បរិញ្ញា​ប័ត្រ​ខ្ញុំ​​ (MY B.A. DIPLOMA) ~ ប្រមូលផ្តុំរឿងព្រេងនិទានខ្មែរភាគ១

Sunday, August 4, 2024

បរិញ្ញា​ប័ត្រ​ខ្ញុំ​​ (MY B.A. DIPLOMA)

 រឿង បរិញ្ញា​ប័ត្រ​ខ្ញុំ

ជីវិត​របស់​មនុស្ស​គឺ​ជា​វាល​វដ្ដ​សង្សារ​ដ៏​វែង​ហើយ​ឆ្ងាយ ឆ្ងាយ​ដាច់​​និស្ស័យ​ដាច់​អាល័យ​នៃ​ចិត្ត​សោក​ស្រណោះ​។ កើត​ចាស់ ឈឺ ស្លាប់ គឺ​ជា​មរតក​ប្រចាំ​ជីវិត​នៃ​មនុស្ស​ម្នាក់​ៗ ដែល​នឹង​ត្រូវ​ទទួល​ដោយ​សមធម៌​ និង​ដោយ​លើក​ដៃ​បដិសេធ​ពាក្យ​ថា ស្លាប់​នេះ​មិន​បាន​។

មាគ៌ា​នៃ​ជីវិត​របស់​មនុស្ស​ គឺ​ត្រាច់​ចរ​ទៅ​តាម​ចង្វាក់​នៃ​សង្គម។ សង្គម​អាច​លាប​ពណ៌​មនុស្ស​ពី​ស​ឲ្យ​ប្រែ​ទៅ​ជា​​ខ្មៅ​បាន​។ ជន​ដែល​ផុត​​រលត់​ជីវិត​សង្ខារ​ពី​លោក​នេះ​មាន​ន័យ​ថា គេ​បាន​ឆ្លង​ផុត​ពី​កម្ម​វេរា​លោកិយ​ នៅ​តែ​អ្នក​មាន​ជីវិត​ទេ​​ដែល​ត្រូវ​មាន​កម្ម​​​ប្រចាំ​កាយ​ មាន​ភ័ព្វ​​​វាសនា សម្ដែង​ឆាក​ល្ខោន​លោកិយ​នេះ​បន្ត​ទៀត​ ដែល​សង្គម​ជា​អ្នក​រើស​មនុស្ស​មក​សំដែង​តួ មាន​តួ​ស្លូត តួ​កាច​ អ្នក​តូច​ អ្នក​ធំ ខ្ញុំ​គេ។ល។ ទោះ​បី​ជា​​ចិត្ត​របស់​ខ្ញុំ​ខំ​ធ្វើ​ការ​ព្យាយាម​អប់​រំ​ដួង​ចិត្ត​ខ្លួន​ឯង​ថា “មនុស្ស​កើត​មក​ត្រូវ​តែ​ស្រក់​ហូរ​លើ​ផែនដី​នេះ​ដដែល​ ក៏​ព្រោះ​តែ​ម្ដាយ​របស់​ខ្ញុំ​បាន​រលត់​សង្ខារ​ទៅ​ថ្មី​ៗ​នេះ។

ដំណក់​ទឹកភ្នែក​ក្នុង​នាម​ជា​បុរស​ដើម​ទ្រូង​ប្រាំ​ហត្ថ​នៃ​ខ្ញុំ​កំពុង​តែ​ស្រក់​មក​មិន​ដាច់ ឆ្លើយ​ប្រាប់​ថា ជា​សញ្ញា​នៃ​វិប្បដិសារី​ជេរ​ស្ដី​ដាក់​ទណ្ឌកម្ម​​ចំពោះ​ដួង​ចិត្ត​ខ្លួន​ឯង​ គ្មាន​ពេល​រសាយ​ចាក​ទុក្ខា។ ខណៈ​នេះ​ខ្ញុំ​កំពុង​តែ​អង្គុយ​នៅ​មាត់​ជណ្ដើរ​ផ្ទះ​បែរ​មុខ​ទៅ​រក​មាត់​បឹង​ដំណក់​ទឹក​ភ្លៀង​​រលឹម​​ស្រិចៗ ផ្ទៃ​មេឃ​ក៏​ខ្មៅ​ជុំ​ជិត​ហាក់​ដូចជា​ចូល​មក​ដុត​កម្លោច​ដួង​ចិត្ត​របស់​ខ្ញុំ​ ឲ្យ​ទទួល​បាន​នូវ​ភាព​កម្សត់​សោកា​ទ្វេ​ឡើង​ថែម​ទៀត​។ ធម្មជាតិ​ផង​ទាំង​ពួង​ដែល​មាន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹកដី​នេះ​គឺ​នៅ​តែ​ថែរក្សា​បាន​នូវ​ភាព​ស្រស់​ត្រកាល​របស់​ខ្លួន​ឲ្យ​ខ្ញុំ​បាន​យល់​ដដែល​ទេ​! ប៉ុន្តែ​ទី​ស្ថាន​នេះ​លែង​មា​ន​វត្តមាន​របស់​ម្ដាយ​ខ្ញុំ​ទៀត​​ហើយ​! ព្រះ​អគ្គី​បាន​បំផ្លាញ​រូប​រាង​កាយ​របស់​ម្ដាយ​ខ្ញុំ​ឲ្យ​បែក​ធ្លាយ​ទៅ​ជា​ ដី ទឹក​ ភ្លើង ខ្យល់ ដែល​ជា​សភាវ​ដើម​វិញ។ ខ្ញុំ​យំ! ខ្ញុំ​ខ្លោច​ផ្សា! គ្មាន​ពេល​ស្បើយ​ទុក្ខ​ ចិត្ត​ក៏​រំឭក​បាន​ឡើង​វិញ​ នូវ​រឿង​រ៉ាវ​ពី​អតីត​កាល​ដ៏​កម្សត់​ខ្លោច​ផ្សា​ល្វីង​ជូរ​ចត់ ដែល​ជីវិត​គ្រួសារ​របស់​ខ្ញុំ​បាន​ភព​ប្រសព្វ​កន្លង​មក​។

តើ​ហេតុ​អ្វី​បាន​ជា​ម្ដាយ​របស់​ខ្ញុំ​ស្លាប់​?

តើ​ខ្ញុំ​!​ខ្ញុំ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ស្លាប់​!…

ខ្ញុំ​គឺ​ជា​ជន​ម្នាក់​ ដែល​​មាន​ឈាម​ជ័រ​ជា​ត្រកូល​អ្នក​កសិករ​ ដែល​រស់​នៅ​ក្នុង​ទឹក​ដី​ខេត្ត​បាត់​ដំបង​ ស្រុក​មោង​ប្ញស្សី។ ទាំង​ខាង​ឪពុក​របស់​ខ្ញុំ​ក្ដី ទាំង​​ខាង​ម្ដាយ​​​​​របស់​ខ្ញុំ​ក្ដី​ គឺ​សុទ្ធ​តែ​មាន​បុព្វបុរស​ជា​អ្នក​ធ្វើ​ស្រែ​ រហូត​និស្ស័យ​នេះ​បាន​តភ្ជាប់​មក​ដល់​បច្ចុប្បន្ន​កាល​។ ពាក្យ​ថា “អ្នក​ស្រែ” មួយ​ម៉ាត់​អ្នក​មួយ​ចំនួន​ដែល​រស់​នៅ​ខ្លាត​ឆ្ងាយ​ពី​ជីវភាព​នេះ​ ហើយ​ប្រសិន​បើ​ជា​ជន​ដែល​ខ្វះ​ការ​អប់​រំ​ទៀត​នោះ ពាក្យ​នេះ​គឺ​អន់​ថោក​ជា​ទី​បំផុត ទាំង​ចំណេះ​វិជ្ជា​ ទាំង​របៀប​របប​រស់នៅ​ រហូត​មាន​ជន​មួយ​ចំនួន​ពេល​ណា​គេ​ខឹង​​គ្នា​ឬ​ចំអន់​គ្នា គេ​តែង​ហៅ​គ្នា​ថា “អា​អ្នក​ស្រែ” “មី​អ្នក​ស្រែ​” “កុំ​ធ្វើ​មើល​តែ​អ្នក​ស្រែ”។ល។ តែ​អ្នក​ទាំង​នេះ​ពុំ​បាន​គិត​ដល់​គុណ​បំណាច់​របស់​ជីវិត​អ្នក​ស្រែ​ទាំង​នេះ​ ដែល​ជា​អ្នក​ផលិត​អង្ករ​សម្រាប់​ផ្គត់​ផ្គង់​ជីវិត​របស់​ខ្លួន​ពួក​គេ​ឡើយ​ ដោយ​គេ​សម្អាង​​ថា គេ​មាន​ប្រាក់​។ ឪពុក​របស់​ខ្ញុំ​ឈ្មោះ​ សាន គឺ​ជា​យុទ្ធ​ជន​ពិការ​មួយ​រូប​ ដោយសារ​សង្គ្រាម​ក្នុង​ទសវត្សរ៍​ទី​ប៉ែត​សិប​នៅ​តំបន់​បរ​ប៉ៃលិន ក្នុង​ខណៈ​ពេល​ប្រទេស​ជាតិ​ឆ្លង​ផុត​ពី​របប​បន​ប្រល័យ​ពូជ​សាសន៍​ថ្មីៗ ដែល​ពេល​នោះ​ ប្រទេស​ជាតិ​ពុំ​ទាន់​មាន​សន្តិភាព​បរិបូរណ៍​នៅ​ឡើយ​ទេ។ ជើង​របស់​ឪពុក​ខ្ញុំ​ត្រូវ​គ្រាប់​មីន​ពិការ​ទាំង​សង​ខាង​ដែល​ត្រូវ​អង្គុយ​លើ​រទេះ​រុញ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​។

