រឿង បរិញ្ញាប័ត្រខ្ញុំ
ជីវិតរបស់មនុស្សគឺជាវាលវដ្ដសង្សារដ៏វែងហើយឆ្ងាយ ឆ្ងាយដាច់និស្ស័យដាច់អាល័យនៃចិត្តសោកស្រណោះ។ កើតចាស់ ឈឺ ស្លាប់ គឺជាមរតកប្រចាំជីវិតនៃមនុស្សម្នាក់ៗ ដែលនឹងត្រូវទទួលដោយសមធម៌ និងដោយលើកដៃបដិសេធពាក្យថា ស្លាប់នេះមិនបាន។
មាគ៌ានៃជីវិតរបស់មនុស្ស គឺត្រាច់ចរទៅតាមចង្វាក់នៃសង្គម។ សង្គមអាចលាបពណ៌មនុស្សពីសឲ្យប្រែទៅជាខ្មៅបាន។ ជនដែលផុតរលត់ជីវិតសង្ខារពីលោកនេះមានន័យថា គេបានឆ្លងផុតពីកម្មវេរាលោកិយ នៅតែអ្នកមានជីវិតទេដែលត្រូវមានកម្មប្រចាំកាយ មានភ័ព្វវាសនា សម្ដែងឆាកល្ខោនលោកិយនេះបន្តទៀត ដែលសង្គមជាអ្នករើសមនុស្សមកសំដែងតួ មានតួស្លូត តួកាច អ្នកតូច អ្នកធំ ខ្ញុំគេ។ល។ ទោះបីជាចិត្តរបស់ខ្ញុំខំធ្វើការព្យាយាមអប់រំដួងចិត្តខ្លួនឯងថា “មនុស្សកើតមកត្រូវតែស្រក់ហូរលើផែនដីនេះដដែល ក៏ព្រោះតែម្ដាយរបស់ខ្ញុំបានរលត់សង្ខារទៅថ្មីៗនេះ។
ដំណក់ទឹកភ្នែកក្នុងនាមជាបុរសដើមទ្រូងប្រាំហត្ថនៃខ្ញុំកំពុងតែស្រក់មកមិនដាច់ ឆ្លើយប្រាប់ថា ជាសញ្ញានៃវិប្បដិសារីជេរស្ដីដាក់ទណ្ឌកម្មចំពោះដួងចិត្តខ្លួនឯង គ្មានពេលរសាយចាកទុក្ខា។ ខណៈនេះខ្ញុំកំពុងតែអង្គុយនៅមាត់ជណ្ដើរផ្ទះបែរមុខទៅរកមាត់បឹងដំណក់ទឹកភ្លៀងរលឹមស្រិចៗ ផ្ទៃមេឃក៏ខ្មៅជុំជិតហាក់ដូចជាចូលមកដុតកម្លោចដួងចិត្តរបស់ខ្ញុំ ឲ្យទទួលបាននូវភាពកម្សត់សោកាទ្វេឡើងថែមទៀត។ ធម្មជាតិផងទាំងពួងដែលមានទាំងប៉ុន្មាននៅក្នុងទឹកដីនេះគឺនៅតែថែរក្សាបាននូវភាពស្រស់ត្រកាលរបស់ខ្លួនឲ្យខ្ញុំបានយល់ដដែលទេ! ប៉ុន្តែទីស្ថាននេះលែងមានវត្តមានរបស់ម្ដាយខ្ញុំទៀតហើយ! ព្រះអគ្គីបានបំផ្លាញរូបរាងកាយរបស់ម្ដាយខ្ញុំឲ្យបែកធ្លាយទៅជា ដី ទឹក ភ្លើង ខ្យល់ ដែលជាសភាវដើមវិញ។ ខ្ញុំយំ! ខ្ញុំខ្លោចផ្សា! គ្មានពេលស្បើយទុក្ខ ចិត្តក៏រំឭកបានឡើងវិញ នូវរឿងរ៉ាវពីអតីតកាលដ៏កម្សត់ខ្លោចផ្សាល្វីងជូរចត់ ដែលជីវិតគ្រួសាររបស់ខ្ញុំបានភពប្រសព្វកន្លងមក។
តើហេតុអ្វីបានជាម្ដាយរបស់ខ្ញុំស្លាប់?
តើខ្ញុំ!ខ្ញុំជាអ្នកដែលធ្វើឲ្យម្ដាយខ្ញុំស្លាប់!…
ខ្ញុំគឺជាជនម្នាក់ ដែលមានឈាមជ័រជាត្រកូលអ្នកកសិករ ដែលរស់នៅក្នុងទឹកដីខេត្តបាត់ដំបង ស្រុកមោងប្ញស្សី។ ទាំងខាងឪពុករបស់ខ្ញុំក្ដី ទាំងខាងម្ដាយរបស់ខ្ញុំក្ដី គឺសុទ្ធតែមានបុព្វបុរសជាអ្នកធ្វើស្រែ រហូតនិស្ស័យនេះបានតភ្ជាប់មកដល់បច្ចុប្បន្នកាល។ ពាក្យថា “អ្នកស្រែ” មួយម៉ាត់អ្នកមួយចំនួនដែលរស់នៅខ្លាតឆ្ងាយពីជីវភាពនេះ ហើយប្រសិនបើជាជនដែលខ្វះការអប់រំទៀតនោះ ពាក្យនេះគឺអន់ថោកជាទីបំផុត ទាំងចំណេះវិជ្ជា ទាំងរបៀបរបបរស់នៅ រហូតមានជនមួយចំនួនពេលណាគេខឹងគ្នាឬចំអន់គ្នា គេតែងហៅគ្នាថា “អាអ្នកស្រែ” “មីអ្នកស្រែ” “កុំធ្វើមើលតែអ្នកស្រែ”។ល។ តែអ្នកទាំងនេះពុំបានគិតដល់គុណបំណាច់របស់ជីវិតអ្នកស្រែទាំងនេះ ដែលជាអ្នកផលិតអង្ករសម្រាប់ផ្គត់ផ្គង់ជីវិតរបស់ខ្លួនពួកគេឡើយ ដោយគេសម្អាងថា គេមានប្រាក់។ ឪពុករបស់ខ្ញុំឈ្មោះ សាន គឺជាយុទ្ធជនពិការមួយរូប ដោយសារសង្គ្រាមក្នុងទសវត្សរ៍ទីប៉ែតសិបនៅតំបន់បរប៉ៃលិន ក្នុងខណៈពេលប្រទេសជាតិឆ្លងផុតពីរបបបនប្រល័យពូជសាសន៍ថ្មីៗ ដែលពេលនោះ ប្រទេសជាតិពុំទាន់មានសន្តិភាពបរិបូរណ៍នៅឡើយទេ។ ជើងរបស់ឪពុកខ្ញុំត្រូវគ្រាប់មីនពិការទាំងសងខាងដែលត្រូវអង្គុយលើរទេះរុញ រហូតមកដល់សព្វថ្ងៃ។
