ក្តិចុះ ព្រោះខ្ញុំលែងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយ ទុកដូចជាខ្ញុំស្លាប់ដែរ សូមម្ចាស់ត្រឡប់ទៅវិញចុះ បើមានធុរៈអ្វីទៀតសូមមករកខ្ញុំៗនឹងជួយទៀត >> ។

 (អស់លោកអ្នកអាន ! ដល់ត្រង់សម្តីពស់នេះ អស់លោកយល់ដូចម្ដេច ចំពោះចិត្តសត្វនឹងចិត្តមនុស្ស តើវាផ្ទុយគ្នាយ៉ាងណា ? លោកអ្នកប្រាជ្ញបានទូន្មានថា យើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពាល ដ្បិតសត្វសាហាវបើចិត្តវាត្រង់ៗរហូតដល់ស្លាប់ បើចិត្តវាវៀចខាំសម្លាប់យើងភ្លាម, ចំណែកចិត្តមនុស្សពាលមិនត្រង់ទេ ក្រឡិចក្រឡុចណាស់ ថ្ងៃខ្លះចិត្តល្អ ថ្ងៃខ្លះចិត្តអាក្រក់ ធ្វើឲ្យយើងទុកចិត្តខ្លះ មិនឲ្យទុកចិត្តខ្លះ ចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃ ) ។ បុ

រសកម្សត់ឮសំដីពស់ ត្រេកអរណាស់ ឆ្លើយថា << អើបើឯងអាណិតជួយអញយ៉ាងនេះ អញនឹងដឹងគុណឯងទៅមុខឥតភ្លេចទេ >> ថារួចលាពស់ចូលទៅស្រុកជំរាបអាមាត្យថា ខ្លួនបានសម្លាប់ពស់នោះហើយ ។ អាមាត្យយកសេចក្ដីក្រាបទូលស្ដេចៗទ្រង់ប្រោសព្រះរាជទាន មាសប្រាក់ជាច្រើន ហើយឲ្យធ្វើជាសេនាបតីផង ។ 

លោកសេនាបតីនេះ ល្បីឈ្មោះថាជាអ្នកខ្លាំងពូកែ គ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេ នៅជាសុខសប្បាយរៀងមក ។ កន្លងមកប្រហែលប្រាំឆ្នាំ ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គប្រឈួនថ្លើម កម្រមើលឲ្យសះជាណាស់ បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយ ទើបសះជា >> ។ 

 ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះ ក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពស់ពីមុនឲ្យចូលគាល់ហើយ ត្រង់ត្រាស់ថា << បើអ្នកទៅរកថ្លើមនាគឲ្យយើងបាន យើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនា >> ។ លោកសេនាបតីនោះក្រាបទូលថា សូមទទួលតាមបន្ទាល់ ទើបក្រាបថ្វាយបង្គំលាមកផ្ទះ ដល់ហើយប្រាប់ប្រពន្ធថា << ព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេច ត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹម >> ប្រាប់រួចចូលដេកទៅ ។ 

បុរសព្រួយចិត្តពេកដេកមិនលក់សោះ គិតថា << ឱអញអើយ ! មុខជាស្លាប់ហើយគ្រានេះ មិនដឹងទៅសម្លាប់នាគឯណាបានទេ ប៉ុន្តែ ណ្ហើយចុះ ពស់ជាសម្លាញ់អញនោះវាធំណាស់ដែរ ខ្លួនប៉ុនដើមត្នោតទៅហើយ គេហៅថានាគ គួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេច ឲ្យតែបានរួចជីវិតអញ >> គិតយល់យ៉ាងនេះហើយដេកទៅ, ព្រឹកឡើង ចេញពីផ្ទះទៅទាំងព្រហាមស្ងាត់តែម្នាក់ឯង មិនឲ្យអ្នកណាឃើញ ទៅដល់ទីព្រៃដែលពស់នៅ ក៏ស្រែកហៅដូចមុន ។ 

ពស់ឮលូនមករកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការ ។ លោកសេនាបតីគិតថា << អញមិនហ៊ានសម្លាប់ពស់នេះទេ ព្រោះវាធំណាស់មុខជាអញមិនឈ្នះវាទេ វាលេបអញទាំងរស់ឥឡូវនេះក៏បាន ដូច្នេះគួរតែអញនិយាយសុំថ្លើមវាតាមត្រង់ទៅចុះ ក្រែងជួនជាវាអាណិត >> រួចនិយាយប្រាប់ពស់អំពីរឿងស្ដេចប្រឈួន ប្រើឲ្យមករកថ្លើមពស់យកទៅធ្វើថ្នាំ ហើយអង្វរពស់ថា << សូមសម្លាញ់អាណិតជួយអញម្ដងទៀតចុះ បើឯងមិនជួយទេ មុខជាអញស្លាប់មិនខាន ឲ្យអញសុំថ្លើមឯងបន្តិច >> ។ 

ពស់ឆ្លើយថា << ម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លើមបន្តិចចុះ កុំកាត់ធំពេក ក្រែងខ្ញុំឈឺស្លាប់ ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូច ខ្ញុំសូមតបគុណម្ចាស់ពេលនេះ >> ថារួចហាមាត់ចង្រ្គុង ។ លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបានបន្តិចចេញមកវិញភ្លាម ។ 

 (អស់លោកអ្នកអាន ជ្រាបចិត្តពស់យ៉ាងណា នៅគ្រាដែលពស់ហារមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួន ជាពស់ខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វី ?) ។

 លោកសេនាបតីបានថ្លើមពស់យកទៅថ្វាយស្ដេចទូលថា ថ្លើមនាគគ្រូពេទ្យយកថ្លើមពស់នោះផ្សំថ្នាំថ្វាយស្ដេចសោយសះជា ព្រះរោគមួយរំពេចទៅ ទើបត្រង់លោកសេនាបតីនោះឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញកេរ្តិ៍ឈ្មោះថា ជាអ្នកមានឫទ្ធីខ្លាំងពូកែណាស់ ហ៊ានទៅសម្លាប់នាគយកថ្លើមបាន អ្នកនគរខ្លបខ្លាចគ្រប់គ្នា ។ ឯលោកសេនាបតីក៏ខំបិទបាំងរឿងពស់ជាសំឡាញ់ខ្លួននោះ មិនឲ្យលេចឮសោះឡើយ ។ 

 លំដាប់ពីនោះមក ព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តក្នុងសិរីរាជសម្បត្តិបានប្រមាណ ២ ឆ្នាំ ព្រះរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើម ។ 

គ្រូពេទ្យក្រាបទូលថា << ព្រះអង្គទ្រង់ប្រឈួនព្រះរោគដដែល ព្រះរោគចាស់នោះរើឡើងវិញ ព្រោះកាលនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេក មិនល្មមនឹងកំឡាំងព្រះរោគ បើបានថ្លើមនាគច្រើនជាងមុនមកទៀត ទើបព្រះរោគជាដាច់ជ្រះស្រឡះលែងរើឡើងវិញ >> ។

 ព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាថា << បើលោកទៅរកថ្លើមនាគឲ្យបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀត ខ្ញុំនឹងតាំងលោកឲ្យធ្វើជាមហាឧបរាជ >> ។ 

 គ្រានោះ លោកអគ្គមហាសេនាឮព្រះរាជឱង្ការភ្លាម ក៏កើតលោភចេតនាខ្លាំងក្លាធំធាត់លើសដើមគិតថា << មុនដំបូង អញទ័លក្រណាស់ បានឆ្អែតព្រឹកខ្វះល្ងាច ឥឡូវអញមានធនធានចាយវាយមិនអស់ ទាំងយសស័ក្តិក៏ធំដាច់គេទៀត បើអញបានធ្វើជាមហាឧបរាជហើយ មិនយូរទេ មុខជាអញបានធ្វើព្រះមហាក្សត្រមិនខាន បើដូច្នេះ ត្រូវតែអញទៅសុំថ្លើមពស់សំឡាញ់អញម្ដងទៀតយកមកថ្វាយស្ដេច >> គិតឃើញយ៉ាងនេះហើយ ក៏ទទួលយកអាសារតាមព្រះរាជឱង្ការ ក្រាបថ្វាយបង្គំលាចេញទៅ ។ 

 នៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះ បានថ្លែងប្រាប់ពស់សព្វគ្រប់តាមព្រះរាជតម្រាស់ហើយ អង្វរពស់សុំថ្លើមបន្តិចទៀត ។ 

ពស់នឹករលឹកឃើញឧបការគុណរបស់ម្ចាស់ កាលចិញ្ចឹមរក្សាពីតូច ក៏ឆ្លើយថា << សូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះ កុំអារយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់ >> ។ លោកអគ្គមហាសេនាត្រេកអរណាស់ នឹកសង្ឃឹមញញឹមក្នុងចិត្តថា អញមុខជាបានធ្វើមហាឧបរាជមិនខានឡើយ ទើបកាន់កាំបិតស្លាកោរលូនចូលទៅអារថ្លើមពស់ បំណងអារឲ្យបានធំច្រើន បើទុកជាពស់ឈឺដល់ស្លាប់ ក៏ស្លាប់ទៅចុះ គ្មានចិត្តអាណិតអាសូរពស់បន្តិចសោះ ។ 

នៅពេលដែលលោកអគ្គមហាសេនាកំពុងតែអារថ្លើមនោះ ពស់ឈឺខ្លាំងណាស់ ខំអត់សង្កត់ទាល់តែស្រក់ទឹកភ្នែក រហូតដល់ភ្លេចនឹកថាម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួន កំពុងតែអារថ្លើម ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងមាំ ដើម្បីខំទប់ទល់នឹងការឈឺចាប់ក្នុងថ្លើម មិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះ ។

 មួយស្របក់ក្រោយមក ទើបពស់ភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួន ក៏រើខ្ជាក់មកក្រៅ នឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ដោយគ្មានចេតនាប៉ុនប៉ងសម្លាប់ម្ចាស់សោះ ប្រុងតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជ ។ 

កន្លងពីនោះមកបានពីរថ្ងៃ ពស់ក្ស័យជីវិតទៅដែរ ដោយសារជំងឺដាច់ថ្លើមពាក់កណ្ដាល ។ ដល់មកទីបញ្ចប់រឿង លោកអគ្គមហាសេនាក៏ស្លាប់ ពស់ធំក៏ស្លាប់ ។ ត្រង់នេះ អស់លោកអ្នកអានសន្និដ្ឋានយ៉ាងណា ? លោកអគ្គមហាសេនាសម្លាប់ពស់ ឬក៏ពស់សម្លាប់លោកអគ្គមហាសេនា ? សូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផង ។

 បើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះ យល់ឃើញថា << មិនមែនលោកអគ្គមហាសេនាសម្លាប់ពស់ទេ, ឯពស់សោតទៀត ក៏មិនសម្លាប់លោកអគ្គមហាសេនាដែរ, តាមការពិត គឺសេចក្ដីល្មោភរបស់មនុស្សរមិលគុណទេតើ ដែលសម្លាប់ទាំងលោកអគ្គមហាសេនា សម្លាប់ទាំងពស់ >> ។ 

 ប៉ុន្តែ ដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះ ត្រឡប់ជាល្បីលេចឮទូទៅពេញស្រុកភូមិថា << ពស់នាគរាជលេបមន្រ្តីធំ >> ទៅវិញ, មិនឮថា មន្រ្តីធំចូលទៅក្នុងពោះអារយកថ្លើមពស់នាគរាជទេ >> ។ 

ព្រោះអ្នកស្រុកមិនដឹងរឿងអាថ៌កំបាំង របស់លោកអគ្គមហាសេនានឹងពស់នោះសោះ ។ ហេតុនេះ បានជាអ្នកស្រុកនិយាយគ្នារត់មាត់ថា << ពស់លេបមន្រ្តីធំ >> ជាប់រហូតមកដល់សព្វថ្ងៃនេះ ។ 

 ភ្លើងមិនចេះឆ្អែតនឹងការឆេះ មហាសមុទ្រមិនចេះឆ្អែតនឹងទឹក មនុស្សល្មោភមិនចេះឆ្អែតនឹងសម្បត្តិ ឬយសស័ក្តិ ៕ ចប់

រឿងបុរសអ្នកកាប់អុស



មានតំណាលមកថា កាលពីព្រេងនាយមានអ្នកកាប់អុសដ៏ខ្លាំងខ្លាម្នាក់ បានសុំការងារនៅកន្លែងលក់ឈើមួយកន្លែង ហើយគាត់ក៏ទទួលបានការងារនោះ។

 ប្រាក់ខែដែលបុរសអ្នកកាប់អុសនោះទទួលបាន គឺសមទៅនឹងល័ក្ខខ័ណ្ឌការងារ។ ដោយសារតែហេតុនោះហើយទើបបានជាអ្នកកាប់អុសប្តេជ្ញាចិត្តធ្វើវាបានល្អ។

សកម្មភាពនេះបានត្រូវឲ្យថៅកែរបស់គាត់ប្រគល់ពូថៅដ៏មុតមួយទៅគាត់ ហើយបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់អុស។

ថ្ងៃដំបូង បុរសអ្នកកាប់អុសកាប់បាន ១៨ ដើម។

«ពិតជាល្អខ្លាំងណាស់!» ថៅកែលាន់មាត់សរសើរគាត់, «ខំប្រឹងបន្តទៀត!» ពាក្យសំដីសរសើររបស់ថៅកែជាការ ជំរុញលើកទឹកចិត្តដ៏ខ្លាំងមួយ។ 

ថ្ងៃបន្ទាប់បុរសអ្នកកាប់អុសបានខិតខំប្រឹងជាខ្លាំង ប៉ុន្តែគាត់កាប់បានត្រឹមតែ ១៥ដើមតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ទៀត បុរសខំប្រឹងកាន់តែខ្លាំងថែមទៀត​ ប៉ុន្តែគាត់អាចកាប់បានត្រឹមតែ ១០ ដើមទេ។ ថ្ងៃបន្ទាប់ៗទៀតគាត់កាប់បានកាន់តែតិចទៅៗ បើទោះបីជាគាត់ខំប្រឹងខ្លាំងណាក៏ដោយ។

គាត់និយាយក្នុងចិត្តតែម្នាក់ឯងថា៖ «ខ្ញុំប្រហែលចុះខ្សោយកម្លាំងហើយមើលទៅ»។ គាត់ក៏បានទៅជួបថៅកែរបស់គាត់ ហើយនិយាយសុំទោស។ គាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានជាមិនអាចកាប់បានច្រើន បើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។

«តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?» ថៅកែសួរទៅកាន់គាត់។

«សំលៀង? ខ្ញុំគ្មានពេលក្នុងការសំលៀងពូថៅរបស់ខ្ញុំទេ។ ខ្ញុំរវល់តែខំប្រឹងកាប់ឈើ»។

រឿងនេះបានបង្កប់ន័យអប់រំជីវិតរបស់យើងក៏ដូច្នេះដែរ។ ពេលខ្លះយើងរវល់ខ្លាំង ដែលមិនអាចពួកយើងមានពេលដើម្បីរីករាយ។ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាមនុស្សគ្រប់គ្នាកាន់តែរវល់ឡើងៗ ប៉ុន្តែភាពរីករាយកាន់តែតិចទៅៗ។

តើមកពីហេតុអ្វី? តើអាចមកពីពួកយើងភ្លេចរស់នៅជាមួយនឹងភាពរីករាយ? វាមិនទាស់ខុសនោះទេដែលមនុស្សម្នាក់ៗមមាញឹក និងខិតខំធ្វើការងារ។ ក៏ប៉ុន្តែពួកយើងគួរតែកុំរវល់ដល់ថ្នាក់មិនអើពើចំពោះ ភាពសំខាន់ដ៏ពិតប្រាកដនៅក្នុងជីវិត ដូចជាជីវិតរបស់យើងផ្ទាល់ ការចំណាយពេលវេលានៅជិតស្និទ្ធជាមួយនឹងឪពុកម្តាយ ផ្តល់ពេលវេលាឲ្យបានច្រើនជាមួយក្រុមគ្រួសារ ឬចំណាយពេលវេលារៀនអ្វីៗដែលថ្មីជាដើម។

យើងទាំងអស់គ្នាត្រូវការពេលវេលាដើម្បីបន្ធូរអារម្មណ៍, ដើម្បីគិត និងពិចារណា, ដើម្បីរៀន និងពង្រីក។ ប្រសិនបើអ្នកមិនចំណាយពេល ដើម្បីសំលៀងពូថៅរបស់អ្នកឲ្យមុតនោះទេ ពូថៅនឹងរិលបន្តិចម្តងៗរហូតបាត់បង់ប្រសិទ្ធភាព។ ចំណែកជីវិតមនុស្សយើងក៏អ៊ីចឹងដែរគឺកាន់តែអស់ន័យបន្តិចម្តងៗនោះឯង៕

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត

Thursday, October 13, 2022

ដុតគប់ភ្លើងរកអ្នកមានបញ្ញា (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

 

ឈីហួនកុងនៃរដ្ឋឈីបានប្រគល់តួនាទីឲ្យកួនចុងដំណើរការបដិរូបការគ្រប់គ្រង ដែលជាហេតុធ្វើឲ្យរដ្ឋឈីរឹងមាំក្លាយជារដ្ឋដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈិវ។ ដើម្បីសម្តែងឲ្យឃើញជាក់ក្នុងការសម្រេចចិត្តរបស់គេក្នុងការស្វែងរករួបរួមអ្នកមានសតិបញ្ញា ទើបឈីហួនកុងឲ្យដុតគប់ភ្លើងដ៏ធំមួយទុកនៅមុខវាំងដើម្បីត្រៀមចាំទទួលអ្នកមានសតិបញ្ញាពីគ្រប់ទិសទី ដែល នឹងចូលមកស្វាមីភក្តិចំពោះព្រះអង្គបានគ្រប់ពេលវេលាតែមិនដឹងថាព្រោះហេតុអ្វី គប់ភ្លើងបានដុតបំភ្លឺអស់កាលយូរដល់ទៅមួយឆ្នាំ ក៏គ្មានអ្នកមានសតិបញ្ញាណាម្នាក់ចូលមកសុំចូល

ជួបសោះ។

តមកមានថ្ងៃមួយនោះ នៅនាជាយក្រុងផ្នែកបូព៌ាទិសមានអ្នកស្រែជនបទម្នាក់មកសុំចូលជួបអាងថាខ្លួនមានសមត្ថភាពក្នុងការទន្ទេញមេសូត្រគុណ។ ឈីហួនកុងមានអារម្មណ៍អស់សំណើច ទើបបញ្ជូនមនុស្សឲ្យទៅប្រាប់គេថា “ការទន្ទេញមេសូត្រគុណគឺជារឿងធម្មតាសាមញ្ញនឹងមានតម្លៃអ្វីសមគួរដល់ការចូលជួបអ្នកគ្រប់គ្រងរដ្ឋនោះ?”។

រឿងនិទានខ្លី ៗ ដុតគប់ភ្លើងរកអ្នកមានបញ្ញា (បង្រៀនគំនិត)

រឿងនិទានខ្លី ៗ ដុតគប់ភ្លើងរកអ្នកមានបញ្ញា (បង្រៀនគំនិត)

អ្នកជនបទទើបតបទៅវិញថា “យើងខ្ញុំបានស្តាប់មកថា នៅមុខវាំងបានដុតគប់ភ្លើងពេញមួយឆ្នាំហើយ ក៏មិនមាននរណាសុំចូលជួប ទាំងនេះពីព្រោះព្រះអង្គម្ចាស់ជាបុគ្គលដ៏អស្ចារ្យ អ្នកមានសតិបញ្ញាក្នុងទិសទីផ្សេងៗសុទ្ធតែគិតថាខ្លួនឯងមិនអាចធៀបជាមួយនឹងព្រះអង្គម្ចាស់បានព្រោះហេតុនេះទើបមិនហ៊ានមកសុំចូលជួប។យើងខ្ញុំអា ទន្ទេញមេសូត្រគុណ ថ្វីបើវាគ្រាន់តែជាសមត្ថភាពតូចតាចក៏ដោយ តែបើព្រះអង្គម្ចាស់អាចទទួលស្វាគមន៍យើងខ្ញុំបានយ៉ាងល្អហើយនោះ តើទ្រង់នូវខ្លាចអ្វីទៀតទៅថាអ្នកមានសតិបញ្ញាពិតប្រាកដនឹងមិនមកសុំជួបទៀតនោះ? ភ្នំថៃសានដែលធំអស្ចារ្យក៏ព្រោះវាមិនបដិសេធក្នុងការទទួលយកដុំថ្មតូចៗ ទុកក្នុងរង្វង់ដៃ។

មហាសមុទ្រដ៏សែនជ្រៅក៏ព្រោះវាបានសន្សំទឹកពីទន្លេស្ទឹងដងអូតូចធំទាំងឡាយមកដាក់ក្នុងខ្លួនរបស់វា។ ក្នុងគម្ពីរ “ស៊ឺជិង” បានពោលទុកថា មហាក្សត្រក្នុងអតីតកាលពេលមានរឿងអ្វី ក៏សុទ្ធតែសុំយោបល់ពីអ្នកស្រែដែលជាអ្នកដាំស្រូវកាប់ឧស ដូច្នេះហើយទើបគេអាចរួបរួមមតិយោបល់បានយ៉ាងទូលំទូលាយ”។