សង្គ្រាម​បង្ហូរ​ឈាម​គ្នា​ពុំ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពុក​របស់​ខ្ញុំ​រស់​ក្នុង​នាម​ជា​ជន​ពិការ​ប៉ុណ្ណោះ​ទេ លទ្ធផល​ក្រោយ​សង្គ្រាម​ទៀត​សោត បាន​ក្លាយ​​ជា​អ្នក​កំណត់​ជោគ​វាសនា​នៃ​ម្ដាយ​របស់​ខ្ញុំ​ឲ្យ​ធ្លាក់​ខ្លួន​ក្លាយ​ទៅ​ជា​ស្ត្រី​ពិការ​ជើង​ស្ដាំ​ម្ខាង​ ដោយ​សារ​ត្រូវ​គ្រាប់​មីន​ ក្នុង​ពេល​ដែល​ម្ដាយ​ខ្ញុំ​ទៅ​រក​អុស​ក្នុង​ព្រៃ​ ហើយ​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​ប្រើ​ជើង​សិប្បនិមិត្ត​រហូត​មក​។ ខ្ញុំ​បាន​ចាំ​ច្បាស់​ថា នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ប្រាំពីរ​ឆ្នាំ​ ម្ដាយ​ខ្ញុំ​ សម្រាល​កូន​ទី​បី​ដែល​ជា​កូនពៅ​។ ថ្ងៃ​នោះ​ ផ្ទះ​របស់​ខ្ញុំ​គ្មាន​ប្រាក់​មួយ​កាក់​មួយ​សេន​ឡើយ អង្ករ​ក៏​អស់​ពី​ពាង​ទៀត​។ ជា​លើក​ទី​មួយ​នៃ​ជីវិត​របស់​ឪពុក​ខ្ញុំ​ហើយ​ ដែល​គាត់​បាន​កាត់​ផ្ដាច់​អស់​នូវ​សេចក្ដី​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​អ្នក​ដទៃ គឺ​ពុក​ខ្ញុំ​ និង​ខ្ញុំ​ នាំ​គ្នា​មក​អង្គុយ​បត់​ជើង​សុំ​ទាន​តាម​សំយាប​​ផ្សារ។ ជន​សប្បុរស​មួយ​ចំនួន​គេ​បាន​ដាក់​ទាន​ដោយ​សន្ដាន​ចិត្តសទ្ធា​ជ្រះ​ថ្លា តែ​មាន​អសប្បុរស​ជន​មួយ​ចំនួន​មិន​ត្រឹម​តែ​មិន​ដាក់​ទាន​ទេ ថែម​ទាំង​ប្រើ​អាកប្ប​កិរិយា​សម្ដែង​ឲ្យ​ឃើញ​ច្បាស់​នូវ​ការ​មើល​ងាយ​ស្អប់​ខ្ពើម ពេប​ជ្រាយ​គួរ​ឲ្យ​ឈឺ​ចាប់​ជា​ទី​បំផុត​។ សម្ដី​របស់​អ្នក​ស្រី​ម្នាក់​នៅ​តែ​ដក់​ងំ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច​ ទោះ​បី​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​យ៉ាង​យូរ​ក៏​ដោយ​។

“មុខ​មាត់ សាច់ឈាម នៅ​គ្រាន់​បើ​ដែរ​ មិន​គួរ​មក​សុំ​ទាន​គេ​សោះ! នៅ​ភូមិ​ខ្ញុំ​គេ​ក៏​ពិការ​​អញ្ចឹង​ដែរ​តែ​គេ​ឡើង​ត្នោត​ឲ្យ​ចំណាប់​”។

ខ្ញុំ​ឃើញ​ពុក​របស់​ខ្ញុំ​ខំ​ញញឹម​ដើម្បី​បន្លប់​ចិត្ត​ខ្មាស​អៀន​ និង​ឈឺចាប់​ឥត​អ្វី​ផ្ទឹម​នេះ​យ៉ាង​ជូរ​ចត់​។ តើ​មាន​នរណា​ទៅ​ដែល​គេ​យល់ ពេល​ស្រុក​សង្គ្រាម​គេ​ពិត​ជា​ត្រូវ​ការ​​ណាស់​ជន​ដែល​មាន​ទឹក​ចិត្ត​ក្លាហាន​ ពេល​សុខ​ក្សាន្ត​ត្រាណ គេ​បោះបង់​អ្នក​ចោល​។ ជើង​ទាំង​គូ​ដែល​ពុក​របស់​ខ្ញុំ​បាន​បាត់​បង់​ទៅ​នេះ ក៏​ព្រោះ​តែ​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​បាន​តម្រូវ​ឲ្យ​ឪពុក​​របស់​ខ្ញុំ​យក​ព្រៃ​ធ្វើ​ផ្ទះ រត់​កាត់​ព្យុះ​ភ្លៀង ព្រៃ​ភ្នំ​ក្រំ​ថ្ម ធ្វើ​ពលិកម្ម​ បូជា​សាច់​ស្រស់​ឈាម​ស្រស់​ជូន​ផែនដី​ពិត​ឥត​មាន​ស្ដាយ​សង្ខារ​។ គ្រប់​គ្នា​បាន​ជ្រក​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​នេះ​ក៏​បាន​មក​ពី​ការ​រួម​ចំណែក​របស់​ឪពុក​ខ្ញុំ​ដែរ។ ប៉ុន្តែ​គេ​បែរ​ជា​បំភ្លេច​នូវ​គុណូបការៈ​នេះ​ចោល​ គេ​នាំ​គ្នា​រីករាយ​ និង​សន្តិភាព​ គេ​សប្បាយ​ គេ​ឲ្យ​តម្លៃ​ គេ​បំពាក់​គ្រឿង​ឥស្សរិយយស​ឲ្យ​តែ​គ្នីគ្នា​គេ​ គេ​បំភ្លេច​ជន​តូច​តាច​ឲ្យ​វេទនា​​ខ្លាច​ផ្សា​ក្នុង​វាល​វដ្ដ​សង្សារ​នេះ។ ម្ដាយ​របស់​ខ្ញុំ​បាន​ឆ្លង​កាត់​នូវ​ជីវភាព​មួយ​ដ៏​លំបាក​វេទនា​រក​ថ្លែង​មិន​ត្រូវ​។ មួយ​ថ្ងៃ​ៗ​គ្មាន​ពេល​បាន​ទំនេរ​ ព្រោះ​តែ​លក្ខខណ្ឌ​នៃ​ជីវិត​ដែល​ហៅ​ថា “ក្រ” បាន​តម្រូវ​ឲ្យ​ម្ដាយ​ខ្ញុំ​ក្រោក​ឈរ​ឡើង​ប្រកប​ទៅ​ដោយ​ទឹក​ចិត្ត​ភក្ដី​តស៊ូ​ចំពោះ​គ្រួសារ​ក្នុង​នាម​ជា​ស្ត្រី​ពិការ​ជើង​ម្ខាង។​ ម្ដាយ​របស់​ខ្ញុំ​បាន​តស៊ូ​ឲ្យ​ខ្ញុំ​ និង​ប្អូន​ៗ​បាន​រៀន​សូត្រ​គ្រប់​គ្នា​ ព្រោះ​តែ​គាត់​ចង់​ឲ្យ​កូន​មាន​ចំណេះ​វិជ្ជា​ស្អប់​ភាព​ល្ងង់​ខ្លៅ​ដែល​ជា​ទី​ស្អប់​ខ្ពើម​របស់​មនុស្ស​។ ម៉ែ​ខ្ញុំ​ធ្វើ​ស្រែ​ ដាំ​បន្លែ​ ចិញ្ចឹម​សត្វ​ ដឹក​កង់​លក់​បន្លែ​តាម​ភូមិ​ ស៊ី​ឈ្នួល​ស្ទូង ច្រូត ឲ្យ​គេ​ជា​ដើម។ ពុក​របស់​ខ្ញុំ​ជា​ជាង​ជួស​ជុល​កង់​​នៅ​ខាង​មុខ​ផ្ទះ​។