សង្គ្រាមបង្ហូរឈាមគ្នាពុំគ្រាន់តែធ្វើឲ្យពុករបស់ខ្ញុំរស់ក្នុងនាមជាជនពិការប៉ុណ្ណោះទេ លទ្ធផលក្រោយសង្គ្រាមទៀតសោត បានក្លាយជាអ្នកកំណត់ជោគវាសនានៃម្ដាយរបស់ខ្ញុំឲ្យធ្លាក់ខ្លួនក្លាយទៅជាស្ត្រីពិការជើងស្ដាំម្ខាង ដោយសារត្រូវគ្រាប់មីន ក្នុងពេលដែលម្ដាយខ្ញុំទៅរកអុសក្នុងព្រៃ ហើយម្ដាយរបស់ខ្ញុំត្រូវប្រើជើងសិប្បនិមិត្តរហូតមក។ ខ្ញុំបានចាំច្បាស់ថា នៅពេលដែលខ្ញុំមានអាយុប្រាំពីរឆ្នាំ ម្ដាយខ្ញុំ សម្រាលកូនទីបីដែលជាកូនពៅ។ ថ្ងៃនោះ ផ្ទះរបស់ខ្ញុំគ្មានប្រាក់មួយកាក់មួយសេនឡើយ អង្ករក៏អស់ពីពាងទៀត។ ជាលើកទីមួយនៃជីវិតរបស់ឪពុកខ្ញុំហើយ ដែលគាត់បានកាត់ផ្ដាច់អស់នូវសេចក្ដីខ្មាសអៀនចំពោះខ្លួនឯង និងចំពោះអ្នកដទៃ គឺពុកខ្ញុំ និងខ្ញុំ នាំគ្នាមកអង្គុយបត់ជើងសុំទានតាមសំយាបផ្សារ។ ជនសប្បុរសមួយចំនួនគេបានដាក់ទានដោយសន្ដានចិត្តសទ្ធាជ្រះថ្លា តែមានអសប្បុរសជនមួយចំនួនមិនត្រឹមតែមិនដាក់ទានទេ ថែមទាំងប្រើអាកប្បកិរិយាសម្ដែងឲ្យឃើញច្បាស់នូវការមើលងាយស្អប់ខ្ពើម ពេបជ្រាយគួរឲ្យឈឺចាប់ជាទីបំផុត។ សម្ដីរបស់អ្នកស្រីម្នាក់នៅតែដក់ងំក្នុងចិត្តរបស់ខ្ញុំជានិច្ច ទោះបីជាពេលវេលាកន្លងផុតទៅយ៉ាងយូរក៏ដោយ។
“មុខមាត់ សាច់ឈាម នៅគ្រាន់បើដែរ មិនគួរមកសុំទានគេសោះ! នៅភូមិខ្ញុំគេក៏ពិការអញ្ចឹងដែរតែគេឡើងត្នោតឲ្យចំណាប់”។
ខ្ញុំឃើញពុករបស់ខ្ញុំខំញញឹមដើម្បីបន្លប់ចិត្តខ្មាសអៀន និងឈឺចាប់ឥតអ្វីផ្ទឹមនេះយ៉ាងជូរចត់។ តើមាននរណាទៅដែលគេយល់ ពេលស្រុកសង្គ្រាមគេពិតជាត្រូវការណាស់ជនដែលមានទឹកចិត្តក្លាហាន ពេលសុខក្សាន្តត្រាណ គេបោះបង់អ្នកចោល។ ជើងទាំងគូដែលពុករបស់ខ្ញុំបានបាត់បង់ទៅនេះ ក៏ព្រោះតែបុព្វហេតុជាតិមាតុភូមិបានតម្រូវឲ្យឪពុករបស់ខ្ញុំយកព្រៃធ្វើផ្ទះ រត់កាត់ព្យុះភ្លៀង ព្រៃភ្នំក្រំថ្ម ធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ជូនផែនដីពិតឥតមានស្ដាយសង្ខារ។ គ្រប់គ្នាបានជ្រកក្រោមម្លប់នៃសុខសន្តិភាពនេះក៏បានមកពីការរួមចំណែករបស់ឪពុកខ្ញុំដែរ។ ប៉ុន្តែគេបែរជាបំភ្លេចនូវគុណូបការៈនេះចោល គេនាំគ្នារីករាយ និងសន្តិភាព គេសប្បាយ គេឲ្យតម្លៃ គេបំពាក់គ្រឿងឥស្សរិយយសឲ្យតែគ្នីគ្នាគេ គេបំភ្លេចជនតូចតាចឲ្យវេទនាខ្លាចផ្សាក្នុងវាលវដ្ដសង្សារនេះ។ ម្ដាយរបស់ខ្ញុំបានឆ្លងកាត់នូវជីវភាពមួយដ៏លំបាកវេទនារកថ្លែងមិនត្រូវ។ មួយថ្ងៃៗគ្មានពេលបានទំនេរ ព្រោះតែលក្ខខណ្ឌនៃជីវិតដែលហៅថា “ក្រ” បានតម្រូវឲ្យម្ដាយខ្ញុំក្រោកឈរឡើងប្រកបទៅដោយទឹកចិត្តភក្ដីតស៊ូចំពោះគ្រួសារក្នុងនាមជាស្ត្រីពិការជើងម្ខាង។ ម្ដាយរបស់ខ្ញុំបានតស៊ូឲ្យខ្ញុំ និងប្អូនៗបានរៀនសូត្រគ្រប់គ្នា ព្រោះតែគាត់ចង់ឲ្យកូនមានចំណេះវិជ្ជាស្អប់ភាពល្ងង់ខ្លៅដែលជាទីស្អប់ខ្ពើមរបស់មនុស្ស។ ម៉ែខ្ញុំធ្វើស្រែ ដាំបន្លែ ចិញ្ចឹមសត្វ ដឹកកង់លក់បន្លែតាមភូមិ ស៊ីឈ្នួលស្ទូង ច្រូត ឲ្យគេជាដើម។ ពុករបស់ខ្ញុំជាជាងជួសជុលកង់នៅខាងមុខផ្ទះ។