រឿងនិទានខ្លី ៗ ដុតគប់ភ្លើងរកអ្នកមានបញ្ញា (បង្រៀនគំនិត)

រឿងនិទានខ្លី ៗ ដុតគប់ភ្លើងរកអ្នកមានបញ្ញា (បង្រៀនគំនិត)

ឈីហួនកុងបានស្តាប់ហើយក៏ងក់សិរសីយល់ស្របតាម ទើបចាត់ពិធីទទួលស្វាគមន៍អ្នកស្រែជនបទម្នាក់នោះយ៉ាងឳឡាឬកអធិកអធម។ តមករយៈវេលាមិនដល់មួយខែផង អ្នកមានសតិបញ្ញាទាំងបួនទិស ក៏នាំគ្នាមកសុំស្វាមីភក្តិចំពោះព្រះអង្គម្ចាស់ឈីហួនកុង។

(កំណត់ត្រាក្នុង “ហានស៊ឺវ៉ៃជួន”)

គតិក្នុងរឿងនេះ

ការដែលឈីហួនកុងក្លាយជាមនុស្សដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈិវ វាមានការទាក់ទងក្នុងរឿងវិធីប្រើមនុស្សរបស់គេជាច្រើន។ វិធីប្រើមនុស្សរបស់គេមានលក្ខណពិសេស ២ ប្រការ មួយគឺមិនអាឃាតព្យាបាទ ដូចជា កួនចុង ធ្លាប់ជួយ កុងជឺជិវ ដណ្តើមអំណាចប្រើកៅទណ្ឌបាញ់ប្រហារ ឈីហួនកុង ពីមុនមក តែពេលឈីហួនកុង ប្រើគេឲ្យធ្វើការ ក៏ផ្តល់ទំនុកចិត្តពេញទំហឹងមិនមានការសន្ទិះសង្ស័យអ្វីឡើយ។វិធីទីពីរគឹមិនប្រកាន់ខ្ជាប់ស្លាប់ខ្លួនរឹងឆ្កឺត។

តាមនិទានក្នុងរឿងនេះអាចឃើញបានថា “ភ្នំថៃសានមិនស្អប់ខ្ពើមដុំថ្មតូចធំ ទើបក្លាយជាគិរីដ៏ធំបាន។មហាសមុទ្រមិនបដិសេធទឹកពីទន្លេស្ទឹងដងអូតូចធំ ទើបជ្រាលជ្រៅធំធេងហួសគណនាបាន” ក្នុងបញ្ហាការប្រើមនុស្ស មេដឹកនាំគប្បីមានចិត្តដ៏ទូលំទូលាយដូច្នេះឯង។

គួរយកតម្រាប់តាមសត្វមាន់ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

 

មានរឿងមួយនៅស្រុកចិនបានដំណាលថា លោកព្រឹទ្ធាចារ្យ អ៊ូយ៉ាង មានសិស្ស ពីរ នាក់។ ម្នាក់ឈ្មោះ ស៊ិយិងគុយ ជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្តី ឈ្ងោកមុខប្រឹងប្រែងហាត់វិទ្យាយុទ្ធ ព្យាយាមសរសេរអាន ចំណែក ស៊ីហ្វើយ ជាសិស្សម្នាក់ទៀតនោះពូកែចរចា តែក៏ឧស្សាហ៍ព្យាយាមហ្វឹកយុទ្ធមិនចាញ់គ្នាដែរ កម្លោះទាំងពីរនាក់ដែលមានបុគ្គលិកផ្សេងពីគ្នា តែក៏ជាសិស្សសំណព្វរបស់ព្រឹទ្ធាចារ្យ អ៊ូយ៉ាង ទាំងគូ ព្រោះថ្វីដៃខ្លាំងមិនខុសគ្នាឡើយ។
AAA

ថ្ងៃមួយមានហេតុឲ្យព្រឹទ្ធាចារ្យ អ៊ូយ៉ាង ត្រូវចូលទៅជួយចរចាជម្លោះនៅក្នុងភូមិ តែព្រឹទ្ធាចារ្យមានធុរៈ ទើបបញ្ជូនឲ្យ ស៊ិយិងគុយ ទៅជួយចរចាជំនួសខ្លួន រឿងនេះធ្វើឲ្យ ស៊ីហ្វើយ អន់ចិត្តព្រមទាំងឆ្ងល់លោកគ្រូថាហេតុអីបានមិនបញ្ជូនអ្នកដែលពូកែនិយាយដូចជាគេទៅ ក៏បានតែចង្អៀតចង្អល់ក្នុងចិត្តម្នាក់ឯង។

“អន្ទិតនោះរឺ នឹងអាចចរចាសេចក្តីអ្វីឲ្យនរណាយល់បានទៅ មួយថ្ងៃៗ និយាយមិនប៉ុន្មានមាត់ផង នឹង ដឹងវិធីចរចាអ្វីបានទៅ” ដូច្នេះពេលបានឳកាស ក្រោយពេលដែលលោកព្រឹទ្ធាចារ្យរួចរាល់ធុរៈហើយ ស៊ីហ្វើយ ក៏ចូលទៅរក។

គួរយកតម្រាប់តាមសត្វមាន់ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

គួរយកតម្រាប់តាមសត្វមាន់ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

លោកព្រឹទ្ធាចារ្យញញឹមដោយគាត់ដឹងពីគំនិតរបស់គេ “ឯងសង្ស័យមែនទេថា ហេតុអ្វីបានជាយើងបញ្ជូនមនុស្សនិយាយតិចដូចជា ស៊ិយិងគុយ ទៅមិនបញ្ជូនមនុស្សពូកែចរចាដូចជាឯងទៅដូច្នេះ”។

“ពិតមែនហើយ លោកគ្រូ រឿងនេះវាសមគួរជាមួយនឹងខ្ញុំច្រើនជាង ស៊ិយិងគុយ ណា៎លោកគ្រូ..”។ ព្រឹទ្ធាចារ្យ អ៊ូយ៉ាង តបថា “ឯងឃើញកង្កែប​ កូនក្អាត់ តាមបឹងអូរឺទេ ស៊ីហ្វើយ ពួកវាចំកោងស្រែកច្រៀង រងំទាំងយប់ទាំងថ្ងៃ ក៏រកនរណាចាប់អារម្មណ៍ខ្វល់ខ្វាយនឹងវាម្នាក់ក៏គ្មាន ផ្សេងអំពីមាន់ ដែលវារងាវត្រឹមពីរ បី ដងប៉ុណ្ណោះ​ មនុស្សម្នាក៏បានដឹងថា ខណៈនោះគឺពេលមេឃជិតភ្លឺហើយ ដល់ពេលក្រោកហើយករណីរបស់ឯងក៏ដូចគ្នាដែរ យើងមិនមែនកំពុងប្រាប់ថា ការជាមនុស្សពូកែនិយាយមិនល្អនោះទេ តែឯង ជាមនុស្សពូកែនិយាយចរចា លលេង លេងសើចជាមួយអ្នកស្រុកអ្នកភូមិគ្រប់គ្នា ម្នាក់ៗ ស៊ាំនឹងភាពពូកែលេងសើចរបស់ឯង អាចជាហេតុធ្វើឲ្យអស់ភាពជឿជាក់ ផ្សេងពី ស៊ិយិងគុយ ដែលយូរៗ និយាយម្តងតែចាប់ចិត្ត គួរឲ្យជឿជាក់របស់អ្នកភូមិរាល់លើករហូតមក”។

រឿងនេះបង្រៀនឲ្យដឹងថា:

អ្នកប្រាជ្ញគួរស្តាប់ឲ្យបានច្រើនជាងនិយាយ ហើយគួរនិយាយកាលបើមានគោលដៅ ព្រោះនិយាយកាន់ច្រើនប៉ុណ្ណា មនុស្សម្នាកាន់តែចងចាំបានតិចចុះប៉ុណ្ណោះ ផ្ទុយទៅវិញកាន់តែនិយាយតិចប៉ុណ្ណា មនុស្សម្នា ក៏រឹតតែចាំបាន និងមានប្រយោជន៍ច្រើនឡើងប៉ុណ្ណោះដែរ។

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

 

នៅរដ្ឋស៊ូ មានសេដ្ឋីម្នាក់ដែលគាត់រីកចំរើនលូតលាស់និងមានស្តុកស្តម្ភចេញមកពីភាពក្រីក្រតោកយាករបស់គាត់នោះឯងដោយពិត។ រឿងរ៉ាវរបស់គាត់ត្រូវបានគេនាំយកទៅនិយាយតៗគ្នាហើយល្បីខ្ចរខ្ចាយទៅដល់រដ្ឋផ្សេងទៀត។

បុរសក្រីក្រឈ្មោះលូ ធ្វើដំណើរត្រចចរកាត់ស្រុកកាត់ព្រៃមកពីរដ្ឋយ៉ុង ឆ្ពោះរដ្ឋស៊ូ ហើយសុំចូលជួបសេដ្ឋីម្នាក់នេះដើម្បីសាកសួរគន្លឹះអាថ៌កំបាំងដែលនាំឲ្យមានស្តុកស្តម្ភ ចំណែកឯលោកសេដ្ឋីវិញក៏មិនបានកំណាញ់ចំណេះដឹងអ្វីឡើយ។

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី

គន្លឹះអាថ៌កំបាំងនាំឲ្យក្លាយជាសេដ្ឋី (រូបភាព តំណាង)

“គន្លឹះឈានទៅកាន់ភាពស្តុកស្តម្ភនោះ ខ្ញុំរីករាយនឹងប្រាប់អ្នក ព្រោះវិធីរបស់ខ្ញុំនេះវាគ្មានអ្វីពិបាកសោះឡើយ គឺខ្ញុំមានអាជីពលួចឆក់ គ្រាន់តែឆ្នាំដំបូងខ្ញុំក៏មានបានល្មមហូបចុក ចូលឆ្នាំទីពីរខ្ញុំក៏ចាប់ផ្តើមមានទ្រព្យសម្បតិ្តនៅសល់ពីការហូបចុក លុះដល់ឆ្នាំទីបី ទ្រព្យសម្បត្តិមាសប្រាក់ដែលនៅក្នុងឃ្លាំងខ្ញុំក៏ក-ពូនច្រើនឡើងៗ ផ្ទះបាយរបស់ខ្ញុំក៏ហៀហូរពោរពេញទៅដោយធញ្ញាហារ ដោកជង្រុកទៀតសោតក៏ឧត្តមសម្បូរទៅដោយស្រូវអង្កបន្លែបង្កាគ្រប់មុខ”