អាស្រ័យ​ដោយ​ការ​តស៊ូ​របស់​ម្ដាយ​ខ្ញុំ​ ឲ្យ​​ខ្ញុំ​បាន​រៀន​សូត្រ​ ទី​បំផុត​ខ្ញុំ​ក៏​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយ​ភូមិ។ គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល​​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ជ័យ​ជម្នះ​ក្នុង​ការ​សិក្សា​របស់​ខ្ញុំ​។ ប៉ុន្មាន​ខែ​ក្រោយ​មក​ គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល ជា​ពិសេស​ម្ដាយ​របស់​ខ្ញុំ​បាន​​ធ្លាក់​ចូល​​ទៅ​ក្នុង​សភាព​មួ​យ​យ៉ាង​ក្រៀម​ក្រំ​ នោះ​ដោយ​សារ​តែ​ខ្ញុំ​ប្រលង​ចូល​រៀន​​បន្ត​នៅ​មហា​វិទ្យាល័យ​មិន​ជាប់​។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​ម្ដាយ​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ មិន​ឲ្យ​អស់​សង្ឃឹម​ឡើយ​ដោយ​សន្យា​ថា នឹង​ឲ្យ​ខ្ញុំ​បាន​ចូល​រៀន​​នៅ​មហា​វិទ្យាល័យ​ឯកជន​។ យប់​នេះ​ម្ដាយ​របស់​ខ្ញុំ​បាន​ពិគ្រោះ​គ្នា​ជា​មួ​យ​ឪពុក​របស់​ខ្ញុំ​ ទាក់​ទង​នឹង​រឿង​បន្ត​ការ​សិក្សា​។ ទី​បំផុត​ពុក​ក៏​បាន​សម្រេច​​ឲ្យ​ខ្ញុំ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ឯកជន។ ប៉ុន្តែ​គាត់​ត្រូវ​តែ​បញ្ឈប់​ការ​សិក្សា​របស់​សុភាព​ជា​ប្អូន​ស្រី​របស់​ខ្ញុំ​ ដែល​នាង​ទើប​តែ​ប្រលង​ជាប់​ឌីប្លូម ហើយ​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ថ្មី​ៗ ដោយ​តម្រូវ​ឲ្យ​សុភាព​ទៅ​ភ្នំ​ពេញ​​រក​ការងារ​នៅ​តាម​រោងចក្រ​ធ្វើ​ ដើម្បី​ជួយ​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​ខ្ញុំ​។ ខណៈ​នោះ​ ខ្ញុំ​ឃើញ​ប្អូន​ស្រី​របស់​ខ្ញុំ​អង្គុយ​យំ​ម្នាក់​ឯង​។ សុភាព​ជា​សិស្ស​ដែល​រៀន​ពូកែ​ជាង​គេ​ក្នុង​ថ្នាក់​​​​​​​​​។ សុភាព​មិន​ចង់​ឈប់​រៀន​ទេ ឯ​ម្ដាយ​របស់​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​នាង​ឈប់​រៀន​ដែរ ប៉ុន្តែ​ស្ថានភាព​និង​ជីវភាព​គ្រួសារ​ជា​អ្នក​កាត់​សេចក្ដី​​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​លើក​ដៃ​លាចាក​ដំបូល​សាលា​ទាំង​ទឹកភ្នែក​អាឡោះ​អាល័យ​ជា​ទី​បំផុត ដែល​​មួយ​ជីវិត​នេះ​​គ្មាន​ឱកាស​ណាមួយ​អនុញ្ញាត​ឲ្យ​រូប​នាង​បាន​វិល​ត្រឡប់​មក​សិក្សា​នៅ​លើ​ទឹក​ដី​នេះ​ជា​ថ្មី​ម្ដង​ទៀត​ឡើយ​។

1

ទី​បំផុត​ខ្ញុំ​ក៏​បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង​ផ្នែក​ “ព័ត៌មាន​វិទ្យា” ដែល​ត្រូវ​បង់​ប្រាក់​ក្នុង​មួយ​ឆ្នាំ​បួន​រយ​ហុកសិប​ដុល្លារ​។ ពុទ្ធោ! ទីក្រុង​ភ្នំពេញ​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ​។ មិត្ត​ភក្ដិ​រួម​ថ្នាក់​ទាំង​អស់​ ភាគ​ច្រើន​សុទ្ធ​តែ​រស់​នៅ​ក្នុង​ជីវភាព​សម្បូរ​សប្បាយ​ គេ​មាន​លុយ​ចាយ​ មាន​ម៉ូតូ​សេរី​ថ្មីៗ មាន​ទូរស័ព្ទ​ទំនើប​កាន់​គ្រប់​ដៃ​។ ពេល​នេះ​ខ្ញុំ​ចេះ​ចាប់​ផ្ដើម​​មាន​អារម្មណ៍​ខ្មាស​អៀន​ចំពោះ​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ ព្រោះ​មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​ត្រូវ​ជិះ​កង់​មក​រៀន​ជា​រៀន​រាល់​ថ្ងៃ​។ យុវវ័យ​គឺ​ពិត​ជា​ភ្លើត​ភ្លើន​តាម​គ្នា​យ៉ាង​ប្រាកដ ខ្ញុំ​ពុំ​អាច​ទ្រាំ​បាន​ត​ទៅ​ទៀត​ចំពោះ​សភាព​លក្ខណៈ​បែប​នេះ​ឡើយ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​​រំអុក​​ម្ដាយ​ខ្ញុំ​ឲ្យ​គាត់​រក​ប្រាក់​ទិញ​ម៉ូតូ​ឲ្យ​ខ្ញុំ​បាន​ជិះ​នឹង​គេ។ ដោយ​ប្រកែក​មិន​បាន​ ម្ដាយ​ខ្ញុំ​ក៏​យល់​ព្រម​ ដោយ​ប្រាប់​ថា គាត់​នឹង​លក់​ដី​ស្រែ​នៅ​ខាង​ចុង​ភូមិ។ បើ​ទោះ​ជា​ខ្ញុំ​មាន​ម៉ូតូ​ម៉ាក​គុប​៥០​ជិះ​ក៏​ដោយ នេះ​ពុំ​ទាន់​​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​នៅ​ឡើយ​ទេ។ ខ្ញុំ​នៅ​ចង់​បាន​ទូរស័ព្ទ​ដៃ​មួយ​ទៀត​។ ម្ដង​នេះ ខ្ញុំ​បាន​ទៅ​សុំ​ប្រាក់​ប្អូន​ស្រី​របស់​ខ្ញុំ​ចំនួន​៧០​ដុល្លារ​ ដោយ​កុហក​ថា យក​ទៅ​ជួសជុល​ម៉ូតូ និង​ទិញ​សៀវភៅ​។ សុភាព​បាន​ខ្ចី​ប្រាក់​មិត្តភ័ក្ដិ​របស់​នាង​ បូក​រួម​នឹង​ប្រាក់​របស់​នាង​ ក៏​បាន​គ្រប់​ចំនួន​ដែល​ខ្ញុំ​ត្រូវ​ការ។ ខ្ញុំ​បាន​ប្រាក់​ពី​ប្អូន​ស្រី​ហើយ​ ខ្ញុំ​ក៏​ប្រញាប់​ទៅ​រក​ទិញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ល្អ​ល្មម​ប្រើ​ការ​បាន​។ ប្រាក់​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​ផ្ញើ​មក​ សម្រាប់​ចាយ​វាយ​ប្រចាំខែ​ ខ្ញុំ​ឆ្លៀត​ទិញ​ខោអាវ​ថ្មីៗ ស្បែក​ជើង​ល្អ​ៗ។ លុះ​ពេល​ដាច់​លុយ​ខ្ញុំ​រត់​ទៅ​សុំ​លុយ​ប្អូន​ស្រី​របស់​ខ្ញុំ​ ដែល​ជួល​ផ្ទះ​គេ​នៅ​ម្ដុំ​បឹង​ក្រពើ។