អាស្រ័យដោយការតស៊ូរបស់ម្ដាយខ្ញុំ ឲ្យខ្ញុំបានរៀនសូត្រ ទីបំផុតខ្ញុំក៏បានប្រលងជាប់សញ្ញាប័ត្រទុតិយភូមិ។ គ្រួសាររបស់ខ្ញុំទាំងមូលសប្បាយរីករាយយ៉ាងខ្លាំងចំពោះជ័យជម្នះក្នុងការសិក្សារបស់ខ្ញុំ។ ប៉ុន្មានខែក្រោយមក គ្រួសាររបស់ខ្ញុំទាំងមូល ជាពិសេសម្ដាយរបស់ខ្ញុំបានធ្លាក់ចូលទៅក្នុងសភាពមួយយ៉ាងក្រៀមក្រំ នោះដោយសារតែខ្ញុំប្រលងចូលរៀនបន្តនៅមហាវិទ្យាល័យមិនជាប់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏ម្ដាយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំ មិនឲ្យអស់សង្ឃឹមឡើយដោយសន្យាថា នឹងឲ្យខ្ញុំបានចូលរៀននៅមហាវិទ្យាល័យឯកជន។ យប់នេះម្ដាយរបស់ខ្ញុំបានពិគ្រោះគ្នាជាមួយឪពុករបស់ខ្ញុំ ទាក់ទងនឹងរឿងបន្តការសិក្សា។ ទីបំផុតពុកក៏បានសម្រេចឲ្យខ្ញុំចូលរៀននៅមហាវិទ្យាល័យឯកជន។ ប៉ុន្តែគាត់ត្រូវតែបញ្ឈប់ការសិក្សារបស់សុភាពជាប្អូនស្រីរបស់ខ្ញុំ ដែលនាងទើបតែប្រលងជាប់ឌីប្លូម ហើយបានចូលរៀននៅវិទ្យាល័យថ្មីៗ ដោយតម្រូវឲ្យសុភាពទៅភ្នំពេញរកការងារនៅតាមរោងចក្រធ្វើ ដើម្បីជួយរកប្រាក់មកផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្ញុំ។ ខណៈនោះ ខ្ញុំឃើញប្អូនស្រីរបស់ខ្ញុំអង្គុយយំម្នាក់ឯង។ សុភាពជាសិស្សដែលរៀនពូកែជាងគេក្នុងថ្នាក់។ សុភាពមិនចង់ឈប់រៀនទេ ឯម្ដាយរបស់ខ្ញុំក៏មិនចង់ឲ្យនាងឈប់រៀនដែរ ប៉ុន្តែស្ថានភាពនិងជីវភាពគ្រួសារជាអ្នកកាត់សេចក្ដីឲ្យប្អូនស្រីរបស់ខ្ញុំត្រូវបង្ខំចិត្តលើកដៃលាចាកដំបូលសាលាទាំងទឹកភ្នែកអាឡោះអាល័យជាទីបំផុត ដែលមួយជីវិតនេះគ្មានឱកាសណាមួយអនុញ្ញាតឲ្យរូបនាងបានវិលត្រឡប់មកសិក្សានៅលើទឹកដីនេះជាថ្មីម្ដងទៀតឡើយ។
1
ទីបំផុតខ្ញុំក៏បានចូលរៀននៅវិទ្យាស្ថានជាតិគ្រប់គ្រងផ្នែក “ព័ត៌មានវិទ្យា” ដែលត្រូវបង់ប្រាក់ក្នុងមួយឆ្នាំបួនរយហុកសិបដុល្លារ។ ពុទ្ធោ! ទីក្រុងភ្នំពេញពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ មិត្តភក្ដិរួមថ្នាក់ទាំងអស់ ភាគច្រើនសុទ្ធតែរស់នៅក្នុងជីវភាពសម្បូរសប្បាយ គេមានលុយចាយ មានម៉ូតូសេរីថ្មីៗ មានទូរស័ព្ទទំនើបកាន់គ្រប់ដៃ។ ពេលនេះខ្ញុំចេះចាប់ផ្ដើមមានអារម្មណ៍ខ្មាសអៀនចំពោះមជ្ឈដ្ឋានជុំវិញខ្លួន ព្រោះមានតែខ្ញុំម្នាក់ទេដែលត្រូវជិះកង់មករៀនជារៀនរាល់ថ្ងៃ។ យុវវ័យគឺពិតជាភ្លើតភ្លើនតាមគ្នាយ៉ាងប្រាកដ ខ្ញុំពុំអាចទ្រាំបានតទៅទៀតចំពោះសភាពលក្ខណៈបែបនេះឡើយ។ ខ្ញុំបានត្រឡប់ទៅស្រុកកំណើតរំអុកម្ដាយខ្ញុំឲ្យគាត់រកប្រាក់ទិញម៉ូតូឲ្យខ្ញុំបានជិះនឹងគេ។ ដោយប្រកែកមិនបាន ម្ដាយខ្ញុំក៏យល់ព្រម ដោយប្រាប់ថា គាត់នឹងលក់ដីស្រែនៅខាងចុងភូមិ។ បើទោះជាខ្ញុំមានម៉ូតូម៉ាកគុប៥០ជិះក៏ដោយ នេះពុំទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំនៅឡើយទេ។ ខ្ញុំនៅចង់បានទូរស័ព្ទដៃមួយទៀត។ ម្ដងនេះ ខ្ញុំបានទៅសុំប្រាក់ប្អូនស្រីរបស់ខ្ញុំចំនួន៧០ដុល្លារ ដោយកុហកថា យកទៅជួសជុលម៉ូតូ និងទិញសៀវភៅ។ សុភាពបានខ្ចីប្រាក់មិត្តភ័ក្ដិរបស់នាង បូករួមនឹងប្រាក់របស់នាង ក៏បានគ្រប់ចំនួនដែលខ្ញុំត្រូវការ។ ខ្ញុំបានប្រាក់ពីប្អូនស្រីហើយ ខ្ញុំក៏ប្រញាប់ទៅរកទិញទូរស័ព្ទដៃមួយគ្រឿងម៉ាកល្អល្មមប្រើការបាន។ ប្រាក់ដែលឪពុកម្ដាយខ្ញុំផ្ញើមក សម្រាប់ចាយវាយប្រចាំខែ ខ្ញុំឆ្លៀតទិញខោអាវថ្មីៗ ស្បែកជើងល្អៗ។ លុះពេលដាច់លុយខ្ញុំរត់ទៅសុំលុយប្អូនស្រីរបស់ខ្ញុំ ដែលជួលផ្ទះគេនៅម្ដុំបឹងក្រពើ។