លូ មិនបានសាកសួរអ្វីបន្ថែមទៀតក៏ជំរាបលាសេដ្ឋីត្រឡប់ទៅស្រុកវិញ។ ចាប់តាំងពីពេលនោះមក លូ ដំនើរជីវិតបែបដេកពេលថ្ងៃ ចេញធ្វើការងារពេលយប់ ដោយការលបចូលផ្ទះអ្នកដទៃលួចឆក់ទ្រព្យសម្បត្តិរបស់មានតម្លៃអ្នកស្រុកអ្នកភូមិ មិនយូរប៉ន្មាន លូ ក៏មានឋានៈប្រសើរឡើងជាងមុនគេមានសេចក្តីរីករាយនិងមានមោទនភាពចំពោះភាពជោគជ័យរបស់ខ្លួនក្រៃលែង តាំងចិត្តថា ពីរឆ្នាំទៀតគេនឹងមានស្តុកស្តម្ភស្មើនឹងសេដ្ឋីនៅរដ្ឋស៊ូ ហើយនៅពេលនោះគេនឹងត្រឡប់ទៅថ្លែងអំណរគុណបរមគ្រូរបស់គេ។

តែគម្រោងគ្រប់យ៉ាងមិនបានដំនើរទៅដូចគាត់គិតនោះទេ ព្រោះនៅនាអាធ្រាតយប់មួយអាជ្ញាធរមានសមត្ថកិច្ចក៏ក្របួចក-គាត់បាន លូទាំងឆ្ងល់ ទាំងភ័យតក់ស្លុតចម្លែកក្នុងចិត្ត….. ”បើលោកចាប់ខ្ញុំ លោកក៏ត្រូវចាប់សេដ្ឋីប៉ៅ នៅរដ្ឋស៊ូ ផងដែរព្រោះគាត់ក៏មានអាជីពលួចឆក់ដូចជាខ្ញុំនេះដែរ”

អាជ្ញាធរមានសមត្ថកិច្ចប្រាប់ថា ខ្ញុំធ្លាប់បានឮកិត្តិនាមសេដ្ឋីប៉ៅ មកខ្លះដែរ តែមិនធ្លាប់ដែលឮថាគាត់ជាចោរទេ តែលូ នៅតែអះអាងថា គាត់បានទទួលការនែនាំពីសេដ្ឋីប៉ៅ ថា បើចង់មានស្តុកស្តម្ភត្រូវចេះលួចឆក់។ ពេលរឿងនេះហាក់មានភាពរីករាលដាលធំដុំឡើងនិងច្របូកច្របល់ផង ម្ចាស់រដ្ឋយ៉ុង ទើបបញ្ជូនសារទៅកាន់មា្ចស់រដ្ឋស៊ូ ឲ្យបញ្ជូនសេដ្ឋីប៉ៅ មកកាន់សាលាកាត់ក្តីរដ្ឋយ៉ុង ដើម្បីពិចារណាក្តីរួមគ្នា។

ពេលបានជួបមុខសេដ្ឋីភ្លាម លូក៏តវ៉ាដោយសេចក្តីខឹងក្រោធថា “លោកបង្រៀនឲ្យលួចឆក់តែលោកមិនបង្រៀនវីធីគេចវៀសចៀសវាងពីអាជ្ញាធរមានសមត្ថកិច្ចដល់ខ្ញុំ ធ្វើឲ្យខ្ញុំត្រូវចាប់ខ្លួន ចំណែកលោកវិញបែរជារួចខ្លួនព្រងើយ”

“មើលទៅលោកហាក់ដូចជាយល់ច្រឡំនឹងសម្តីរបស់ខ្ញុំមិនតិចទេណឹះនៀក! ពាក្យថាលួចឆក់របស់ខ្ញុំនោះ បានន័យថាខ្ញុំលួចឆក់ពីធម្មជាតិទេតើ ផែនដី ព្រៃព្រឹក្សា ទន្លេសមុទ្រអាកាស ពិរុណ នោះអី ខ្ញុំលួចឆក់យកពីរបស់ដែលពួកគេមាន។ខ្ញុំប្រើផែនដីព្រោះស្រូវ ដាំដុះរុក្ខជាតិ ខ្ញុំចាប់សត្វពីព្រៃ ចាប់ត្រី កំពិស បង្កង ខ្យង ក្តាម ពីទន្លេសមុទ្រ របស់ទាំងអស់នេះមិនមែនជារបស់ខ្ញុំតែប្រការណាមួយឡើយ តែខ្ញុំក៏ឆក់យកពីរបស់ទាំងអស់នោះ ហើយប្រព្រឹត្តធ្វើដោយបើកចំហជាសាធារណមិនបានលាក់លាមរឺបិទបាំងនរណាឡើយ ទ្រព្យសម្បតិ្តមាសប្រាក់សំពត់អាវផ្សេងៗ ក៏សុទ្ធតែបានមកពីការបញ្ចេញកម្លាំងកាយរបស់ខ្ញុំដែលខ្ញុំនៅតែអះអាងថា ខ្លួនខ្ញុំនេះមានស្តុកស្តម្ភពីការលួចឆក់យ៉ាងពិតប្រកដ”។

និទានរឿងនេះបង្រៀនឲ្យដឹងថា៖  ពាក្យសម្តីវាមានសារសំខាន់ខ្លាំងណាស់ ដល់ថា្នក់អាចរំកិលភ្នំបានតែម្តង តែការបំបែក អត្ថន័យពាក្យសម្តីនោះ វាមានសារសំខាន់ជាងហ្នឹងទៅទៀត ព្រោះការបំបែកអត្ថន័យខុស ដោយសតិបញ្ញាដ៏តិចតួច ច្រើនក-ឲ្យកើត គ្រោះអាក្រក់ និងសេចក្តីវិនាសអន្តរាយតាមមកបាន ដូច្នេះគួរចេះស្តាប់ និងគិតតាមឲ្យបានល្អិតល្អិន់ពិចារណា ឲ្យគ្រប់ជ្រុងជ្រោយរួចហើយ សិមធ្វើការសម្រេចចិត្ត។

ដឹងពលទាហានរកងាយ មេទ័ពកម្ររកបាន (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

 

ចង់រកពលទាហានរាប់ពាន់រាប់ហ្មឺនក៏មិនពិបាកអ្វី តែបើចង់រកមេដឹកនាំទ័ពដែលពួកែឈ្លាសវៃ ជំនាញការសឹកសង្គ្រាមសូម្បីតែម្នាក់ក៏ពិបាករកណាស់ទៅហើយ។

ហានស៊ិន ចូលចិត្តអានតម្រាពិជ័យសង្រ្គាមតាំងពីក្មេង ធ្វើឲ្យគេមានជំនាញផ្នែកខាងទាហានយ៉ាងជាក់លាក់។ ដំបូងឡើយ គេបានចូលរួមជាមួយទ័ពរបស់សៀងវី តែមិនបានទទួលនាទីសំខាន់ទើបក្រោយមកបានរត់គេចមកនៅជាមួយទ័ពរបស់ លិវប៉័ងវិញ តែក៏បានទទួលនាទីត្រឹមជាអ្នកមើលថែឃ្លាំងស្បៀងអាហារ ធ្វើឲ្យហាន ស៊ិនមានអារម្មណ៍ខកបំណងជាខ្លាំង។ ក្រោយមកមាននាយទាហានមួយចំនួន ឃើញថាលិវប៉័ងគ្មានអនាគតទើបនាំគ្នាគេចទាហាន ដែលក្នុងនោះក៏រួមទាំងហាន ស៊ិនផងដែរ។

ពលទាហានរកងាយ មេទ័ពកម្ររកបាន

ពលទាហានរកងាយ មេទ័ពកម្ររកបាន (រឿងនិទានខ្លី ៗ បង្រៀនគំនិត)ពេលសៀវហឺដែលជាមនុស្សជិតស្និទ្ធរបស់លិវប៉័ងដឹងថាហានស៊ិនគេចទៅដូច្នោះក៏តក់ក្រហល់យ៉ាងខ្លាំង ប្រញាប់លោតឡើងលើខ្នងសេះដេញតាម ហានស៊ិនទៅភ្លាម ពេលបានជួបហើយក៏និយាយចរចាលួងលោមរហូតហានស៊ិន ព្រមត្រឡប់មកវិញ។ កាលលិវប៉័ងបានជ្រាបរឿងរ៉ាវក៏ចម្លែកក្នុងចិត្តសួរសៀវហឺថា ព្រោះហេតុអ្វីទើបចាំបាច់ទៅតាមនាយទាហានតូចតាចដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ម្នាក់នោះមកវិញធ្វើស្អី។ សៀវហឺប្រាប់លិវប៉័ងថា ហានស៊ិនគឺជាមនុស្សដែលមាន ភាពឈ្លាសវៃក្នុងរឿងសឹកសង្គ្រាមខ្លាំងណាស់ ពលទាហានរត់ទៅអាចកែនថ្មីបាន តែបើហានស៊ិនទៅហើយ ក៏ពិបាកនឹងរកមេទ័ពដែលមានភាពឈ្លាសវៃដូច្នេះបានទៀត បើចង់ដណ្តើមផែនដីជាមួយសៀងវី ក៏គួរគប្បីប្រគល់តំណែងសំខាន់ឲ្យដល់ ហានស៊ិនទើបអាចយកឈ្នះសៀងវីបាន។ នៅទីបំផុតលិវប៉័ងក៏ស្តាប់បង្គាប់សៀវហឺ តែងតាំងហានស៊ិនជាមេទ័ពធំ។

តាំងពីពេលនោះមកហានស៊ិនបាននាំទ័ពវាយប្រហារសៀងវីឲ្យបរាជ័យជាច្រើនលើកច្រើនគ្រា ទ័ពក្រុងវើយក្រុងចាវក៏ត្រូវបានវាយប្រហារឲ្យដកថយទៅដែរ ទ័ពក្រុងឈី ក៏ព្រមចុះចាញ់។ ហានស៊ិនបានសាងវីរកម្មក្នុងការយកជ័យជំនះលើសត្រូវរហូតលិវប៉័ងអាចរួបរួមផែនដីបានសម្រច។

ក្នុងប្រវត្តិសាស្រ្តនៅមានមេទ័ពដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនទៀត ពួកគេមានសក្តានុភាពក្នុងការនាំទាហានចូលច្បាំង និងមានជំនាញក្នុងរឿងសឹកសង្គ្រាម ទប់ទល់ការលុកលុយពីខាងក្រៅប្រទេស រក្សាប្រទេសជាតិមាតុភូមិ សាងកេរិ៍្តឈ្មោះពិរោះល្បីអស់កាលជាយូរអង្វែង ដូចជាមេទ័ព លីកួង នៅរាជវង្សហាន់ គួជឺអ៊ី ក្នុង សម័យរាជវង្សថាំង ង៉ាក់ហ៊ុយ ក្នុងសម័យរាជវង្សសុង ឈីជីកួង ក្នុងសម័យរាជវង្សមិង ជើងឈើងកុង ក្នុងសម័យរាជវង្សឈិង។