ពេល​នេះ​គឺ​ខ្ញុំ​អាច​ចូល​ចំណោម​គេ​ចុះ​ហើយ ខោ​អាវ​ក៏​ថ្មី​ម៉ូតូ​ក៏​មាន​ជិះ​ ទូរស័ព្ទ​ក៏​មាន​ប្រើ​ ជីវិត​របស់​ខ្ញុំ​ឥឡូវ​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ឥស្សរភាព​យ៉ាង​អស្ចារ្យ​។ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បួន​នាក់​ដែល​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​អាទិត្យ​ ពួក​យើង​តែង​តែ​នាំ​គ្នា​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​ ហើយ​ចូល​ច្រៀង​កម្សាន្ត​នៅ​តាម​ផ្លូវ​ព្រែក​លៀប​​មិន​ដែល​ដាច់​។​ បទ​ដែល​ជា​ទី​ពេញ​និយម​របស់​ពួក​យើង​គឺ​ជា​បទ​ញ័រ​ញាក់​តាម​លំនាំ​បទ​បរទេស​ជា​ពិសេស​គឺ​បទ​ថៃ។ ពួក​យើង​បាន​នាំ​គ្នា​ខំ​បំភ្លេច​ឲ្យ​អស់​នូវ​អ្វី​ដែល​ជា​វប្បធម៌​របស់​ខ្មែរ​ ហើយ​បើក​ខួរ​ក្បាល​និង​ដួង​ចិត្ត​ទទួល​យក​វប្បធម៌​របស់​បរទេស​យ៉ាង​ពេញ​លេញ​ជា​ទី​បំផុត​។

ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​រៀន​សូត្រ​បន្តិច​ណា​សោះ​ឡើយ ប្រាក់​ថ្លៃ​ឈ្នួល​សាលា ខ្ញុំ​ដឹង​តែ​ដល់​ថ្ងៃ​ខែ​កំណត់​ខ្ញុំ​ទៅ​យក​​ពី​ផ្ទះ ត្រង់​ចំណុច​ថា ប្រាក់​នេះ​ឪពុក​​ម្ដាយ​របស់​ខ្ញុំ​បាន​មក​ដោយ​ស្ថិត​នៅ​ក្នុង​រូបភាព​លំបាក​​វេទនា​យ៉ាង​ណា​ខ្លះ​នោះ គឺ​ខ្ញុំ​ពុំ​សូវ​ជា​ចាប់​អារម្មណ៍​ឡើយ​។ ខ្ញុំ​ដឹង​តែ​ថា ត្រូវ​ប្រើ​​ជីវិត​ក្នុង​នាម​ជា​យុវវ័យ ឲ្យ​មាន​ន័យ​ស្រស់​បំព្រង​ និង​ដើរ​ឲ្យ​​ទាន់​នៃ​យុគសម័យ​ទំនើប​។ ពេល​វេលា​នៃ​រដូវ​កាល​ចេះ​តែ​ផ្លាស់​ប្ដូរ​ទៅ​មុខ​ឥត​ឈប់​ឈរ​ មិន​ជា​យុរ​ប៉ុន្មាន​​ខ្ញុំ​ក៏​បាន​ក្លាយ​ទៅ​ជា​និស្សិត​ឆ្នាំ​ទី​បួន ឃើញ​ថា វ័យ​របស់​ខ្ញុំ​កាន់​តែ​ទៅ​មុខ​ ក៏​ប៉ុន្តែ​អត្តចរិត​​ជា​យុវជន​ឈាម​រាវ​ ភ្លើតភ្លើន​គឺ​នៅ​តែ​រក្សា​ទុក​ដូច​គ្រា​ដើម​។ ថ្ងៃ​មួយ​ ក្រុម​របស់​ខ្ញុំ​បាន​ដើរ​លេង​រហូត​ដល់​ម៉ោង​១១​យប់ ទើប​ចែក​ផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​។ ពេល​ដែល​​ខ្ញុំ​បញ្ជា​ម៉ូតូ​សំដៅ​មក​ផ្ទះ​ជួល​ដែល​ខ្ញុំ​ស្នាក់​នៅ​សព្វ​ថ្ងៃ​នៅ​ស្ទឹង​មាន​ជ័យ​នោះ ស្រាប់​តែ​ខ្ញុំ​បាន​ត្រូវ​ក្រុម​បង​ធំ​មួយ​ក្រុម​ប្លន់​យក​ម៉ូតូ​របស់​ខ្ញុំ​បាន​យ៉ាង​ស្រួល​ នៅ​ត្រង់​ចំណុច​​គល់​ស្ពាន​ស្ទឹង​មានជ័យ​​ដោយ​អា​មេ​ធំ​យក​កាំភ្លើង​មក​ភ្ជង់​ក្បាល​ខ្ញុំ​ ឲ្យ​ខ្ញុំ​ចុះ​ពី​លើ​ម៉ូតូ។ បន្ទាប់​ពី​មាន​​រឿង​នេះ​មក​ ខ្ញុំ​លំបាក​ចិត្ត​ខ្លាំង​ណាស់​ ខ្ញុំ​ក៏​ពុំ​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​នរណា​ដែរ។ ល្ងាច​​នោះ​ ខ្ញុំ​ក៏​បាន​មក​ឈរ​រង់ចាំ​ប្អូន​ស្រី​របស់​ខ្ញុំ​នៅ​ពី​មុខ​រោងចក្រ​កាត់​ដេរ​ “ខិន​នី​តិច”។ នៅ​ក្រោម​ដំណក់​ភ្លៀង​​រលឹម​ស្រិចៗ​ ខ្ញុំ​ឃើញ​ប្អូន​ស្រី​របស់​ខ្ញុំ​កំពុង​ដើរ​ចេញ​ពី​រោងចក្រ​ទាំង​ទឹក​មុខ​ស្លេក​ស្លាំង​​គួរ​ឲ្យ​អាណិត​អាសូរ។ នាង​មួយ​ថ្ងៃ​ៗ​អង្គុយ​ដេរ​រហូត​ ចំណី​អាហារ​ទៀត​​សោត​ហូប​ពុំ​គ្រប់​គ្រាន់​​មួយ​ពេល​អស់​តែ​៦០០រៀល​ គឺ​បាយ​៣០០​រៀល សម្ល​៣០០​រៀល ឬ​បើ​ឃ្លាន​ខ្លាំង​​ថែម​បាយ​ស​២០០​រៀល​ទៀត​។ នាង​សន្សំ​សំចៃ ត្បិត​ត្បៀត​នឹង​ខ្លួន​ឯង ដើម្បី​ដំណើរការ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ​បាន​ទៅ​មុខ​។ ខ្ញុំ​មក​រក​ប្អូន​ស្រី​របស់​ខ្ញុំ​ ក្នុង​គោល​បំណង​ប្រាប់​នាង​ឲ្យ​​ដឹង​ពី​រឿង​ដែល​ខ្ញុំ​ត្រូវ​ចោរ​ប្លន់​ម៉ូតូ ប៉ុន្តែ​ដោយ​មើល​ទៅ​សភាព​នៃ​សុខភាព​របស់​នាង​មិន​សូវ​ល្អ ខ្ញុំ​ក៏​សម្រេច​ចិត្ត​លាក់​រឿង​នេះ​បន្ត​ទៅ​ទៀត​​ដោយ​កុហក​នាង​ថា ម៉ូតូ​ខ្ញុំ​គឺ​មិត្តភ័ក្ដិ​ខ្ចី​ជិះ​។

A

ថ្ងៃ​អាទិត្យ​នោះ​ខ្ញុំ​ក៏​បាន​ត្រឡប់​មក​ស្រុក​កំណើត​ ពេល​មក​ដល់​ផ្ទះ​ ខ្ញុំ​ឃើញ​ពុក​របស់​ខ្ញុំ​កំពុង​អង្គុយ​​ផ្ទាល់​នឹង​ដី រំកិល​ត្រឡប់​ចុះ​ឡើង​ ដើម្បី​ប៉ះ​កង់​ម៉ូតូ​ឲ្យ​គេ​។ ខ្ញុំ​ឃើញ​បាត​ដៃ​ទាំង​ទ្វេ​របស់​គាត់​ឡើង​ក្រិន​ដូច​គូទ​ស្វា​។ ពេល​​ឃើញ​ខ្ញុំ​ ពុក​យក​ខ្នង​ដៃ​មក​ជូត​ញើស​លើ​ថ្ងាស រួច​ហើយ​ក៏​ញញឹម​ដាក់​ខ្ញុំ​យ៉ាង​ស្រទន់ បញ្ជាក់​ពី​ទឹក​ចិត្ត​សន្ដោស​ប្រណី​របស់​ឪពុក​ចំពោះ​រូប​កូន។ ដោយ​អស់​កម្លាំង​ខ្លាំង​​ពេក​ ខ្ញុំ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​រក​កន្លែង​​សម្រាក​ ហើយ​លក់​ភ្លាម​មួយ​រំពេច។