ពេលនេះគឺខ្ញុំអាចចូលចំណោមគេចុះហើយ ខោអាវក៏ថ្មីម៉ូតូក៏មានជិះ ទូរស័ព្ទក៏មានប្រើ ជីវិតរបស់ខ្ញុំឥឡូវនេះគឺពោរពេញទៅដោយឥស្សរភាពយ៉ាងអស្ចារ្យ។ ខ្ញុំមានមិត្តភ័ក្ដិជិតស្និទ្ធបួននាក់ដែលសុទ្ធតែជាកូនអ្នកមាន ជារៀងរាល់ថ្ងៃសៅរ៍អាទិត្យ ពួកយើងតែងតែនាំគ្នាជិះម៉ូតូជ្រែពេញផ្លូវ ហើយចូលច្រៀងកម្សាន្តនៅតាមផ្លូវព្រែកលៀបមិនដែលដាច់។ បទដែលជាទីពេញនិយមរបស់ពួកយើងគឺជាបទញ័រញាក់តាមលំនាំបទបរទេសជាពិសេសគឺបទថៃ។ ពួកយើងបាននាំគ្នាខំបំភ្លេចឲ្យអស់នូវអ្វីដែលជាវប្បធម៌របស់ខ្មែរ ហើយបើកខួរក្បាលនិងដួងចិត្តទទួលយកវប្បធម៌របស់បរទេសយ៉ាងពេញលេញជាទីបំផុត។
ខ្ញុំពុំបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្របន្តិចណាសោះឡើយ ប្រាក់ថ្លៃឈ្នួលសាលា ខ្ញុំដឹងតែដល់ថ្ងៃខែកំណត់ខ្ញុំទៅយកពីផ្ទះ ត្រង់ចំណុចថា ប្រាក់នេះឪពុកម្ដាយរបស់ខ្ញុំបានមកដោយស្ថិតនៅក្នុងរូបភាពលំបាកវេទនាយ៉ាងណាខ្លះនោះ គឺខ្ញុំពុំសូវជាចាប់អារម្មណ៍ឡើយ។ ខ្ញុំដឹងតែថា ត្រូវប្រើជីវិតក្នុងនាមជាយុវវ័យ ឲ្យមានន័យស្រស់បំព្រង និងដើរឲ្យទាន់នៃយុគសម័យទំនើប។ ពេលវេលានៃរដូវកាលចេះតែផ្លាស់ប្ដូរទៅមុខឥតឈប់ឈរ មិនជាយុរប៉ុន្មានខ្ញុំក៏បានក្លាយទៅជានិស្សិតឆ្នាំទីបួន ឃើញថា វ័យរបស់ខ្ញុំកាន់តែទៅមុខ ក៏ប៉ុន្តែអត្តចរិតជាយុវជនឈាមរាវ ភ្លើតភ្លើនគឺនៅតែរក្សាទុកដូចគ្រាដើម។ ថ្ងៃមួយ ក្រុមរបស់ខ្ញុំបានដើរលេងរហូតដល់ម៉ោង១១យប់ ទើបចែកផ្លូវគ្នារៀងៗខ្លួន។ ពេលដែលខ្ញុំបញ្ជាម៉ូតូសំដៅមកផ្ទះជួលដែលខ្ញុំស្នាក់នៅសព្វថ្ងៃនៅស្ទឹងមានជ័យនោះ ស្រាប់តែខ្ញុំបានត្រូវក្រុមបងធំមួយក្រុមប្លន់យកម៉ូតូរបស់ខ្ញុំបានយ៉ាងស្រួល នៅត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យដោយអាមេធំយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ឲ្យខ្ញុំចុះពីលើម៉ូតូ។ បន្ទាប់ពីមានរឿងនេះមក ខ្ញុំលំបាកចិត្តខ្លាំងណាស់ ខ្ញុំក៏ពុំហ៊ាននិយាយរឿងនេះប្រាប់នរណាដែរ។ ល្ងាចនោះ ខ្ញុំក៏បានមកឈររង់ចាំប្អូនស្រីរបស់ខ្ញុំនៅពីមុខរោងចក្រកាត់ដេរ “ខិននីតិច”។ នៅក្រោមដំណក់ភ្លៀងរលឹមស្រិចៗ ខ្ញុំឃើញប្អូនស្រីរបស់ខ្ញុំកំពុងដើរចេញពីរោងចក្រទាំងទឹកមុខស្លេកស្លាំងគួរឲ្យអាណិតអាសូរ។ នាងមួយថ្ងៃៗអង្គុយដេររហូត ចំណីអាហារទៀតសោតហូបពុំគ្រប់គ្រាន់មួយពេលអស់តែ៦០០រៀល គឺបាយ៣០០រៀល សម្ល៣០០រៀល ឬបើឃ្លានខ្លាំងថែមបាយស២០០រៀលទៀត។ នាងសន្សំសំចៃ ត្បិតត្បៀតនឹងខ្លួនឯង ដើម្បីដំណើរការនៃការរៀនសូត្ររបស់ខ្ញុំបានទៅមុខ។ ខ្ញុំមករកប្អូនស្រីរបស់ខ្ញុំ ក្នុងគោលបំណងប្រាប់នាងឲ្យដឹងពីរឿងដែលខ្ញុំត្រូវចោរប្លន់ម៉ូតូ ប៉ុន្តែដោយមើលទៅសភាពនៃសុខភាពរបស់នាងមិនសូវល្អ ខ្ញុំក៏សម្រេចចិត្តលាក់រឿងនេះបន្តទៅទៀតដោយកុហកនាងថា ម៉ូតូខ្ញុំគឺមិត្តភ័ក្ដិខ្ចីជិះ។
A
ថ្ងៃអាទិត្យនោះខ្ញុំក៏បានត្រឡប់មកស្រុកកំណើត ពេលមកដល់ផ្ទះ ខ្ញុំឃើញពុករបស់ខ្ញុំកំពុងអង្គុយផ្ទាល់នឹងដី រំកិលត្រឡប់ចុះឡើង ដើម្បីប៉ះកង់ម៉ូតូឲ្យគេ។ ខ្ញុំឃើញបាតដៃទាំងទ្វេរបស់គាត់ឡើងក្រិនដូចគូទស្វា។ ពេលឃើញខ្ញុំ ពុកយកខ្នងដៃមកជូតញើសលើថ្ងាស រួចហើយក៏ញញឹមដាក់ខ្ញុំយ៉ាងស្រទន់ បញ្ជាក់ពីទឹកចិត្តសន្ដោសប្រណីរបស់ឪពុកចំពោះរូបកូន។ ដោយអស់កម្លាំងខ្លាំងពេក ខ្ញុំក៏ចូលទៅក្នុងផ្ទះរកកន្លែងសម្រាក ហើយលក់ភ្លាមមួយរំពេច។