បច្ចុប្បន្នសុភាសិតមួយបទនេះ បានបំប្លែងអត្ថន័យក្លាយទៅជាដូច្នេះថា នៅក្នុងអង្គការសេដ្ឋកិច្ចពាណិជកម្ម ភ្នាក់ងារធម្មតាៗ ទួរទៅនោះរកងាយ តែនឹងរកអ្នកគ្រប់គ្រងដែលឆ្លាតវាងវៃម្នាក់គឺជារឿងពិបាកខ្លាំងណាស់ លទ្ធផលការងារដែលអ្នកគ្រប់គ្រងម្នាក់បានសាងឡើង គឺជារបស់ដែលភ្នាក់ងាររាប់រយនាក់រួមគ្នាក៏មិនអាចធ្វើបានដែរ។

មេទ័ពដែលអសមត្ថភាពនាំទាហានចេញទៅធ្វើសឹក ក៏ស្មើនឹងការនាំទាហានទៅស្លាប់ម្តងច្រើនគ្នានោះឯង។ ចំណែកមេទ័ពដែលខ្លាំងពូកែអាចនាំទាហានចេញធ្វើសឹកសង្គ្រាមពង្រីកដែនដីដ៏ធំធេង ដូចមានពាក្យពោលថា “ទាហានពូកែ ក៏ពួកែបានតែម្នាក់ឯង មេទ័ព ពួកែគឺពូកែទាំងកងទ័ព” ដែលការពិតគឺវាដូច្នេះឯង។

កម្មករសំពៅ និង សាស្រ្តាចារ្យ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

 

មានសាស្រ្តាចារ្យប្រកបដោយចំណេះដឹងជ្រាលជ្រៅម្នាក់បានធ្វើដំណើរដោយសំពៅ។ ជារៀងរាល់ថ្ងៃតែងមានកម្មករសំពៅវ័យចំណាស់មកអង្គុយស្តាប់លោកសាស្រ្តាចារ្យនិយាយ។

ថ្ងៃមួយសាស្រ្តាចារ្យសួរកម្មករសំពៅចំណាស់ម្នាក់ថា “តាឯងដើរសំពៅស្ទើរមួយជីវិតហើយ តើតាចេះអំពីសមុទ្រសាស្ត្រ រឺទេ?”។

កម្មករសំពៅ និង សាស្រ្តាចារ្យកម្មករសំពៅតបថា “ខ្ញុំមិនបានរៀនអក្សរមិនដឹងអំពីសមុទ្រសាស្ត្រអ្វីទេបាទ”។ លោកសាស្ត្រាចារ្យគ្រវីក្បាលយឺតៗ និយាយថា តាដើរសំពៅមកមួយជីវិតតែ មិនបានសិក្សាសមុទ្រសាស្រ្ត គឺរឿងរ៉ាវស្តីអំពីមហាសមុទ្រ ក៏ហាក់ដូចបាត់បង់ជីវិត ទៅហើយ ១/៣។

ស្អែកឡើងលោកសាស្ត្រាចារ្យសួរកម្មករសំពៅទៀតថា “អ្នកឯងធ្លាប់រៀនរឿង ធរណីសាស្រ្តរឺទេ?កម្មករសំពៅធ្វើមុខស្ងួត និយាយថា ខ្ញុំមិនដឹងទេលោក ព្រោះខ្ញុំមិន ដែលបានរៀនអក្សរ។លោកសាស្រ្តាចារ្យមើលមុខកម្មករសំពៅដោយទឹកមុខអាណិតអាសូរ អ្ហើ! មិនបានរៀនរឿងសមុទ្រសាស្រ្ត និង ធរណីវិទ្យា ក៏ដូចបាត់បង់ជីវិតទៅ ហើយ ២/៣។

កម្មករសំពៅមានទឹកមុខក្រៀមក្រំ គិតថា លោកសាស្រ្តាចារ្យគឺជាមនុស្សឆ្លាត កាលបើគាត់មានប្រសាសន៍ថាខ្លួនបានបាត់បង់ជីវិតទៅហើយ ២/៣ ក៏ប្រហែលដូចគាត់ថា មែនហើយ។

លុះថ្ងៃស្អែកបន្ទាប់មកទៀត កម្មករសំពៅម្នាក់នោះហាក់បានឳកាសម្តង គាត់រត់មកសួរលោកសាស្ត្រាចារ្យថា “លោកសាស្ត្រាចារ្យ តើលោកចេះរឿងហែលទឹកសាស្ត្រ រឺទេបាទ?”។

“ហែលទឹកសាស្រ្ត! ខ្ញុំជាសាស្ត្រាចារ្យ ទៅដឹងរឿងហែលទឹកសាស្រ្តធ្វើស្អី”។ កម្មករសំពៅតបថា “បើដូច្នោះខ្ញុំសូមចូលរួមរំលែកទុក្ខផង ព្រោះលោកប្រហែលជា ត្រូវបាត់បង់អស់ទាំងជីវិតហើយ ដោយសារសំពៅយើងកំពុងនឹងលិចចុះឥឡូវនេះឯង បើលោកចេះហែលទឹកសាស្រ្ត លោកក៏នឹងអាចហែលដល់ច្រាំងរួចជីវិតបាន”។

វាមានប្រយោជន៍អ្វី ដែលយើងមានចំណេះដឹងខាងក្រៅគ្រប់យ៉ាង តែអសមត្ថភាពក្នុងការ ស្រលាញ់ ក្នុងការរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ និងជាមនុស្សដែលត្រូវបានគេ ស្រលាញ់ មិនដឹងវិធីចូលដល់សក្តានុភាពខ្ពស់បំផុតរបស់ជីវិតខ្លួនឯង គ្មានលទ្ធភាពសង្គ្រោះខ្លួន ឯងឲ្យរួចផុតពីសេចក្តីទុក្ខ មិនអាចរស់នៅយ៉ាងមានសេចក្តីសុខបានដោយខ្លួនឯង។

សេចក្តីស្រលាញ់ៈ ត្រូវការសមត្ថភាពក្នុងការស្រលាញ់ភាពជោគជ័យៈ ត្រូវការសមត្ថភាព ក្នុងការចូលទៅដល់សក្តានុភាពខ្ពស់បំផុតរបស់ខ្លួនឯង។

សេចក្តីសុខៈ ត្រូវការសមត្ថភាពក្នុងការជួយសង្រ្គោះខ្លួនឯងឲ្យរួចផុតពីក្តីទុក្ខ មានសេចក្តីសុខ ដោយខ្លួនឯងបាននៅគ្រប់ស្ថានការណ៍។

រឿងបុរសលិចសំពៅ

រឿងបុរសលិចសំពៅ

កាល​ពី​ព្រេង​នាយ​មាន​បុរស​ម្នាក់​ឈ្មោះ​តម្ពុលៈ នៅ​ក្នុង​ក្រុង​សាវត្ថី បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​រាបថ​ជន​បទ ក្នុង​គិម្ហ​រដូវ​ក្តៅ​ខ្លាំង​ពេក​ចូល​ជ្រក​ក្រោម​ម្លប់​ឈើ​មួយ បាន​ជួប​នឹង​បុរស​ម្នាក់ ដែល​ចូល​ទៅ​ជ្រក​មុន ។

បុរស​ចូល​ទៅ​ជ្រក​មុន​បាន​និយាយ​​សុំ​ស្លា​ម្លូ​ថា ម្នាល​សំ​ឡាញ់​អ្នក​មាន​ស្លា​ម្លូ​ឬ​ទេ ? បើ​មាន​ខ្ញុំ​សូម​ទាន​១​មាត់​ទទួល​ទាន​គ្រាន់​មាន​ទឹក​មាត់​ព្រោះ​ស្រេ​ក​ទឹក​ខះ​កណាស់ ។ ​តម្ពុលបុរស​ឮ​សូម​ដូច្នោះ​ហើយ​មាន​ចិត្ត​មេត្តា​ករុណា បាន​ឲ្យ​ស្លា​ម្លូ​មួយ​មាត់​​ទៅ​បុរសនោះ​បរិ​ភោគ ។

កាល​ខាង​ក្រោយ​​មក​ បុរស​ទាំង​ពីរ​នាក់​បាន​ឡើង​ជិះ​សំ​ពៅ​ឆ្លង​មហា​សាគរ​ទៅ​ជួញ​ជា​មួយ​នឹង​ពួក​ឈ្មួញ​ទាំង​ឡាយ ទៅ​បាន​៧ថ្ងៃ​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង​ធ្លាត​សំ​ពៅ​កណ្តាល​សាគរ ពួក​ឈ្មួញ​ទាំង​ឡាយ​ត្រូវ​រលក​ទឹក​បោក​លិច​ស្លាប់​អស់​នៅ​សល់​តែ​តម្ពុល​បុរស​និង​បុរស​ដែល​សុំ​ស្លា​ស៊ី​ ក្នុង​ពេល​ដែល​ជ្រក​ក្រោម​ម្លប់​ឈើ​ឯ​បុរស​ដែល​មាន​ស្លា​ម្លូ បាន​ក្តារ​មួយ​បន្ទះ​តោង​ហែល​ទៅ​ដោយ​ឡែក​តម្ពុល​បុរស​ឥ​ត​មាន​ក្តារ​តោង​ទេ ស្ទើ​រ​តែនឹង​ស្លាប់​​ជួន​ជា​អាយុ​មិន​អស់​ក៏អណ្តែត​ទៅ​ជួប​នឹង​បុរស​ដែល​សុំ​ស្លា​ម្លូ ៗនោះ​ឃើញ​ហើយ​ចាប់​លើក​ឡើង​ស្គាល់​ច្បាស់​ជា​តម្ពុល​បុរស​ដែល​ខ្លួន​បាន​សុំ​ស្លា​ម្លូ​ក៏ឲ្យ​តោង​បន្ទះ​ក្តារ​ហែល​ឆ្លង​ទៅ​ខ្លួន​ស៊ូ​ហែល​ដៃ​ទទេ ព្រោះនឹក​ឃើញ​ថា​គុណ​ដែល​ឲ្យ​ស្លា​ម្លូ​១ មាត់​ដល់​ខ្លូន​ក្នុង​ពេល​ដែល​ខ្លូន​ស្រេក​ទឹក​ខ្លាំង​.។