ព្រលឹម​ឡើង​ស្រាង​ៗ ខ្ញុំ​ក៏​ដើរ​មួយ​ៗ​សំដៅ​ទៅ​ស្រែ​ខាង​ក្រោយ​ផ្ទះ នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​រលឹម​ស្រិច​ៗ​នា​ដើម​រដូវ​វស្សា​។ ម្ដាយ​របស់​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ គឺ​អូស​ជើង​ភ្ជួរ​ស្រែ ស្រាប់​តែ​ម្ដាយ​របស់​ខ្ញុំ​ទន់​ជង្គង់​ដួល​គ្រឹប​ចុះ​ទៅ​។ គោ​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ ម្ដាយ​ខ្ញុំ​នៅ​ដេក​ត្រាំ​ក្នុង​ទឹក​ស្រែ គាត់​ខំ​ប្រឹង​ព្យាយាម​ក្រោក​ឈរ​តាម​គោ​ដើម្បី​ភ្ជួរ​បន្ត បាន​តែ​បន្តិច គាត់​ក៏​ដួល​ជា​លើក​ទី​ពីរ។ ម្ដាយ​ខ្ញុំ​ដេក​កាន់​ដង​នង្គ័ល​ជាប់​មិន​ឲ្យ​របេះ​ពី​ដៃ​ឡើយ។ គោ​អូស​ម្ដាយ​របស់​ខ្ញុំ​ទៅ​ហើយ អូស​ទៅ​ហើយ! ខ្ញុំ​ក៏​ប្រញាប់​ស្ទុះ​រត់​ទៅ​ត្រកង​កាយ​របស់​ម្ដាយ​ខ្ញុំ​ បី​ត្រឡប់​មក​ផ្ទះ​ អ្នក​ជិត​ខាង​ផ្អើល​ឈូរ​ឆ​មក​ជួយ​ចាប់​ខ្យល់ កោស​ខ្យល់​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​។ ក្រោយ​មក​ ម្ដាយ​ខ្ញុំ​ក៏​បាន​​ធូរ​ស្បើយ​ជាង​មុន​ច្រើន​។ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ​ អារម្មណ៍​របស់​ខ្ញុំ​ដក់​ជាប់​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​នូវ​ទិដ្ឋភាព​នៃ​ការ​តស៊ូ​មួយ​គ្រួសារ​ ដើម្បី​បុព្វហេតុ​នៃ​ការ​រៀន​សូត្រ​របស់​ខ្ញុំ​។

ថ្ងៃ​មួយ​នោះ​ ស្រាប់​តែ​ចៃដន្យ​អ្វី​​ខ្ញុំ​ក៏​បាន​ជួប​ក្រុម​បង​ធំ​ដែល​ខ្ញុំ​ចំណាំ​មុខ​បាន​យ៉ាង​ច្បាស់​ថា គឺ​ជា​ក្រុម​ប្លន់​ម៉ូតូ​របស់​ខ្ញុំ ស្រាប់​តែ​ដូច​ជា​មាន​អំណាច​អ្វី​មក​​សណ្ឋិត​ក្នុង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ពិត​ប្រាកដ​ ដោយ​តម្រូវ​ឲ្យ​ខ្ញុំ​ស្ទុះ​វឹង​ទៅ​ដាល់​ ធាក់ ទាត់ ពួក​វា​ប្រៀប​ដូចជា​ខ្លួន​ឯង​​ហ្នឹង​ជា​តួ​ឯង​ចិន​ហុងកុង​ដ៏​ពូកែ​មួយ​រូប​យ៉ាង​អញ្ចឹង។ ប៉ុន្តែ​មិន​ទាន់​ទាំង​​បាន​ប៉ុន្មាន​វិនាទី​ផង​ ខ្ញុំ​ក៏​ត្រូវ​ពួក​វា​ព្រួត​គ្នា​វាយ​សង​ខ្ញុំ​វិញ​​យ៉ាង​ចាស់​ដៃ​ ប៉ុន្តែ​សំណាង​ល្អ​ដែល​មាន​ប៉ូលិស​នៅ​ក្បែរ​នោះ ចូល​មក​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា​ ហើយ​ពួក​វា​ក៏​គេច​ខ្លួន​អស់​ទៅ​ដែរ។ ចំណែក​រូប​ខ្ញុំ​ត្រូវ​ដឹក​យក​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​​សង្គ្រោះ​។ ដំណឹង​នេះ​ក៏​បាន​ដឹង​ដល់​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល។ ម្ដាយ​របស់​ខ្ញុំ​គោះ​ទ្រូង​យំ ហើយ​ស្ដី​បន្ទោស​ឲ្យ​ខ្ញុំ​យ៉ាង​ច្រើន​។​ ខ្ញុំ​គ្មាន​ពាក្យ​ពេចន៍​អ្វី​សម្រាប់​និយាយ​ឡើយ ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ថា លទ្ធផល​នេះ​គឺ​ជា​អំពី​ដែល​រូប​ខ្ញុំ​ជា​អ្នក​កសាង​ដោយ​ខ្លួន​ឯង​ ហើយ​ក៏បាន​​ស្ងប់​ចិត្ត​ខ្លះ​ដែរ កាល​ដែល​បាន​ស្ដាប់​លី​នូវ​ពាក្យ​ស្ដី​បន្ទោស​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ ទោះ​ជា​យ៉ាង​ណា​ក៏​​ពួក​គាត់​មិន​អាច​បោះ​បង់​រូប​ខ្ញុំ​ចោល​ដែរ​។