ព្រលឹមឡើងស្រាងៗ ខ្ញុំក៏ដើរមួយៗសំដៅទៅស្រែខាងក្រោយផ្ទះ នៅក្រោមដំណក់ទឹកភ្លៀងរលឹមស្រិចៗនាដើមរដូវវស្សា។ ម្ដាយរបស់ខ្ញុំកំពុងតែភ្ជួរស្រែ គឺអូសជើងភ្ជួរស្រែ ស្រាប់តែម្ដាយរបស់ខ្ញុំទន់ជង្គង់ដួលគ្រឹបចុះទៅ។ គោចេះតែធ្វើដំណើរទៅមុខ ម្ដាយខ្ញុំនៅដេកត្រាំក្នុងទឹកស្រែ គាត់ខំប្រឹងព្យាយាមក្រោកឈរតាមគោដើម្បីភ្ជួរបន្ត បានតែបន្តិច គាត់ក៏ដួលជាលើកទីពីរ។ ម្ដាយខ្ញុំដេកកាន់ដងនង្គ័លជាប់មិនឲ្យរបេះពីដៃឡើយ។ គោអូសម្ដាយរបស់ខ្ញុំទៅហើយ អូសទៅហើយ! ខ្ញុំក៏ប្រញាប់ស្ទុះរត់ទៅត្រកងកាយរបស់ម្ដាយខ្ញុំ បីត្រឡប់មកផ្ទះ អ្នកជិតខាងផ្អើលឈូរឆមកជួយចាប់ខ្យល់ កោសខ្យល់ឲ្យម្ដាយរបស់ខ្ញុំ។ ក្រោយមក ម្ដាយខ្ញុំក៏បានធូរស្បើយជាងមុនច្រើន។ ពេលដែលខ្ញុំត្រឡប់មកភ្នំពេញវិញ អារម្មណ៍របស់ខ្ញុំដក់ជាប់ជានិច្ចមិនអាចបំភ្លេចបាននូវទិដ្ឋភាពនៃការតស៊ូមួយគ្រួសារ ដើម្បីបុព្វហេតុនៃការរៀនសូត្ររបស់ខ្ញុំ។
ថ្ងៃមួយនោះ ស្រាប់តែចៃដន្យអ្វីខ្ញុំក៏បានជួបក្រុមបងធំដែលខ្ញុំចំណាំមុខបានយ៉ាងច្បាស់ថា គឺជាក្រុមប្លន់ម៉ូតូរបស់ខ្ញុំ ស្រាប់តែដូចជាមានអំណាចអ្វីមកសណ្ឋិតក្នុងខ្លួនរបស់ខ្ញុំយ៉ាងពិតប្រាកដ ដោយតម្រូវឲ្យខ្ញុំស្ទុះវឹងទៅដាល់ ធាក់ ទាត់ ពួកវាប្រៀបដូចជាខ្លួនឯងហ្នឹងជាតួឯងចិនហុងកុងដ៏ពូកែមួយរូបយ៉ាងអញ្ចឹង។ ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានវិនាទីផង ខ្ញុំក៏ត្រូវពួកវាព្រួតគ្នាវាយសងខ្ញុំវិញយ៉ាងចាស់ដៃ ប៉ុន្តែសំណាងល្អដែលមានប៉ូលិសនៅក្បែរនោះ ចូលមកធ្វើអន្តរាគមន៍ទាន់ពេលវេលា ហើយពួកវាក៏គេចខ្លួនអស់ទៅដែរ។ ចំណែករូបខ្ញុំត្រូវដឹកយកមកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។ ដំណឹងនេះក៏បានដឹងដល់គ្រួសាររបស់ខ្ញុំទាំងមូល។ ម្ដាយរបស់ខ្ញុំគោះទ្រូងយំ ហើយស្ដីបន្ទោសឲ្យខ្ញុំយ៉ាងច្រើន។ ខ្ញុំគ្មានពាក្យពេចន៍អ្វីសម្រាប់និយាយឡើយ ព្រោះខ្ញុំស្គាល់ច្បាស់ថា លទ្ធផលនេះគឺជាអំពីដែលរូបខ្ញុំជាអ្នកកសាងដោយខ្លួនឯង ហើយក៏បានស្ងប់ចិត្តខ្លះដែរ កាលដែលបានស្ដាប់លីនូវពាក្យស្ដីបន្ទោសរបស់ឪពុកម្ដាយខ្ញុំ ទោះជាយ៉ាងណាក៏ពួកគាត់មិនអាចបោះបង់រូបខ្ញុំចោលដែរ។
ខ្ញុំបានតាំងចិត្តចាប់ផ្ដើមកសាងខ្លួនជាថ្មី។ ខ្ញុំខិតខំរៀនសូត្រ ដើម្បីត្រៀមប្រលងបញ្ចប់ការសិក្សាផង និងខិតខំស្វះស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុនផង។ ខ្ញុំបានចូលមកធ្វើសម្ភាសនៅក្នុងក្រុមហ៊ុនមួយ មិនទាន់ទាំងបានសម្ភាសផង ស្រាប់តែមានបុរសសាច់ឈាមជាអ្នកមានម្នាក់ នាំយុវជនម្នាក់ក្នុងវ័យប្រហែលខ្ញុំ ចូលមកក្នុងបន្ទប់សម្ភាសនេះដែរ ហើយនិយាយជាមួយអ្នកទទួលសម្ភាសថា “សុំផ្ញើក្មួយម្នាក់ផងសំឡាញ់!”។ ខ្ញុំក៏ត្រូវបោះជំហានចាកចេញពីទីនេះទាំងអារម្មណ៍ឈឺចាប់ចំពោះសង្គមមានខ្សែនេះជាទីបំផុត បើមិនមានខ្សែទេជីវិតក៏ពិបាកនឹងជួបជោគជ័យណាស់។ មួយខែក្រោយមក ប្អូនស្រីរបស់ខ្ញុំបានជិះម៉ូតូឌុបឪពុកម្ដាយរបស់ខ្ញុំមកដល់ផ្ទះដែលខ្ញុំជួលនៅ។ ម៉ូតូម៉ាកគុប៩០ គឺម៉ូតូដែលពុកម៉ែទិញឲ្យខ្ញុំ ខ្ញុំត្រេកអរឥតឧបមាឡើយ។ តើបានប្រាក់មកពីណាទិញម៉ូតូនេះ? សំនួរនេះគ្មាននរណាម្នាក់អាចឆ្លើយនឹងរូបខ្ញុំបានឡើយ។ យល់នូវទឹកមុខដ៏ក្រៀមក្រំរបស់ពុកម៉ែរបស់ខ្ញុំ គឺអាចវាស់ស្មានបានច្បាស់ថា ប្រាក់ទិញម៉ូតូនេះគឺច្បាស់ជាលក់ដីស្រែជាក់ជាមិនខាន។ ខ្ញុំចាប់ផ្ដើមកាន់តែយល់ជ្រួតជ្រាបបានច្បាស់ នៅចំកណ្ដាលនៃស្នាមញញឹមទាំងស្រពោនរបស់ពុកម៉ែ និងប្អូនស្រីរបស់ខ្ញុំ។ គឺខ្ញុំយល់ថា ជីវិតនេះគឺពោរពេញទៅដោយបន្លាស្រួច ច្រូងច្រាងងាកទៅខាងឆ្វេង ងាកទៅខាងស្ដាំ គេស្រះសុទ្ធតែរបងបន្លាស្រួចៗ ហើយខ្ពស់ៗចូលទៅមិនបាន។ មិនថា ចំពោះតែអ្នកដទៃ ឬក៏ជាមិត្តភ័ក្ដិទេ គេច្រើនតែនិយមរាប់អានយើងក្នុងគ្រាមានបាន ឬក៏ក្នុងគ្រាសប្បាយហ៊ឺហាតែប៉ុណ្ណោះ។ គ្មាននរណាម្នាក់ស្រលាញ់រូបយើងស្មោះអស់ពីចិត្តពីថ្លើមដូចឪពុកម្ដាយបង្កើតខ្លួនឯងឡើយ។ សេចក្ដីស្រលាញ់របស់ឪពុកម្ដាយជាសេចក្ដីស្រលាញ់ដែលគ្មានលាក់កំនួចឬគ្មានល្បិចកល ដែលពួកគាត់បានប្រគល់មកឲ្យយើងដោយសុទ្ធចិត្ត និងមិនគិតពីផលតបស្នង។ បើទោះជាគាត់បន្ទោសឬខឹងយ៉ាងណា ក៏គាត់នៅតែចិត្តពុំដាច់ គឺជេរទៅនៅហៅមកវិញទេតែបើអ្នកដទៃ បើគេជេរយើងហើយ គឺគេគុំស្អប់រូបយើងមួយជីវិតទល់នឹងថ្ងៃស្លាប់។ ខ្ញុំក៏បានខិតខំប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្ររហូតប្រលងបញ្ចប់ការសិក្សា ដោយទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តក្រៃលែង។ ប៉ុន្តែជាអកុសលអ្វី ស្រាប់តែខ្ញុំបានទទួលដំណឹងមកថា ម្ដាយរបស់ខ្ញុំធ្លាក់ពីលើដើមស្វាយមានរបួសគ្រាំក្នុងជាទម្ងន់ ខ្ញុំក៏ប្រញាប់បញ្ជាម៉ូតូឌុបប្អូនស្រីរបស់ខ្ញុំក្នុងល្បឿនយ៉ាងលឿនសំដៅមកស្រុកកំណើត។
ពេលមកដល់ផ្ទះ ខ្ញុំធ្លាក់ថ្លើមក្ដុក ព្រោះឃើញម្ដាយរបស់ខ្ញុំស្លៀកសំពត់ហូល និងអាវប៉ាក់ដែលគាត់ស្រលាញ់បំផុត ដែលពេលនេះគាត់កំពុងសណ្ដូកកាយដ៏ស្គមស្គាំងរបស់គាត់នៅលើគ្រែប្ញស្សី ដែលនៅពីលើក្បាលដំណេកមានតាំងរូបព្រះពុទ្ធចូលនិព្វាន ហើយក៏មានស្លាធម៌ បាយសី ទៀន ធូប រៀបចំតាមរណ្ដាប់យ៉ាងគត់មត់។ ម្ដាយខ្ញុំផ្គុំដៃសំពះដាក់នៅត្រង់ប្រអប់ទ្រូង ហើយទន្ទេញពាក្យថា “ពុទ្ធោៗ” និងពាក្យធម៌មួយចំនួនទៀត ទៅតាមពាក្យបង្គាប់នៃលោកតាអាចារ្យ។
ពុករបស់ខ្ញុំមានប្រសាសន៍ទាំងទឹកភ្នែករលីងរលោង ៖
-ម្ដាយឯងគ្រាំក្នុងយូរហើយ ព្រោះតែធ្វើការធ្ងន់ហួសកម្លាំង គ្មានពេលសម្រាកមិនថា ជាការងារប្រុស ឬការងារស្រីទេ គឺម្ដាយឯងរ៉ាប់រងទាំងអស់! មួយថ្ងៃៗឲ្យតត្រុក។ ប៉ុន្មានខែនេះ ម៉ែឯងខំប្រឹងខុសពីធម្មតា ដើម្បីរកប្រាក់ឲ្យបានច្រើនលោះយកដីស្រែមកវិញ។ ម៉ែឯងឡើងដើមស្វាយដើម្បីបេះផ្លែវាយកទៅលក់ តែអកុសលម៉ែឯងក៏ធ្លាក់ពីលើដើមស្វាយខាងក្រោយផ្ទះ ពេលនេះម៉ែឯងគ្មានសង្ឃឹមនិងរស់ទេ។
ខ្ញុំ និងសុភាពរួមទាំងប្អូនប្រុសពៅរបស់ខ្ញុំ នាំគ្នាស្រែកយំហ៊ូៗរហូតសំឡេងនេះលឺដល់ម្ដាយរបស់ខ្ញុំ។ ដោយកំសួលចិត្តនៃការរំឭកកូនខ្លាំងពេក ម្ដាយខ្ញុំខំក្រោកអង្គុយទាំងត្រដាបត្រដួស។ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំស្ទុះចូលទៅជួយទប់អ្នកម្ដាយ ដោយប្រយ័ត្នប្រយែង។ ម៉ែអង្អែលក្បាលពួកខ្ញុំយ៉ាងថ្នាក់ថ្នម រួចពោលទាំងទឹកភ្នែកហូររហាមនិងរលកសំឡេងអួលអាក់ ៖
-ពីថ្ងៃនេះតទៅ ម៉ែអស់បាននៅឃើញមុខកូនៗទៀតហើយ! ពេលអត់ពីម៉ែទៅ ចូរកូនត្រូវចេះស្រលាញ់គ្នា ជួយគ្នា! កុំឈ្លោះគ្នាឲ្យសោះណាកូន។ ម៉ែគ្មានអ្វីជាកេរសម្រាប់ពួកកូនទេ គឺម៉ែមានត្រឹមតែការតស៊ូ ក្រាញននៀលក្នុងឆាកជីវិតបង្ហូរញើសឈាមដើម្បីកូនៗ ដែលម៉ែធ្លាប់អូសលោងកន្លងមក ដែលមកដល់ពេលឥឡូវនេះ ម៉ែទៅលែងរួចហើយកូន អស់ត្រឹមថ្ងៃនេះហើយ!