ឯ​តម្ពុល​បុរស​កាល​បើ​បាន​ផែន​ក្តារ​ហើយ ក៏​ខំ​ហែល​សំ​ដៅ​ទៅ​ត្រើយ​ចំ​ណែក​ខាង​បុរស​អ្នក​ហែរ​ដៃ​ទទេ ខំ​ហែល​យូរ​ៗ ទៅ​ក៏​អស់​កំលាំង​ក៏​បណ្តែក​ខ្លួន​លើ​ទឹក គិត​ថា​អាយុ​អញ​អស់​ក្នុង​​កណ្តាល​មហា​សា​គរ​នេះ​ហើយ ប៉ុន្តែស្លាប់​ក៏​ស្លាប់​ចុះ​ឲ្យ​តែ​តម្ពុល​បុរស​អ្នក​មាន​ឧ​បការៈ​បាន​រស់​ជីវិត កំពុង​តែ​គិត​យ៉ាង​នេះ​ ក៏​ក្តៅ​ក្រហាយ​ដល់​ទេវតារក្សា​សមុទ្រ ទេវតា​រំពឹង​មើល​ឃើញ​បុរស​នោះ​មាន​គុណ​ធម៌​ល្អ ក៏​ស្ទុះ​ទៅ​ស្រង់​យក​ទៅ​ដាក់​នៅ​ត្រើយ​នាយ​មុន​តម្ពុល​បុរស​លុះ​តម្ពុល​បុរស​ទៅ​ដល់​ស្រាប់​តែ​ឃើញ​បុរស​នោះ​នៅ​លើ​ច្រាំង​ទើប​សួរ​ថា សំឡាញ់​ឯង​បាន​អ្វី​ជិះ​មក​បាន​ជា​ឆាប់​ដល់​ម្ល៉េះ  ? បុរស​នោះ​ប្រាប់​តាម​ត្រង់​ថា ខ្ញុំ​ឥត​ដឹង​ខ្លូន​ទេអស់​កំ​លាំង​ពេក​ បណ្តែក​ខ្លួន​លើ​ទឹក​ចាំតែ​ពេល​ស្លាប់​ស្រាប់​តែ​មក​ដល់​ទី​នេះ​តែ​ម្តង​។ កំ​ពុង​និយាយ​ដូច្នេះ​ទេវតា​ក៏​បង្ហាញ​ខ្លួន​ឲ្យ​បុរស​ទាំងពីរ​នាក់​បាន​ឃើញ ហើយ​និយាយ​ប្រាប់​ថា ខ្ញុំ​យក​អ្នក​មក​ព្រោះ​អ្នក​មាន​កតញ្ញូកត​វេទិតា​ធម៌​ប្រាកដ​ក្នុងខ្លួន​ បុគ្គល​ដែល​មាន​ភាព​ដូច​អ្នក​នឹង​បណ្តោយ​ឲ្យ​វិនាស​មិន​បាន​ឡើយ តាំង​ពី​ព្រេង​នាយ​មក​ទេវតាទាំង​ឡាយ​មិន​ដែល​មើល​បំណាំ​បុគ្គល​ដែល​ប្រាកដ​ស្មើ​ដូច​ជា​អ្នក​នេះ​ ។ ទេវតា​ប្រាប់​ដូច្នេះហើយ​ ក៏​ឲ្យ​បុរស​ទាំង​ពីរ​នូវ​រូប​បរិភោគ​អាហារ​ទិព្វ ស្លៀក​ពាក់​គ្រឿង​អលង្ការទិព្វ ហើយ​នាំ​ទៅដាក់​ក្នុង​នគរ​សាវត្ថីក្នុងខណៈ​នោះ​ឯង ។



 ( អ្នក​មាន​កតញ្ញូ​កត​វេ​ទិតាធម៌ តែង​មាន​ទេវ​តា​ជួយ 

Friday, October 7, 2022

រឿង​ភ្នំ​បូរី – ភ្នំ​ដា(នៅ​ខេត្ត​តាកែវ)

 

រឿង​ភ្នំ​បូរី – ភ្នំ​ដា(នៅ​ខេត្ត​តាកែវ)

ភ្នំ​បូរី ស្ថិត​នៅ​ក្នុង​ឃុំ​អង្គរ​បូរី ស្រុក​ព្រៃកប្បាស(បច្ចុប្បន្នស្រុក អង្គរបូរីខេត្ត​តាកែវ ។ សព្វ​ថ្ងៃ​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​នេះ បាន​ដោយ​លំបាក​បន្តិច ព្រោះ​ត្រូវ​ទៅ​តាម​ថ្នល់​ជាតិ​ទៅ​ដល់​ផ្សារ​ព្រៃល្វា (សាលា​ស្រុក​ព្រៃកប្បាស
ហើយ​ត្រូវ​បែក​ចូល​តាម​ផ្លូវ​លំ​ចម្ងាយ ២២ គីឡូម៉ែត្រ​ទៀត​ទើប​ដល់​ផ្សារ​អង្គរ​បូរី ដែល​ជា​ទីតាំង​នៃ​ចៅ​ដំបន់​អង្គរ​បូរី ។ លុះ​ឆ្លង​ស្ពាន​ទៅ​ត្រើយ​ខាង​ត្បូង ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះ​ប្រមាណ​ជា ៥ ឬ ៦ គីឡូ​ទៀត ទើប​ទៅ​ប្រទះ​ឃើញ​ភ្នំ​ពីរ​ទន្ទឹម​គ្នា គឺ​ភ្នំ​ដា​នៅ​ខាង​កើត ភ្នំ​បូរី​នៅ​ខាង​លិច ។ ម្យ៉ាង​ទៀត​ផ្លូវ​នេះ បើ​ជា​រដូវ​វស្សា​វិញ​ត្រូវ​ទឹក​លិច​ល្ហល្ហាច​តោង​តែ​ជិះ​ទូក​ឆ្លង​ទើប​បាន ។

ភ្នំ​ទាំង​ពីរ​នេះ មាន​ទំនង​ជា​ទី​ស្ថាន​វាំង​បន្ទាយ ដែល​មាន​សេសសល់​ពី​បូរាណ​កាល គឺ​នៅ​ភ្នំ​បូរី មាន​ថ្ម​ភក់​តម្រៀប​បង្គរ​គ្នា​ជា​កំពែង​បន្ទាយ​ធំ​ទូលាយ ដែល​សព្វ​ថ្ងៃ​បាកបែក​ស្ទើរ​តែ​បាត់​រូប​ឆោម​អស់​ទៅ​ហើយឯ​នៅ​លើ​ភ្នំ​ដា ឃើញ​នៅ​សល់​ប្រាង្គ​សិលា​មួយ នៅ​មាន​ជា​រូបរាង​ច្បាស់លាស់​នៅ​ឡើយ ដោយ​មាន​រំលេច​ក្បាច់​រចនា​គួរ​ជា​ទី​គយគន់​ផង ។

 មិន​តែ​ប៉ុណ្ណោះ នៅ​ជិត​ខាង​ភ្នំ​ទាំង​ពីរ​នេះ មាន​បូរាណដ្ឋាន​ច្រើន​ទៀត ប្រកប​ដោយ​បែប​រចនា​ពិសេស ៗ ក្នុង​ជំនាន់​នោះ ដូចជា​បែប​រចនា​ខាង​ស្ថាបត្យកម្ម ខាង​ការ​ប៉ាន់​រូបភាព និង​ក្បាច់​ចម្លាក់​ភ្ញី​វល្លិ​នាំ​ឲ្យ​អ្នក​ប្រាជ្ញ​ខាង​ការ​ស្រាវជ្រាវ​គុហា​សាស្ត្រ (Archéologie) សន្មត​ឈ្មោះ​ការ​រចនា​ខ្មែរ​សម័យ​នោះ ហៅ​ថា បែប​ភ្នំ​ដា” 

សព្វ​ថ្ងៃ ទេសចរ​ទាំងឡាយ​ពុំ​សូវ​បាន​ទៅ​ដល់​ទី​នោះ​ទេ ដោយ​សារ​ពិបាក​ខាង​គមនាគមន៍ ដូច​យើង​ជំរាប​មក​ហើយ​ខាង​លើ ។ ប៉ុន្តែ ទោះបី​ជា​ពុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ក៏​ដោយ ការ​អាន​អត្ថបទ និង​ការ​ស្ដាប់​រឿង​និទាន​ដែល​ទាក់ទង​ដោយ​រឿងរ៉ាវ​នៅ​ទី​កន្លែង​នោះ ក៏​ហាក់​ដូចជា​នាំ​ឲ្យ​យើង​បាន​ឃើញ​បាន​យល់​ក្នុង​ចិត្ត​ដែរ ។

ដើម្បី​បញ្ជាក់​ពី​រឿង​ព្រេង​ប្រចាំ​ភ្នំ​នោះ យើង​សូម​លើក​យក​សេចក្ដី​ឲ្យ​ការណ៍​របស់​លោក ឌួង – អ៊ូចអតីត​មេ​ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ហើយ​ដែល​ជា​សមាជិក​ឆ្លើយឆ្លង​របស់​ក្រុម​ជំនុំ​យើង 1 មក​អធិប្បាយ​ជូន​ទាំង​ស្រុង ដោយ​បាន​ផ្ទៀងផ្ទាត់​ជា​មួយ​ការ​ស៊ើប​សួរ​ពី​អ្នក​ស្រុក​នៅ​ត្រង់​ភូមិភាគ​នោះ​ថែម​ទៀត​ផង ។

រឿង​ព្រេង​នោះ មាន​សេចក្ដី​និទាន​ថា ៖

កាល​នោះ មាន​ព្រះ​រាជា​មួយ​អង្គ​គង់​នៅ​ព្រះ​រាជវាំង​ក្រុង​ចម្ប៉ាសាក់ ឬ​បាសាក់ គឺ​នៅ​ផ្នែក​ខាង​លើ​តាម​ដង​ទន្លេ​មេគង្គ ទ្រង់​មាន​ព្រះ​រាជបុត្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​នាង “អាក់អ” ។ ព្រះ​រាជបុត្រី​នេះ មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ឆើតឆាយ​ណាស់ រក​នរណា​ឲ្យ​ល្អ​ត្រឹម​ស្មើ​ពុំ​បាន​ឡើយ ។ ប៉ុន្តែ ដោយ​ព្រះ​នាង​មាន​ព្រះ​ទ័យ​រវើរវាយ​ក្នុង​កាមរាគ នាំ​ឲ្យ​ព្រះ​នាង​ស្លុង​ចិត្ត​ប្រតិព័ទ្ធ​ទៅ​លើ​បុរស​ទុគ៌ត​ម្នាក់ ភ្លេច​គិត​អំពី​កិត្តិយស​របស់​ព្រះ​រាជវង្សានុវង្ស ។