ខ្ញុំ​បាន​តាំង​ចិត្ត​ចាប់​ផ្ដើម​​កសាង​ខ្លួន​ជា​ថ្មី។ ខ្ញុំ​ខិត​ខំ​រៀន​​សូត្រ ដើម្បី​ត្រៀម​ប្រលង​​បញ្ចប់​ការ​សិក្សា​ផង និង​ខិត​ខំ​ស្វះស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​ក្រុមហ៊ុន​ផង។ ខ្ញុំ​បាន​ចូល​មក​ធ្វើ​សម្ភាស​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ មិន​ទាន់​ទាំង​បាន​សម្ភាស​​ផង​ ស្រាប់​តែ​មាន​បុរស​សាច់​ឈាម​ជា​អ្នក​មាន​ម្នាក់ នាំ​យុវជន​ម្នាក់​ក្នុង​វ័យ​ប្រហែល​ខ្ញុំ​ ចូល​មក​ក្នុង​បន្ទប់​សម្ភាស​នេះ​ដែរ​ ហើយ​និយាយ​ជាមួយ​អ្នក​ទទួល​សម្ភាស​ថា “សុំ​ផ្ញើ​ក្មួយ​ម្នាក់​ផង​សំឡាញ់!”។ ខ្ញុំ​ក៏​ត្រូវ​បោះ​ជំហាន​ចាកចេញ​ពី​ទី​នេះ​ទាំង​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​សង្គម​មាន​ខ្សែ​នេះ​ជា​ទី​បំផុត បើ​មិន​មាន​ខ្សែ​ទេ​ជីវិត​ក៏​ពិបាក​នឹង​ជួប​ជោគជ័យ​ណាស់។ មួយ​ខែ​ក្រោយ​មក​ ប្អូន​ស្រី​របស់​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ឌុប​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មក​ដល់​ផ្ទះ​ដែល​ខ្ញុំ​ជួល​នៅ​។ ម៉ូតូ​ម៉ាក​គុប​៩០ គឺ​ម៉ូតូ​ដែល​ពុក​ម៉ែ​ទិញ​ឲ្យ​ខ្ញុំ​ ខ្ញុំ​ត្រេកអរ​ឥត​ឧបមា​ឡើយ។ តើ​បាន​ប្រាក់​មក​ពី​ណា​ទិញ​ម៉ូតូ​នេះ? សំនួរ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​នឹង​រូប​ខ្ញុំ​បាន​ឡើយ។ យល់​នូវ​ទឹក​មុខ​ដ៏​ក្រៀមក្រំ​របស់​ពុក​ម៉ែ​របស់​ខ្ញុំ​ គឺ​អាច​វាស់​ស្មាន​បាន​ច្បាស់​ថា ប្រាក់​ទិញ​ម៉ូតូ​នេះ​គឺ​ច្បាស់​ជា​លក់​ដីស្រែ​ជាក់​ជា​មិនខាន។ ខ្ញុំ​ចាប់​ផ្ដើម​កាន់​តែ​យល់​ជ្រួត​ជ្រាប​បាន​ច្បាស់​ នៅ​ចំកណ្ដាល​នៃ​ស្នាម​ញញឹម​ទាំង​ស្រពោន​របស់​ពុក​ម៉ែ និង​ប្អូនស្រី​របស់​ខ្ញុំ​។ គឺ​ខ្ញុំ​យល់​ថា ជីវិត​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​បន្លា​ស្រួច ច្រូងច្រាង​​ងាក​ទៅ​ខាង​ឆ្វេង​ ងាក​ទៅ​ខាង​ស្ដាំ​ គេ​ស្រះ​សុទ្ធ​តែ​របង​បន្លា​ស្រួច​ៗ ហើយ​​​​​​ខ្ពស់​ៗ​ចូល​ទៅ​មិន​បាន​។ មិន​ថា ចំពោះ​តែ​អ្នក​ដទៃ ឬ​ក៏​ជា​មិត្តភ័ក្ដិ​ទេ​ គេ​ច្រើន​តែ​និយម​រាប់អាន​​យើង​ក្នុង​គ្រា​មាន​បាន​ ឬ​ក៏​ក្នុង​​គ្រា​សប្បាយ​ហ៊ឺ​ហា​តែ​ប៉ុណ្ណោះ។ គ្មាន​នរណា​ម្នាក់​ស្រលាញ់​រូប​យើង​ស្មោះ​​អស់​ពី​ចិត្ត​ពី​ថ្លើម​ដូច​ឪពុក​ម្ដាយ​បង្កើត​ខ្លួន​ឯង​ឡើយ។ សេចក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ជា​សេចក្ដី​ស្រលាញ់​ដែល​គ្មាន​លាក់​កំនួច​ឬ​គ្មាន​ល្បិចកល ដែល​ពួក​គាត់​បាន​ប្រគល់​មក​ឲ្យ​យើង​ដោយ​សុទ្ធ​ចិត្ត​ និង​មិន​គិត​ពី​ផល​តប​ស្នង​។ បើ​ទោះ​ជា​គាត់​បន្ទោស​ឬ​ខឹង​យ៉ាង​ណា ក៏​គាត់​នៅ​តែ​ចិត្ត​ពុំ​ដាច់ គឺ​ជេរ​ទៅ​នៅ​ហៅ​មក​វិញ​ទេ​តែ​បើ​អ្នក​ដទៃ បើ​គេ​ជេរ​យើង​ហើយ គឺ​គេ​គុំ​ស្អប់​រូប​យើង​មួយ​ជីវិត​ទល់​នឹង​ថ្ងៃ​ស្លាប់​។ ខ្ញុំ​ក៏​បាន​ខិត​ខំ​ប្រឹងប្រែង​តស៊ូ​ព្យាយាម​រៀន​សូត្រ​រហូត​ប្រលង​បញ្ចប់​ការ​សិក្សា​ ដោយ​ទទួល​បាន​នូវ​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​ក្រៃ​លែង​។ ប៉ុន្តែ​ជា​អកុសល​អ្វី​ ស្រាប់​តែ​ខ្ញុំ​បាន​ទទួល​ដំណឹង​មក​ថា ម្ដាយ​របស់​ខ្ញុំ​ធ្លាក់​ពី​លើ​ដើម​ស្វាយ​មាន​របួស​គ្រាំ​ក្នុង​ជា​ទម្ងន់ ខ្ញុំ​ក៏​ប្រញាប់​បញ្ជា​ម៉ូតូ​ឌុប​ប្អូន​ស្រី​របស់​ខ្ញុំ​ក្នុង​ល្បឿន​យ៉ាង​លឿន​សំដៅ​មក​ស្រុក​កំណើត។

ពេល​មក​ដល់​ផ្ទះ​ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក ព្រោះ​ឃើញ​ម្ដាយ​របស់​ខ្ញុំ​ស្លៀក​សំពត់​ហូល និង​អាវ​ប៉ាក់​ដែល​គាត់​ស្រលាញ់​បំផុត ដែល​ពេល​នេះ​គាត់​កំពុង​សណ្ដូក​កាយ​ដ៏​ស្គម​ស្គាំង​របស់​គាត់​នៅ​លើ​គ្រែ​ប្ញស្សី​ ដែល​នៅ​ពី​លើ​ក្បាល​​ដំណេក​មាន​តាំង​រូប​ព្រះពុទ្ធ​ចូល​និព្វាន​ ហើយ​ក៏​មាន​ស្លា​ធម៌ បាយសី ទៀន ធូប រៀប​ចំ​តាម​រណ្ដាប់​យ៉ាង​គត់មត់។ ម្ដាយ​ខ្ញុំ​ផ្គុំ​ដៃ​សំពះ​ដាក់​នៅ​ត្រង់​ប្រអប់​ទ្រូង ហើយ​ទន្ទេញ​ពាក្យ​ថា “ពុទ្ធោ​ៗ” និង​ពាក្យ​ធម៌​មួយ​ចំនួន​ទៀត​ ទៅ​តាម​ពាក្យ​បង្គាប់​នៃ​លោកតា​អាចារ្យ​។

ពុក​របស់​ខ្ញុំ​មាន​ប្រសាសន៍​​ទាំង​ទឹកភ្នែក​រលីង​រលោង​ ៖

-ម្ដាយ​ឯង​គ្រាំ​ក្នុង​យូរ​ហើយ​ ព្រោះ​តែ​ធ្វើ​ការ​ធ្ងន់​ហួស​កម្លាំង​ គ្មាន​ពេល​សម្រាក​មិន​ថា ជា​ការងារ​ប្រុស​ ឬ​ការ​ងារ​ស្រី​ទេ គឺ​ម្ដាយ​ឯង​រ៉ាប់រង​ទាំងអស់! មួយ​ថ្ងៃ​ៗ​ឲ្យ​តត្រុក។ ប៉ុន្មាន​ខែ​នេះ​ ម៉ែ​ឯង​ខំ​ប្រឹង​ខុស​ពី​ធម្មតា ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន​លោះ​យក​ដី​ស្រែ​មក​វិញ។ ម៉ែ​ឯង​ឡើង​ដើម​ស្វាយ​ដើម្បី​បេះ​ផ្លែ​វា​យក​ទៅ​លក់ តែ​អកុសល​ម៉ែ​ឯង​ក៏​ធ្លាក់​ពី​លើ​ដើម​ស្វាយ​ខាង​ក្រោយ​ផ្ទះ​ ពេល​នេះ​ម៉ែ​ឯង​គ្មាន​សង្ឃឹម​និង​រស់​ទេ។


ខ្ញុំ​ និង​សុភាព​រួម​ទាំង​ប្អូន​ប្រុស​ពៅ​របស់​ខ្ញុំ​ នាំ​គ្នា​ស្រែក​យំ​ហ៊ូ​ៗ​រហូត​​សំឡេង​នេះ​លឺ​ដល់​ម្ដាយ​របស់​ខ្ញុំ​។ ដោយ​កំសួល​ចិត្ត​នៃ​ការ​រំឭក​​កូន​ខ្លាំង​ពេក ម្ដាយ​ខ្ញុំ​ខំ​ក្រោក​អង្គុយ​ទាំង​ត្រដាបត្រដួស​។ ខ្ញុំ​និង​ប្អូន​ស្រី​របស់​ខ្ញុំ​ស្ទុះ​ចូល​ទៅ​ជួយ​ទប់​អ្នក​ម្ដាយ​ ដោយ​ប្រយ័ត្ន​ប្រយែង​។ ម៉ែ​អង្អែល​ក្បាល​ពួក​ខ្ញុំ​យ៉ាង​ថ្នាក់​ថ្នម​ រួច​ពោល​ទាំង​ទឹកភ្នែក​ហូរ​រហាម​និង​រលក​សំឡេង​អួលអាក់ ៖

-ពី​ថ្ងៃ​នេះ​ត​ទៅ​ ម៉ែ​អស់​បាន​នៅ​ឃើញ​មុខ​កូន​ៗ​ទៀត​ហើយ​! ពេល​អត់​ពី​ម៉ែ​ទៅ​ ចូរ​កូន​ត្រូវ​ចេះ​ស្រលាញ់​គ្នា​ ជួយ​គ្នា! កុំ​ឈ្លោះ​គ្នា​ឲ្យ​សោះ​ណា​កូន​។ ម៉ែ​គ្មាន​អ្វី​ជា​កេរ​សម្រាប់​ពួក​កូន​ទេ​ គឺ​ម៉ែ​មាន​ត្រឹម​តែ​ការ​តស៊ូ ក្រាញ​ននៀល​ក្នុង​ឆាក​ជីវិត​បង្ហូរ​ញើស​ឈាម​ដើម្បី​កូន​ៗ ដែល​ម៉ែ​ធ្លាប់​អូស​​លោង​កន្លង​មក​ ដែល​មក​ដល់​ពេល​ឥឡូវ​នេះ ម៉ែ​ទៅ​លែង​រួច​ហើយ​កូន​ អស់​ត្រឹម​ថ្ងៃ​នេះ​ហើយ​!