-សំណាងកូន!
-បាទម៉ែ(ខ្ញុំឆ្លើយទាំងក្ដាប់ដៃម្ដាយជាប់)
-កូនជាកូនច្បង! កូនត្រូវមើលថែរក្សាប្អូនឲ្យបានល្អ! បម្រើតបស្នងសងគុណឲ្យបានល្អផងចំពោះឪពុករបស់កូន ម៉ែស្លាប់ទៅបានបិទភ្នែកជិតហើយ! តែម៉ែនៅស្ដាយ ស្ដាយដែលម៉ែពុំបាននៅឃើញថ្ងៃដែលកូនឡើងទទួលសញ្ញាប័ត្រ។
លោកតាអាចារ្យបានតម្រូវឲ្យបងប្អូនរបស់ខ្ញុំ នាំគ្នាចាកចេញពីទីនេះ ដើម្បីទុកឱកាសឲ្យម្ដាយរបស់ខ្ញុំបានតាំងតម្កល់សតិនៅក្នុងផ្លូវធម៌ ឈប់មានអារម្មណ៍វិលវល់ជាប់ជំពាក់ជាមួយកូនចៅទៀត។ ម្ដាយខ្ញុំធ្វើគ្រប់យ៉ាងតាមឱវាទលោកតាអាចារ្យ គាត់លើកដៃផ្គុំសំពះក្នុងកិរិយារំឭកដល់គុណនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយពោលមិនដាច់នូវពាក្យថា “ពុទ្ធោ” មិនបានប៉ុន្មានផងម្ដាយរបស់ខ្ញុំក៏អស់ខ្យល់ ហើយផុតរលត់សង្ខារពីលោកនេះ ដោយបន្សល់ទុកនូវសំណោកសោកសង្រេងយ៉ាងពន់ប្រមាណចំពោះរូបពួកខ្ញុំ ដែលជាកូន។ ពីថ្ងៃនេះទៅ ម៉ែសួនរបស់ខ្ញុំទៅរហូតហើយ។ សពរបស់ម្ដាយខ្ញុំត្រូវបានរៀបចំធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីពីបុរាណកាល ហើយរូបខ្ញុំគឺជាអ្នកបួសមុខភ្លើង។
ថ្ងៃទទួលបរិញ្ញាប័ត្រក៏បានមកដល់ ថ្ងៃនេះខ្ញុំបានពាក់អាវធំ ពាក់មួកធំយ៉ាងស្រស់សង្ហាឡើងទទួលបរិញ្ញាប័ត្រ។ មិត្តភ័ក្ដិទាំងអស់គេនាំគ្នាថតរូបជុំគ្នាជាមួយឪពុកម្ដាយ បងប្អូន ក្រុមគ្រួសាររបស់គេរៀងខ្លួន។ ខ្ញុំដើរមកឈរនៅកន្លែងស្ងាត់តែម្នាក់ឯង។ ខ្ញុំលើកបរិញ្ញាប័ត្រមកពិនិត្យមើលទាំងស្រក់ទឹកភ្នែក ព្រោះតែនៅក្នុងបរិញ្ញាប័ត្រនេះ ខ្ញុំហាក់ដូចជាឃើញច្បាស់នូវរូបពុករបស់ខ្ញុំកំពុងអុសគូទប៉ះកង់ឲ្យគេ បែកញើសជោគខោអាវមើលមិនយល់ បាតដៃក្រិនគួរឲ្យញញើត។ ខ្ញុំក៏ឃើញរូបប្អូនស្រីរបស់ខ្ញុំកំពុងអង្គុយដេរក្នុងរោងចក្រ ឃើញនាងអង្គុយញុំាបាយនៅម្ដុំមុខរោងចក្រ ដែលហ៊ុំព័ទ្ធទៅដោយធូលី និងផ្សែងយានយន្តគ្រប់ប្រភេទ។ រូបដែលខ្ញុំមើលឃើញច្បាស់ជាងគេនោះ គឺរូបម្ដាយរបស់ខ្ញុំដែលដឹកបន្លែដើរលក់តាមភូមិ ស៊ីឈ្នួលដកស្ទូងច្រូងកាត់ បោកបែនឲ្យគេ ឃើញម្ដាយរបស់ខ្ញុំអូសជើងភ្ជួរស្រែនៅក្រោមដំណក់ទឹកភ្លៀងនាដើមរដូវវស្សា។ ខ្ញុំបានដឹងថាមិត្តភ័ក្ដិរបស់ខ្ញុំមួយចំនួន ដែលមានឪពុកម្ដាយជាអ្នកជំនួញធំៗ គេជួញមួយថ្ងៃ គេមានប្រាក់ចាយបានមួយខែឬមួយឆ្នាំ។ ឯមិត្តភ័ក្ដិមួយចំនួនដែលមានឪពុកម្ដាយជាមន្ត្រីធំៗនោះ គេស៊ីញេតែមួយខ្វោក គេមានប្រាក់ចាយហូរហៀរ។ ឆ្លងកាត់នូវរឿងរ៉ាវមិនល្អរបស់ខ្ញុំកន្លងមក ខ្ញុំចោទសំនួរសួរខ្លួនឯងដោយចិត្តខ្មាសអៀនចំពោះខ្លួនឯងថា “តើខ្ញុំជានរណា? ឪពុកម្ដាយរបស់ខ្ញុំមានឋានៈជាអ្វី?” បានជាខ្លួនខ្ញុំតាំងជីវិតឲ្យធ្លាក់ចូលទៅក្នុងសេចក្ដីភ្លើតភ្លើនសម្បើមម៉េ្លះ? តើឪពុកម្ដាយរបស់ខ្ញុំមានអ្វីយកទៅលក់? មានអ្វីយកទៅស៊ីញេ? គឺមានតែនង្គ័លយកទៅស៊ីញេនៅលើដីស្រែ ដំណក់ញើសឈាម ទឹកភ្នែករបស់ម្ដាយខ្ញុំដែលស្រក់នៅលើដីស្រែ គឺប្រៀបដូចជាដំណក់ទឹកខ្មៅ ដែលសម្រាប់ដិតសំណៅឲ្យមើលឃើញកាន់តែច្បាស់នៃស្នាមរាស់។