 ដូច្នេះ​ហើយ បាន​ជា​ព្រះ​បិតា ទ្រង់​ត្រាស់​ឲ្យ​ចាប់​ព្រះ​នាង​នេះ​ព្រម​ទាំង​ប្រុស​សហាយ ដាក់​ពោងពាយ​បំបរបង់ បណ្ដែត​ចោល​តាម​ផ្ទៃ​ទន្លេ ទម្លាក់​ទៅ​កាន់​សមុទ្រ​ដ៏​ធំ​ល្ហល្ហេវ​ទៅ ។ ក្នុង​ពោងពាយ​ជា​មួយ​នោះ ព្រះ​រាជា​ទ្រង់​ចាត់​ឲ្យ​ដាក់​ទាំង​ស្រូវ អង្ករ ល្ង សណ្ដែក ពោត អំបិល ព្រហក់ ជា​ស្បៀង​ជាប់​ទៅ​ជា​មួយ​ព្រម​ទាំង​គ្រឿង​ប្រដាប់​ប្រើប្រាស់​ជា​ច្រើន​ដង លុះ​ពោងពាយ​នោះ​រសាត់​អណ្ដែត​ទៅ ៗ ជា​យូរ​ថ្ងៃ​ក៏​បាន​ទៅ​ប៉ះ​ជាប់​នឹង​ភ្នំ​មួយ (ភ្នំ​បូរី​នេះ​ឯង) ដែល​គេ​ពុំ​ទាន់​បាន​ឃើញ​មាន​មនុស្ស​រស់​នៅ​នៅ​ឡើយ​ទេ ។ នាង​អាក់អ និង​ស្វាមី​នាំ​គ្នា​ត្រេកអរ​ដោយ​បាន​មក​ប៉ះ​ត្រើយ​នៃ​ឲ្យ​ខ្លួន​រស់​រួច​ជីវិត​បាន, ទើប​នាំ​គ្នា​ម្នីម្នា ជញ្ជូន​របស់​របរ​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ចុះ​ទៅ​អាស្រ័យ​នៅ​នឹង​ភ្នំ​នោះ ។ អ្នក​ទាំង​ពីរ​ចាប់​ប្រកប​របរ​ដំណាំ​ដាំដុះ និង​ស្វែង​ចូល​ព្រៃ​រក​កាប់​ឈើ​ធ្វើ​ឧស និង​ធ្វើ​ជា​ខ្ទម​អាស្រម​សំរាប់​ជ្រក​នៅ​ផង ។

ក្រោយ​ពី​បាន​តាំង​លំនៅ​ឋាន​បាន​ស្រួលបួល​មក​ថ្ងៃ​ណា នាង​អាក់អ​តែ​ព្រួយ​លំបាក​ក្នុង​ព្រះ​ទ័យ​ណាស់ ព្រោះ​បារម្ភ​នឹង​សុខ – ទុក្ខ​របស់​ខ្លួន​ផង នឹង​រលឹក​ដល់​ស្រុក​កំណើត​ផង នឹក​ស្ដាយ​កិត្តិយស​របស់​ខ្លួន​ដែល​ធ្លាប់​តែ​ថ្កុំថ្កើង​ផង ។ ហេតុ​នេះ​ហើយ រៀង​រាល់​យប់, មុន​នឹង​ចូល​ដំណេក, នាង​តែង​អុជ​ធូប​ទៀន​បន់ស្រប់ បូងសួង​ដល់​អារុក្ខ​អារក្ខច​អ្នកតា​នៅ​ព្រៃ​ភ្នំ ព្រម​ទាំង​ម្រេញ​គង្វាល​ដែល​រក្សា​នៅ​បឹង​បួរ​ទួល​ទី​នោះ​ថា សូម​ឲ្យ​លោក​ជួយ​បីបាច់​ថែរក្សា​យើង​ទាំង​ពីរ​នាក់​ឲ្យ​បាន​សុខ​សប្បាយ រកស៊ី​ចិញ្ចឹម​ជីវិត​ក៏​ឲ្យ​បាន​បរិបូណ៌ កុំ​ឲ្យ​មាន​សេចក្ដី​ខ្វះ​ខាត​ឡើយ ។ 

ដោយ​អានុភាព​នៃ​សេចក្ដី​អធិដ្ឋាន​រាល់ ៗ យប់​យ៉ាង​នេះ មិន​យូរ​ប៉ុន្មាន ក៏​មាន​អ្នក​សច្ចំ​បំបាំង​បាត់​មួយ​អង្គ 2 មក​ពន្យល់​សប្ដិ​ប្រាប់​នាង​ថា “ចាប់​ពី​ថ្ងៃ​នេះ​ទៅ ចូរ​នាង​កុំ​ភ័យ​ឲ្យ​សោះ យើង​ជា​អ្នក​សច្ចំ​នឹង​ជួយ​នាង​ឲ្យ​បាន​សុខ ឲ្យ​បាន​ថ្កុំថ្កើង​ល្បី​ឈ្មោះ​នៅ​ក្នុង​ទី​នេះ, ប៉ុន្តែ យើង​មិន​បាច់​ឲ្យ​នាង​ឃើញ​រូប​យើង​ទេ” ។ ក្រោយ​ពី​ស្ដាប់​បណ្ដាំ​អ្នក​សច្ចំ​ដូច្នេះ ព្រះ​នាង​ភ្ញាក់​ខ្លួន​ភ្លាម ហើយ​ព្រះ​នាង​នាំ​ពត៌មាន​នេះ​ប្រាប់​ដល់​ស្វាមី​កំសត់​ឲ្យ​ដឹង​ផង ។

ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក ព្រះ​នាង​បាន​ឲ្យ​បុរស​ជា​ប្ដី​ទៅ​រក​ឧស​ពី​ក្នុង​ព្រៃ​រាល់​ថ្ងៃ​ដូច​ធម្មតា ។ ឯ​បុរស​ជា​ប្ដី​នោះ ទៅ​កាប់​បាន​សុទ្ធ​តែ​ដើម​ចន្ទន៍​ក្រស្នា​មាន​ក្លិន​ក្រអូប រែក​ជញ្ជូន​មក​គរ​ទុក​ជា​ច្រើន​គំនរ ប៉ុន្តែ មាន​ប្រាថ្នា​យក​មក​ប្រើ​ត្រឹម​តែ​ជា​ឧស​ដុត​ប៉ុណ្ណោះ ឥត​មាន​យល់​ថា នេះ​ជា​ឈើ​មាន​តម្លៃ​ឡើយ ។ ថ្ងៃ​មួយ​នាង​អាក់អ ចេញ​ទៅ​មើល​គំនរ​ឧស​ក៏​ស្គាល់​ច្បាស់​ជា​ឈើ​ចន្ទន៍​ក្រស្នា​ដែល​មាន​តម្លៃ ព្រះ​នាង​ក៏​ញញឹម​ប្រាប់​ប្ដី​ថា “រក​ឈើ​នេះ​ឲ្យ​បាន​ច្រើន​មក​ទៀត” ។

 ប្ដី​ក៏​ខំ​ប្រឹង​រក​តាម​បណ្ដាំ​ប្រពន្ធ, ពេល​មួយ​បុរស​នោះ​ទៅ​ក្នុង​ព្រៃ ប្រទះ​ដុំ​មាស​ក្រហម​ឆ្អៅ​ជា​ច្រើន ក៏​គិត​ថា “ថ្ម​នេះ​មាន​សម្បុរ​ល្អ​ចម្លែក​ជាង​ថ្ម​ទាំង​ពួង បើ​ដូច្នេះ អញ​គិត​យក​ទៅ​ផ្ទះ​ឲ្យ​បាន ៣ ដុំ​សំរាប់​ឲ្យ​ប្រពន្ធ​ដម្កល់​ធ្វើ​ជើង្ក្រាន“​។ គិត​ដូច​នេះ​ហើយ​បុរស​នោះ​ក៏​លើក​ថ្ម​ដាក់​ក្នុង​ល្អី រែក​យក​ទៅ​ផ្ទះ ដោយ​មិន​ស្គាល់​ជា​ដុំ​មាស​ឡើយ ។ លុះ​ប្រពន្ធ​បាន​ឃើញ​ដុំ​មាស​ដូច្នោះ​ហើយ ស្គាល់​ច្បាស់​ជា​មាស​តែ​មិន​ប្រាប់​ប្ដី​ទេ គ្រាន់​តែ​ផ្ដាំ​ប្ដី​ថា “បើ​ប្រទះ​ឃើញ​ថ្ម​ក្រហម​ដូច្នេះ​ទៀត ឲ្យ​ជញ្ជូន​មក​ទុក​ទាំងអស់” ។ ប្ដី​ក៏​ធ្វើ​តាម​បណ្ដាំ​នាង​ជា​ដរាប ។

ថ្ងៃ​មួយ​ព្រះ​នាង​គិត​ឃើញ​ថា ឧស​ចន្ទន៍​ក្រស្នា​និង​មាស​របស់​អញ​កាន់​តែ​ច្រើន​ឡើង​ហើយ បើ​ដូច្នេះ​អញ​គិត​លើក​ទង់​មួយ​ឲ្យ​ខ្ពស់ ជា​សញ្ញា​ក្រែង​មាន​សំពៅ​ពី​ប្រទេស​ក្រៅ ធ្វើ​ដំណើរ​ជំនួញ​លក់​ដូរ​របស់​ផ្សេង ៗ គេ​ឃើញ​ហើយ​នឹង​ចូល​មក​ទាក់ទង ។

 គិត​ហើយ​ព្រះ​នាង​ក៏​នាំ​ប្ដី​ប្រញាប់​ប្រញាល់​ធ្វើ​តាម​គំនិត​នេះ​ភ្លាម ។ មិន​យូរ​ប៉ុន្មាន មាន​ដង្ខៅ​សំពៅ​នៅ​ស្រុក​ស្លាត់លង្កា បើក​សំពៅ ៧ នាំ​កំណាត់​សំពត់ និង​ភស្ដុភារ​ដទៃ​ទៀត​មក​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ ។ លុះ​សំពៅ​នេះ​បាន​មក​ដល់​ជិត​ភ្នំ​បូរី ក៏​ឃើញ​ទង់​សញ្ញា​ឲ្យ​ដឹង​ថា​ទី​នេះ​មាន​មនុស្ស​រស់​នៅ ទំនង​ជា​មាន​ការ​ចង់​ទាក់ទង​លក់ដូរ​របស់​របរ​ផង គេ​ក៏​នាំ​គ្នា​តម្រង់​ក្បាល​សំពៅ​ចូល​ចត​ត្រង់​ទី​នោះ ។ នាយ​សំពៅ​ទាំង ៧ នាក់ ឡើង​ទៅ​លើ​ដី​គោក ប្រទះ​ឃើញ​ព្រះ​នាង​អាក់អ​ពីរ​នាក់​ប្ដី​ប្រពន្ធ​រស់​នៅ​ក្នុង​ទី​នោះ ក៏​ពោល​ប្រាស្រ័យ​ទាក់ទង​ដោយ​ការ​គួរសម ។