-សំណាង​កូន!

-បាទ​ម៉ែ​(ខ្ញុំ​ឆ្លើយ​ទាំង​ក្ដាប់​ដៃ​ម្ដាយ​ជាប់)

-កូន​ជា​កូន​ច្បង​! កូន​ត្រូវ​មើល​ថែរក្សា​ប្អូន​ឲ្យ​បាន​ល្អ! បម្រើ​តប​ស្នង​សង​គុណ​ឲ្យ​បាន​ល្អ​ផង​ចំពោះ​ឪពុក​របស់​កូន​ ម៉ែ​ស្លាប់​ទៅ​បាន​បិទ​ភ្នែក​ជិត​​ហើយ​! តែ​ម៉ែ​នៅ​ស្ដាយ​ ស្ដាយ​ដែល​ម៉ែ​ពុំ​បាន​​នៅ​ឃើញ​ថ្ងៃ​ដែល​កូន​ឡើង​ទទួល​សញ្ញា​ប័ត្រ។

លោក​តា​អាចារ្យ​បាន​តម្រូវ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ នាំ​គ្នា​ចាកចេញ​ពី​ទី​នេះ ដើម្បី​ទុក​ឱកាស​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​បាន​តាំង​តម្កល់​សតិ​នៅ​ក្នុង​ផ្លូវ​ធម៌ ឈប់​មាន​អារម្មណ៍​វិលវល់​ជាប់​ជំពាក់​ជាមួយ​កូន​ចៅ​ទៀត​។ ម្ដាយ​ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​​តាម​ឱវាទ​លោកតា​អាចារ្យ គាត់​លើក​ដៃ​ផ្គុំ​សំពះ​ក្នុង​កិរិយា​រំឭក​ដល់​គុណ​នៃ​ព្រះ​ពុទ្ធ​ ព្រះធម៌ ព្រះ​សង្ឃ ដោយ​ពោល​មិន​ដាច់​នូវ​ពាក្យ​ថា “ពុទ្ធោ” មិន​បាន​ប៉ុន្មាន​ផង​ម្ដាយ​របស់​ខ្ញុំ​ក៏​អស់​ខ្យល់ ហើយ​ផុត​រលត់​សង្ខារ​ពី​លោក​នេះ​ ដោយ​បន្សល់​ទុក​នូវ​សំណោក​សោក​សង្រេង​យ៉ាង​ពន់​ប្រមាណ​ចំពោះ​រូប​ពួក​ខ្ញុំ​ ដែល​ជា​កូន​។ ពី​ថ្ងៃ​នេះ​ទៅ​ ម៉ែ​សួន​របស់​​ខ្ញុំ​ទៅ​រហូត​ហើយ។ សព​របស់​ម្ដាយ​ខ្ញុំ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពី​បុរាណ​កាល​ ហើយ​រូប​ខ្ញុំ​គឺ​ជា​អ្នក​បួស​មុខ​ភ្លើង។

ថ្ងៃ​ទទួល​បរិញ្ញា​ប័ត្រ​ក៏​បាន​មក​ដល់​ ថ្ងៃ​នេះ​ខ្ញុំ​បាន​ពាក់​អាវ​ធំ ពាក់​មួក​ធំ​យ៉ាង​ស្រស់​សង្ហា​ឡើង​ទទួល​បរិញ្ញា​ប័ត្រ។ មិត្តភ័ក្ដិ​ទាំង​អស់​គេ​​នាំ​គ្នា​ថត​រូប​ជុំ​គ្នា​ជាមួយ​ឪពុក​ម្ដាយ​ បង​ប្អូន ក្រុម​គ្រួសារ​​របស់​គេ​រៀង​ខ្លួន​។ ខ្ញុំ​ដើរ​​មក​ឈរ​នៅ​កន្លែង​ស្ងាត់​តែ​ម្នាក់​ឯង។ ខ្ញុំ​លើក​បរិញ្ញា​ប័ត្រ​មក​ពិនិត្យ​មើល​ទាំង​ស្រក់​ទឹកភ្នែក​ ព្រោះ​តែ​នៅ​ក្នុង​បរិញ្ញា​ប័ត្រ​នេះ ខ្ញុំ​ហាក់​ដូច​ជា​ឃើញ​ច្បាស់​នូវ​រូប​ពុក​របស់​ខ្ញុំ​កំពុង​អុស​គូទ​ប៉ះ​កង់​ឲ្យ​គេ​ បែក​ញើស​ជោគ​ខោ​អាវ​មើល​មិន​យល់ បាត​ដៃ​ក្រិន​គួរ​ឲ្យ​ញញើត។ ខ្ញុំ​ក៏​ឃើញ​រូប​ប្អូន​ស្រី​របស់​ខ្ញុំ​កំពុង​អង្គុយ​ដេរ​ក្នុង​រោងចក្រ ឃើញ​នាង​អង្គុយ​ញុំា​បាយ​នៅ​ម្ដុំ​មុខ​រោងចក្រ ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ធូលី និង​ផ្សែង​យាន​យន្ត​គ្រប់​ប្រភេទ។ រូប​ដែល​ខ្ញុំ​មើល​ឃើញ​ច្បាស់​ជាង​គេ​​នោះ​ គឺ​រូប​ម្ដាយ​របស់​ខ្ញុំ​ដែល​ដឹក​បន្លែ​ដើរ​លក់​តាម​ភូមិ ស៊ី​ឈ្នួល​ដក​ស្ទូង​ច្រូង​កាត់​ បោក​បែន​​ឲ្យ​គេ​ ឃើញ​ម្ដាយ​របស់​ខ្ញុំ​អូស​ជើង​ភ្ជួរ​ស្រែ​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​នា​ដើម​រដូវ​វស្សា​។ ខ្ញុំ​បាន​ដឹង​ថា​មិត្តភ័ក្ដិ​របស់​ខ្ញុំ​មួយ​ចំនួន​ ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ជំនួញ​ធំ​ៗ គេ​ជួញ​មួយ​ថ្ងៃ​ គេ​មាន​ប្រាក់​ចាយ​បាន​មួយ​ខែ​ឬ​មួយ​ឆ្នាំ​។ ឯ​មិត្តភ័ក្ដិ​​​​​​​​​​​​មួយ​ចំនួន​ដែល​​មាន​ឪពុក​ម្ដាយ​ជា​មន្ត្រី​ធំ​ៗ​នោះ​ គេ​ស៊ីញេ​តែមួយ​ខ្វោក​ គេ​មាន​​ប្រាក់​ចាយ​ហូរ​ហៀរ។ ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​មិន​ល្អ​របស់​ខ្ញុំ​កន្លង​មក​ ខ្ញុំ​ចោទ​សំនួរ​សួរ​ខ្លួន​ឯង​​ដោយ​ចិត្ត​ខ្មាស​អៀន​ចំពោះ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​ជា​នរណា​? ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​ឋានៈ​ជា​អ្វី​?” បាន​ជា​ខ្លួន​ខ្ញុំ​តាំង​ជីវិត​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សេចក្ដី​ភ្លើត​ភ្លើន​សម្បើម​ម៉េ្លះ? តើ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មាន​អ្វី​យក​ទៅ​លក់​? មាន​អ្វី​យក​ទៅ​ស៊ីញេ? គឺ​មាន​តែ​នង្គ័ល​យក​ទៅ​ស៊ីញេ​នៅ​លើ​ដី​ស្រែ​ ដំណក់​​ញើស​ឈាម ទឹក​ភ្នែក​របស់​ម្ដាយ​ខ្ញុំ​ដែល​ស្រក់​នៅ​លើ​ដី​ស្រែ​ គឺ​ប្រៀប​ដូចជា​ដំណក់​ទឹក​ខ្មៅ​ ដែល​សម្រាប់​ដិត​សំណៅ​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​នៃ​ស្នាម​រាស់។