ខ្ញុំដើរចេញមកខាងក្រៅបរិវេណ “វិទ្យាស្ថានជាតិគ្រប់គ្រង់” ស្រាប់តែខ្ញុំភ្ញាក់ព្រើត គឺដោយសារខ្ញុំឃើញប្អូនស្រីរបស់ខ្ញុំកំពុងឈររុញរទេះឪពុករបស់ខ្ញុំ ហើយញញឹមយ៉ាងស្រស់មកកាន់រូបខ្ញុំ។ ខ្ញុំរត់ទៅឱបឪពុករបស់ខ្ញុំ។ ខ្ញុំលែងខ្មាសអៀនចំពោះនរណាដូចគ្រាមុនទៀតហើយ ទោះបីជាឪពុករបស់ខ្ញុំជាជនពិការក្ដី ក៏ពិការព្រោះតែបុព្វេហេតុជាតិ មាតុភូមិ ដែលខ្ញុំជាកូនត្រូវតែមានមោទនភាពទៅវិញទេ។ សុភាពញញឹមទាំងទឹកភ្នែករំភើប ពេលសម្លឹងមួកធំ និងអាវធំរបស់ខ្ញុំ។ ខ្ញុំពិតជាយល់ណាស់ថា ប្អូនស្រីខ្ញុំកំពុងគិតអ្វីនោះ? គោលបំណងរបស់ប្អូនស្រី គឺចង់ក្លាយទៅជាគ្រូបង្រៀនដ៏ល្អម្នាក់ ប៉ុន្តែជាអកុសលលក្ខខណ្ឌនៃជីវិតបានកម្រិតឲ្យរូបនាងមានឋានៈត្រឹមតែជាកម្មការិនី អង្គុយដេរប្ដូរយកទឹកប្រាក់មកផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្ញុំដែលជាកូនប្រុសទៅវិញ។ ខ្ញុំគិតថា នេះជារឿងមួយអយុត្តិធម៌សម្រាប់ប្អូនស្រីរបស់ខ្ញុំណាស់ ដែលមានជីវិតកូនស្រីមិនតិចទេដែលមានលំនាំរឿងបែបនេះ។
B
និស្សិតទាំងអស់ដែលចេញមកខាងក្រៅ គឺគ្មាននរណាម្នាក់មើលរំលងនូវទិដ្ឋភាពដែលបីនាក់ឪពុកកូនយើងកំពុងយំដោយសេចក្ដីរំភើបនេះឡើយ។ ខ្ញុំតាំងចិត្តសច្ចាថា សូមឲ្យក្រសែភ្នែកនៃគ្រប់បញ្ញាជនទាំងអស់ក្រឡេកមើលមកឲ្យបានគ្រប់ៗគ្នា។ សូមឲ្យអ្នកយកចំណេះដឹងទាំងប៉ុន្មានដែលបានក្រេបជញ្ជក់ពីទីនេះ យកទៅអនុវត្តនៅក្នុងសង្គម បម្រើសង្គមប្រកបទៅដោយសីលធម៌ គុណធម៌ សច្ចធម៌ ជៀសវាងការយកចំណេះទៅប្រើក្នុងផ្លូវមិនល្អ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ពុករលួយ ស៊ីសំណូកសូកប៉ាន់ ដែលទាំងនេះសុទ្ធតែជាផ្លូវនៃសេចក្ដីវិនាសរបស់ប្រទេសជាតិ និងឈានទៅរកសង្គ្រាមបង្ហូរឈាមគ្នា ដែលពាក្យថា “សង្គ្រាម” និងលទ្ធផលនៃសង្គ្រាមមានសភាព និងរូបភាពវេទនាដល់កម្រិតណានោះ គឺគ្រួសាររបស់ខ្ញុំទាំងមូលបានស្ដែងឲ្យឃើញយ៉ាងប្រត្យក្សរួចជាស្រេចទៅហើយ។ ខ្ញុំក៏តាំងចិត្តអធិដ្ឋានសូមឲ្យក្រសែញញឹមរបស់បញ្ញវន្តគ្រប់រូបមានន័យបរិសុទ្ធនៃខ្សែជីវិតរបស់របស់ខ្លួនបែបនេះរហូតតរៀងទៅ សូមឲ្យការកៀកស្មាគ្នាថតរូបទុកជាអនុស្សាវរីយ៍តំណាងឲ្យការរួបរួមសាមគ្គីគ្នាក្នុងទិវានេះនៅតែមានតម្លៃស្ថិតស្ថេររឹងមាំ បរិសុទ្ធស្មោះត្រង់នឹងគ្នា មិនរស់នៅក្នុងសេចក្ដីប្រមាថបៀតបៀនគ្នា ពោលគឺរស់នៅប្រកបទៅដោយសេចក្ដីនៃជីវិតចិត្តថ្លើមមិនប្រែសាបសូន្យ វិស័យបីដូចជាទឹកចិត្តរបស់បុព្វបុរសខ្មែរ នាសម័យអង្គរដ៏រុងរឿងនៃយើង។
រឿងរ៉ាវពីអតីតកាលរបស់ខ្ញុំក៏ត្រូវបានបញ្ចប់ ខ្ញុំមានកម្លាំងចិត្តរស់មកដល់សព្វថ្ងៃនេះ គឺដើម្បីបំពេញនូវបណ្ដាំរបស់ម្ដាយខ្ញុំ ដែលជាចម្លើយដែលរូបខ្ញុំត្រូវឆ្លើយតបដោយខានមិនបាន និងជាផ្លូវមួយដើម្បីតបស្នងសងគុណ បំពេញនូវភាពជាកតញ្ញូកតវេទីចំពោះពលិកម្មរបស់ឪពុកខ្ញុំប្អូនស្រី ជាពិសេសគឺរូបអ្នកម្ដាយរបស់ខ្ញុំផ្ទាល់តែម្ដង។ ម្ដាយខ្ញុំស្លាប់ ខ្ញុំបានកោរសក់បួសមុខភ្លើង។ ក្នុងថ្ងៃដែលខ្ញុំបានបំពេញនូវកាតព្វកិច្ចជាកូន ជាបង ជាពលរដ្ឋល្អល្មមដល់កាលវេលាមួយសមគួរហើយ ខ្ញុំតាំងចិត្តសច្ចាថា ខ្ញុំនឹងកោរសក់បួសជាថ្មីម្ដងទៀត ប្រាថ្នាសូមរស់ជ្រកនៅក្រោមម្លប់ដ៏សែនត្រជាក់នៃព្រះពុទ្ធសាសនា ដរាបណាអស់ជីវិតសង្ខារនៅលើភពផែនដីដ៏គួរឲ្យសោកសង្វេគនេះ៕