 ព្រះ​នាង​អាក់អ បបួល​មាយ​សំពៅ​ដូរ​កំណាត់​សំពត់​ព្រម​ទាំង​ភស្ដុភារ​ផ្សេង ៗ ជា​មួយ​នឹង​ឈើ​ចន្ទន៍​ក្រស្នា​របស់​ព្រះ​នាង ។ នាយ​សំពៅ​យល់​ព្រម​សុខ​ចិត្ត​ដូរ​គ្នា ហើ់យ​ទើប​នាង​នាំ​នាយ​សំពៅ​ទាំង​នោះ ទៅ​បង្ហាញ​ឃ្លាំង​ដុំ​មាស​របស់​ព្រះ​នាង​ទៀត ។ នាយ​សំពៅ​បបួល​ដូរ​កំណាត់​សំពត់​ជា​មួយ​មាស​នោះ ប៉ុន្តែ​ព្រះ​នាង​អាក់អ​មិន​ព្រម ។ ព្រះ​នាង​ប្រាប់​ទៅ​នាយ​សំពៅ​ថា “បើ​ចង់​បាន​មាស​នេះ ចូរ​អ្នក​ទៅ​នាំ​យក​ជាង​មាស​ចំនួន ១០០ នាក់​ប្រុស ១០០ នាក់​ស្រី មក​ឲ្យ​ខ្ញុំ​សិន” ។

 គ្រា​នោះ​នាយ​សំពៅ​ក៏​ព្រមព្រៀង​យ៉ាង​ពេញ​ចិត្ត ហើយ​ក៏​នាំ​គ្នា​បើក​ក្ដោង​សំពៅ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ។ ក្រោយ​ដែល​ទៅ​ដល់​ស្រុក​ហើយ នាយ​សំពៅ​និយាយ​បញ្ចុះ​បញ្ចូល​អ្នក​ស្រុក​ដែល​ចេះ​ធ្វើ​ជាង​មាស ទាំង​ប្រុស​ទាំង​ស្រី​ចំនួន ២០០ នាក់​ដូច​ពាក្យ​នាង​ស្រី​បាន​ផ្ដាំ​មក ។ កាល​បើ​បាន​គ្រប់​ចំនួន​ហើយ នាយ​សំពៅ​រូតរះ​ចុះ​សំពៅ​វិល​ត្រឡប់​ទៅ​ស្រុក​ព្រះ​នាង​អាក់អ​យ៉ាង​ប្រញាប់ ។ នាយ​សំពៅ​ប្រគល់​មនុស្ស​ឲ្យ​ព្រះ​នាង​អាក់អ ព្រះ​នាង​ក៏​ប្រគល់​មាស​ឲ្យ​ទៅ​គ្រប់​សំពៅ​ទាំង ៧ វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ ។

ចំណែក​ព្រះ​នាង​អាក់អ និង​ស្វាមី ក៏​បាន​ចាត់ចែង ពួក​អ្នក​ស្រុក​ស្លាត់​ទាំង​ប៉ុន្មាន​ដែល​មក​រស់​នៅ​ជា​មួយ ឲ្យ​អ្នក​ខ្លះ​ទៅ​ជួយ​គាស់​ជញ្ជូន​យក​ដុំ​មាស​មក​ពី​ភ្នំ​ឲ្យ​បាន​ច្រើន​ថែម​ឡើង​ទៀត, អ្នក​ខ្លះ​ឲ្យ​ដំ​រំលាយ​មាស​ផែ​ធ្វើ​ជា​គ្រឿង​អលង្ការ​ផ្សេង ៗ មាន​ធ្វើ​ជា​កង​ចិញ្ចៀន ជាដើម ។

 លុះ​បាន​របស់​របរ​ច្រើន​ហើយ តែង​មាន​ឈ្មួញ​ស្រុក​ក្រៅ​ចូល​សំពៅ​មក​ចត​ទាក់ទង​ទិញ​ដូរ​របស់​របរ​ទាំង​នេះ​ជា​ហូរហែ ។ មិន​យូរ​ប៉ុន្មាន ៥ – ៦ ឆ្នាំ​ប៉ុណ្ណោះ ក៏​មាន​អ្នក​ស្រុក​ក្រៅ​ខ្លះ ៗ ទៀត​មក​សុំ​ជ្រក​នៅ​រកស៊ី​បាន​កាន់​តែ​ច្រើន​កុះករ​ឡើង អ្នក​ស្រុក​ស្រី​ប្រុស​ដែល​មក​នៅ​យូរ​ហើយ​នោះ ក៏​កើត​បាន​ជា​កូន​ចៅ​ថែម​ឡើង​ទៀត ម៉្លោះ​ហើយ​ភូមិ​ស្រុក​នោះ​ក៏​បាន​រីក​ធំ​ឡើង ហើយ​អ្នក​ស្រុក​ទាំងអស់​ក៏​គោរព​ដល់​ព្រះ​នាង​អាក់អ និង​ស្វាមី​គ្រប់ ៗ គ្នា ព្រោះ​សំគាល់​ថា​ជា​ម្ចាស់​ទី​កន្លែង និង​ជា​ដង្ខៅ​នៃ​របរ​រកស៊ី​ក្នុង​ទី​នេះ ។

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​នាង​អាក់អ ដឹកនាំ​ស្វាមី​ឲ្យ​ប្រកាស​តាំង​ខ្លួន​ជា​ស្ដេច​មួយ​អង្គ​គ្រង​រាជ្យ​នៅ​ត្រង់​ដំបន់​នេះ​ឡើង ដោយ​មាន​ព្រះ​នាម​ថា​ព្រះ​បាទ “សង្ខចក្រ” និង​ព្រះ​នាង​អាក់អ ជា​អគ្គ​មហេសី ។ គ្រា​នោះ​ព្រះ​បាទ​សង្ខចក្រ ទ្រង់​ចាត់​តាំង​ឲ្យ​មាន​ជា​មន្ត្រី​រាជការ តាម​ក្រុម តាម​ពួក​រវាង​អ្នក​ស្រុក​ទាំងអស់​នោះ​ឡើង ។ 

មិន​តែ​ប៉ុណ្ណោះ​ទ្រង់​ចាត់​ឲ្យ​រេហ៍ពល​ទាំង​នេះ សង់​បន្ទាយ​ធ្វើ​ជា​កំពែង​ថ្ម​និង​ឥដ្ឋ ព័ទ្ធ​ជុំ​វិញ​ឲ្យ​កើត​ជា​បរិវេណ​យ៉ាង​ធំ​មួយ​ឡើង 3 ហើយ​សន្មត​បរិវេណ​កំពែង​នេះ ហៅ​ថា “បូរី” បាន​ន័យ​ថា​ទីក្រុង គឺ​ថា​ភូមិ​ស្ថាន​ទាំងឡាយ​ស្ថិត​នៅ​ក្នុង​បរិវេណ​នេះ​ទុក​ជា​អ្នក​ក្រុង សម្បត្តិ​ក្រុង ។

 ហេតុ​នេះ​ឯង​បាន​ជា​ជាប់​ឈ្មោះ​ទី​ភ្នំ​នេះ​ដល់​សព្វ​ថ្ងៃ​ហៅ​ថា “ភ្នំ​បូរី” 4 កាល​បើ​សាង​បាន​ជា​ទី​បូរី​សមរម្យ មាន​កិត្តិយស​សមរម្យ​សម​តាម​ប្រាថ្នា​ហើយ ព្រះ​បាទ​សង្ខចក្រ និង​ព្រះ​អគ្គ​មហេសី ទ្រង់​រំលឹក​ដល់​គុណ​អ្នក​សច្ចំ​ដែល​សន្យា​ថា​ជួយ​ពី​ថ្ងៃ​មុន​នោះ, ព្រះ​អង្គ​ក៏​ចាត់​ឲ្យ​សាង​ជា​ប្រាសាទ​ថ្ម​តូច​មួយ​យ៉ាង​ល្អ​ស្រស់​នៅ​លើ​ភ្នំ​ខាង​កើត ដែល​សព្វ​ថ្ងៃ​ហៅ​ថា​ប្រាសាទ​ភ្នំ​ដា ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អ្នក​សច្ចំ ដែល​មាន​គុណ​ឧបការៈ​លើ​ព្រះ​អង្គ ។

ដូច្នេះ យើង​បញ្ជាក់​ឡើង​វិញ​តាម​រឿង​ព្រេង​នេះ​បាន​ថា ភ្នំ​បូរី​កើត​ឡើង​ពី​ព្រះ​បាទ​សង្ខចក្រ​នឹង​ព្រះ​នាង​អាក់អ​នេះ​ឯង ដូច​មាន​សេចក្ដី​ហូរហែ​មក​ហើយ ។

តាម​សេចក្ដី​សង្កេត​ដោយ​យក​ប្រវត្តិសាស្ត្រ​មក​សំអាង​ផង ឃើញ​ថា ប្រាសាទ​ទាំងឡាយ​ដែល​កសាង​ឡើង​នៅ​ក្នុង​ភូមិភាគ​អង្គរ​បូរី អ្នក​ប្រាជ្ញ​ស្រាវជ្រាវ​ទាំង​ប៉ុន្មាន បាន​រក​ដាន​ឃើញ​ថា សុទ្ធ​សឹង​ជា​ប្រាសាទ​ចាស់​ជាង​គេ គឺ​កសាង​ឡើង​តាំង​ពី​មុន​សម័យ​អង្គរ (PréangKor) ដែល​កាល​នោះ​ប្រទេស​កម្ពុជា​យើង​នៅ​ជា​ពីរ​ផ្នែក​នៅ​ឡើយ គឺ​ផ្នែក​ខាង​លើ​មាន​សម្ភុបុរៈ ជា​ទីក្រុង និង​ខាង​មាត់​សមុទ្រ​មាន​វ្យាធបុរៈ ជា​រាជធានី ។

 វ្យាធបុរៈ នេះ​ហើយ ដែល​អ្នក​ប្រាជ្ញ​ស្រាវជ្រាវ​សន្និដ្ឋាន​ច្បាស់លាស់​ថា​គឺ អង្គរ​បូរី សព្វ​ថ្ងៃ​នេះ​ឯង ។ ដូច្នេះ​ឃើញ​ថា​ទី​ស្ថាន​បុរាណ​ទាំងឡាយ​នៅ​ជិត ៗ គ្នា​ត្រង់​អង្គរ​បូរី​ប្រាកដ​ជា​ទី​ស្ថាន​បូរី របស់​ខ្មែរ​យើង​សម័យ​កសាង​សញ្ជាតិ កសាង​ប្រទេស​ដែល​ពុំ​ទាន់​រីក​ធំ​ទូលំ​ទូលាយ​នៅ​ឡើយ ។

ហេតុ​នេះ រឿង​ព្រេង​ភ្នំ​បូរី​គ្រាន់​តែ​ជា​ឯកសារ​មួយ​បន្ថែម​លើ​ឯកសារ​សំខាន់ ៗ ទាំងឡាយ​សំរាប់​ជួយ​បញ្ជាក់​តាម​បែប​រឿង​ព្រេង​ប៉ុណ្ណោះ ។