ខ្ញុំ​ដើរ​ចេញ​មក​ខាង​ក្រៅ​បរិវេណ “វិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង់​” ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត គឺ​ដោយ​សារ​ខ្ញុំ​ឃើញ​ប្អូន​ស្រី​របស់​ខ្ញុំ​កំពុង​ឈរ​រុញ​រទេះ​ឪពុក​របស់​ខ្ញុំ​ ហើយ​ញញឹម​យ៉ាង​ស្រស់​មក​កាន់​រូប​ខ្ញុំ។ ខ្ញុំ​រត់​ទៅ​ឱប​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​លែង​ខ្មាស​អៀន​ចំពោះ​នរណា​ដូច​គ្រា​មុន​ទៀត​ហើយ ទោះ​បី​ជា​ឪពុក​របស់​ខ្ញុំ​ជា​ជន​ពិការ​ក្ដី​ ក៏​ពិការ​ព្រោះ​តែ​បុព្វេ​ហេតុ​ជាតិ​​ មាតុភូមិ ដែល​ខ្ញុំ​ជា​កូន​ត្រូវ​តែ​មាន​​មោទនភាព​​ទៅ​វិញ​ទេ។ សុភាព​ញញឹម​ទាំង​ទឹកភ្នែក​រំភើប​ ពេល​សម្លឹង​មួក​ធំ និង​អាវ​ធំ​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​យល់​ណាស់​ថា ប្អូន​ស្រី​​ខ្ញុំ​កំពុង​គិត​អ្វី​នោះ? គោល​បំណង​របស់​ប្អូន​ស្រី គឺ​ចង់​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​ជា​អកុសល​លក្ខខណ្ឌ​នៃ​ជីវិត​បាន​កម្រិត​ឲ្យ​រូប​នាង​មាន​ឋានៈ​ត្រឹម​តែ​ជា​កម្មការិនី អង្គុយ​ដេរ​ប្ដូរ​យក​ទឹក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​ខ្ញុំ​ដែល​ជា​កូន​ប្រុស​ទៅ​វិញ។ ខ្ញុំ​គិត​ថា នេះ​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​ប្អូន​ស្រី​របស់​ខ្ញុំ​ណាស់ ដែល​មា​ន​ជីវិត​កូន​ស្រី​មិន​តិច​ទេ​ដែល​មា​ន​លំនាំ​រឿង​បែប​នេះ។

B

និស្សិត​ទាំង​អស់​ដែល​ចេញ​មក​ខាង​ក្រៅ​ គឺ​គ្មាន​នរណា​ម្នាក់​​មើល​រំលង​នូវ​ទិដ្ឋភាព​ដែល​បី​នាក់​ឪពុក​កូន​យើង​កំពុង​យំ​ដោយ​សេចក្ដី​រំភើប​នេះ​ឡើយ។ ខ្ញុំ​តាំង​ចិត្ត​សច្ចា​ថា សូម​ឲ្យ​ក្រសែ​ភ្នែក​នៃ​គ្រប់​បញ្ញា​ជន​​ទាំង​អស់​ក្រឡេក​មើល​មក​ឲ្យ​បាន​គ្រប់​ៗ​គ្នា។ សូម​ឲ្យ​អ្នក​យក​ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​ដែល​បាន​ក្រេប​ជញ្ជក់​ពី​ទី​នេះ​ យក​ទៅ​អនុវត្ត​នៅ​ក្នុង​សង្គម​ បម្រើ​សង្គម​ប្រកប​ទៅ​ដោយ​សីលធម៌ គុណ​ធម៌ សច្ចធម៌ ជៀសវាង​ការ​យក​ចំណេះ​ទៅ​ប្រើ​ក្នុង​ផ្លូវ​មិន​ល្អ គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន បក្សពួក​ ពុក​រលួយ ស៊ី​សំណូក​សូក​ប៉ាន់ ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ផ្លូវ​នៃ​សេចក្ដី​វិនាស​របស់​ប្រទេស​ជាតិ​ និង​ឈាន​ទៅ​រក​សង្គ្រាម​បង្ហូរ​ឈាម​គ្នា ដែល​ពាក្យ​ថា “សង្គ្រាម​” និង​លទ្ធផល​នៃ​សង្គ្រាម​មាន​សភាព​ និង​រូបភាព​វេទនា​ដល់​កម្រិត​ណា​នោះ​ គឺ​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល​បាន​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​រួច​ជា​ស្រេច​ទៅ​ហើយ។ ខ្ញុំ​ក៏​តាំង​ចិត្ត​អធិដ្ឋាន​សូម​ឲ្យ​ក្រសែ​ញញឹម​​របស់​បញ្ញវន្ត​គ្រប់​រូប​មាន​ន័យ​បរិសុទ្ធ​នៃ​ខ្សែ​ជីវិត​របស់​របស់​ខ្លួន​បែប​នេះ​រហូត​ត​រៀង​ទៅ​ សូម​ឲ្យ​ការ​កៀក​ស្មា​គ្នា​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​តំណាង​​ឲ្យ​ការ​រួប​រួម​សាមគ្គី​គ្នា​ក្នុង​ទិវា​នេះ​នៅ​តែ​មាន​តម្លៃ​ស្ថិត​ស្ថេរ​រឹងមាំ បរិសុទ្ធ​ស្មោះ​ត្រង់​នឹង​គ្នា មិន​រស់​នៅ​ក្នុង​សេចក្ដី​ប្រមាថ​បៀតបៀន​គ្នា​ ពោល​គឺ​រស់​នៅ​ប្រកប​ទៅ​ដោយ​សេចក្ដី​នៃ​ជីវិត​ចិត្ត​ថ្លើម​មិន​ប្រែ​សាប​សូន្យ​ វិស័យ​បី​ដូច​ជា​ទឹកចិត្ត​របស់​បុព្វបុរស​ខ្មែរ​ នា​សម័យ​អង្គរ​ដ៏​រុងរឿង​នៃ​យើង​។

រឿង​រ៉ាវ​ពី​អតីតកាល​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​បញ្ចប់​ ខ្ញុំ​មាន​កម្លាំង​ចិត្ត​រស់​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដើម្បី​បំពេញ​នូវ​បណ្ដាំ​របស់​ម្ដាយ​ខ្ញុំ​ ដែល​ជា​ចម្លើយ​ដែល​រូប​ខ្ញុំ​ត្រូវ​ឆ្លើយ​តប​ដោយ​ខាន​មិន​បាន​ និង​ជា​ផ្លូវ​មួយ​ដើម្បី​តប​ស្នង​សង​គុណ​ បំពេញ​នូវ​ភាព​ជា​កតញ្ញូ​កតវេទី​​​​​ចំពោះ​ពលិកម្ម​របស់​ឪពុក​ខ្ញុំ​ប្អូន​ស្រី ជា​ពិសេស​គឺ​រូប​អ្នក​ម្ដាយ​របស់​ខ្ញុំ​ផ្ទាល់​តែ​ម្ដង​។ ម្ដាយ​ខ្ញុំ​ស្លាប់​ ខ្ញុំ​បាន​កោរសក់​បួស​មុខ​ភ្លើង។ ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​បាន​បំពេញ​នូវ​កាតព្វកិច្ច​ជា​កូន​ ជា​បង ជា​ពលរដ្ឋ​ល្អ​ល្មម​ដល់​កាល​វេលា​មួយ​សម​គួរ​ហើយ ខ្ញុំ​តាំង​ចិត្ត​សច្ចា​ថា ខ្ញុំ​នឹង​កោរសក់​បួស​ជាថ្មី​ម្ដង​ទៀត​ ប្រាថ្នា​សូម​រស់​​ជ្រក​នៅ​ក្រោម​ម្លប់​ដ៏​សែន​ត្រជាក់​នៃ​ព្រះពុទ្ធ​សាសនា ដរាប​ណា​អស់​ជីវិត​សង្ខារ​នៅ​លើ​ភព​ផែនដី​ដ៏​គួរ​ឲ្យ​សោក​សង្វេគ​នេះ៕

0 Comments:

Post a Comment